កាលពីម្សិលមិញអង្គការយូនីសេហ្វ (Unicef) និងអង្គការអភិវឌ្ឍន៍អាល្លឺម៉ង់ (GIZ)បានផ្ដល់អំណោយជាសម្ភារដែលមានតម្លៃ៥០០.០០០ដុល្លារដល់មណ្ឌលសុខភាពនៅតាមតំបន់ជនបទដើម្បីលើកកម្ពស់សុខុមាលភាពមាតា និងទារក។ អង្គការយូនីសេហ្វបានលើកឡើងកាលពីម្សិលមិញថា សម្ភារទាំងនោះរួមមានម៉ាស៊ីនស្កេន័រ ម៉ាស៊ីនពិនិត្យបេះដូង និងឧបករណ៍មួយចំនួនទៀតសម្រាប់វះកាត់ នៅពេលសម្រាលកូនដែលនឹងផ្ដល់ផលប្រយោជន៍ដល់ស្ត្រីចំនួន៣០០.០០០នាក់នៅក្នុងខេត្តកំពង់ធំ កំពត និងខេត្តកែប។
យោងតាមតួលេខរបស់មូលនិធិប្រជាពលរដ្ឋនៃអង្គការសហប្រជាជាតិ ឲ្យដឹងថានៅក្នុងប្រទេសកម្ពុជា មានស្ត្រីជាង៣០ភាគរយបានសម្រាលកូនដោយឆ្មបមិនមានជំនាញត្រឹមត្រូវហើយស្ត្រីចំនួន២៥០នាក់ក្នុងចំណោមស្ត្រីចំនួន១០០.០០០នាក់បានស្លាប់អំឡុងពេលសម្រាលកូនហើយកុមារចំនួន៦៩នាក់ក្នុងចំណោមកុមារចំនួន១.០០០នាក់បានស្លាប់នៅមុនអាយុ៥ឆ្នាំ។
លោក អេង ហួត រដ្ឋលេខាធិការក្រសួងសុខាភិបាលបានថ្លែងនៅក្នុងពិធីផ្ដល់សម្ភារនោះថា “ធនធាននៅមានកម្រិតទាំងធនធានមនុស្ស និងទាំងធនធានហិរញ្ញវត្ថុបានបន្តជាឧបសគ្គមួយដ៏ធំក្នុងការជួយសង្គ្រោះជីវិត ដើម្បីកាត់បន្ថយមរណភាពមាតា”។
អង្គការយូនីសេហ្វបានលើកឡើងក្នុងសេចក្ដីថ្លែងការណ៍មួយថា “ខណៈដែលប្រទេសកម្ពុជាកំពុងមានការវិវឌ្ឍទៅមុខក្នុងការកាត់បន្ថយមរណភាពមាតា និងទារកដែលមានទារកបីនាក់ក្នុងចំណោមទារកបួននាក់បានស្លាប់ក្នុងរយៈពេលមួយសប្ដាហ៍ដំបូង ជាពិសេសនៅថ្ងៃកើតដំបូងរបស់ពួកគេដោយសារមានជំងឺផ្សេងៗ និងកង្វះការថែទាំក្រោយពេលសម្រាលកូន”។
ក្រុមអ្នកជំនាញសុខភាពបានលើកឡើងកាលពីម្សិលមិញថា ក្រៅពីកង្វះសម្ភារ ឆ្មបភាគច្រើនមិនបានទទួលការបំពាក់បំប៉នជំនាញឲ្យបានត្រឹមត្រូវទេហើយមណ្ឌលសុខភាពនៅតាមតំបន់ជនបទច្រើនតែសាងសង់ឡើងដោយមិនគិតដល់មាតា និងទារកឡើយ។
អ្នកស្រី ចាន់ ធារី នាយកប្រតិបត្តិនៃអង្គការសម្ព័ន្ធសុខភាពបន្តពូជនិងសុខភាពកុមារមានប្រសាសន៍ថា “នៅពេលក្រសួងសុខាភិបាលបានបង្កើតមណ្ឌលសុខភាពពួកគេមិនបានសាងសង់បន្ទប់សម្រាប់ស្ត្រីស្នាក់នៅបន្ទាប់ពីពេលសម្រាលកូនទេ។ ប្រសិនបើមិនមានបន្ទប់សម្រាប់ស្នាក់នៅទេពេលនោះពួកគេបានទៅផ្ទះវិញដែលនៅទីនោះបណ្ដាលឲ្យពួកគេស្លាប់ដោយសារការធ្លាក់ឈាមច្រើនក្រោយពេលសម្រាលកូន” ការហូរឈាមនៅខាងក្នុងក្រោយពេលសម្រាលកូនគឺជាមូលហេតុចម្បង ដែលបណ្ដាលឲ្យស្លាប់។ អ្នកស្រីបានមានប្រសាសន៍បន្តថា ជាឧទាហរណ៍នៅខេត្តកំពតមានមណ្ឌលសុខភាពចំនួន៦០ និងមានមន្ទីរពេទ្យតែមួយប៉ុណ្ណោះ ដូច្នេះហើយស្ត្រីភាគច្រើនទំនងជាស្វែងរកសេវាព្យាបាលនៅមណ្ឌលសុខភាពដែលនៅជិតបំផុត ហើយបានបន្ថែមថាមណ្ឌលសុខភាពតូចៗមិនមានលទ្ធភាពដោះស្រាយករណីសង្គ្រោះបន្ទាន់បានទេ។
អ្នកស្រី ធារី មានប្រសាសន៍បន្តទៀតថា “យើងត្រូវតែធ្វើយ៉ាងណាឲ្យឆ្មបដឹងថា នៅពេលណាពួកគេត្រូវតែបញ្ជូនករណីសង្គ្រោះបន្ទាន់ទៅកាន់មន្ទីរពេទ្យខេត្តនិងត្រូវធ្វើយ៉ាងណា បញ្ជូនស្ត្រីទាំងនោះឲ្យបានទាន់ពេលវេលា”។អង្គការសម្ព័ន្ធសុខភាពបន្តពូជ និងសុខភាពកុមារបានជួលប្រជាពលរដ្ឋនៅតាមតំបន់ជនបទដែលមានមធ្យោបាយដឹកជញ្ជូនផ្ទាល់ខ្លួនប្រចាំការរយៈពេល២៤ម៉ោងសម្រាប់ដោះស្រាយស្ថានភាពបែបនេះ៕
ប្រែសម្រួលដោយ ឃិន ណៃ