30 C
Phnom Penh

លោកប្រាយុទ្ធសច្ចាមិនចុះចេញពីតំណែង នៅចំពោះមុខសភាបក្សប្រឆាំង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ទីបំផុត លោកប្រាយុទ្ធចាន់អូចា ជ្រើសសរើស ការប្រឈមតតាំងជាមួយបាតុករ រហូតដល់ដំណាក់កាលចុងក្រោយខណៈ សង្គមថៃកំពុងដើរលើមាត់ច្រាំងនៃការបែកបាក់ កាន់តែធ្ងន់ធ្ងរទៅហើយ។

ក្រុមប្រឆាំងនៅក្នុងរដ្ឋសភាដែលមាន តុល្យភាពអំណាចនឹងសមាជិកសភា បក្សកាន់អំណាច ក៏បានសន្យាធ្វើអោយ លោកប្រាយុទ្ធទន់ចិត្តហើយចុះចាញ់នឹងសំពាធរបស់បាតុករ ដោយការសុខចិត្តដើរចេញពីតំណែង។

ក្នុងកិច្ចប្រជុំវិសាមញ្ញនៃរដ្ឋសភា ដែលប្រព្រឹត្តទៅ រយៈពេល២ថ្ងៃ ក្នុងសប្ដាហ៍នេះ គឺលោកបា្រយុទ្ធដែលមានទឹកគ្រៀមស្ងួត ពោរពេញដោយទុក្ខព្រួយ បានព្យាយាម និយាយលួងចិត្តខ្លួនឯងថា ខ្លួនលោកជាអ្នកនយោបាយមិនកំសាករត់ចោលទីតាំងប្រយុទ្ធនោះ ទេ គឺលោកបានពោលពាក្យដូចនេះថា ៖ « ខ្ញុំនឹងមិនរត់គេចចេញពីបញ្ហាឡើយ» ។ តែការពិតអតីតមេរដ្ឋប្រហាររូបនេះ នៅតែបន្តច្រានចោលការទាមទាររបស់សមាជិកសភាបក្សប្រឆាំងនឹងសមាជិកសភានៃក្រុមចម្រុះរបស់លោកមួយចំនួន ក៏បានសុំឲ្យលោកចុះចេញពីតំណែងដែរ។

តែលោកប្រាយុទ្ធលើកហេតុផលថា លោកមិនលាលែងពីតំណែងឡើយ ក្នុងកាលៈទេសៈប្រទេសកំពុងជួបបញ្ហាដូចនេះ។ រដ្ឋសភា ថៃបានបើកកិច្ចប្រជុំវិសាមញ្ញរយៈពេលពីរថ្ងៃកាលពីថ្ងៃទី២៦ និង២៧ ខែតុលា ។ កិច្ចប្រជុំពិសេសនេះ ផ្ដោតលើវិបត្តិនយោបាយដែលក្រុមបាតុករប្រឆាំងលោកបា្រយុទ្ធ បានធ្វើបាតុកម្ម រយៈពេលជាង៣ខែមកហើយ ។

កិច្ចប្រជុំរបស់សភាថៃដែល បូកទាំងព្រឹទ្ធសភាចំនួន ២៥០រូបផងដែរ គឺជាការស្វែង រកដំណោះស្រាយ ដែលក្រុមបាតុករបានទាមទារឲ្យលោកប្រាយុទ្ធចុះចេញពីតំណែង។ ប៉ុន្តែការទាមទាររបស់បាតុករចុងក្រោយទៀតនោះ គឺអោយដោះលែងមេដឹកនាំបាតុកម្ម ដោយត្រូវ ទម្លាក់ចោលនូវបទចោទលើមេដឹកនាំបាតុករ។ 

សារព័ត៌មាន AsiaNews បានចុះផ្សាយ នៅថ្ងៃទី២៩តុលានេះថា ការដែលលោកប្រាយុទ្ធយល់ព្រម អោយមានគណៈកម្មាធិការចំពោះកិច្ច គឺ ដើម្បីរំងាប់អារម្មណ៍បាតុករ ជាមួយនឹងការបង្ហើបថា ការធ្វើវិសោធនកម្ម ក៏ពាក់ព័ន្ធផងដែរទៅនឹងបុព្វសិទ្ធិរបស់ សមាជិកព្រឹទ្ធសភា ដែលមានតួនាទីក្នុងការចូលរួមជ្រើសរើសនាយករដ្ឋមន្ត្រី។

តែបាតុករគិតថា ករណីព្រឹទ្ធសភា ក៏ជាឧបសគ្គមួយដែរចំពោះយន្តការប្រជាធិបតេយ្យពិតមែន។ បែបណាបាតុករ នៅតែចាត់ទុកលោកប្រាយុទ្ធ គឺជាដើមចមយ៉ាងពិតប្រាកដនៃបញ្ហា។ លោកប្រាយុទ្ធគឺជាមេរដ្ឋប្រហារឆ្នាំ២០១៤ គឺជាព្រឹត្តិការណ៍ឈានដល់ការរំលាយគណៈរដ្ឋមន្ត្រីជាប់ឆ្នោតរបស់ប្រជាជន គឺគណៈរដ្ឋមន្ត្រីរបស់គណបក្សភឿថៃ។

