ដោយសារលទ្ធផលបឋមនៃការបោះ ឆ្នោតជាតិបង្ហាញថា គណបក្សប្រជាជនកម្ពុជានឹងបាត់បង់អាសនៈសភាយ៉ាងតិច២២នោះ ផែនការរបស់គណបក្សកំពុងកាន់អំណាចនេះក្នុងការដាក់បញ្ចូលសមាជិកសភាជំនាន់ថ្មី ដែលសុទ្ធតែជាកូនៗរបស់ថ្នាក់ដឹកនាំបក្ស កំពុងស្ថិតនៅក្នុងក្តីមន្ទិល។
កូនប្រុសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លោកឧបនាយករដ្ឋមន្ត្រី សុខ អាន និងលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សុទ្ធតែស្ថិតនៅក្នុងលេខរៀងក្រោមគេពេកមិនអាចទទួលបានអាសនៈដោយស្វ័យប្រវត្តិទេ ប្រសិនបើលទ្ធផលបឋមនៃការបោះឆ្នោតកាលពីថ្ងៃអាទិត្យគឺជាលទ្ធផលត្រឹមត្រូវនោះ។
គណបក្សប្រជាជនកម្ពុជាមានឱកាសកែប្រែបញ្ជីឈ្មោះបេក្ខជនតំណាងរាស្ត្ររបស់ខ្លួនក៏ពិតមែន ប៉ុន្តែអាសនៈទាំង៦៨ដែលគណបក្សនេះព្យាករថា នឹងទទួលបានពីការបោះឆ្នោតកាលពីថ្ងៃអាទិត្យនេះគឺមិនគ្រប់គ្រាន់សម្រាប់សមាជិកសភាបច្ចុប្បន្នរបស់គណបក្សនេះទាំង៩០រូបទេ។
លោក ហ៊ុន ម៉ានី ដែលត្រូវជាកូនប្រុសពៅរបស់លោក ហ៊ុន សែន និងជាមេដឹកនាំចលនាយុវជនរបស់គណបក្សប្រជាជនកម្ពុជាគឺជាបេក្ខជនតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ ប៉ុន្តែ លោកស្ថិតនៅលេខរៀងទី៤ឯណោះលើបញ្ជីឈ្មោះបេក្ខជនរបស់គណបក្សនេះសម្រាប់មណ្ឌលនេះ។ ចំនួនអាសនៈរបស់គណបក្សប្រជាជនកម្ពុជាប្រចាំមណ្ឌលកំពង់ស្ពឺ បានធ្លាក់ចុះពីប្រាំអាសនៈក្នុងឆ្នាំ២០០៨មកត្រឹមបីអាសនៈក្រោយការបោះឆ្នោតកាលពីថ្ងៃអាទិត្យ នេះបើយោងតាមលទ្ធផលបឋមរបស់គណបក្សនេះផ្ទាល់ មានន័យថា លោក ហ៊ុន ម៉ានី មិនអាចទទួលបានអាសនៈសភាដោយស្វ័យប្រវត្តិឡើយ។
បេក្ខជនកំពូលៗទាំងបីរូបរបស់គណបក្សកាន់អំណាចក្នុងខេត្តនេះរួមមាន លោក សាយ ឈុំ ប្រធានស្ដីទីព្រឹទ្ធសភា និងជាប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណបក្សប្រជាជនកម្ពុជា លោក ឆាយ ថន សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណបក្សប្រជាជនកម្ពុជា និងលោក កង ហ៊ាន ដែលជាអភិបាលខេត្តកំពង់ស្ពឺ គិតមកត្រឹមដើមឆ្នាំនេះ។
លោក ហ៊ុន ម៉ានី បានបដិសេធមិនធ្វើអត្ថាធិប្បាយទេកាលពីម្សិលមិញនេះ។
