បើទោះជាបេក្ខជនតំណាងរាស្រ្តនិងអ្នកគាំទ្ររបស់គណបក្សសង្គ្រោះជាតិ(CNRP)កាន់តែមានសុទិដ្ឋិនិយមក៏ដោយ ក៏ឱកាសដែលគណបក្សប្រឆាំងមួយនេះនឹងឈ្នះឆ្នោតនៅថ្ងៃអាទិត្យនេះ មាន តិចតួចណាស់។ ទោះជាយ៉ាងណា សមាជិកសភាជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិនិយាយថា ពួកគេនឹងសម្រួលឲ្យមានការផ្ទេរអំណាចដោយសន្តិវិធី ប្រសិនបើប្រជាពលរដ្ឋផ្តល់ជ័យជម្នះឲ្យពួកគេនោះ។
លោក សុន ឆ័យ ជាសមាជិកសភាជាន់ខ្ពស់គណបក្សសង្គ្រោះជាតិមានប្រសាសន៍ថា ប្រសិនបើគណបក្សសង្គ្រោះជាតិឈ្នះឆ្នោត ខ្លួននឹងផ្លាស់ប្តូរតែតំណែងជាន់ខ្ពស់បំផុតនៅក្នុងជួររដ្ឋាភិបាលបុ៉ណ្ណោះ ដោយសន្យាមិនដកឬទម្លាក់តំណែងមន្ត្រីរាជការទេ ហើយធ្វើការដំឡើងប្រាក់ខែមន្ត្រីរាជការភ្លាមៗ ច្របាច់ក្រសួងសំខាន់ៗចូលគ្នានិងអនុវត្តវិធានការ ដើម្បីធានាសន្តិសុខជូនសមាជិកជាន់ខ្ពស់របស់រដ្ឋាភិបាលចាស់។
លោកបានមានប្រសាសន៍ថា “ នៅក្នុងប្រទេសដែលអនុវត្តប្រព័ន្ធប្រជាធិបតេយ្យណាក៏ដោយ ការផ្លាស់ប្តូររដ្ឋាភិបាលមិនមានន័យថា អ្នកផ្លាស់ប្តូរអ្វីៗទាំងអស់នោះទេ។មានន័យថា អ្នកប្តូរតែរដ្ឋាភិបាលប៉ុណ្ណោះ។គណៈរដ្ឋមន្ត្រីត្រូវតែជាគណៈរដ្ឋមន្ត្រីថ្មី”។លោកបានបន្ថែមថា“ អ្នកមានសមត្ថភាពមកពីអង្គការក្រៅរដ្ឋាភិបាលផ្សេងៗនិងមកពីគណបក្សកាន់អំណាចអាចចូលរួមនៅក្នុងគណៈរដ្ឋមន្ត្រីបាន ប្រសិនបើយើងយល់ឃើញថា ពួកគាត់មានបទពិសោធនិងសមត្ថភាព”។
លោក សុន ឆ័យ មានប្រសាសន៍ថា ផ្អែកតាមផែនការរបស់គណបក្សសង្គ្រោះជាតិ ក្រសួងនីមួយៗនឹងមានរដ្ឋមន្ត្រី មួយរូបនិងអនុរដ្ឋមន្ត្រីតែមួយរូបគត់ដោយលុបបំបាត់ចោលតំណែងរដ្ឋលេខាធិការនិងអនុរដ្ឋលេខាធិការប្រហាក់ប្រហែលគ្នា ដែលលោកប៉ាន់ប្រមាណថា មានប្រហែល៣០០នាក់ និងតំណែងទីប្រឹក្សារបស់រដ្ឋមន្ត្រីប្រមាណ៥.០០០នាក់ចេញពីបញ្ជីប្រាក់ខែរដ្ឋ។
លោកបានមានប្រសាសន៍ថា “ សព្វថ្ងៃនេះមានទីប្រឹក្សា៥.០០០នាក់ ហើយរដ្ឋាភិបាលចំណាយប្រាក់រាប់លាន។យើងមិនត្រូវការបែបនេះទេ”។ សួរថា តើការលុបបំបាត់តំណែងនៅក្នុងជួររដ្ឋាភិបាលច្រើនបែបនេះ នឹងបង្កឲ្យមានចលាចលនៅក្នុងចំណោមអ្នកមានអំណាចបំផុតមួយចំនួននៅក្នុងប្រទេសឬយ៉ាងណានោះ លោក សុន ឆ័យ បានមានប្រសាសន៍ថា “ ពួកគេទាំងនេះក្លាយជាអ្នកមានរួចទៅហើយ។ពួកគេយកប្រាក់ទិញតំណែង។ពួកគេភាគច្រើនគឺជាអ្នកជំនួញ ដូច្នេះយើងមិនចាំបាច់បារម្ភនឹងពួកគេទេ”។
ចំពោះមន្ត្រីរាជការទាំងអស់ដែលមានតំណែងក្រោមប្រធាននាយកដ្ឋាន នឹងត្រូវបានធានាសុវត្ថិភាពការងារ ហើយរដ្ឋាភិបាលគណបក្សសង្គ្រោះជាតិ នឹងដំឡើងប្រាក់ខែភ្លាមៗឲ្យបានយ៉ាងហោចណាស់២៥០ដុល្លារក្នុងមួយខែនិងចាប់ផ្តើមធ្វើកំណែទម្រង់សេដ្ឋកិច្ច ដែលនឹងផ្តល់ឱកាសឲ្យមានការដំឡើងប្រាក់ខែជាបន្តយូរអង្វែង។
