ស្ត្រីអាយុ៣០ឆ្នាំម្នាក់ និងក្មួយប្រុសរបស់ខ្លួនអាយុ១១ខែ ត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់នៅមុខផ្ទះរបស់ពួកគេក្នុងខណ្ឌពោធិ៍សែនជ័យក្នុងរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃច័ន្ទ ដោយខ្មាន់កាំភ្លើងរូបនោះ បានបាញ់ស្រ្តីជនរងគ្រោះចំនួន១៤គ្រាប់ រួចរត់ឆ្លងថ្នល់ទៅបាញ់ទារកត្រូវចំក្បាលមួយគ្រាប់ទៀត។
លោក អេង សោភា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់់រាជធានីភ្នំពេញបានមាន ប្រសាសន៍ថា ការបាញ់ប្រហារនេះកើតឡើង នៅម៉ោងប្រហែល៥និង៣០នាទីល្ងាច ដែលនៅក្នុងថ្ងៃនោះសន្តិសុខយាមនៅបុរីញូវថោន ពោធិចិនតុង ក្នុងសង្កាត់ចោមចៅបានចេញពីកន្លែងនោះ។
មុនពេលកើតហេតុ អ្នកស្រី ទិត ធារ៉ា អ្នកគ្រប់គ្រងនៅសាខាធានាគារកាណាឌីយ៉ា នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ កំពុងតែចាក់សោផ្ទះនៅទ្វារខាងមុខ ពេលនោះមានខ្មាន់កាំភ្លើងម្នាក់មកដល់រួចក៏ដកកំាភ្លើងខ្លីបាញ់ប្រហារតែម្តង។ អំឡុងពេលបាញ់ប្រហារ អ្នកស្រី ទិត សុម៉ាឡែន អាយុ៣៥ឆ្នាំ
អតីតអ្នកចម្រៀងភ្លេងការ និងជាម្តាយរបស់ទារកដែលបានស្លាប់នោះ ត្រូវខ្មាន់កាំភ្លើងបាញ់ត្រូវចំភ្លៅម្ខាងមួយគ្រាប់ ហើយឥឡូវកំពុងសម្រាកព្យាបាលនៅក្នុងគ្លីនិកឯកជន។
លោក អេង សោភា មានប្រសាសន៍ថា “ អ្នកស្រី ទិត ធារ៉ា ត្រូវខ្មាន់កាំភ្លើងបាញ់ត្រូវ១៤គ្រាប់។ ចំណែកអ្នកស្រី ទិត សុម៉ាឡែន ត្រូវមួយគ្រាប់ចំភ្លៅ ហើយកូនប្រុសរបស់អ្នកស្រីត្រូវមួយគ្រាប់ចំក្បាល”។
លោកបានបន្តថា “ របាយការណ៍ផ្លូវការរបស់នគរបាលបានបង្ហាញថា មានតែជនដៃដល់តែម្នាក់ ប៉ុណ្ណោះ ទោះជាយ៉ាងណា អ្នកជិតខាងបាននិយាយថា នៅកន្លែងកើតហេតុជនដៃដល់មានគ្នាពីរនាក់”។
លោកឧត្តមសេនីយ៍ឯក គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យនគរបាលជាតិ មានប្រសាសន៍ថា អាជ្ញាធរចាត់ទុកករណីនេះជាអំពើប្លន់ ហើយនៅក្នុងការស៊ើបអង្កេតជំហានដំបូង អាជ្ញាធរជឿជាក់ថា អ្នកដែលខ្មាន់កាំភ្លើងចង់បាញ់ពិតប្រាកដនោះ គឺអ្នកស្រី សុម៉ាឡែន មិនមែនជាប្អូនស្រីរបស់គាត់នោះទេ។
លោកឧត្តមសេនីយ៍ឯក ច័ន្ទថារិទ្ធ ក៏បានមានប្រសាសន៍ដែរថា អ្នកស្រី សុម៉ាឡែនជា ស្រីកំណាន់ លួចលាក់របស់បុរសម្នាក់មានប្រព័ន្ធរួចហើយ និងកំពុងរស់នៅក្នុងខេត្តស្ទឹងត្រែង ដែលឥឡូវនគរបាលកំពុងស៊ើបអង្កេតថា តើការបាញ់ប្រហារនេះ កើតចេញពីទំនាក់ទំនងរបស់អ្នកស្រីជាមួយបុរសនោះឬក៏យ៉ាងណា។
លោក ច័ន្ទថារិទ្ធ បានលើកឡើងថា “ តាមព័ត៌មាន ដែលនគរបាលប្រមូលបាននោះ គឺថាអ្នកស្ រីមានមិត្តប្រុសម្នាក់ ឬក៏ប្រហែលជាមានទំនាក់ទំនងស្នេហា ជាមួយបុរសម្នាក់រស់នៅក្នុងខេត្តស្ទឹងត្រែង។ យើងមានព័ត៌មានថា បុរសនោះបានរៀបការរួចហើយ”។
