ក្រោយការបញ្ចេញខ្សែអាត់សំឡេងដែលគេថាជាសំឡេងរបស់លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិនិយាយគ្នាជាមួយស្រីស្នេហ៍របស់ខ្លួន អនុប្រធានគណបក្សប្រឆាំងរូបនេះបានថ្លែងកាលពីម្សិលមិញថា គណបក្សគួរតែផ្ដោតយកចិត្តទុកដាក់លើការបោះឆ្នោត ហើយកុំឆ្លើយតបការបង្ករឿង។
ក្នុងខ្សែអាត់សំឡេងទាំងនេះដែលខ្សែអាត់ទី១ត្រូវបានបង្ហោះតាមទំព័រហ្វេសប៊ុកមួយដែលគេជឿថាជារបស់ស្រីស្នេហ៍របស់គាត់ឈ្មោះ “ស្រីមុំ” បុរសម្នាក់ដែលមានសំឡេងដូចលោក កឹម សុខា និយាយគ្នាលេងដោយបញ្ឆិតបញ្ឆៀងដល់ការរួមភេទជាមួយនារីម្នាក់នោះ និងនិយាយគ្នាអំពីការមានផ្ទៃពោះដោយចៃដន្យរបស់នាង។
ខណៈគណបក្សប្រឆាំងមិនទាន់បដិសេធភ្លាមៗថា បុរសនៅក្នុងខ្សែអាត់សំឡេងមិនមែនជាលោក កឹម សុខា គណបក្សនេះបានលើកឡើងថា ខ្សែអាត់សំឡេងទាំងនេះជាការព្យាយាមរបស់គណបក្សកាន់អំណាចដើម្បីបង្ខូចកេរ្តិ៍ឈ្មោះរបស់អនុប្រធានគណបក្សសង្គ្រោះជាតិតាមរយៈយករឿងផិតក្បត់របស់គាត់មកលេងសើច។
ក្នុងសារមួយបង្ហោះតាមទំព័រហ្វេសប៊ុករបស់លោកកាលពីម្សិលមិញ ក្រោយពីជួបជាមួយក្រុមសកម្មជនគណបក្សសង្គ្រោះជាតិ លោក កឹម សុខា មិនបាននិយាយដល់រឿងអាស្រូវនោះចំៗទេ ប៉ុន្តែបានប្រាប់អ្នកគាំទ្រថា កុំឲ្យធ្វើតាមអារម្មណ៍ ឬបែកអារម្មណ៍។
សារនោះមានខ្លឹមសារដូច្នេះថា “យើងកំពុងដើរតាមផ្លូវត្រូវហើយ យើងកំពុងតែរួបរួមគ្នាយ៉ាងរឹងមាំហើយ ហើយនេះជាចំណុចខ្លាំងរបស់យើង។ យើងមិនត្រូវធ្វើតាមអារម្មណ៍ ឬធ្វើអីតាមតែគេចាក់ឲ្យយើងលោតនោះទេ។ ត្រូវរក្សានូវការអត់ធ្មត់តទៅទៀត។ ដូចដែលខ្ញុំបានជម្រាបហើយថា យើងកុំឈ្លោះ កុំឆ្លើយ និងកុំឆ្លង”។
ការស្រេកឃ្លានតណ្ហារបស់លោក កឹម សុខា និងនារីដែលគាត់បានរិះគន់ ត្រូវបានក្រុមប្រឆាំងផ្នែកនយោបាយលើកយកមកវាយប្រហារជាថ្មីម្តងទៀត។ នៅមុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០១៣ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចោទប្រកាន់អនុប្រធានគណបក្សប្រឆាំងរូបនេះថា បានចំណាយប្រាក់ដើម្បីរួមភេទជាមួយក្មេងស្រីអាយុ១៥ឆ្នាំម្នាក់ ព្រមទាំងបោះបង់ស្រីស្នេហ៍ម្នាក់ និងបដិសេធមិនជួយចិញ្ចឹមកូនៗរបស់នាងទៀតផង។
លោក កឹម សុខា មិនអាចទាក់ទងបានទេកាលពីម្សិលមិញ។ ទោះជាយ៉ាងណា លោក អេង ឆៃអ៊ាង តំណាងរាស្ត្រជាន់ខ្ពស់មកពីគណបក្សសង្គ្រោះជាតិបានមានប្រសាសន៍ថា គណបក្សរបស់លោកនឹងមិនចូលរួមក្នុង “ល្បែងនយោបាយ” នេះឡើយ។
លោកបានបន្តថា “គណបក្សរបស់លោកកំពុងតែផ្ដោតលើការចុះជួបជាមួយសកម្មជន ហើយកសាងរចនាសម្ព័ន្ធប៉ុណ្ណោះ។ យើងមិនព្រួយបារម្ភចំពោះខ្សែអាត់សំឡេងទាំងនេះទេ។ វាហាក់ដូចជាល្បែងនយោបាយ”៕ សុខុម