លោកបានមានប្រសាសន៍ថា “ រដ្ឋាភិបាលថ្មីនឹងត្រូវពិនិត្យមើល ដើម្បីធ្វើកំណែទម្រង់រដ្ឋបាលហើយត្រូវធ្វើ្ឲ្យប្រាកដថា អ្នកដែលបំពេញការងាររបស់ខ្លួន នឹងទទួលបានប្រាក់ខែសមរម្យ អ្នកមានសមត្ថភាពនឹងទទួលបានការងារល្អ មិនមែនដំឡើងតំណែងតាមរយៈបក្សពួកនិយម និងអំពេើពុករលួយទេ” ដោយបានបន្ថែមថា ការអនុវត្តកំណែទម្រង់នេះនឹងប្រើពេលរវាងពីពីរឆ្នាំទៅបីឆ្នាំ។
ពាក់ព័ន្ធនឹងមន្ត្រីជាន់ខ្ពស់នៅក្នុងជួររដ្ឋាភិបាលរបស់គណបក្សប្រជាជានកម្ពុជាដែលនឹងត្រូវជំនួសតំណែងនោះ លោក សុន ឆ័យ បានមានប្រសាសន៍ថា រដ្ឋាភិបាលគណបក្សសង្គ្រោះជាតិនឹងធានាផ្តល់ការការពារដល់ពួកគេនិងផ្តល់ឱកាសឲ្យពួកគេបន្តចូលរួមក្នុងជួររដ្ឋាភិបាលទៀត។
លោកបានមានប្រសាសន៍ថា “ យើងត្រូវធ្វើឲ្យពួកគាត់មានអារម្មណ៍កក់ក្តៅ ពីព្រោះនេះគឺជាលើកដំបូងដែលកម្ពុជាអាចនឹងមានការផ្លាស់ប្តូរ។នៅពេលលោកនាយករដ្ឋមន្ត្រីនិយាយថា ខ្លួនប្រហែលជាស្លាប់ប្រសិនបើបាត់បង់តំណែងនោះ យើងនឹងត្រូវផ្តល់នូវការការពារនេះ”។
លោកស្រី មួរ សុខហួរ បេក្ខជនតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមានប្រសាសន៍ថា កិច្ចការដំបូងដែលរដ្ឋាភិបាលគណបក្សសង្គ្រោះជាតិត្រូវធ្វើ គឺអំពាវនាវឲ្យមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា ចូលរួមរៀបចំផែនការផ្ទេរអំណាចមួយ ដែលគណបក្សទាំងពីរអាចទទួលយកបាន។
លោកស្រីបានមានប្រសាសន៍ថា “ អ្នកអាចពិនិត្យមើលយុទ្ធនាការរបស់លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ យើងបាននិយាយយា៉ងច្បាស់ថា គោលនយោបាយរបស់គណបក្សសង្គ្រោះជាតិគឺថា យើងនឹងកោះប្រជុំជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីដោះស្រាយបញ្ហាទាំងនេះ ដូច្នេះនឹងមានការផ្ទេរអំណាចដ៏រលូនមួយ ដើម្បីឲ្យយើងអាចបោះជំហានទៅមុខទាំងអស់គ្នា”។
លោកស្រី មួរ សុខហួរ មានប្រសាសន៍ថា ដោយលុបបំបាត់អំពើពុករលួយពីថ្នាក់លើក្នុងជួររដ្ឋាភិបាលជាមួយនឹងរដ្ឋមន្ត្រីថ្មីរបស់គណបក្សសង្គ្រោះជាតិនោះ វានឹងក្លាយជាគំរូមួយសម្រាប់មន្ត្រីរាជការថ្នាក់កណ្តាល។ លោកស្រីមានប្រសាសន៍ថា “ ប្រាកដណាស់ នឹងមានវិធានការខ្លះមុនពេលអ្នកអាចបោសសម្អាតមន្ត្រីថ្នាក់កណ្តាលបាន វានឹងមិនអាចធ្វើទៅបានទេក្នុងរយៈពេលមួយសប្តាហ៍ដំបូង ឬក្នុងមួយខែដំបូងនោះ ប៉ុន្តែ ខ្ញុំជឿជាក់ថា វានឹងអាចទៅរួចក្នុងរយៈពេលមួយរយថ្ងៃដំបូង”។
លោក ចន ឆឺចឈ័រី (John Ciorciari) ជាអ្នកស្រាវជ្រាវស្តីអំពីតំបន់អាស៊ីអាគ្នេយ៍នៅGerald R.Ford School of Public Policyនៃសាកលវិទ្យាល័យ University of Michigan មានប្រសាសន៍ថា ការផ្ទេរអំណាចដោយសន្តិវិធីនៅប្រទេសកម្ពុជា ទំនងជាត្រូវការការធ្វើសម្បទានច្រើន ដែលអាចប៉ះពាល់ផែនការជាច្រើនក្នុងចំណោមផែនការកែទម្រង់ប្រកបដោយមហិច្ឆតារបស់គណបក្សសង្គ្រោះជាតិ។
លោកបានមានប្រសាសន៍ថា “ ការផ្ទេរអំណាចនឹងតម្រូវឲ្យផ្តាច់ចេញប្រព័ន្ធចាត់តាំងដែលមានស្រាប់ខ្លះ ប៉ុន្តែ ចាំបាច់ត្រូវមានការសម្របសម្រួលខ្លះ ដើម្បីរក្សាសន្តិភាព” ដោយលោកលើកយកប្រទេសឥណ្ឌូណេស៊ី និងហ្វីលីពីន ធ្វើជាឧទាហរណ៍ពាក់ព័ន្ធក្នុងចំណោមប្រទេស ដែលមេដឹកនាំកាន់អំណាចយូរអង្វែងបានផ្ទេរអំណាច។
លោកបានមានប្រសាសន៍ថា “ ទាំងរបបរបស់អតីតប្រធានាធិបតីហ្វីលីពីន ហ្វឺឌីណាន់ មា៉កូស (Ferdinanad Maros) និងអតីតប្រធានាធិបតីឥណ្ឌូណេស៊ី ស៊ូហាតូ (Suharto) បានគ្រប់គ្រងប្រព័ន្ធចាត់តាំងពុករលួយខ្លាំងប៉ុន្តែ ប្រទេសហ្វីលី ពីន និងឥណ្ឌូណេស៊ី បានផ្ទេរអំណាចតាមប្រព័ន្ធប្រជាធិបតេយ្យដោយមិនធ្លាក់ទៅក្នុងសង្គ្រាមស៊ីវិលទេ”។
លោកបានបន្ថែមថា “ ហេតុផលខ្លះគឺថា មន្ត្រីដែលជាប់ឆ្នោតថ្មីត្រូវបានបន្សល់ទុកឲ្យនូវប្រព័ន្ធចាត់តាំងចាស់ជាដំណោះស្រាយមួយដែលជួយដល់ការទទួលបានអំណាចដោយសន្តិវិធី ប៉ុន្តែត្រូវបានបន្សល់ទុកឲ្យនូវបញ្ហាអភិបាលកិច្ចជាប្រព័ន្ធមិនទាន់ដោះស្រាយជាច្រើន”។
ពាក់ព័ន្ធនឹងគណបក្សសង្គ្រោះជាតិ លោក ឆឺចឈ័រី បានមានប្រសាសន៍ថា ការផ្លាស់ប្តូររចនាសម្ព័ន្ធដែលមានស្រាប់ទាំងស្រុងគឺមិនអាចទៅរួចទេ ហើយការលុបបំបាត់ អំពើពុករលួយក្នុងរយៈពេលខ្លី គឺជាគោលដៅប្រកបដោយមហិច្ឆតាពេកហើយ។
លោកបានមានប្រសាសន៍ថា “ គណបក្សសង្គ្រោះជាតិ ប្រហែលជាត្រូវផ្តល់សញ្ញាថា យ៉ាងហោចណាស់ខ្លួននឹងទុកតំណែងសន្តិសុខនិងតំណែងការិយាល័យសំខាន់ៗមួយចំនួនឲ្យគណបក្សប្រជាជនកម្ពុជាដែរ។ គណបក្សសង្គ្រោះជាតិក៏ត្រូវបញ្ចុះបញ្ចូលមេដឹកនាំជាន់ខ្ពស់ផងដែរថា ពួកគេមិនមែនជាគោលដៅចំពោះការធ្វើបាបទេ ហើយថា ពួកគេនិងក្រុមគ្រួសាររបស់ខ្លួន នឹងរក្សាទ្រព្យសម្បត្តិនិងឋានៈដដែល”។
លោកបានបន្ថែមថា “ ការដំឡើងប្រាក់ខែមន្ត្រីរាជការ គឺជាគំនិតល្អ ហើយជាផ្នែកមួយនៃដំណោះស្រាយ ប៉ុន្តែ ជ័យជម្នះរបស់គណបក្សសង្គ្រោះជាតិ នឹងមិនអាចបញ្ចប់អំពើពុករលួយបានទេ។ មន្ត្រីជាច្រើនដែលធ្លាប់ទទួលសំណូក និងប្រាក់សគុណ នឹងបន្តធ្វើដដែល ហើយគណបក្សសង្គ្រោះជាតិនឹងត្រូវដោះស្រាយជាមួយពួកគេប្រកបដោយប្រសិទ្ធភាព ដើម្បីធ្វើឲ្យដូចការអំពាវនាវរបស់ខ្លួនថា ជាគណបក្សនាំមកនូវការផ្លាស់ប្តូរនោះ”៕
ប្រែសម្រួលដោយ អ៊ូច សូនី