នៅខាងក្រៅផ្ទះរបស់ជនរងគ្រោះកាលពីម្សិលមិញ អ្នកជិតខាងបាននិយាយថា ពួកគេបានឃើញជនសង្ស័យដើរនៅម្តុំនោះ កាលពីបីបួនថ្ងៃមុន ដើម្បីមកឃ្លាំមើល សកម្មភាពប្រចាំថ្ងៃរបស់អ្នកស្រី ទិត ធារ៉ា និងបងស្រីរបស់នាង។
អ្នករស់នៅក្នុងបុរីញូវថោនម្នាក់ អាយុ២៥ឆ្នាំ ដែលបដិសេធមិនព្រមប្រាប់ឈ្មោះរបស់ខ្លួនព្រោះ ព្រួយបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន បាននិយាយថា អ្នកស្រីបានឃើញជនសង្ស័យ នៅថ្ងៃកើតហេតុនោះ នាវេលាប្រហែលម៉ោង៤រសៀល។ អ្នកស្រីបានបន្តថាជនសង្ស័យនេះ ពាក់អាវយឺតឆ្នូត និងពាក់មួកកាតឹប។ គាត់ក៏បាននិយាយដែរថា ជនដៃដល់នោះបានមកជាមួយបុរសម្នាក់ទៀត ដែលជិះម៉ូតូហុងដាឌ្រីមពណ៌ខ្មៅមួយគ្រឿង។
អ្នកស្រីបាននិយាយបន្ថែមទៀតថា “ ខ្ញុំភ័យខ្លាំងណាស់ពេលខ្ញុំឮសំឡេងបាញ់ ខ្ញុំបានរត់ចូលក្នុងផ្ទះរបស់ខ្ញុំ។ ខ្ញុំពិតជាភ័យខ្លាចណាស់ ពីព្រោះបុរសនោះបានឃើញខ្ញុំច្រើនដងណាស់។ ខ្ញុំតែងតែអង្គុយនៅខាងក្រៅផ្ទះរបស់ខ្ញុំ ឬក៏បោសសម្អាតនៅក្បែរនោះ។
អ្នកស្រីបាននិយាយរំឭកអំពីទារកអាយុ១១ខែនោះថា “ ខ្ញុំតែងតែ ឃើញក្មេងនេះជិះកូនរថយន្តជ័រលេង នៅលើផ្លូវស្ទើររៀងរាល់ព្រឹក”។ សាក្សីផ្សេងៗទៀតនៅកន្លែងកើតហេតុ ដែលក៏បាននិយាយក្នុងលក្ខខណ្ឌអនាមិកបាននិយាយថា ពួកគេបានឃើញជនដៃដល់រត់គេចខ្លួនបន្ទាប់ពីបាញ់ប្រហាររួច។
សមាជិកក្រុមគ្រួសារ និងអ្នករួមការងារ របស់អ្នកស្រី ទិត ធារ៉ា ដែលបានមកជួបជុំគា្ន នៅផ្ទះរបស់ជនរងគ្រោះ ដើម្បីចូលរួមពិធីបុណ្យសពកាលពីម្សិលមិញ បានបង្ហាញពីការ
ហួសចិត្តរបស់ពួកគេ ចំពោះអំពើឃាតកម្មនេះ ហើយក៏កំពុងតែងឿងឆ្ងល់ពីមូលហេតុ ដែលនាំឲ្យមានអំពើឃាតកម្មននេះដែរ។
លោក ខូវ សុខា អាយុ ៣៤ឆ្នាំ ដែលជាអ្នកគ្រប់គ្រងសាខាធានាគារកាណាឌីយ៉ាមួយផ្សេងទៀត ហើយជាអ្នកធ្លាប់ធ្វើការជាមួយអ្នកស្រី ទិត ធារ៉ា អស់រយៈពេលបួនឆ្នាំមកហើយនោះបាននិយាយថា “ អ្នកស្រីគឺជាមនុស្សល្អ ហើយវាជាការល្អណាស់ ដែលលោកបានធ្វើការជាមួយមនុស្សរួសរាយបែបនេះ។ អ្នកស្រីក៏ជាមនុស្សម្នាក់ ដែលចូលចិត្តនិយាយលេងច្រើន”។ លោកបានបន្តថា“ យើងមិនដឹង២មូលហេតុ ដែលនាំឲ្យកើតមានការបាញ់សម្លាប់នេះទេ”។
លោក អ៊ុក ជិបផល អាយុ២៩ឆ្នាំ ដែលត្រូវជាប្តីរបស់អ្នកស្រី ទិត ធារ៉ា បាននិយាយថាពួកគាត់បានរៀបការជាមួយគ្នាអស់រយៈពេលឆ្នាំប្រាំឆ្នាំមកហើយ ហើយថែមទាំងមានកូនស្រីអាយុ២ឆ្នាំម្នាក់ទៀតផង”។ លោកបានបន្តថា “ ប្រពន្ធរបស់ខ្ញុំ មិនដែលមានបញ្ហាជាមួយនរណាឡើយ”។ លោកបានបន្ថែមថា ពេលលោកទទួលបានដំណឹងអំពីការកើតហេតុនេះលោកកំពុងតែប្រជុំនៅក្នុងការិយាល័យ។ លោកបានបន្ថែមទៀតថា “ តើខ្ញុំអាចដឹង [ពីមូល ហេតុនៃការបាញ់ប្រហារនេះ] យ៉ាងដូច ម្តេច? ខ្ញុំមិនដឹងទេ”៕
ប្រែសម្រួលដោយ ស៊ា ស៊ុយឈាង