បេសកជនសិទ្ធិមនុស្សសហប្រជាជាតិបានជួបកាលពីម្សិលមិញជាមួយលោក អេង ឆៃអ៊ាង តំណាងរាស្ត្រគណបក្សប្រឆាំងដែលដឹកនាំគណៈកម្មការសិទ្ធិមនុស្សនៃរដ្ឋសភា ហើយសុំស្នើការជួយពីអ្នករាយការណ៍ពិសេសក្នុងការបង្កើតឡើងវិញនូវទំនាក់ទំនងវិជ្ជមានជាមួយគណបក្សកាន់អំណាច។
នៅថ្ងៃទី២នៃកិច្ចប្រជុំជាផ្លូវការ អ្នកស្រី រ៉ូណា ស្មីត បានជួបជាមួយលោក ឆៃអ៊ាង និងសមាជិក៨រូបផ្សេងទៀតនៃគណៈកម្មការទ្វេបក្ស ដើម្បីស្តាប់ដំណើរការងាររបស់ខ្លួន។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិរូបនេះបានមានប្រសាសន៍ថា លោកបានជម្រាបអ្នករាយការណ៍ពិសេសថា គណៈកម្មការនេះបានទទួលពាក្យបណ្តឹងជាង៥០០បណ្តឹងនៅឆ្នាំ២០១៥ ក្នុងនោះមានប្រហែល៧០ភាគរយគឺទាក់ទងនឹងជម្លោះដីធ្លី ហើយបណ្តឹងផ្សេងទៀតជាប់ទាក់ទងនឹងប្រព័ន្ធតុលាការ។
លោក ឆៃអ៊ាង បានមានប្រសាសន៍ថា “យើងពិភាក្សាអំពីការងារគណៈកម្មការសិទ្ធិមនុស្ស រួមមានបណ្តឹងដែលគណៈកម្មការជួយដោះស្រាយ ជាពិសេសទាក់ទងនឹងជម្លោះដីធ្លី និងយន្តការដោះស្រាយពាក្យបណ្តឹង”។
តំណាងរាស្ត្ររូបនេះបានមានប្រសាសន៍ថា លោកបានស្នើឲ្យអ្នកស្រី ស្មីតប្រើតួនាទីរបស់អ្នកស្រី ដើម្បីព្យាយាមបញ្ចុះបញ្ចូលមេដឹកនាំនៃគណបក្សទាំងពីរធ្វើឲ្យមានដូចដើមវិញនូវវប្បធម៌សន្ទនា ជាការផ្អាកជម្លោះនយោបាយដើម្បីនាំមកនូវភាពល្អូកល្អឺនក្នុងឆាកនយោបាយ។ សន្តិភាពរវាងបក្សនិងបក្សបានដួលរលំកាលពីឆ្នាំមុន នៅពេលដែលមានតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិពីររូបត្រូវគេវាយដំនៅខាងក្រៅរដ្ឋសភា និងមានចេញដីកាចាប់ខ្លួនលោក សម រង្ស៊ី មេដឹកនាំបក្សប្រឆាំង។
លោក ឆៃអ៊ាង បានមានប្រសាសន៍ថា “នៅចុងបញ្ចប់នៃកិច្ចប្រជុំ ខ្ញុំស្នើថា អ្នកស្រីជំរុញមេដឹកនាំនៃគណបក្សទាំងពីរឲ្យពង្រឹងវប្បធម៌សន្ទនា ព្រោះជួនកាលយើងប្រឈមនឹងបញ្ហាលំបាកក្នុងការធ្វើការងាររបស់យើង ពីព្រោះវាទាក់ទងនឹងនយោបាយ”។
តំណាងរាស្ត្ររូបនេះបានមានប្រសាសន៍ថា លោកបានសម្រេចចិត្តមិនលើកយកករណីផ្ទាល់របស់លោក រង្ស៊ី ដែលកំពុងរស់នៅនិរទេសខ្លួនដើម្បីគេចពីការផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំពីបទបរិហារកេរ្តិ៍លោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស ឬលើកករណីរបស់លោក កឹម សុខា អនុប្រធានគណបក្សប្រឆាំង ដែលត្រូវគេបណ្តេញចេញពីតំណែងអនុប្រធានទី១នៃរដ្ឋសភាក្នុងខែតុលា ជាវិធានការមួយដែលអ្នកជំនាញចាត់ទុកថាខុសច្បាប់នោះទេ។
តំណាងរាស្ត្ររូបនេះបានមានប្រសាសន៍ដោយសំដៅលើកិច្ចប្រជុំរវាងអ្នកស្រី និងលោក ងួន ញ៉ិល ប្រធានសភាស្តីទីថា “ខ្ញុំមិននិយាយអំពីរឿងនេះទេ ព្រោះខ្ញុំគិតថា អ្នកស្រី រ៉ូណា ស្មីត ទំនងបានពិភាក្សាជាមួយសភាទាក់ទងនឹងរឿងទាំងនោះ”៕