ក្នុងខេត្តព្រៃវែងឯណោះវិញ អាសនៈសភារបស់គណបក្សប្រជាជនកម្ពុជាបានធ្លាក់ចុះពីប្រាំពីរអាសនៈមកនៅត្រឹមប្រាំអាសនៈក្នុងចំណោម១១អាសនៈ បើទោះជាមានការសន្យារបស់លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅនាទីចុងក្រោយអំពីមូលនិធិសប្បុរសធម៌ក្នុងរង្វង់ទឹកប្រាក់រាប់ម៉ឺនដុល្លារដើម្បីជួយអ្នកក្រីក្រនៅក្នុងខេត្តនេះក៏ដោយ។
ដោយសារតែគណបក្សប្រឆាំងទទួលបានអាសនៈច្រើននៅក្នុងខេត្តព្រៃវែងនោះ លោក ស សុខា កូនប្រុសរបស់លោក ស ខេង ដែលស្ថិតនៅលេខរៀងទី៦ក្នុងមណ្ឌលនេះបន្ទាប់ពីលោក ជាម យៀប លោក ប៉ែន បញ្ញា និងលោក ញឹម វណ្ណដា ក៏មិនអាចត្រូវបានជ្រើសតាំងជាសមាជិកសភាដោយផ្ទាល់ដែរ។
លោក សុខា បានឲ្យដឹងថា ខ្លួនមិនទាន់ដឹងថា តើនឹងទទួលបានអាសនៈសភាដែលនឹងត្រូវបានសម្រេចដោយគណបក្សនេះក្នុងអំឡុងពេលពីរខែបន្ទាប់នេះឬអត់នោះទេ។ លោកបាននិយាយថា “ប្រសិនបើខ្ញុំមិនអាចចូលសភាបាន ខ្ញុំនឹងចូលកាន់តួនាទីជាស្នងការរងនគរបាលរាជធានីភ្នំពេញវិញ”។
លោក សុខ អាន ដែលជាបេក្ខជនលេខរៀងទី១ប្រចាំមណ្ឌលតាកែវ បានទទួលអាសនៈសភាដោយស្វ័យប្រវត្តិ ប៉ុន្តែ គណបក្សនេះបានបាត់បង់ពីរអាសនៈ ហើយបើយោងតាមលទ្ធផលបឋមនៃការបោះឆ្នោត គណបក្សនេះមានអាសនៈសរុបតែបួនប៉ុណ្ណោះក្នុងចំណោមប្រាំបីអាសនៈដែលត្រូវបំពេញក្នុងមណ្ឌលនេះមានន័យថា លោក សុខ សុកាន និងលោក សុខ ផេង ដែលត្រូវជាកូនប្រុស និងក្មួយប្រុសរបស់លោក សុខ អាន ព្រមទាំងលោក ចាន់ សារុន រដ្ឋមន្ត្រីក្រសួងកសិកម្មមិនបានទទួលអាសនៈសភាប្រចាំមណ្ឌលនេះឡើយ។
លោក ម៉ុក ម៉ារ៉េត រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សូ ឃុន រដ្ឋមន្ត្រីក្រសួងទូរគមនាគមន៍ និងលោក និន សុភ័ណ្ឌ សមាជិកគណៈកម្មាធិការកណ្ដាលនៃគណ បក្សប្រជាជនកម្ពុជា គឺជាបេក្ខជនកំពូលៗទាំងបួនរូបរួមជាមួយនឹងលោក សុខ អាន ប្រចាំមណ្ឌលតាកែវ នេះ។
លោក ឌី វិជ្ជា កូនប្រសារបស់លោក ហ៊ុន សែន និងជាបេក្ខជនបម្រុងប្រចាំមណ្ឌលស្វាយរៀង ក៏អាចនឹងគ្មានអាសនៈសភាដែរ។ ត្រង់ថាតើ គណបក្សនេះនឹងបែងចែកអាសនៈសភាសាជាថ្មីឬយ៉ាងណានោះ គឺនៅមិនទាន់ច្បាស់ទេ ប៉ុន្តែលោក ឈាង វុន អ្នកនាំពាក្យរដ្ឋសភា លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋលេខាធិការក្រសួងហិរញ្ញវត្ថុ លោក អូស្ម័ន ហាស់សាន់ រដ្ឋលេខាធិការក្រសួងការងារដែលជាអ្នកដឹកនាំដ៏លេចធ្លោមួយរូបក្នុងសហគមន៍បងប្អូនខ្មែរអ៊ីស្លាម និងលោក សុខ ចិន្តា នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏មិនមែនជាជម្រើសស្វ័យប្រវត្តិដែរ។
