ដោយគណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាច និងគណបក្សសង្គ្រោះជាតិសុទ្ធតែអះអាងថា ទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោតជាតិកាលពីថ្ងៃអាទិត្យ និងមិនទាន់មានការចេញលទ្ធផលជាផ្លូវការនោះ កាលពីម្សិលមិញ ក្រសួងការបរទេសបានអំពាវនាវដល់បេសកកម្មការទូតបរទេសទាំងអស់កុំឲ្យជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជា និងកុំឲ្យគាំទ្រគណបក្សប្រឆាំង។
នៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយ ក្រសួងការបរទេសមិនបានលើកឡើងពីឈ្មោះរបស់ប្រទេសណាមួយនោះទេ ប៉ុន្តែ បានជំរុញបណ្តាប្រទេសទាំងអស់កុំឲ្យគាំទ្រគណបក្សសង្គ្រោះជាតិ។
សេចក្តីថ្លែងការណ៍នេះបានលើកឡើងថា “អ្នកនាំពាក្យក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិកម្ពុជាសូមស្នើឲ្យបេសកកម្មការទូតបរទេសកុំដើរតួនាទីគាំទ្រគណបក្សប្រឆាំង”។ក្រសួងនេះលើកឡើងថា “ដោយមិនមានព្យសនកម្មប៉ះពាល់ដល់បុព្វសិទ្ធិ និងអភ័យឯកសិទ្ធិដែលខ្លួនបានទទួល បុគ្គលិកទាំងអស់ ដែលមានបុព្វសិទ្ធិ និងអភ័យឯកសិទ្ធិបែបនេះ មានភារកិច្ចត្រូវគោរពច្បាប់ និងបទប្បញ្ញត្តិរបស់រដ្ឋម្ចាស់ផ្ទះ។ បុគ្គលិកដែលមានបុព្វសិទ្ធិ និងអភ័យឯកសិទ្ធិទាំងអស់មិនត្រូវជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់រដ្ឋម្ចាស់ផ្ទះនោះឡើយ”។
សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសធ្វើឡើងបន្ទាប់ពីការអំពាវនាវដោយក្រសួងការបរទេសអាមេរិកឲ្យមានការស៊ើបអង្កេតលើភាពមិនប្រក្រតីនៅថ្ងៃបោះឆ្នោតដែលធ្វើតាមសំណើស្រដៀងគ្នានេះរបស់គណបក្សសង្គ្រោះជាតិ។នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីម្សិលមិញ ប្រទេសជប៉ុនដែលជាប្រទេសអ្នកផ្តល់ជំនួយដ៏ធំដល់ប្រទេសកម្ពុជានោះក៏គាំទ្រការអំពាវនាវឲ្យមានការស៊ើបអង្កេតលើភាពមិនប្រក្រតីទាំងនេះផងដែរ។
ខណៈដែលអាមេរិក និងសហភាពអឺរ៉ុបមិនបានធ្វើការវាយតម្លៃចុងក្រោយអំពីការបោះឆ្នោតនេះ ប្រទេសចិនជារដ្ឋមានគណបក្សតែមួយដែលមិនមានការបោះឆ្នោតទូទៅ និងប្រទេសហុងគ្រី គឺជាប្រទេសតែពីរប៉ុណ្ណោះរហូតមកទល់ពេលនេះដែលបានចាត់ទុកការបោះឆ្នោតនេះថា សេរី យុត្តិធម៌ និងមានតម្លាភាព។
វេទិកាសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី និងអ្នកប្រជាធិបតេយ្យអន្តរជាតិនិយមកណ្តាលនៅអាស៊ីប៉ាស៊ីហ្វិក ដែលបានបញ្ជូនអ្នកសង្កេតការណ៍បោះឆ្នោតចំនួន២៩១នាក់តាមសំណើរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) ហើយការចំណាយរបស់អ្នកសង្កេតការណ៍ទាំងនេះរដ្ឋាភិបាលជាអ្នកចេញនោះបានវាយតម្លៃដូចគ្នានេះ។ ប្រទេសបង់ក្លាដែស និងប្រទេសថៃសុទ្ធតែបានអបអរសាទរជាផ្លូវការដល់លោក ហ៊ុន សែន ដែលបានឈ្នះឆ្នោត។
លោកស្រី ខាធឺរីន អាស្តុន (Catherine Ashton) តំណាងជាន់ខ្ពស់សហភាពអឺរ៉ុបបានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារ ដែលលើកឡើងថា អនុសាសន៍របស់អ្នកសង្កេតការណ៍អឺរ៉ុបសំុឲ្យមានការកែលម្អការបោះឆ្នោតនោះមិនត្រូវបានអនុវត្តគ្រប់គ្រាន់នោះទេ។សហភាពអឺរ៉ុបបានលើកឡើងថា ការបោះឆ្នោតជាតិលើកមុនរបស់កម្ពុជានៅឆ្នាំ២០០៨មិនស្របតាមបទដ្ឋានអន្តរជាតិទេ និងមិនបានបញ្ជូនអ្នកសង្កេតការណ៍មកសង្កេតការណ៍នៅពេលនេះឡើយ។
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ និងលោក កឹម សុខា ជាអនុប្រធានបានជួបពិភាក្សាជាមួយគណៈប្រតិភូអឺរ៉ុបប្រចាំរាជធានីភ្នំពេញអស់រយៈពេល២ម៉ោងកាលពីរសៀលម្សិលមិញ។ លោកទាំងពីរមិនបានធ្វើអត្ថាធិប្បាយទេ បន្ទាប់ពីជំនួបនោះ។
លោកស្រី មូរ សុខហួរ បេក្ខជនតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិដែលបានចូលរួមដែរនោះបានមានប្រសាសន៍ថា ជំនួបនោះ “ ដំណើរការបានល្អណាស់”។ លោកស្រី មូរ សុខហួរ បានមានប្រសាសន៍ថា ពួកគាត់បានពិភាក្សាតែអំពីលិខិតដែលគណបក្សប្រឆាំងផ្ញើជូន គ.ជ.ប. កាលពីថ្ងៃអង្គារ ទាមទារឲ្យបង្កើតគណៈកម្មាធិការឯករាជ្យមួយ ដើម្បីធ្វើការស៊ើបអង្កេតសេចក្តីរាយការណ៍អំពីភាពមិនប្រក្រតីជាច្រើននៅក្នុងការបោះឆ្នោតកាលពីថ្ងៃអាទិត្យប៉ុណ្ណោះ។លោកស្រីបានមានប្រសាសន៍ថា សហភាពអឺរ៉ុបគាំទ្រការទាមទារឲ្យមានការស៊ីបអង្កេតនេះ ប៉ុន្តែ បានបដិសេធមិនប្រាប់ព័ត៌មានលម្អិតឡើយ។
សហភាពអឺរ៉ុបមិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយនោះទេ។ សហរដ្ឋអាមេរិកដែលបានអំពាវនាវឲ្យមានការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅមុនការបោះឆ្នោតនៅថ្ងៃអាទិត្យនោះ បានលើកឡើងកាលពីថ្ងៃច័ន្ទថា ខ្លួនមានការព្រួយបារម្ភចំពោះសេចក្តីរាយការណ៍អំពីភាពមិនប្រក្រតីទាំងនេះ ហើយបានអំពាវនាវឲ្យមានការសើុបអង្កេតឲ្យបានម៉ត់ចត់ និងមានតម្លាភាព។
អង្គការតម្លាភាពអន្តរជាតិ និងគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (ខុមហ្វ្រែល) សុទ្ធតែបានរាយការណ៍ថា បានសង្កេតឃើញភាពមិនប្រក្រតីជាច្រើននៅក្នុងការបោះឆ្នោតកាលពីថ្ងៃអាទិត្យ។ មានពាក្យបណ្តឹងជាច្រើនរបស់អ្នកបោះឆ្នោតដែលបានចុះឈ្មោះរួចហើយ ប៉ុន្តែ មិនអាចបោះឆ្នោតបានដោយសារឈ្មោះរបស់ពួកគេមិនមាននៅក្នុងបញ្ជីឈ្មោះបោះឆ្នោត ឬដោយសារពួកគេត្រូវបានមន្ត្រីរៀបចំការបោះឆ្នោតប្រាប់ថា ពួកគេបានបោះឆ្នោតរួចហើយ។
គណៈកម្មាធិការខុមហ្វ្រែល បានក្រើនរំឭកនៅមុនការបោះឆ្នោតនេះថា បញ្ហានៅក្នុងបញ្ជីឈ្មោះបោះឆ្នោតអាចធ្វើឲ្យប្រជាពលរដ្ឋខ្មែរយ៉ាងហោចណាស់១លាននាក់បាត់បង់សិទ្ធិបោះឆ្នោត គឺមានជាង១នាក់ក្នុងចំណោមអ្នកបោះឆ្នោតដែលបានចុះឈ្មោះរួច១០នាក់។
គ.ជ.ប. លើកឡើងថា ខ្លួននឹងប្រកាសលទ្ធផលបោះឆ្នោតបណ្តោះអាសន្ននៅថ្ងៃទី១០ខែសីហា។ គណបក្សប្រជាជនកម្ពុជាអះអាងថា ឈ្នះបាន៦៨អាសនៈនៅក្នុងចំណោមអាសនៈសភា ១២៣។ គណបក្សសង្គ្រោះជាតិអះអាងថា ឈ្នះបាន៦៣អាសនៈ។ គណបក្សមួយត្រូវការអាសនៈយ៉ាងហោចណាស់៦២អាសនៈដើម្បីបង្កើតរដ្ឋាភិបាលថ្មី៕
ប្រែសម្រួលដោយ មូល គឹមហឿន