បច្ចុប្បន្ន បក្សនេះ ក្លាយជាបក្សប្រឆាំងធំជាងគេនៅក្នុងរដ្ឋសភា ទោះជាបក្សនេះ ឈ្នះឆ្នោតនាំមុខគេនៅក្នុងការបោះឆ្នោត សភាកាលពីខែមីនា ឆ្នាំ២០១៩ក៏ដោយក្ដី។

សម្រាប់ បក្ស បល្ល័ង្គប្រាចារ៉ាត់ របស់លោកប្រាយុទ្ធគឺជាបក្សឈ្នះលំដាប់ទី២ ។ តែទីបំផុតលោក ប្រាយុទ្ធបានក្លាយជានាយករដ្ឋមន្ត្រីដោយការបន្ថែមសំឡេង ឆ្នោតរបស់សមាជិកព្រឹទ្ធសភា ដែលកើតចេញពីក្រុមប្រឹក្សាយោធា ក្រោមការគូសវាសរបស់លោកប្រាយុទ្ធ។

ក្រុមបាតុករ សច្ចាថា នឹងរុញអោយលោកបា្រយុទ្ធចុះចេញពីតំណែងអោយទាល់តែបាន ហើយបើមិនដូច្នេះទេ គឺពួកគេនៅតែបន្តធ្វើបាតុកម្មជាច្រើនខែទៅទៀត។ លោកប្រាយុទ្ធដែល មើលទៅដឹងអំពីសន្ទុះរបស់បាតុករ បានលួងចិត្តបាតុករថាប្រាកដណាស់ នឹងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ឆ្នាំ២០១៧ ទៅតាមការទាមទាររបស់បាតុករ។ មិនតែប៉ុណ្ណោះលោកបា្រយុទ្ធសន្យាថា នឹងបង្កើតក្រុមប្រឹក្សា ផ្សះផ្សារជាតិទៀតផង។  ប៉ុន្តែនៅពេលនេះ បាតុកម្មបានផ្ទុះឡើង មានពីរក្រុម ។ក្រុមប្រឆាំងនឹងព្រះមហាក្សត្រ និងក្រុមគាំទ្រព្រះមហាក្សត្រឬគាំទ្ររបបរាជានិយម។

ក្រុមបាតុករប្រឆាំងព្រះមហាក្សត្រ ឬប្រឆាំងរដ្ឋាភិបាល បានប្រមូលផ្ដុំគ្នា ដោយមនុស្សចូលរួមច្រើនម៉ឺននាក់។ ចំណែកក្រុមគាំទ្រ របបរាជានិយម បានប្រមូលផ្ដុំគ្នាដោយមានអ្នកចូលរួម តិចតួចប៉ុណ្ណោះ។ ក្រុមនេះ សំគាល់ខ្លួនគេ ដោយពាក់អាវលឿង។ ក្រុមនេះ មិនចង់ឲ្យមានការធ្វើកំណែទម្រង់ស្ថាប័នព្រះមហាក្សត្រនោះទេ។

កម្លាំងបាតុករចំនួន២ក្រុមនេះ បានបន្ត ប្រមូលផ្ដុំដើម្បីបង្ហាញពីនិន្នាការរៀងៗខ្លួន។ ក្រុមបាតុករប្រឆាំងរដ្ឋាភិបាលបានធ្វើសកម្មភាពរបស់ខ្លួន ។ ក្រុមនេះបានទាមទារ ៣ចំណុចសំខាន់ គឺទីមួយទាមទារអោយនាយករដ្ឋមន្ត្រីប្រាយុទ្ធចាន់អូចាចុះចេញពីតំណែង។ ទី២ទាមទារអោយធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញ និងទី៣កាត់បន្ថយអំណាចរបស់មហាក្សត្រ ពាក់ព័ន្ធរឿងនយោបាយនិងកងទ័ព។

ដោយភ័យខ្លាចអំពីការបែកបាក់ជាតិ សមាជិកសភាទាំង២ជាន់បានជួបប្រជុំគ្នារយៈពេល២ថៃ្ង។ 

លទ្ធផលនៃកិច្ចប្រជុំពិសេស គឺបានសម្រេចបង្កើតគណៈកម្មាធិកា ចំពោះកិច្ច ដើម្បីសិក្សា និងជួយរកដំណោះស្រាយចំពោះការទាមទាររបស់បាតុករប្រឆាំងរដ្ឋាភិបាល។

តែបែបណាក៏ដោយ អ្វីដែលធ្វើអោយភ្ញាក់ផ្អើលគឺលោកប្រាយុទ្ធដែលជាដើមចមនៃបញ្ហា បានសច្ចាថាលោកនឹងមិនចុះចេញពីតំណែងជាដាច់ខាត ។ លោកថាលោកមិនមែនជាអ្នកនយោបាយ រត់ចោល បញ្ហានោះទេ។ ការសច្ចារបស់លោកប្រាយុទ្ធគឺជាការវាយបកទៅលើ បាតុករ ។

បាតុករ ក៏បានសច្ចាថានៅតែបន្ត ធ្វើបាតុកម្មរហូតលោកបា្រយុទ្ធចុះចេញពីតំណែង។ ពួកគេនិយាយថា បើលោកប្រាយុទ្ធមិនចុះចេញពីដំណែង គឺបាតុកម្មនៅតែបន្ត រហូតលោកប្រាយុទ្ធចុះចាញ់កម្លាំងមហាជនថៃ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស