ការគ្រប់គ្រងមិនល្អលើប្រព័ន្ធតុលាការរបស់កម្ពុជា ស្ដែងឲ្យឃើញថា ជារឿងមានប្រយោជន៍សម្រាប់អតីតក្រឡាបញ្ជី ក្រូច បូរ័ត្ន នៅពេលគាត់សម្រេចចិត្ត “ ខ្ចី” ប្រាក់តម្កល់របស់ចុងចោទម្នាក់នៅក្នុងរឿងក្ដីរដ្ឋប្បវេណីមួយ។
ប៉ុន្តែ ពេលផែនការរបស់គាត់មិនដំណើរការដូចការគ្រោងទុក កង្វះឯកសារពាក់ព័ន្ធនឹងប្រាក់ដែលគាត់បាន“ខ្ចី” នោះបានធ្វើឲ្យគាត់ទទួលទោសធ្ងន់ជាងអ្វីដែលគាត់ជឿថា ខ្លួនសមនឹងទទួលទៅទៀត។ នៅកន្លែងសួរសុខទុក្ខអ្នកទោសនៅក្នុងពន្ធនាគារព្រៃស ដែលមានចម្ងាយប្រហែល១៥គីឡូម៉ែត្រពីរាជធានីភ្នំពេញកាលពីសប្ដាហ៍មុន លោក ក្រូច បូរ័ត្ន មើលទៅដូចជាមិនបានរងទុក្ខអ្វីទេបន្ទាប់ពីបានជាប់ពន្ធនាគារអស់រយៈពេលប្រាំបួនខែ។ មើលទៅគាត់ដូចជាបានទទួលអាហារបរិបូណ៍និងមានសុខភាពល្អក្នុងឯកសណ្ឋានអ្នកទោសពណ៌ខៀវដែលទើបត្រូវបានបោកស្ងួតហើយថ្មីៗ។ សក់ខ្មៅខ្លីរបស់គាត់ដែលទើបនឹងមានស្កូវមួយៗនោះ ត្រូវបានកាត់តម្រឹមយ៉ាងស្អាត។ ចំណែកនាឡិកាដៃមាសដ៏ធំរបស់គាត់វិញបានបញ្ចេញពន្លឺយ៉ាងភ្លឺចិញ្ចាច។
លោក បូរ័ត្ន មើលទៅមានទំនុកចិត្តលើខ្លួនឯង និងមានអារម្មណ៍ល្អ ពេលគាត់និយាយលេងសើចជាមួយនឹងឆ្មាំពន្ធនាគារ មុនពេលអង្គុយក្នុងចំណោមអ្នកទោសផ្សេងៗទៀតដែលកំពុងជួបអ្នកមកសួរសុខទុក្ខជាសមាជិកគ្រួសារ។ អតីតក្រឡាបញ្ជីនៅសាលាដំបូងរាជធានីភ្នំពេញក្នុងវ័យ៤០ឆ្នាំរូបនេះកំពុងអនុវត្តទោសជាប់ពន្ធនាគាររយៈពេលបួនឆ្នាំកន្លះ បន្ទាប់ពីត្រូវបានរកឃើញពិរុទ្ធភាពពីបទទទួលយកប្រាក់តម្កល់ចំនួន២៥ម៉ឺនដុល្លារពីពាណិជ្ជករឈ្មោះ សួន លី ដែលជាចុងចោទក្នុងរឿងក្ដីពាក់ព័ន្ធនឹងវិវាទពាណិជ្ជកម្មមួយ។
លោក បូរ័ត្ន បានអះអាងក្នុងបទសម្ភាសមួយនៅពន្ធនាគារព្រៃសថា ខ្លួនគ្រាន់តែបាន “ ខ្ចី” ប្រាក់ចំនួន៧៥.០០០ដុល្លារក្នុងចំណោមប្រាក់តម្កល់២៥ម៉ឺនដុល្លារនោះតែប៉ុណ្ណោះ។ លោកបាននិយាយថា ប្រាក់សេសសល់ទាំង១៧៥.០០០ដុល្លារទៀតនៅស្ថិតក្នុងដៃរបស់ចៅក្រម កែ សាខន ដែលពេលនោះមានតួនាទីជាអនុប្រធានតុលាការ។ ចៅក្រម សាខន បានបដិសេធដាច់អហង្ការថា ខ្លួនមិនបានទទួលប្រាក់ដែលបានបាត់នោះទេ។
លោក បូរ័ត្ន ចោទប្រកាន់ថា ខ្លួន និងចៅក្រម សាខន បានព្រមព្រៀងយកប្រាក់ទាំងនេះចែកគ្នា ដោយលោក បូរ័ត្ន យក៧៥.០០០ដុល្លារ ហើយចៅក្រម សាខន យក១៧៥.០០០ដុល្លារ ។ លោក បូរ័ត្ន បដិសេធថា ប្រាក់នេះគឺមិនមែនត្រូវបានផ្ដល់ក្នុងបំណងសូកប៉ាន់ដើម្បីឈ្នះក្ដីទេ។
យោងតាមភាគីពាក់ព័ន្ធក្នុងរឿងក្ដីនេះប្រាក់ទាំង២៥ម៉ឺនដុល្លារនេះគឺជាប្រាក់តម្កល់ និងទុកសម្រាប់ដោះស្រាយរឿងក្ដីរំលោភកិច្ចសន្យារវាងលោក សួន លី និងពាណិជ្ជករម្នាក់ទៀត។ មូលហេតុដែលប្រាក់ដ៏ច្រើនបែបនេះត្រូវគេផ្ដល់ឲ្យចៅក្រម និងក្រឡាបញ្ជី មិនមែនមេធាវីដែលពាក់ព័ន្ធក្នុងរឿងក្ដីនេះ គឺមិនដែលត្រូវបានពន្យល់ឲ្យបានសមស្របសោះឡើយ។
លោក បូរ័ត្ន ក៏បានបញ្ជាក់ផងដែរថា ពុំមានកំណត់ត្រាអំពីការតម្កល់ ឬការដកប្រាក់ពីធនាគារពាក់ព័ន្ធទៅនឹងប្រាក់ទាំង២៥ម៉ឺនដុល្លារនេះទេ ហើយក៏គ្មានកំណត់ត្រាអំពីគណនីរបស់សាលាដំបូងនេះផ្ទាល់នៅធនាគារជាតិដែរ ព្រោះប្រាក់នេះត្រូវបានទុកជារឿង “ សម្ងាត់”។ ចំណុចនេះធ្វើឲ្យរឿងចៅក្រម ក្រឡាបញ្ជី និងប្រាក់ទាំង២៥ម៉ឺនដុល្លារនេះកាន់តែមានភាពស្មុគស្មាញឡើង។
លោក បូរ័ត្ន បានឲ្យដឹងថា ខ្លួនបានសម្រេចចិត្តប្រគល់ចំណែកទឹកប្រាក់៧៥.០០០ដុល្លាររបស់ខ្លួនទៅឲ្យមិត្តភក្ដិម្នាក់ដើម្បីយកការប្រាក់ ប៉ុន្តែបានបញ្ជាក់ថា ខ្លួនមិនដឹងថា តើចៅក្រមរូបនោះយកចំណែកទឹកប្រាក់ទាំង១៧៥.០០ដុល្លាររបស់ខ្លួនឯងទៅធ្វើអ្វីទេ។
លោក បូរ័ត្ន បាននិយាយនៅពន្ធនាគារដែលហាមអ្នកយកព័ត៌មានមិនឲ្យកត់ត្រា ឬថតសំឡេងពេលធ្វើបទសម្ភាសនេះថា “ ខ្ញុំបានឲ្យមិត្តភក្ដិម្នាក់ខ្ចីប្រាក់៧៥.០០០ដុល្លារនេះដើម្បីយកការប្រាក់។ ខ្ញុំមិនដឹងថា ចៅក្រម សាខន យកលុយទាំង១៧៥.០០០ដុល្លារទៀតទៅធ្វើអ្វីទេ។
