36 C
Phnom Penh

ចលនានិស្សិតថា កាយវិការការទូតរបស់លោក ហ៊ុន សែន ចំពោះមេដឹកនាំ វៀតណាម គឺជាទង្វើរំលោភខ្លឹមសារដ្ឋធម្មនុញ្ញកម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យឬហៅថា SMDបានចាត់ទុកថា កាយវិការការទូតរបស់លោក ហ៊ុន សែន ចំពោះមេដឹកនាំ កាលពីពេលវៀតណាមថ្មីៗនេះជាទង្វើរំលោភខ្លឹមសារដ្ឋធម្មនុញ្ញកម្ពុជា និងមិនបម្រើប្រយោជន៍ជនជាតិខ្មែរទូទៅ ជាពិសេសពលរដ្ឋខ្មែរ នៅលើទឹកដី កម្ពុជាក្រោមសព្វថ្ងៃនេះ។ ពួកគេនិយាយថា លោក ហ៊ុន សែន និងរដ្ឋាភិបាលរបស់លោក ព្រមទាំងរដ្ឋសភាកម្ពុជា នៅតែធ្វើព្រងើយកន្តើយពុំព្រមលើកយកបញ្ហានេះ ទៅនិយាយរកដំណោះស្រាយជាមួយមេដឹកនាំវៀតណាម។

ការលើកឡើងនេះ បន្ទាប់ពីក្រសួងការបរទេសកម្ពុជាកាលពីសប្តាហ៍មុនបានឱ្យដឹងពីកិច្ចសន្ទនារវាងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា ជាមួយលោក ង្វៀន ភូ ត្រុង អគ្គលេខាធិការមជ្ឈឹមបក្សនៃគណបក្សសង្គមនិយមវៀតណាម និងជាប្រធានរដ្ឋវៀតណាម។

ក្រសួងការបរទេសកម្ពុជាបានឱ្យដឹងថា កិច្ចសន្ទនានោះ ភាគីមេដឹកនាំប្រទេសទាំងពីរក្រៅពីបានលើកឡើងអំពីសមិទ្ធិផលនិងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីររួមគ្នា ហើយភាគីវៀតណាមក៏មិនបានភ្លេចឡើយក្នុងការជំរុញឲ្យលោក ហ៊ុន សែន បន្តអនុវត្តន៍កិច្ចសន្យារវាងគ្នា ឲ្យបានល្អ និងបានលើកសំណើឲ្យលោក ហ៊ុន សែន ជួយមើលថែជនជាតិវៀតណាមនៅកម្ពុជា  ។ 

បន្ថែមពីនេះ លោក ង្វៀន ភូ ត្រុង សំណូមពរឲ្យភាគីកម្ពុជា បន្តការជួយសម្រួលនិងបង្កលក្ខណៈងាយស្រួល ដើម្បីបងប្អូនមានដើមកំណើតវៀតណាម អាចមានជីវភាពរស់នៅប្រកបដោយស្ថិរភាព   បានរៀនសូត្រនិងប្រកបមុខរបរយូរអង្វែង នៅកម្ពុជា។

ចំណែកបុរសខ្លាំងនៅកម្ពុជាវិញ  ក៏បានសន្យាថា នឹងបន្តការជួយសម្រួលនិងបង្កលក្ខណៈងាយស្រួល ដល់បងប្អូនមានដើមកំណើត           វៀតណាម ដើម្បីឲ្យបងប្អូនមានលំនឹងចិត្តក្នុងបន្តការរស់នៅក្នុងប្រទេសកម្ពុជាផងដែរ។

ក្នុងលិខិតចំហរបស់ប្រធានប្រតិបត្តិនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក ទូច វិបុល ដែលបានផ្ញើជូនទៅលោកនាយករដ្ឋមន្ត្រីហ៊ុន សែន នៅថ្ងៃទី១៣ខែកក្កដា នេះ យល់ឃើញថា កិច្ចសន្ទនាតាមទូរស័ព្ទរបស់លោក ហ៊ុន សែន ជាមួយលោក ង្វៀន ភូ ត្រុង មានតម្លៃត្រឹមតែជា ការរត់តាមពីក្រោយមហិច្ឆតាប្រយោជន៍វៀតណាម ដើម្បីបង្កើតសមិទ្ធផលដ៏ធំធេងឲ្យវៀតណាម ពីកិច្ចសហប្រតិបត្តិការស៊ីជម្រៅ លើគ្រប់វិស័យជាមួយកម្ពុជាប៉ុណ្ណោះ។

ដោយឡែកក្នុងកិច្ចសន្ទនានោះ សម្រាប់លោក ហ៊ុន សែន មិនបានសំណូមពរអ្វីសោះ ទៅកាន់លោក ង្វៀន ភូ ត្រុង ខណៈពេលកងទ័ពវៀតណាម បន្តបោះតង់ យ៉ាងតិច ៣០០តង់ នៅតាមព្រំដែន រំលោភអធិបតេយ្យភាពកម្ពុជា និងស្របពេលវៀតណាមកំពុងបំពានយ៉ាងធ្ងន់ធ្ងរលើសិទ្ធិបង ប្អូនខ្មែរកម្ពុជាក្រោមជាបន្តបន្ទាប់យ៉ាងណាក្តី។

SMD បន្តថា ប្រសិនបើលោក ហ៊ុន សែន និងរដ្ឋាភិបាលរបស់លោក ព្រមទាំងរដ្ឋសភាកម្ពុជា នៅតែធ្វើព្រងើយកន្តើយ ចំពោះរឿងទាំងអស់នេះ ពុំព្រមលើកយកទៅនិយាយរកដំណោះស្រាយជាមួយមេដឹកនាំវៀតណាមទៀត គឺចាត់ទុកករណីបន្តព្រងើយកន្តើយរបស់រដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់លោក ហ៊ុន សែន ជាផែនការជួយ ជ្រោមជ្រែងយុទ្ធសាស្ត្រឈ្លានពានរបស់វៀតណាម មកលើបូរណភាពទឹកដីកម្ពុជា។ លើសពីនេះ ជាការបន្តបង្ហូរជនជាតិវៀតណាមខុសច្បាប់ចូល កម្ពុជា ហើយលេងល្បែងបំភ័ន្តភ្នែក ដេញចេញតិចតួចតាមផ្លូវធំ និងឲ្យចូលវិញតាមផ្លូវតូច ម្យ៉ាងជាការបន្តឱ្យវៀតណាមរំលោភសិទ្ធិពលរដ្ឋ ខ្មែរកម្ពុជាក្រោម ដែលកំពុងរស់នៅលើទឹកដីប្រវត្តិសាស្ត្រដូនតាខ្មែរ ក្រោមការត្រួតត្រាដោយវៀតណាមសព្វថ្ងៃបន្ថែមទៀត។

SMD កត់សម្គាល់ថា នេះពុំមែនជាលើកទីមួយ ទេ ដែលក្រុមមេដឹកនាំវៀតណាមបានលើកសំណើបែបនេះ រហូតដល់ការសំណូមពរខ្លះរបៀបបង្គាប់ឲ្យក្រុមមេដឹនាំកម្ពុជា មានលោក ទៀ បាញ់ លោក ស ខេង លោក ហេង សំរិន ជាដើម ផ្តល់សញ្ជាតិខ្មែរងាយៗ ដល់ជនជាតិវៀតណាមនៅកម្ពុជា ហើយក្រុមប្រមុខរដ្ឋអំណាចកម្ពុជា សុទ្ធតែស្ម័គ្រទទួលយកមកអនុវត្តន៍សម្រួលតាមសេចក្ដីប្រាថ្នា របស់វៀតណាមទៀតផង។

រដ្ឋធម្មនុញ្ញកម្ពុជា មាត្រា៣៣ ចែងថា «ប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅបរទេស ត្រូវបានរដ្ឋគាំពារ» និងមាត្រា៣៥ ចែងថា «សេចក្ដីស្នើទាំងឡាយរបស់ប្រជាពលរដ្ឋ ត្រូវបានទទួលពិនិត្យ និងដោះស្រាយយ៉ាងហ្មត់ចត់ ពីអង្គការរដ្ឋ»។ ប៉ុន្តែ SMD មើលឃើញថាលោកហ៊ុន សែន កំពុងដើរផ្ទុយពីគោលការណ៍ច្បាប់កំពូលរបស់ជាតិមួយនេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស