អ្នកវិភាគនៅក្រៅប្រទេសលើកឡើងថា ប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន នឹងមិនផ្តល់សេរីភាពពេញលេញជូន លោក កឹម សុខា ឡើយ បើទោះបីជាសវនាការប្រធានគណបក្សប្រឆាំងរូបនេះ គ្រោងនឹងធ្វើឡើងនៅថ្ងៃទី១៥ មករា ខាងមុខ។
ការលើកឡើងនេះ ក្រោយពេលមានភាពល្បីតគ្នាថា លោក កឹម សុខា នឹងត្រូវគេដោះលែងឲ្យមានសេរីភាពនយោបាយ១០០% នៅពេលសវនាការថ្ងៃទី១៥ ខែមករា។
សម្រាប់អ្នកវិភាគនយោបាយដែលកំពុងរស់នៅក្រៅប្រទេស លោក គឹម សុខ វិញយល់ថា គំនិតថានឹងដោះលែង លោក កឹម សុខា ឱ្យមានសេរីភាពនយោបាយ១០០ភាគរយនោះ គឺគ្រាន់តែជារបៀបស្រមៃនយោបាយសុទ្ធសាធ។
លោកបន្តថា លោក កឹម សុខា មានជំហររឹងមាំក្នុងសកម្មភាពនយោបាយ ដូច្នេះ ជាក់ស្ដែងណាស់ គ្មានទេការប្រគល់សេរីភាពនយោបាយ១០០% ឱ្យលោក ពីសំណាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លើសពីនេះទៀត លោកថា លោក ហ៊ុន សែន អាចដោះលែងលោក កឹម សុខា ឲ្យធ្វើនយោបាយពេញលេញទៅបាន លុត្រាតែមេបក្សកាន់អំណាចមួយនេះ បានការសន្យាជួយ១០០% ពីឪស្រីពេជ្រ ប៉ុន្តែលោកមិនបានបញ្ជាក់ថាឪស្រីពេជ្រនោះជានរណាទេ ។ លោក គឹម សុខ បន្ថែមថា គឺមានតែលោក ហ៊ុន សែន និងឪស្រីពេជ្រ និយាយត្រូវរូវគ្នាថា ត្រូវលេងល្បែងអ្វីបន្តទៀតច្បាស់ហើយ នោះសេរីភាពនយោបាយរបស់លោកកឹម សុខា អាចនឹងមានពេញលេញ ប៉ុន្តែចំណុចនេះអ្នកវិភាគរូបដដែលថា ជាល្បែងនយោបាយដែលលោក ហ៊ុន សែន និង ឪស្រីពេជ្រ លេងដោយប្រថុយប្រថានបំផុត។
សល់តែ២ថ្ងៃទៀតប៉ុណ្ណោះ សវនាការសំណុំរឿងក្បត់ជាតិរបស់លោក កឹម សុខា តាមការចោទរបស់លោក ហ៊ុន សែន នឹងធ្វើឡើង ក្រោមការរៀបចំកងកម្លាំងតឹងតែងជាងមុន ដើម្បីត្រៀមសម្រាប់ការពារ និងទប់ទល់ព្រឹត្តិការណ៍នោះ ពីសំណាក់រដ្ឋាភិបាល។
យ៉ាងនេះក្តី ថ្លែងកាលពីថ្ងៃទី៩ មករា ពីខេត្តបាត់ដំបង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានទទួលស្គាល់ថាជាបទពិសោធន៍ក្នុងប្រវត្តិសាស្ត្រ អំពើអយុត្តិធម៌នេះហើយ ដែលនាំឱ្យសង្គមនីមួយៗ ឈានទៅរកភាពផុយស្រួយឬ បាក់បែក។
លោកបន្តថា មាន កត្តាចម្បងមួយទៀតដើម្បីទប់ស្កាត់ការបែកបាក់ជាតិនេះ គឺត្រូវធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌។ ដោយឡែក ការធ្វើកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ ក៏ជាវិធីមួយដើម្បីរក្សាសន្តិភាពផងដែរ។
ដោយឡែកសម្រាប់ប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា តាមរយៈមនុស្សជំនិតរបស់ខ្លួនគឺ លោក ម៉ុត ចន្ថា បានលើកឡើងដោយជំរុញឱ្យខ្មែរគ្រប់ភាគីគប្បីងាកមើលគុណសម្បត្តិគ្នា ហើយកកសាងទំនុកចិត្តគ្នា ផ្តល់យុត្តិធម៌ដល់គ្នាទៅវិញទៅមក ដើម្បីរួមរស់ដោយសុខដុមរមនាក្នុងដំបូលផ្ទះខ្មែរតែមួយ។
ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ត្រូវបានអង្គការជាតិ អន្តរជាតិ លើកឡើងថាជាតុលាការដែលស្ថិតក្រោមឥទ្ធិពលគណបក្សប្រជាជនកម្ពុជា របស់លោក ហ៊ុន សែន ហើយតុលាការក៏ត្រូវប្រើប្រាស់ជាឧបករណ៍នយោបាយ ព្រមទាំងបង្ក្រាបទៅលើសំឡេងជំទាស់ឥតស្រាកស្រាន្ត។
ក្រោយសវនាការលោក កឹម សុខា រួច កម្ពុជានៅសល់ពេលជាង១ខែទៀតប៉ុណ្ណោះ ពោលគឺនៅខែកុម្ភៈ សហភាពអឺរ៉ុបនឹងសម្រេចជាផ្លូវការថាត្រូវព្យួរឬ មិនព្យួរប្រព័ន្ធអនុគ្រោះពន្ធEBA ពីប្រទេសក្រីក្រមួយនេះ។ សហភាពអឺរ៉ុបបានដាស់តឿនរដ្ឋាភិបាលលោក ហ៊ុន សែន ជារឿយៗ អំពីគន្លឹះរក្សា EBA ដោយគ្រាន់តែដោះលែងលោក កឹម សុខា ឱ្យមានសេរីភាពធ្វើនយោបាយឡើងវិញ។ ស្តារលទ្ធិប្រជាធិបតេយ្យ តាមរយៈដាក់ឱ្យគណបក្សសង្រ្គោះជាតិ រស់ឡើងវិញ និងប្រគល់តំណែងមន្ត្រីមូលដ្ឋានរបស់បក្សនេះ ដែលជាប់ឆ្នោតកាលពីឆ្នាំ២០១៧ឡើងវិញ គោរពសិទ្ធិមនុស្ស គោរពលក្ខខណ្ឌការងារ។ បញ្ឈប់ការធ្វើទុក្ខបុកម្នេញអង្គការសង្គមស៊ីវិល សហជីព និងស្ថាប័នសារព័ត៌មានឯករាជ្យជាដើម៕