40 C
Phnom Penh

អ​ង់​គ្លេស​ស្នើ​​ឲ្យ​ធ្វើ​​បត្យា​ប័ន​​​ប្រធាន​ក្រុ​ម​ហ៊ុន​ជី​​វ​​ឥន្ធនៈ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​ការិ​យា​ល័យ​ស៊ើប​អ​ង្កេត​​ករណី​ឆបោក​របស់​​​ប្រទេស​​អ​ង់​​គ្លេស​​ មា​ន​​ផែ​ន​កា​រ​​​ស្នើ​ឲ្យមាន​កា​រ​ធ្វើ​បត្យា​​ប័ន​​ជ​ន​ជាតិ​​​អង់​​គ្លេស​ម្នាក់​ ​ដែល​បច្ចុប្បន្ន​នេះ​កំពុង​ជាប់​ឃុំ​​ក្នុង​ប្រទេស​កម្ពុជា​ បន្ទាប់​ពី​​ការិយាល័យ​នេះ​បាន​​ចោទ​ប្រកាន់​មនុស្ស​បួន​នាក់​ពាក់​ព័ន្ធ​ក្នុង​គម្រោង​ Ponzi ដែលត្រូវចំណាយ​ប្រាក់​៣៦​លាន​​​ដុល្លារ​ និងមានទំនាក់ទំនងជាមួយ​ក្រុមហ៊ុន​​​ចម្ការ​ជីវឥន្ធនៈ​មួយ​។

ឈ្មោះ​ ក្រិក ហ្វ្រាយអឺត (Gregg Fryett)  ​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​រាជ​ធានី​ភ្នំពេញ​កាលពី​ខែ​មីនា​ និង​ត្រូវ​បាន​សាលា​ដំបូង​ខេត្ត​បន្ទាយ​មាន​ជ័យ​ចោទ​ប្រកាន់​ បន្ទាប់​ពី​មាន​ការ​ស៊ើប​អង្កេត​មួយ​ដោយ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ក្នុង​កិច្ច​ព្រម​ព្រៀង​មួយ​ទិញ​ដី​ពី​ភរិយា​របស់​លោក កែ គឹមយ៉ាន អតីត​អគ្គ​មេ​បញ្ជា​​​​ការ​កង​យោធពល​ខេមរភូមិន្ទ​។

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​បើក​ប្រតិបត្តិការស៊ើបអង្កេត បន្ទាប់ពីការិយា​ល័យ​​ស៊ើប​អង្កេត​ករណី​ឆបោក​​កម្រិត​ធ្ងន់​របស់​ប្រទេសអង់គ្លេស​ ​បង្កក​ទ្រព្យ​របស់​​ក្រុម​ហ៊ុន​​ Sustainable Agro Energy (SAE) ​ក្នុង​ខែ​កុម្ភៈ​ ឆ្នាំ​២០១២ ដែលជាក្រុមហ៊ុនមាន​មូល​ដ្ឋាន​នៅ​ទីក្រុង​ឡុង​ដ៍​ ដែល​មានលោក​ ហ្វ្រាយ​អឺត​ ជា​ប្រធាន កាលពីខែ​កុម្ភៈ​ ឆ្នាំ​២០១២ ។

សំណុំ​រឿង​តុលាការ​បានបង្ហាញថា ការិ​យា​ល័យ​ស៊ើប​អង្កេត​ករណី​ឆបោក​កម្រិត​​ធ្ងន់​នេះ បាន​ចោទ​ក្រុមហ៊ុន​ SAE  ថាបាន​ដំណើរ​​ការ​គម្រោង​ Ponzi សម្រាប់​ផល​ប្រយោ​ជន៍​របស់នាយក​​ខ្លួន​ដែល​ពាក់​ព័ន្ធ​នឹង​ការ​ជួញ​ដូរ​មនុស្ស​​នៅ​ក្នុង​ប្រទេស​អង់គ្លេស​ ដើម្បី​ដី​មួយចំណែកនៅ​ប្រទេស​​​កម្ពុជា​ ដែល​នឹង​ត្រូវ​បានប្រើ​ប្រាស់ សម្រាប់​ដាំ​ដើម​ល្ហុង​ខ្វង​​យកផ្លែ​​ទៅផលិត​ជីវឥន្ធនៈ។

​នៅពេល​​ជួបបញ្ហា​​​កាលពីឆ្នាំ​​​មុន​ ក្រុម​​​ហ៊ុន​​​នេះបាន​បញ្ជាក់​ថា បើ​ទោះ​ជា​ក្រុម​ហ៊ុន​ SAE ​ដែលយក​ប្រាក់​​រាប់​លាន​ដុល្លារ​​សម្រាប់​វិនិយោគ​ ពី​ភាគីនៅ​ក្នុង​ប្រទេស​អង់​គ្លេស​ ដែល​សង្ឃឹម​ថា ប្រាក់​សោធន​និវត្ត​​​ន៍របស់​ខ្លួន​​នឹងកើនឡើងក៏ដោយ ក៏គ្មាន​ដើម​ល្ហុង​ខ្វង​ណាមួយត្រូវ​បាន​ដាំ​​ទេ ហើយ​ដី​សម្ប​ទាន​​ពីរ​កន្លែង​ដែល​ក្រុម​ហ៊ុន​នេះ​ចង់បាន មិន​ដែល​ត្រូវ​បាន​ផ្ទេរឡើយ។

នៅ​ក្នុង​សេចក្ដី​ប្រកាស​មួយ​ចុះ​ថ្ងៃ​ទី​១៤ ខែ​សីហា ការិយាល័យ​ស៊ើប​អង្កេត​ករណី​ឆបោក​កម្រិត​ធ្ងន់​ បាន​លើក​ឡើង​ថា ខ្លួន​បាន​ចោទប្រកាន់​បុរស​ជន​ជាតិ​អង់គ្លេស​បួន​នាក់ ពី​បទ​សម​គំនិត​ប្រព្រឹត្ត​ការ​ឆបោក​ដោយ​​ការ​ចេញ​ឯកសារ​ក្លែង​ក្លាយ​ និង​បទ​​​សម​គំនិត​គ្នា​ដើម្បី​ផ្ដល់​ព័ត៌មាន​ក្លែង​ក្លាយ​។

សេចក្ដី​ប្រកាស​នេះ​បាន​បង្ហាញឈ្មោះ​បុរស​ទាំង​នេះ​ ដែលរួមមានឈ្មោះ​ ហ្គារី វេស (Gary West) អតីតប្រធាននាយក​ប្រតិ​បត្តិ​​​ក្រុមហ៊ុន SAE ឈ្មោះ ជេម វែល (James Whale) អតីត​ប្រធាន​នាយក​ប្រតិបត្តិ​ ឈ្មោះ ហ៊្វុង​ ហ្វុង វ៉ុង (Fung Fong Wong) អតីតនាយក​ផ្នែក​ហិរញ្ញ​វត្ថុ​ និងឈ្មោះ ស្ទូអាត ស្ដូន (Stuart ​Stone) ទី​ប្រឹក្សា​ហិរញ្ញ​វត្ថុ​ឯករាជ្យ​មាន​ទំនាក់​ទំនងជាមួយ​ក្រុមហ៊ុន​នេះ​។

សេចក្ដី​ប្រកាស​នេះ​មាន​ខ្លឹម​សា​រ​ថា “ទំហំ​នៃ​កម្រិតឆបោក​គិតជាទឹកប្រាក់ តាម​ការ​ចោទ​​ប្រកាន់​នេះ​ មានប្រមាណជា​៣៥,៨​​លា​ន​ដុល្លារ​ ហើយ​បទ​ល្មើស​នេះ​ត្រូវ​បាន​គេ​អះអាង​ថា ​បាន​កើត​ឡើង​នៅ​ចន្លោះ​ពីខែ​មេសា ឆ្នាំ​២០១១ ដល់​ខែ​កុម្ភៈ​ ឆ្នាំ​២០១២​”​។ សេចក្ដី​ប្រកាស​នេះ​​បាន​លើក​ឡើង​ផង​ដែរ​ថា លោក វេស លោក ស្តូន និង​លោក វ៉ុង សុទ្ធតែត្រូវ​បាន​ចោទ​ប្រកាន់​ក្រោម​ច្បាប់​​ស្ដី​ពី​ការ​សូក​ប៉ាន់​ឆ្នាំ​២០១០​​របស់​អង់គ្លេស​។

សេចក្ដី​ប្រកាស​នេះ​មាន​ខ្លឹម​សារ​បន្តថា “ការិយាល័យ​ស៊ើប​អង្កេត​ករណីឆបោក​កម្រិត​​​​ធ្ងន់​ បាន​ចាប់ផ្តើមនីតិ​វិធី​ចោទប្រកាន់​​បុរស​ទាំង​បួន​រូប​នេះនៅ​ថ្ងៃ​នេះ ហើយ​ពួក​គេ​នឹង​ត្រូវ​ឡើង​បង្ហាញខ្លួននៅចំពោះមុខ​​​តុលាការ Westminster Magistrates Court នៅថ្ងៃទី​២៣​ ខែ​កញ្ញា ឆ្នាំ​២០១៣”។

បើ​ទោះ​ជា​ឈ្មោះ​របស់​លោក ហ្វ្រាយ​អឺត​ ​មិន​ត្រូវ​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ប្រកាស​​​នេះ​ក៏ដោយ ក៏អ្នកស្រី​ ជីណា រ៉ូ (Jina Roe) មន្ត្រី​​ព័ត៌មាន​​ការិយាល័យ​ស៊ើប​អង្កេតករណី​ឆបោក​កម្រិត​ធ្ងន់​ បាន​លើក​ឡើង​ថា ការិ​យា​ល័យនេះនឹង​ប្ដឹង​គាត់​​ដែរ​។

