វេទិការនៃអង្គការមិនមែនរដ្ឋាភិបាលនៃកម្ពុជាបានលើកឡើងនៅក្នុងសេចក្ដីថ្លែងការណ៍មួយ ដែលចេញស្របពេលទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោកលើកទី១៩ ដែលនឹងប្រារព្ធឡើងនៅថ្ងៃនេះថា រដ្ឋាភិបាលត្រូវតែពង្រឹងការអនុវត្តច្បាប់ ដើម្បីការពារសិទ្ធិដីធ្លីរបស់អ្នកភូមិជនជាតិភាគតិច និងតំបន់ព្រៃសហគមន៍។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន អង្គការក្រៅរដ្ឋាភិបាលចម្រុះបានលើកឡើងថា អ្នកភូមិជនជាតិភាគតិចចំនួន២៤ក្រុម ដែលមានចំនួនស្មើនឹង១,២ភាគរយនៃប្រជាពលរដ្ឋទាំងអស់ក្នុងប្រទេសកម្ពុជាសុទ្ធតែទទួលរងគ្រោះ ដោយសារការគេងប្រវ័ញ្ចសេដ្ឋកិច្ចពីដីស្រែ និងដីដូនតារបស់ពួកគាត់។
សេចក្ដីថ្លែងការណ៍នេះបានលើកឡើងថា “ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់បានទទួលរងផលប៉ះពាល់ដោយការអភិវឌ្ឍ ដែលគ្មានការត្រួតពិនិត្យត្រឹមត្រូវ ដូចជាការអភិវឌ្ឍទំនប់វារីអគ្គិសនី និងការជីករុករករ៉ែជាដើម ហើយផលប៉ះពាល់នៃដីសម្បទានសេដ្ឋកិច្ចបានធ្វើឲ្យមានការបំផ្លិចបំផ្លាញព្រៃឈើ និងធ្វើឲ្យពួកគាត់មិនអាចប្រកបរបរចិញ្ចឹមជីវិតពីដីធ្លីរបស់គាត់បាន”។
លោក ឈិត សំអាត នាយកប្រតិបត្តិនៃវេទិការនៃអង្គការមិនមែនរដ្ឋាភិបាលបានលើកឡើងថា រដ្ឋាភិបាលត្រូវតែខិតខំពង្រឹងច្បាប់បន្ថែមទៀត ដើម្បីធានាឲ្យបានថា សិទ្ធិរបស់ក្រុមអ្នកភូមិជនជាតិភាគតិចត្រូវបានការពារ។ លោកបានមានប្រសាសន៍ថា “ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ពឹងផ្អែកទាំងស្រុងទៅលើធនធានធម្មជាតិនិងព្រៃឈើ”។
លោកបានមានប្រសាសន៍បន្ថែមថា “លទ្ធភាព ដើម្បីទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លី និងសន្ដិសុខសេដ្ឋកិច្ចរបស់ពួកគាត់កំពុងតែទទួលរងផលប៉ះពាល់កាន់តែខ្លាំងឡើង។ យើងត្រូវតែធ្វើការទាំងអស់គ្នា ដើម្បីធានាឲ្យបានថា សិទ្ធិរបស់ពួកគាត់ត្រូវបានការពារ”។ អង្គការក្រៅរដ្ឋាភិបាលកំពុងតែអំពាវនាវឲ្យរដ្ឋាភិបាលពន្លឿនដំណើរការចែកប័ណ្ណកម្មសិទ្ធិដីសមូហភាព ក៏ដូចជាការទទួលស្គាល់ព្រៃសហគមន៍ និងតំបន់ការពារ។ មានតែប័ណ្ណកម្មសិទ្ធិដីសមូហភាពចំនួនប្រាំពីរប័ណ្ណកម្មសិទ្ធិប៉ុណ្ណោះត្រូវបានផ្ដល់ទៅឲ្យក្រុមជនជាតិភាគតិចចាប់តាំងពីប័ណ្ណកម្មសិទ្ធិដីសមូហភាពលើកដំបូង ត្រូវបានផ្ដល់កាលពីឆ្នាំ២០១១មកនោះ។
សេចក្ដីថ្លែងការណ៍របស់វេទិការនៃអង្គការមិនមែនរដ្ឋាភិបាលបានលើកឡើងថា “យុទ្ធនាការផ្ដល់ព័ត៌មានចាំបាច់ត្រូវតែធ្វើឡើងនៅសហគមន៍ជនជាតិភាគតិច ធ្វើដូច្នេះពួកគាត់អាចយល់ដឹងអំពីការអនុវត្តនៃការផ្ដល់ប័ណ្ណកម្មសិទ្ធិដីធ្លី និងដឹងពីរបៀបការពារដីធ្លីរបស់ខ្លួនពីការអភិវឌ្ឍ ដែលគ្មានការត្រួតពិនិត្យច្បាស់លាស់”។
សេចក្ដីថ្លែងការណ៍នេះបានបន្ថែមថា រដ្ឋាភិបាលនៅតែបន្តយកដីរបស់អ្នកភូមិជនជាតិភាគតិចធ្វើជាដីសម្បទានសេដ្ឋកិច្ចផ្ដល់ទៅឲ្យក្រុមហ៊ុន ដោយគ្មានសំណងត្រឹមត្រូវនោះឡើយ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រីបានមានប្រសាសន៍ថា រដ្ឋាភិបាលបានខិតខំដើម្បីពន្លឿនដំណើរការផ្ដល់ប័ណ្ណកម្មសិទ្ធិដីធ្លីនេះហើយ។ លោកបានថ្លែងថា “រដ្ឋាភិបាលសូមកោតសរសើរដល់បញ្ហា ដែលអង្គការក្រៅរដ្ឋាភិបាលបានលើកឡើង ប៉ុន្តែរដ្ឋាភិបាលកំពុងតែខិតខំប្រឹងប្រែងបន្ថែមទៀតហើយ”៕
ប្រែសម្រួលដោយ ស៊ា ស៊ុយឈាង