36 C
Phnom Penh

អាជ្ញាធរខេត្តសៀមរាបប្រាប់ឱ្យពលរដ្ឋរស់នៅតាមផ្លូវដែលត្រូវកសាងទាំង៣៨ខ្សែ ត្រូវរុះរើចេញក្នុងរយៈពេល១០ថ្ងៃ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អាជ្ញាធរខេត្តសៀមរាប បានប្រាប់ប្រជាពលរដ្ឋទាំងអស់ ឲ្យចូលរួមរុះរើសំណង់រំលោភលើដីផ្លូវ ដីចំណីផ្លូវ អូរ ប្រឡាយ និងដីចំណីស្ទឹងសៀមរាប ក្នុងរយៈពេល ១០ថ្ងៃ ដោយចាប់ពីថ្ងៃទី ២៣ខែកញ្ញា ដល់ថ្ងៃទី ២ខែតុលាជាកំហិត ដែលជាចំណុចត្រូវកសាងផ្លូវ។ ការស្នើនេះ ក្រោយពេលរដ្ឋាភិបាលសម្រេចឱ្យមានការកសាងផ្លូវក្នុងក្រុងសៀមរាបចំនួន៣៨ខែ្ស ដើម្បីសម្រួលដល់ការលំបាករបស់ពលរដ្ឋ និងដើម្បីទាក់ទាញភ្ញៀវទេសចរផងដែរ។

សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តសៀមរាបកាលពីថ្ងៃទី ២៥ខែកញ្ញានេះ បានបញ្ជាក់ថា ការស្នើឲ្យមានការចូលរួមជួយរុះរើពីពលរដ្ឋនេះ គឺដើម្បីឲ្យការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង ៣៨ខ្សែ ក្នុងក្រុងសៀមរាប អាចដំណើរការដោយរលូន។

លើសពីនេះ ដំណើរការរុះរើនោះ ក៏នឹងមានមន្ត្រីជំនាញ ចុះសហការវាស់វែងដល់ពលរដ្ឋផងដែរ។ យ៉ាងនេះក្តី ការរុះរើសំណង់ ជាប់តាមដងផ្លូវទាំងនោះ អាជ្ញាធរបញ្ជាក់ថាមិនមានសំណងផ្តល់ជូននោះឡើយ។

ជាមួយគ្នានេះ ក្នុងករណី ពលរដ្ឋពុំបានរុះរើតាមការកំណត់ទេ នោះរដ្ឋបាលខេត្ត នឹងចាត់វិធានការរុះរើតាមនីតិវិធី និងច្បាប់ជាធរមាន ដោយមិនទទួលខុសត្រូវរាល់ការខូចខាត និងបាត់បង់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋនោះឡើយ។

គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ ប្រវែងសរុប ១០០គីឡូម៉ែត្រ នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប ក្នុងកញ្ចប់ថវិកា ១៥០លានដុល្លារដែលនឹងត្រូវសម្អោធបើកការដ្ឋានសាងសង់នៅខែវិច្ឆិកាខាងមុខ ហើយគ្រោងនឹងបញ្ចប់ឲ្យរួចរាល់ ត្រឹមឆ្នាំ២០២១។

ក្នុងកិច្ចប្រជុំអន្តរក្រសួងកាលពីថ្ងៃទី២៣ខែកញ្ញា លើកឡើងថាការជ្រើសរើសខ្សែផ្លូវចំនួន ៣៨ខ្សែ ឲ្យមានការកែសម្រួលមួយចំនួននេះ មានក្នុងគោលដៅ លើកកម្ពស់ការបម្រើសេវាជូនប្រជាពលរដ្ឋ និងអ្នកទេសចរ នៅក្នុងក្រុងសៀមរាប ព្រមទាំងធ្វើឲ្យក្រុងសៀមរាប ក្លាយទៅជាទីក្រុងទេសចរណ៍កម្រិតពិភពលោក។

យ៉ាងណាខេត្តទេសចរណ៍ប្រវត្តិសាស្ត្រលំដាប់អន្តរជាតិមួយនេះ រងការរិះគន់ជាខ្លាំងពីសំណាក់ពលរដ្ឋកន្លងមក ចំពោះហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងថាគ្មានសោភ័ណ្ឌភាព ផ្លូវធ្វើដំណើរមានភាពយ៉ាប់យឺន ដោយក្នុងក្រុងស្ទើរតែទាំងមូលគ្មានការរីកចម្រើន ខណៈចំណូលអង្គរក្នុងមួយឆ្នាំៗ ទទួលបានរាប់រយលានដុល្លារ ។

តំបន់អាជ្ញាធរអប្សា ត្រូវបានរំលោភបំពានពីសំណាក់អ្នកមានប្រាក់និងមានអំណាច យកធ្វើជាកម្មសិទ្ធិឯកជន និងកសាងជាសណ្ឋាគារស្កេកស្កះ ខណៈពលរដ្ឋក្រីក្ររងការបណ្តេញចេញពីដីធ្លី ឬផ្ទះសម្បែង និងរឹតត្បិតក្នុងការកសាងសំណង់រឹងមាំ បើទោះបីធ្វើបន្ទប់ទឹក ឬទ្រង់មាន់ទ្រង់ទាក៏ពិបាកផង ក្រោមហេតុផលថាជាដីរបស់អាជ្ញាធរអប្សា។

ការបណ្តែតបណ្តោយឱ្យក្រុងទេសចរណ៍ប្រវត្តិសាស្ត្រនេះ បាត់បង់សោភ័ណ្ឌភាពបន្តិចម្តងៗ បញ្ហាការិយាធិបតេយ្យ បញ្ហាសេវាកម្ម និងបញ្ហាផ្សេងទៀតក្នុងរយៈពេលកន្លងមកនេះ ក៏ជាមូលហេតុធ្វើឱ្យភ្ញៀវទេចរ ធ្លាក់ចុះខ្លាំងជាបន្តបន្ទាប់ ហើយការធ្លាក់ចុះនោះគឺមុនពេលមានផ្ទុះជំងឺកូវីដ១៩ ទៅទៀត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស