40 C
Phnom Penh

ស្ថា​​​ន​​​​ទូតកម្ពុជា​នៅកូរ៉េ​ខាងត្បូង​​​​អន្តរាគមន៍​​​ភ្លាម​​​ៗ​​​ បន្ទាប់​​​ពី​​​បែក​​​ធ្លាយវីដេអូ​​​ស្ត្រី​​​ខ្មែរ​​​ត្រូវ​​​គេ​​​វាយ​​​ដំ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រូបថត និងវីដេអូឃ្លីបស្តីពីស្ត្រីខ្មែរម្នាក់ដែលត្រូវបានវាយដំពីសំណាក់មេការជនជាតិចិននៅក្នុងក្រុងរណបមួយនៃទីក្រុងសេអ៊ូលនោះត្រូវបានចែករំលែកច្រើនជាង១ពាន់ដងតាមបណ្តាញទំនាក់ទំនងសង្គមកាលពីម្សិលមិញ ដោយជំរុញឱ្យស្ថានទូតកម្ពុជាស្វែងរកស្ត្រីរូបនេះ ហើយយកនាងទៅមន្ទីរពេទ្យដើម្បីព្យាបាល។

ស្ត្រីរូបនេះដែលស្ថានទូតបានបង្ហាញអត្តសញ្ញាណថាឈ្មោះ សួង ស្រីនិច អាយុ២៨ឆ្នាំមានស្រុកកំណើតនៅខេត្តតាកែវនោះ ត្រូវបានគេឃើញក្នុងវីដេអូឃ្លីបដេកផ្អៀងក្បែរទូទឹកកកខណៈដែលបុរសម្នាក់បែរខ្នងដាក់កាមេរ៉ាបានឡើងជិះច្រកគាវលើនាង ដោយដាល់នាងចំផ្ទៃមុខនិងកជាច្រើនដៃ។

លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូងបានមានប្រសាសន៍ ថា ហេតុការណ៍នោះបានកើតឡើងប្រហែល ពាក់កណ្តាលអធ្រាត្រឈានចូលថ្ងៃអង្គារ។

លោកបានថ្លែងថា “ខ្ញុំទើបតែបានជួបជាមួយជនរងគ្រោះ ហើយបានផ្តល់ប្រាក់ខ្លះដល់ក្រុមដែលមកពីស្ថានទូតយកនាងទៅមន្ទីរពេទ្យដើម្បីឱ្យគ្រូពេទ្យពិនិត្យក្បាលរបស់នាង”។ លោកបានបន្ថែមថា នាងរងរបួសធ្ងន់ធ្ងរ ប៉ុន្តែមិនគំរាមកំហែងដល់អាយុជីវិតទេ។

លោក ឡុង ឌីម៉ង់ បានមានប្រសាសន៍ថា ស្ត្រីរូបនេះធ្វើការក្នុងផ្នែកឧស្សាហកម្មនៃទីក្រុង Buncheon ជាទីក្រុងមួយស្ថិតនៅចម្ងាយប្រហែល២៥គីឡូម៉ែត្រពីទីក្រុងសេអ៊ូលក្នុងខេត្ត Gyeonggi ប៉ុន្តែលោកមិនអាចផ្តល់ព័ត៌មានលម្អិតលើសពីនេះបានទេ។

លោកបានមានប្រសាសន៍ថា ស្ថានទូតនឹងចេញកំណត់ទូតទៅនគរបាលខេត្ត Gyeonggi នៅថ្ងៃនេះ ជំរុញឱ្យពួកគេស្វែងរក និងចោទប្រកាន់ជនដៃដល់រូបនេះ។

ទន្ទឹមនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានហៅប្រទេសកម្ពុជានិងប្រទេសកូរ៉េខាងត្បូងថាជា “ប្រទេសជាដន្លងនឹងគ្នា” ដោយសារស្ត្រីខ្មែរប្រហែល១០.០០០នាក់បានរៀបការជាមួយបុរសជនជាតិកូរ៉េខាងត្បូង នោះ ក៏មានសេចក្តីរាយការណ៍ពីពលករខ្មែរ និងកូនក្រមុំប្រឈមការរំលោភបំពាននៅក្នុងប្រទេសកូរ៉េខាងត្បូងដែរ។

តាំង គឹមស៊្រុយ និស្សិតកម្ពុជាបញ្ចប់ការសិក្សាម្នាក់ក្នុងទីក្រុងសេអ៊ូលដែលបានលើកឡើងថា ពលករខ្មែរ និងបរទេសដទៃទៀតប្រឈមការរើសអើងនោះបាននិយាយថា   “វាមិនទូទៅទេ ប៉ុន្តែវានៅតែកើតឡើង”។

និស្សិតរូបនេះបាននិយាយថា “ពួកគាត់ភាគច្រើនមិននិយាយចេញទេ”។គាត់បានបន្ថែមថា គាត់ដឹងតែករណីមួយប៉ុណ្ណោះក្នុងប្រទេសកូរ៉េខាងត្បូងដែលក្នុងនោះជនដៃដល់ទទួលទោសទណ្ឌលើសពីការពិន័យចំពោះការរំលោភបំពានពលករ ឬកូនក្រមំុបរទេស។

ក្នុងករណីនោះ ដែលបានកើតឡើងកាលពីចុងឆ្នាំ២០១៤ បុរសជនជាតិកូរ៉េខាងត្បូងម្នាក់បានដាក់ថ្នាំសណ្តំប្រពន្ធមានផ្ទៃពោះជនជាតិកម្ពុជារបស់ខ្លួន ហើយបានបើករថយន្តទៅបុករថយន្តធុនធំមួយគ្រឿងចំណុះ៨តោនក្នុងអ្វីដែលក្រោយមកនគរបាលសម្រេចថា ជាការប៉ុនប៉ងដើម្បីទទួលបានប្រយោជន៍ពីការទិញធានារ៉ាប់រងជីវិតរបស់នាង៕សារុន (រាយការណ៍បន្ថែមដោយ Aisha Down)

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស