យោងតាមលទ្ធផលនៃការស្ទង់មតិឆ្នាំ២០១២ ដែលបានចុះផ្សាយក្នុងទស្សនាវដ្តី អនឡាញ PLOS ONE នៅខែនេះបានឲ្យដឹងថា អត្រាឆ្លងមេរោគអេដស៍ក្នុងចំណោមអ្នកប្តូរភេទពីបុរសទៅជាស្ត្រីក្នុងប្រទេសកម្ពុជាខ្ពស់ជាងមធ្យមភាគទូទាំងប្រទេសជិត៦ដង។
ការស្រាវជ្រាវដែលគាំទ្រដោយអង្គការ USAID បានសម្ភាស និងធ្វើតេស្តលើអ្នកប្តូរភេទពីបុរសទៅជាស្ត្រី (អ្នកដែលកើតមកជាប្រុស ប៉ុន្តែបានកំណត់ថា ជាស្ត្រីឬជាភេទទី៣) ប្រហែល ៨៩១នាក់ ដែលមានអាយុពី១៨ឆ្នាំឬលើសពីនេះ ហើយបានរកឃើញថា អត្រាឆ្លងមេរោគ អេដស៍មាន៤,១៥ភាគរយ បើធៀបទៅនឹងប្រជាជនទូទៅដែលមានតែ០,៧
ភាគរយប៉ុណ្ណោះ។
ជិត១ភាគ៣នៃអ្នកដែលបានសម្ភាសជាផ្នែកនៃការស្ទង់មតិឆ្នាំ២០១២ បានឲ្យដឹងថា ពួកគេត្រូវបានរំលោភបំពានក្នុងរយៈពេល៦ខែកន្លងមក ហើយជាងពាក់កណ្ដាលរាយការណ៍ថា បានជួបប្រទះការរើសអើងនៅក្នុងឆាកជីវិតរបស់ខ្លួន។
ប៉ុន្តែក្រុមចុះសិក្សាក៏បានបង្ហាញពីភាពស៊ាំផងដែរដោយមានតែ១៥ភាគរយប៉ុណ្ណោះរាយការណ៍ថា មិនសូវឲ្យតម្លៃខ្លួនឯង ជាកត្តាដែលអ្នកស្រាវជ្រាវចាត់ទុកថា ជាមូលហេតុនាំទៅរកហានិភ័យខ្ពស់នៃការឆ្លងមេរោគអេដស៍។
ប៉ិច ជីវ៉ា តារាម៉ូដែល និងតារាសម្ដែងប្តូរភេទពីបុរសទៅជាស្ត្រីអាយុ២៩ឆ្នាំបាននិយាយថា ការរើសអើងគឺជាផ្នែកធម្មតានៃការងារ និងជីវិតរស់នៅក្នុងសង្គមរបស់នាង។ នាងបាននិយាយថា រង្គសាលល្បីឈ្មោះជាច្រើនបានរារាំងមិនឱ្យនាងចូលទេ ហើយថា ក្រុមហ៊ុនដើរម៉ូដបានរើសអើងនៅពេលពួកគេរកឃើញថា នាងជាអ្នកស្រឡាញ់ភេទដូចគ្នា។
នាងបាននិយាយថា ”វាឈឺចាប់ ពិតជាឈឺចាប់ខ្លាំងណាស់”។
លោក នួន ស៊ីដារ៉ា អ្នកសម្របសម្រួលគម្រោងនៅមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានមានប្រសាសន៍ថា លោកជឿថា ការរើសអើង និងអត្រាឆ្លងមេរោគអេដស៍គឺមានទំនាក់ទំនងនឹងគ្នា។
លោកបានលើកឡើងនៅក្នុងអុីម៉េលថា “ជាពិសេស អ្នកប្តូរភេទពីបុរសទៅជាស្ត្រីជាច្រើនពិបាកក្នុងការស្វែងរកការងារធ្វើណាស់ ដោយសារតែការស្រឡាញ់ភេទដូចគ្នារបស់ពួកគេហើយបញ្ហានេះបានបណ្ដាលឲ្យអ្នកប្តូរភេទពីបុរសទៅជាស្ត្រីជាច្រើនធ្លាក់ចូលក្នុងសេវាផ្លូវភេទ។ ផ្អែកតាមទំនាក់ទំនងរបស់យើងជាមួយអ្នករកស៊ីផ្លូវភេទស្រឡាញ់ភេទដូចគ្នាជាច្រើន យើងដឹងថា ភាគច្រើននៃម៉ូយរបស់ពួកគេទទូចមិនប្រើស្រោមអនាម័យទេ”។
ការប្រើប្រាស់ស្រោមអនាម័យមិនជាប់លាប់អំឡុងការរួមភេទតាមរន្ធគូទ គឺជាកត្តាមួយក្នុងចំណោមកត្តាដ៏ហានិភ័យមួយចំនួនដែលការសិក្សារបស់ទស្សនាវដ្ដី PLUS ONE បានរកឃើញ។ តែ៤៤ភាគរយប៉ុណ្ណោះក្នុងចំណោមអ្នកដែលបានរួមបញ្ចូលនៅក្នុងការសិក្សានេះបានរាយការណ៍ថា មានការប្រើប្រាស់ស្រោមអនាម័យជាប់លាប់។
យោងតាមការសិក្សាបានឱ្យដឹងថា អត្រានេះគឺខ្ពស់បំផុតក្នុងចំណោមអ្នកប្តូរភេទពីបុរសទៅជាស្ត្រីដែលមានអាយុច្រើន និងអ្នកប្តូរភេទពីបុរសទៅជាស្ត្រីរស់នៅក្នុងក្រុងសៀមរាប ព្រមទាំងអ្នកដែលបានប្រើប្រាស់គ្រឿងញៀន ឬអ្នកដែលមានចំណេះដឹងតិចតួច។
អត្រាឆ្លងមេរោគអេដស៍នៃអ្នកប្តូរភេទពីបុរសទៅជាស្ត្រីក្នុងប្រទេសកម្ពុជាទាបជាងអ្នកប្តូរភេទពីបុរសទៅជាស្ត្រីដែលបានរាយការណ៍នៅកន្លែងផ្សេង ហើយការសិក្សាឆ្នាំ២០១២ បានរកឃើញថា ១៩ភាគរយនៃអ្នកប្តូរភេទពីបុរសទៅជាស្ត្រីនៅក្នុងប្រទេសចំនួន១៥បានធ្វើតេស្តរកឃើញថាមានផ្ទុកមេរោគអេដស៍ បើធៀបទៅនឹងប្រទេសថៃមាន១២ភាគរយ និងប្រទេសវៀតណាមមាន៧ភាគរយ។
លោក ស៊ីដារ៉ា បានសរសើរគម្រោងផ្ដល់ជំនួយក្រៅប្រទេសធំៗក្នុងទសវត្សរ៍ឆ្នាំ១៩៩០ ដែលបានជួយពេលមានវិបត្តិឆ្លងមេរោគអេដស៍នៅទសវត្សរ៍នោះ។
លោកថ្លែងថា “ជាអកុសល ឥឡូវនេះ យើងឃើញថា ការផ្ដល់មូលនិធិសម្រាប់កម្មវិធីប្រយុទ្ធប្រឆាំងមេរោគអេដស៍បានអស់ទៅហើយនៅក្នុងប្រទេសកម្ពុជា។ ខ្ញុំបារម្ភថា បញ្ហានេះអាចបណ្ដាលឲ្យមានវិបត្តិឆ្លងមេ រោគអេដស៍ម្តងទៀតក្នុងប្រទេសកម្ពុជា”៕សារុន