លោក បូរ័ត្ន បានបញ្ជាក់ថា បញ្ហាចាប់ផ្ដើមកើតមាន នៅពេលពាណិជ្ជករទាំងនោះបានដោះស្រាយវិវាទរបស់ខ្លួនក្រៅប្រព័ន្ធតុលាការកាលពីឆ្នាំមុន ហើយលោក សួន លី បានទារប្រាក់នេះវិញ។ លោក បូរ័ត្ន ដែលពេលនោះស្ថិតនៅក្នុងសហរដ្ឋអាមេរិកនោះ បាននិយាយថា ខ្លួនស្ទាក់ស្ទើរមិនចង់វិលមកប្រទេសកម្ពុជាវិញទេ ដោយសារបារម្ភខ្លាចមានការចាប់ខ្លួន។ ប៉ុន្តែ លោក បូរ័ត្ន អះអាងថា ខ្លួនបានទូរស័ព្ទទៅព្រះរាជអាជ្ញាពាក់ព័ន្ធនៅក្នុងរឿងក្ដីនេះ ដែលតាមចោទថា បានធានាថា លោកនឹងពុំមានបញ្ហាអ្វីទាំងអស់ ប្រសិនបើព្រមប្រគល់ប្រាក់ឲ្យគេវិញ។ ប៉ុន្តែ ចុងបញ្ចប់គឺមិនមែនដូច្នេះទេ។
ទោះជាបានប្រគល់ប្រាក់ទាំង៧៥.០០០ដុល្លារឲ្យគេវិញ បន្ទាប់ពីបានវិលមកដល់កម្ពុជាវិញហើយក៏ដោយ ក៏លោក បូរ័ត្ន នៅតែត្រូវបានចាប់ខ្លួនក្នុងហាងខារ៉ាអូខេមួយកន្លែងក្នុងខណ្ឌចំការមនកាលពីខែតុលា ហើយក៏បានជាប់ក្នុងមន្ទីរឃុំឃាំងចាប់តាំងពី ពេលនោះមក។
កាលពីខែឧសភា លោកត្រូវបានកាត់ឲ្យជាប់ទោសតាមការចោទប្រកាន់ពីបទរំលោភលើសេចក្ដីទុកចិត្ត និងត្រូវបានផ្ដន្ទាទោសរយៈពេលបួនឆ្នាំកន្លះ។ ប៉ុន្តែ មេធាវីរបស់លោក គឺលោក ពុធ ធាវី បានឲ្យដឹងតាមទូរស័ព្ទក្នុងសប្ដាហ៍នេះថា ខ្លួនបានដាក់ពាក្យបណ្ដឹងឧទ្ធរណ៍ជំទាស់នឹងសាលក្រមនេះហើយ ប៉ុន្តែកាលបរិច្ឆេទបើកសវនាការនៅមិនទាន់ត្រូវបានកំណត់នៅឡើយទេ។
លោក ធាវី ក៏បានលើកឡើងផងដែរថា ចៅក្រម សាខន គួរតែមានចំណែកទទួលខុសត្រូវក្នុងរឿងក្ដីនេះដែរ។ លោកបានមានប្រសាសន៍ថា “ ខ្ញុំជឿថា ចៅក្រមរូបនោះត្រូវទទួលខុសត្រូវចំពោះប្រាក់ទាំងអស់ ព្រោះគាត់បានចុះហត្ថលេខាលើឯកសារពាក់ព័ន្ធជាមួយនឹងក្រឡាបញ្ជី ដូច្នេះម្នាក់ៗត្រូវតែសងគេវិញពាក់កណ្ដាលម្នាក់។ ខ្ញុំមានឯកសារគ្រប់គ្រាន់ដើម្បីបញ្ជាក់ថា អ្នកទាំងពីរពិតជាបានចុះហត្ថលេខាទទួលយកប្រាក់ទាំងអស់នោះមែន”។
ខណៈចៅក្រម សាខន សារភាពថា ខ្លួនបានអនុញ្ញាតឲ្យលោក បូរ័ត្ន យកប្រាក់២៥ម៉ឺនដុល្លារពីចុងចោទឈ្មោះ សួន លី នោះ ការរៀបរាប់របស់ចៅក្រមគឺខុសគ្នាពីការរៀបរាប់របស់ក្រឡាបញ្ជីរូបនេះ។ អំឡុងសវនាការជំនុំជម្រះទោសលោក បូរ័ត្ន កាលពីខែមេសា ចៅក្រម សាខន ដែលបច្ចុប្បន្ននេះជាអនុប្រធានតុលាការខេត្តតាកែវនោះ បានប្រាប់សាលាដំបូងរាជធានីភ្នំពេញថា ខ្លួនមិនដែលបានប៉ះពាល់ប្រាក់ទាំងនោះទេ។
ចៅក្រម សាខន បានអះអាងនៅពេលនោះថា “ ខ្ញុំបានប្រាប់គាត់ [លោក បូរ័ត្ន] ឲ្យតម្កល់ប្រាក់នោះក្នុងគណនីធនាគាររបស់តុលាការ ប៉ុន្តែគាត់មិនបានធ្វើតាមទេ ហើយក្រោយមកថែមទាំងចោទប្រកាន់ខ្ញុំទៀត។ ខ្ញុំមិនដែលបានទទួលប្រាក់នោះទេ”។
ចៅក្រម សាខន បានអះអាងក្នុងសប្ដាហ៍នេះថា លោក បូរ័ត្ន បានសារភាពក្នុងតុលាការថា បានយកប្រាក់ទាំងនោះហើយ ដូច្នេះវាមិនជាប់ពាក់ព័ន្ធនឹងលោកទៀតទេ។ ចៅក្រម សាខន បានថ្លែងថា “ លុយនោះគឺនៅក្នុងដៃរបស់គាត់ ពីព្រោះគាត់បានសារភាពប្រាប់ព្រះរាជអាជ្ញាហើយ”។
លោកបានបដិសេធមិនធ្វើអត្ថាធិប្បាយថា តើខ្លួនមានកំណត់ត្រាណាមួយអំពីការតម្កល់ប្រាក់ ឬការដកប្រាក់ពាក់ព័ន្ធនឹងប្រាក់ទាំង២៥ម៉ឺនដុល្លារនោះទេ។ លោកបានមានប្រសាសន៍ថា “ ខ្ញុំមិនបានអនុញ្ញាតឲ្យគាត់ [លោក បូរ័ត្ន] ដកប្រាក់ពីគណនីធនាគាររបស់តុលាការទេ ហើយចម្លើយរបស់គាត់គឺដើម្បីដោះបន្ទុកតែប៉ុណ្ណោះ។
លោក សួន លី ដែលជាមនុស្សសំខាន់បំផុតក្នុងរឿងក្ដីនេះ មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានឡើយ។ មេធាវីរបស់លោក គឺលោក ឆុង អ៊ាវ ហេង បានឲ្យដឹងថា កូនក្ដីរបស់លោកមិនចង់ធ្វើអត្ថាធិប្បាយអំពីរឿងនេះទេ និងថា លោកគឺជាអ្នកដែលបានប្រគល់ប្រាក់នេះបន្តទៅក្រឡាបញ្ជី និងចៅក្រមរូបនោះ។ លោកបានមានប្រសាសន៍ថា “ ខ្ញុំបានយកប្រាក់២៥ម៉ឺនដុល្លារពីកូនក្ដីរបស់ខ្ញុំ ហើយបានប្រគល់វាទៅឲ្យតុលាការ ប៉ុន្តែប្រសិនបើតុលាការមិនប្រគល់ប្រាក់នេះទៅឲ្យដើមចោទទេនោះ វាគឺជារឿងរបស់តុលាការ”៕
ប្រែសម្រួលដោយ ភួន ច័ន្ទសេរីវុធ