ក្រោយការបោះឆ្នោតឆ្នាំ១៩៩៣ គណបក្សប្រជាជនកម្ពុជាក៏បានឆ្លងកាត់ស្ថានភាពស្រដៀងគ្នានេះដែរ។ គណបក្សនេះទទួលបានតែ៥១អាសនៈប៉ុណ្ណោះក្នុងចំណោម១២០អាសនៈ។ ក្នុងកាលៈទេសៈបែបនោះ សមាជិកបក្សជាន់ខ្ពស់ចំនួន៣២រូបដែលបានឈ្នះអាសនៈសភា បានសុំលាលែងភ្លាមៗ ដើម្បីបើកផ្លូវឲ្យសមាជិកក្មេងៗដែលភាគច្រើនជាអ្នកបច្ចេកាធិបតេយ្យ។
លោក គល់ បញ្ញា នាយកគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្វ្រែល បានឲ្យដឹងថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា គ.ជ.ប. ជាដំបូងនឹងបែងចែកអាសនៈសភាដោយផ្អែកលើបញ្ជីឈ្មោះបេក្ខជនដែលបានដាក់ជូន គ.ជ.ប. មុនការបោះឆ្នោត ប៉ុន្តែគណបក្សជាប់ឆ្នោតនៅតែអាចធ្វើការផ្លាស់ប្ដូរបានប្រសិនបើពួកគេចង់។ លោកបន្តថា “ជួនកាល គណបក្សអាចសម្រេចថា តើនរណាជាអ្នកចេញ នរណាជាអ្នកចូល”។
លោក ឈាង វុន អ្នកនាំពាក្យរដ្ឋសភា បានឲ្យដឹងថា អ្នកណានៅលេខរៀងលើគេក្នុងបញ្ជីគឺមិនសំខាន់ទេ ព្រោះថា គណបក្សនឹងសម្រេចថា តើអ្នកណានឹងទទួលបានអាសនៈសភាដោយផ្អែកលើគុណសម្បត្តិរបស់បេក្ខជននីមួយៗមុនពេលរដ្ឋសភាថ្មីត្រូវបានបង្កើតឡើង។
ត្រង់ថា តើបេក្ខជននឹងទទួលបានអាសនៈសភាផ្អែកលើលេខរៀងក្នុងបញ្ជីឬយា៉ងណានោះ លោកបានថ្លែងថា “ការផ្លាស់ប្ដូរគឺអាស្រ័យលើគណៈកម្មាធិការអចិន្ត្រៃយ៍របស់បក្ស ដូច្នេះវាមិនសំខាន់ថា តើអ្នកណាជាប់ អ្នកណាមិនជាប់នោះទេ”។
លោក ខាលីល ថេយ័រ (Carlyle Thayer) ជាអ្នកជំនាញខាងតំបន់អាស៊ីអាគ្នេយ៍នៅសាលាបណ្ឌិតសភាកងកម្លាំងការពារជាតិអូស្ត្រាលី នៅរដ្ឋធានីកង់បេរា៉ បានលើកឡើងថា ការបាត់បង់សំឡេងឆ្នោតហូសពីការរំពឹងទុកនេះ អាចមានផលអាក្រក់លើគណបក្សកំពុងកាន់អំណាចនេះ។
លោកថ្លែងថា “គេប្រាប់ខ្ញុំថា បេក្ខជនវ័យក្មេងជាច្រើននាក់ត្រូវបានដាក់នៅលេខរៀងក្រោមគេក្នុងបញ្ជីឈ្មោះបេក្ខជនរបស់បក្ស ហើយវានឹងក្លាយជាប្រភពនៃភាពទោមនស្សជាមួយគណបក្សប្រជាជនកម្ពុជា”។ លោកបានបន្តថា “ខ្ញុំមិនគិតថា គណបក្សប្រជាជនកម្ពុជាបានរំពឹងថា នឹងមានការផ្លាស់ប្ដូរបែបនេះទេ។ អ្នកដែលមិនជាប់ឆ្នោតនឹងតវ៉ាឲ្យមានការកែទម្រង់ក្នុងបក្ស”៕
(រាយការណ៍បន្ថែមដោយ Colin Meyn)
ប្រែសម្រួលដោយ ចេវ ប៊ុននី