លោកស្រី រ៉ូ បាន​លើក​ឡើង​ក្នុង​អ៊ីម៉េល​កាល​ពី​ថ្ងៃ​សុក្រ​ថា “ខ្ញុំ​អាច​បញ្ជាក់​ថា ការិ​យា​ល័យ​ស៊ើប​អង្កេត​ករណី​ឆបោក​កម្រិត​​ធ្ងន់​មាន​បំណង​ស្វែង​រក​ការ​ធ្វើ​បត្យាប័ន​របស់​គាត់​”។ ក៏ប៉ុន្តែ លោក​ស្រី​បាន​បដិសេធ​មិន​ផ្ដល់​ព័ត៌មាន​បន្ថែម​ទៀត​ទេ។

ឈ្មោះ ហ្វ្រាយអឺត បាន​បដិសេធ​ថា ខ្លួន​មិន​បាន​ធ្វើ​អ្វី​ខុស​ទាក់​ទង​នឹង​ករណី​ឆបោក​នៅ​ក្នុង​ប្រទេស​អង់គ្លេសទេ​​ ហើយ​កាល​ពី ​ខែ​មេសា​ ឈ្មោះនេះ​បាន​លើក​ឡើង​នៅ​ក្នុង​​សេចក្ដី​ប្រកាស​មួយ​តាម​រយៈ​មេធាវី​របស់​ខ្លួននៅ​ក្នុង​ទីក្រុង​ឡុងដ៍​ថា ខ្លួនគឺ​ជា​ជន​រង​គ្រោះ​ មិន​មែន​ជា​ជន​ល្មើស​ពាក់​ព័ន្ធ​នឹង​រឿង​ក្ដី​ក្លែង​បន្លំ​ដូច​ដែល​ខ្លួន​ត្រូវ​បាន​ចោទ​ប្រកាន់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទេ។ លោក ហ្វ្រាយអឺត ប្រហែលជា​ជាប់​ក្នុង​ពន្ធ​នាគារ​ព្រៃ​ស​នៅ​ឡើយ​។

បុគ្គលិកពីរ​នាក់​របស់ក្រុមហ៊ុន International Green Energy ដែលជា​សម្ពន្ធ​ក្នុង​ស្រុក​របស់ក្រុមហ៊ុន SAE ជា​ក្រុម​ហ៊ុន​ International Green Energy (IGE) ក៏​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ក្នុង​ខែ​មករា​ផង​ដែរ​។ លោក ហ៊ិន សុផល ប្រធាន​ពន្ធ​នាគារ​ខេត្ត​បន្ទាយ​មាន​ជ័យ​ បាន​បញ្ជាក់​ថា លោក អ៊ុំ សំណាង ប្រធាន​ក្រុម​ហ៊ុន IGE និង​លោក សឿន ដេននី ប្រធាន​ផ្នែកគ្រឿងចក្រធុនធ្ងន់ ក៏​ស្ថិត​ក្នុង​ពន្ធនាគារ​នៅ​ឡើយ​ដែរ​។

ឈ្មោះទាំង​បី​នេះត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ក្លែង​បន្លំ​ឯកសារ​ក្នុង​កិច្ច​ព្រម​ព្រៀង​ដែលនៅទីបំផុត មិនបាន​ផ្លែ​ផ្កា​ក្នុង​ការ​ទិញ​ដី​សម្បទាន​សេដ្ឋកិច្ច​ពីរ​កន្លែង​មាន​ទំហំ​សរុប​៦.០៧៩​ហិកតា​នៅ​ក្នុង​ស្រុក​ស្វាយ​ចេក​​ដើម្បី​​អភិវឌ្ឍ​ចម្ការ​ល្ហុង​ខ្វង​ទេ។

លោក ហ្វ្រាយអឺត បាន​អះអាងថា ទឹក​ប្រាក់​រាប់​លាន​ដុល្លារ​បាន​ប្រគល់​ទៅ​ឲ្យ​លោក​ ហាញ់ ចំរុង ឧត្ដម​សេនីយ៍​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ ដែលជា​ភ្នាក់​ងារ​ម្នាក់​ ដើម្បី​ទិញ​ដី​ពី​ក្រុមហ៊ុន​នានារបស់​អ្នក​ស្រី​ ម៉ៅ ម៉ាឡាយ ភរិយា​របស់​លោក​ឧបនាយក​រដ្ឋ​មន្ត្រី​ កែ គឹមយ៉ាន ៕

(រាយការណ៍​បន្ថែម​ដោយ ឆន​ ចាន់ស៊ី)
ប្រែ​​​សម្រួល​​​ដោយ ចេវ ប៊ុននី

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស