29 C
Phnom Penh

អាមេរិកលក់យន្ដហោះF-35អោយអារ៉ាប់រួមបន្ទាប់ពីប្រទេសនេះមានទំនាក់ទំនងការទូត នឹង អ៊ីស្រាអែល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធានាធិបតីអាមេរិកដូណាល់ត្រាំបានសម្រេច លក់យន្ដហោះF-35និងយន្ដហោះ ដ្រូនជាច្រើនគ្រឿងទៅអោយប្រទេសអារ៉ាប់រួមដែលជាផ្នែកមួយនៅក្នុងកិច្ចព្រមព្រៀងនៃការបង្កើតចំណងទាក់ទងការទូតរវាងអ៊ីស្រាអែល និងអារ៉ាប់រួមដែលបានធ្វើឡើងកាលពីសប្ដាហ៍មុន។

ប្រភពពីសេតវិមានដែលស្រង់មកចុះផ្សាយដោយគេហទំព័រynetnews.com ចុះផ្សាយថា ការដែលសហរដ្ឋអាមេរិកសម្រេចលក់   យន្ដហោះចម្បាំងទៅអោយប្រទេសអារ៉ាប់រួមនេះ គឺដោយសារតែមានការឯកភាពផងដែរពីរដ្ឋាភិបាលអ៊ីស្រាអែល ហើយវាជាផ្នែកមួយដែលអ៊ីស្រាអែលជួយអន្ដរាគមន៍ដើម្បីជាជំនួយក្នុងការប្រើប្រាស់យន្ដហោះនេះសម្រាប់ប្រទេសអារ៉ាប់រួមនេះ និងដើម្បីសន្តិសុខតំបន់។

យន្តហោះ F-35 គឺជាប្រភេទយន្តហោះចម្បាំងរបស់អាមេរិក ដែលមាន សមត្ថភាព វាយលុក និងបាញ់ចំគោលដៅ ។ វាជាយន្តហោះ ដែលងាយបត់បែន យ៉ាងរហ័ស ហើយអាចចុះបានគ្រប់ស្ថានភាពទាំងអស់ គឺចុះរហ័ស ឡើងរហ័ស។

ការដែល អាមេរិក យល់ព្រមលក់យន្តហោះ ប្រភេទដ៏ទំនើបនេះ ទៅប្រទេស មួយទៀតនៅតំបន់អារ៉ាប់ គឺជាការចូលរួមចំណែក នៃការខិតខំប្រឹងប្រែរបស់ អាមេរិកជួយសម្របសម្រួល អោយប្រទេសអ៊ីស្រាអែល និងអារ៉ាប់រួម ឈានដល់ការបង្កើតស្ថានទូតជាមួយគ្នា ដែលជាលើកដំបូង បន្តាប់ពីសង្រ្គាមអ៊ីស្រាអ៊ែល ៦ថ្ងៃកាលពីឆ្នាំ ១៩៦៧ដែល ប្រទេសអារ៉ាប់រួម គឺជាសមរភូមិមួយដែរ។

តាមរយៈកិច្ចព្រមព្រៀងអ៊ីស្រាអែលអារ៉ាប់រួមដែលបើកផ្លូវអោយមានទំនាក់ទំនងការទូតជាផ្លូវការជាមួយគ្នា គឺអ៊ីស្រាអែលបានបង្កើនមិត្តនៅពិភពអារ៉ាប់កាន់តែមានចំនួនច្រើនឡើងៗហើយអ៊ីស្រាអែលខ្លួនឯងរឹតតែទទួលបានភាពជាប្រទេសមួយក្នុងតំបន់មជ្ឈឹមបូព៌ាមានមិត្តច្រើនបន្ថយសត្រូវ ហើយមិនតែប៉ុណ្ណោះសន្ដិសុខក្នុងតំបន់នឹងអាចមានលំនឹងកាន់តែខ្លាំងបើទោះបីអ៊ីរ៉ង់មានកម្លាំងសក្ដានុពលយោធាខ្លាំងក្លាក៏ដោយ ។

ការបង្កើនមិត្តរបស់អ៊ីស្រាអែលបានធ្វើអោយលោកត្រាំមានប្រៀបផ្នែកនយោបាយការបរទេសការបរទេសកាន់តែខ្លាំងនៅមជ្ឈឹមបូព៌ាហើយសូម្បីបក្សប្រជាធិបតេយ្យក៏កម្រអាចធ្វើបានណាស់។

គេនៅចងចាំថាត្រាំបានសម្រេចយ៉ាងប្រថុយទទួលស្គាល់តំបន់ជើរុសាឡឹម ជារដ្ឋធានីថ្មីរបស់អ៊ិស្រាអែលបើទោះបីប្រទេសអឺរ៉ុបមួយចំនួនជំទាស់ក៏ដោយ។

សម្រាប់អ៊ីស្រាអែលនិងអារ៉ាប់រ៉ួបដែលទទួលយកការសម្របសម្រួលរបស់លោកត្រាំបង្កើតបានជាចំណងទាក់ទងការទូតនឹងគ្នានេះក៏បាននាំអោយអាមេរិករឹតតែមានប្រៀបកម្លាំងយោធារបស់ខ្លួននៅមជ្ឈឹមបូព៌ា។

តែយ៉ាងណា អ៊ីស្រាអែលក្លាយជាមិត្តរបស់អារ៉ាប់រួមប្រឆាំងអ៊ីរ៉ង់ដែលធ្វើអោយ សម្ព័ន្ធមិត្តអាមេរិក នៅមជ្ឈឹមបូព៌ា ប្រើប្រាស់យន្តហោះអាមេរិក F-35 កាន់តែមានការកើនឡើង។

នៅខណៈនេះ តំបន់មជ្ឈឹមបូព៌ា មានប្រទេសខ្លាំងមួយដែលតែងតែគំរាមប្រទេសទន់ខ្សោយ ជាងខ្លួន គឺប្រទេស អ៊ីរ៉ង់ ។ ប្រទេសដែលហ៊ានប្រឈមមុខនឹង អ៊ីរ៉ង់មិនមានច្រើនទេ ។ សម្រាប់អ៊ីស្រាអ៊ែល គឺជាប្រទេសតែមួយគត់ ហ៊ានគំរាមវាយប្រហារ អ៊ីរ៉ងគឺគ្រប់ស្ថានភាពទាំងអស់។

ប្រទេសដែល កំពុងប្រើប្រាស់  យន្តហោះចម្បាំងរបស់អាមេរិក ដើម្បីទប់ទល់នឹងកាំជ្រួចរបស់អ៊ីរ៉ង់ គឺមានអ៊ីស្រាអ៊ែល អារ៉ាប៊ីសាវអូឌិត និងអេហ្ស៊ីប។ សម្រាប់ អារ៉ាប់រួម គឺជាប្រទេសចុងក្រោយគេ ដែលនឹងទទួលបានយន្តហោះ F-35 របស់អាមេរិក មកប្រើប្រាស់សម្រាប់ការពារដែនអធិបតេយ្យរបស់ខ្លួន។

នៅមជ្ឈឹមបូព៌ា ដែលកងទ័ពអាមេរិក តាំងជាមូលដ្ឋានកងទ័ព គឺមាន ប្រទេសអ៊ីរ៉ាក់ អារ៉ាប៊ីសាវអូឌីត អូម៉ង់ បារ៉ែន កាតា និងចុងក្រោយគឺប្រទេស អារ៉ាប់រួម។ 

ប្រទេសទាំងអស់នេះ សុទ្ធតែនៅតំបន់ឈូងសមុទ្រពែក្យ ដែលតែងតែប្រទេសអ៊ីរ៉ង់គំរាមកំហែក។ បច្ចុប្បន្ន ប្រទេសទាំងអស់នេះ សុទ្ធតែទទួលបានការជួយការពារដោយកងទ័ពអាមេរិក។ 

កាលពីប៉ុន្មានសប្ដាហ៍មកនេះ ប្រទេសអ៊ីរ៉ង់បានធ្វើសមយុទ្ធ នៅឈូងសមុទ្រពែក្យ ដោយបានបាញ់កាំជ្រួច កំទេច នាវាផ្ទុកយន្តហោះសិប្បនិមិ្មត គឺដូចនឹងនាវាផ្ទុកយន្តហោះរបស់សហរដ្ឋអាមេរិក ដែល កំពុងបណ្ដែតខ្លួន នៅលើឈូងសមុទ្រពេក្យ។

នៅពេល កំពុងធ្វើសមយុទ្រ អ៊ីរង់បាន បាញ់ កាំជ្រូច ទៅលើ ដែនដីប្រទេសអារ៉ាបរូម ដែនដីកាតានិងអ៊ីរ៉ា់ក់ ហើយកាំជ្រួចរបស់អ៊ីរ៉ង់ បានធ្លាក់ក្បែរមូលដ្ឋាន កងទ័ពរបស់ប្រទេសទាំង៣នេះ។

មុននឹង ទទួលបានការលក់យន្តហោះអាមេរិក F-35  គឺរដ្ឋាភិបាលប្រទេសអារ៉ាប់ បានកោះហៅ ភារៈធារី ស្ថានទូតអ៊ីរ៉ង់ មកសាកសួរ និងប្រាប់ថា អារ៉ាប់រួមមិនអាចទទួលយកបានទេនូវសុន្ទរកថា របស់ ប្រធានាធិបតីអ៊ីរ៉ង់ លោក Hassan Rouhani ដែលបានវាយ ប្រហារ កិច្ចព្រមព្រៀង បង្កើតទំនាក់ទំនងការទូត ជាមួយនឹងអ៊ីស្រាអ៊ែល។

លោក Rouhani បាននិយាយថា វាគឺជាកំហុស ធ្ងន់ធ្ងរណាស់ ដែល អារ៉ាប់រួម មានទំនាក់ជាមួយ នឹងប្រទេសជាសត្រូវនឹងខ្លួន ហើយជាអំពើក្បត់នៃរដ្ឋឈូងសមុទ្រពែក្យ។ 

ក្រសួងការបរទេស អារ៉ាប់រួម បានសួរនាំវិញថា ពេលអ្នកវាយប្រហារដោយបាញ់កាំជ្រួចលើទឹកដី អារ៉ាប់រួម ថាតើអ្នកគិតថា ធ្វើអោយគេឈឺចាប់ឬទេ។ នេះ គឺជាការចងចាំមួយដ៏ឈឺចាប់សម្រាប់អារ៉ាប់រួមហើយ ជាការបង្កអសន្តិសុខតំបន់ទៀតផង។
 

តែបែបនេះក្ដី ការដែលអារ៉ាប់រួម និងអ៊ីស្រាអ៊ែល បានក្លាយជាមិត្តនិងបង្កើតបាន ចំណងការទូត បាននាំអ៊ីរ៉ង់ខកចិត្តនឹងអារ៉ាប់រូមជាខ្លាំង ។ អ៊ីរ៉ង់ព្រមាន ថានឹងធ្វើអោយប្រទេសពីរនេះ បែកបាក់គ្នាវិញ។

អ៊ីរ៉ងចាត់ទុក អារ៉ាប់រួម មានកំហុស ជាខ្លាំងចំពោះប្រវត្តិសាស្រ្តនៅក្នុងតំបន់ដែលធ្លាប់អ៊ីស្រាអ៊ែល បើកការវាយលុកកាលពីសង្រ្កាមដែលមានរយៈពេលប្រាំមួយថ្ងៃនៅឆ្នាំ១៩៦៧។ តែសង្រ្គាម ប្រាំមួយថ្ងៃនោះ គឺ ជាសង្រ្គាម ពិភពអារ៉ាប់ជាមួយនឹងអ៊ីស្រាអ៊ែល។ សង្រ្គាមនេះ បានផ្ទុះឡើង នៅរវាងថ្ងៃទី៥ ដល់ទី១០មិថុនាឆ្នាំ១៩៦៧ ។ ប្រទេសដែលធ្លាក់ក្នុងសង្រ្កាមជាមួយអ៊ីស្រាអ៊ែល មានអារ៉ាប់រួម អេហ្ស៊ីប ហ្សកដានី និងស៊ីរី ហើយជ័យជម្នះបានទៅលើ ប្រទេសអ៊ីស្រាអ៊ែល៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស