លោក វណ្ណ ម៉ូលីវណ្ណ ស្ថាបត្យករដ៏ល្បីនៅក្នុងប្រទេសកម្ពុជាដែលបានគូរប្លង់អគារប្រវត្តិសាស្រ្តជាច្រើននៅក្នុងរាជធានីភ្នំពេញក្រោយពេលឯករាជ្យនោះបានគាំទ្រគណបក្សសង្គ្រោះជាតិដោយចំហនៅក្នុងការបោះឆ្នោតជាតិ ថ្ងៃទី២៨ខែកក្កដា។
លោក វណ្ណ ម៉ូលីវណ្ណ អាយុ៨៦ឆ្នាំ ជាអ្នកគាំទ្រសម្តេចឪ នរោត្តម សីហនុ និងជាអតីតរដ្ឋមន្ត្រីក្រសួងវប្បធម៌បានមានប្រសាសន៍ថា គណបក្សប្រឆាំងដែលទើបតែបង្កើតថ្មី គឺជាក្តីសង្ឃឹមតែមួយគត់សម្រាប់ការអភិវឌ្ឍរាជធានីភ្នំពេញ នាពេលអនាគត។
លោក វណ្ណ ម៉ូលីវណ្ណ បានមានប្រសាសន៍ក្នុងកិច្ចសម្ភាសមួយកាលពីម្សិលមិញថា “ ខ្ញុំមានជំនឿថា យើងមិនអាចបន្តអភិវឌ្ឍក្រុងភ្នំពេញតាមវិធីដែលបានធ្វើអំឡុងពីរទសវត្សរ៍កន្លងមកនេះទេ”។
លោកបានមានប្រសាសន៍បន្ថែមថា ការអភិវឌ្ឍរាជធានីក្រោមគណបក្សកាន់អំណាចបានធ្វើដោយគ្មានក្រិត្យក្រម ឬរៀបចំប្លង់ត្រឹមត្រូវនិងគិតទុកជាមុនឡើយ។
លោកបានមានប្រសាសន៍ថា “ [ម្នាក់ៗ] ចាប់យកដីលក់ឲ្យជនបរទេស ហើយពេលនេះជនបរទេសសង់អគារខ្ពស់ដោយគ្មានប្លង់ត្រឹមត្រូវ”។ លោកបន្ថែមថា គម្រោងដែលផ្តល់ផលប្រយោជន៍ដល់រាជធានីដូចជា ប្រព័ន្ធលូថ្មីក្នុងរាជធានីនោះ មិនត្រូវបានរដ្ឋាភិបាលកម្ពុជាដឹកនាំធ្វើនោះទេ ប៉ុន្ដែបែរជាអង្គការ JICA ដែលជាទីភ្នាក់ងារផ្តល់ជំនួយជប៉ុន ចេញមុខធ្វើទៅវិញ។
លោកមានប្រសាសន៍ថា “ ខ្ញុំអាចនិយាយថា ភ្នំពេញត្រូវបានសង្គ្រោះដោយអង្គការ JICA ហើយប្រាសាទអង្គរវត្តនៅខេត្តសៀមរាបត្រូវបានសង្គ្រោះដោយអង្គការយូណេស្កូ សហការជាមួយបារាំង និងជប៉ុន”។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីមានប្រសាសន៍ថា លោកមិនដឹងថា ហេតុអ្វីបានជាលោក វណ្ណ ម៉ូលីវណ្ណ គាំទ្រគណបក្សប្រឆាំងទេ ព្រោះពីមុនគាត់ធ្វើការជាមួយរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានមានប្រសាសន៍ថា លោកស្វាគមន៍ចំពោះការគាំទ្ររបស់លោក វណ្ណ ម៉ូលីវណ្ណ និងបានលើកឡើងថា នេះបង្ហាញថា មនុស្សគ្រប់ស្រទាប់វណ្ណៈកំពុងតែបែរមករកគណបក្សប្រឆាំងវិញហើយ។
លោក យឹម សុវណ្ណ បានមានប្រសាសន៍ថា “ [ការគាំទ្ររបស់លោក វណ្ណ ម៉ូលីវណ្ណ]នឹងជំរុញឲ្យគណបក្សសង្គ្រោះជាតិមានប្រជាប្រិយភាពថែមទៀត”៕
ប្រែសម្រួលដោយ ហម សុផណ្ណា