គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានបោះពុម្ពសន្លឹកឆ្នោត២,៥លានបន្ថែមគឺច្រើនជាងចំនួនអ្នកបោះឆ្នោតដែលបានចុះបញ្ជីសម្រាប់ការបោះឆ្នោតក្នុងខែកក្កដា ដែលធ្វើឲ្យ គណបក្សប្រឆាំងមានការភ័យខ្លាចដល់ការបន្លំសន្លឹកឆ្នោតដែលអាចកើតមានឡើង អំឡុងការបោះឆ្នោត។
កាលពីម្សិលមិញ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានឲ្យ ដឹងថា សន្លឹកឆ្នោតនៅឯរោងពុម្ពឯកជនមួយក្នុងខណ្ឌទួលគោក ដែលបានទទួលចុះកិច្ចសន្យាបោះពុម្ពនោះមានសន្លឹកឆ្នោតសរុប១២.៣០៧.១៥០សន្លឹកសម្រាប់ការបោះឆ្នោតជាតិនៅថ្ងៃទី២៨ខែកក្កដា ហើយមានសន្លឹកឆ្នោតចំនួន២.៦៣១.៦៩៧សន្លឹកច្រើនជាងមនុស្ស នៅលើបញ្ជីឈ្មោះបោះឆ្នោតជាតិ ដែលមានចំនួនត្រឹមតែ៩.៦៧៥.៤៥៣នាក់ អាចមានសិទ្ធិបោះឆ្នោតនៅថ្ងៃទី២៨ ខែកក្កដា។
លោក ទេព នីថា អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានមានប្រសាសន៍ថា គ្មានអ្វីកើតឡើងចំពោះចំនួនសន្លឹកឆ្នោតបន្ថែមដែលមានចំនួនប្រហែលនឹងសន្លឹកឆ្នោត ដែលបានបោះពុម្ពបន្ថែមអំឡុងពេលការបោះឆ្នោតកាលពីឆ្នាំ២០០៨នោះទេ។
លោកបានមានប្រសាសន៍ថា “ យើងបានបែងចែកសន្លឹកឆ្នោតបម្រុងទៅតាមឃុំ-សង្កាត់ និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតខេត្ត។ នេះគឺជារូបមន្តដែលយើងបានអនុវត្តដោយជោគជ័យអស់បួនអាណត្តិមកហើយ ដើម្បីផ្គត់ផ្គង់សន្លឹកឆ្នោតឲ្យបានគ្រប់គ្រាន់ក្នុងករណីដែលមានសន្លឹកឆ្នោតខូច”។
លោក ទេព នីថា បានបន្តថា “យើងបានចំណាយប្រាក់ចំនួន២លានដុល្លារ ដើម្បីបោះពុម្ពសន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតជាតិលើកនេះ”។ លោកបានបន្ថែមថា សន្លឹកឆ្នោតសរុបចំនួន១១.០៨២.៤០០ នឹងត្រូវបញ្ជូនទៅកាន់ការិយាល័យបោះឆ្នោត ចំណែកឯសន្លឹកឆ្នោតបម្រុងចំនួន១.២២៤.៧៥០សន្លឹកនឹងត្រូវបញ្ជូនទៅឲ្យគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្ត ដែលនឹងចែកចាយសន្លឹកឆ្នោតនេះ ប្រសិនបើមានសន្លឹកឆ្នោតខូច។
លោក យឹម សុវណ្ណ អ្នកនាំពាក្យ គណបក្សសង្គ្រោះជាតិ បានមានប្រសាសន៍កាលពីម្សិ លមិញថា ការបោះពុម្ពសន្លឹកឆ្នោតច្រើនដូច្នេះអាចនាំឲ្យមានការបោះឆ្នោតបន្លំ។ លោក យឹម សុវណ្ណ ក៏បានអំពាវនាវឲ្យអ្នកសង្កេតការណ៍អន្តរជាតិបន្ថែមការប្រុងប្រយ័ត្នក្រែងមានការបន្លំសន្លឹកឆ្នោតនៅការិយាល័យបោះឆ្នោត។
លោក យឹម សុវណ្ណ បានមានប្រសាសន៍ថា “ នេះគឺជារឿងគួរឲ្យបារម្ភខ្លាំងណាស់។ យើងត្រូវតែប្រុងប្រយ័ត្នឲ្យបានហ្មត់ចត់…ព្រោះនៅពេលចប់ការបោះឆ្នោត ពួកគេអាចគូសសន្លឹកឆ្នោតបន្លំ”។
សន្លឹកឆ្នោតដែលបានបោះពុម្ពកាលពីម្សិលមិញ ត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតពិនិត្យមើលគុណភាពមុនពេលវេចខ្ចប់ ទើបបញ្ជូនទៅរោងពុម្ពនៅក្បែ រនោះ ដើម្បីរក្សា សុវត្ថិភាព ហើយនឹងត្រូវចែកចាយទៅឲ្យការិយាល័យបោះឆ្នោតចំនួន១៩.០០៩កន្លែងនៅទូទាំងប្រទេសមុនថ្ងៃទី២៨ ខែកក្កដា។
ការបោះពុម្ពសន្លឹកឆ្នោតបានចាប់ផ្ដើមនៅឯរោងពុម្ពកាលពីថ្ងៃទី២៥ ខែឧសភា ហើយនឹងត្រូវបញ្ចប់មិនឲ្យលើសពីថ្ងៃទី២០ ខែកក្កដា នោះទេ ទោះបីជាលោក ហឿ រ៉ុង ប្រធាននាយកដ្ឋានប្រតិបត្តិនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានឲ្យដឹងថា ដំណើរការនៃការបោះពុម្ពនេះបានបញ្ចប់ចំនួន៧០ភាគរយហើយក៏ដោយ៕
ប្រែសម្រួលដោយ ហម សុផាណ្ណា