34 C
Phnom Penh

គណសង្ឃនាយកខេត្តសៀមរាប ស្នើសម្តេចសង្ឃឱ្យអន្តរាគមន៍ ទៅ រដ្ឋាភិបាលចាត់វិធានការច្បាប់ចំពោះ លោក ផែង វណ្ណៈ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណសង្ឃនាយកខេត្តសៀមរាប ស្នើឲ្យសម្តេចសង្ឃនាយក នន្ទ ង៉ែត អន្តរាគមន៍ទៅប្រមុខរាជរដ្ឋាភិបាល ដើម្បីចាត់វិធានការច្បាប់ចំពោះបុគ្គ ផែង វណ្ណៈ ចំពោះទង្វើជេរប្រមាថធ្ងន់ធ្ងរលើសមាជិកថេរៈ                 សភាសង្ឃ និងមន្ត្រីរដ្ឋបាលខេត្តសៀមរាប។

ព្រះមេគណខេត្តសៀមរាប ព្រះតេជព្រះគុណ ជុំ គឹមឡេង បានចេញលិខិតផ្លូវការមួយកាលពីថ្ងៃទី១៧ ខែមីនាឆ្នាំ២០២១ ដោយបញ្ជាក់ថា ក្រោយពិនិត្យតាមផ្លូវតាមផ្លូវច្បាប់ និងវិន័យព្រះពុទ្ធសាសនា បានបង្ហាញថាការដាក់ពិន័យសិស្សនៅក្នុងវត្តរាជបូណ៌ គឺមានគោលបំណងសុច្ចរិតដែលជាការប្រៀបប្រដៅទៅតាមបទបញ្ញត្តិ និងបទបញ្ជផ្ទៃក្នុងរបស់វត្តតែប៉ុណ្ណោះ។

ព្រះតេជគុណ ជុំ គឹមឡេង អះអាងថា សាលាគុណខេត្តបាននិមន្តព្រះគ្រូ មហាវិមលធម្ម ពិន សែម ដើម្បីបើកកិច្ចប្រជុំថេរសភាសង្ឃខេត្តដោយបានសម្រេចថា ការដាក់ទោសតាមវិន័យបញ្ញត្តិ គឺត្រូវអាបត្តិបាចិត្តិយ ដែលជាអាបត្តិស្រាលប៉ុណ្ណោះ។ លើសពីនេះ ទាំងអាជ្ញាធរ និងមន្ត្រីសង្ឃក្នុងខេត្តបានសម្រេចឲ្យ ព្រះគ្រូចៅអធិការវត្តរាជបូណ៌ ធ្វើកិច្ចសន្យាបញ្ចប់រឿងតទៅទៀត។

ព្រះមេគុណខេត្ត ត្អូញត្អែរថា ព្រះអង្គពិតជាមានការសោកស្តាយយ៉ាងខ្លាំងដែលបុគ្គល ផែង វណ្ណៈ បានផ្សាយផ្ទាល់តាមទំព័រហ្វេសប៊ុករបស់ខ្លួនដោយប្រើពាក្យអសីល និងប្រមាថ ដល់អាយុជីវិតរបស់ព្រះមហា ពិន សែម ជាច្រើនដូចជា ប្រសិនបើវាយលើកូនរបស់លោកវិញ លោកនឹងមិនទៅប្តឹងទេ គឺលោកបាញ់ចោលតែម្តង។

ព្រះភិក្ខុ ជុំ គឹមឡេង ថា បញ្ហានេះ បានធ្វើឲ្យប៉ះពាល់ដល់កត្តិយស  ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋយ៉ាងធ្ងន់ធ្ងរ ដែលមិនអាចលើកលែងឲ្យបាន។

បញ្ហានេះ ព្រះមេគុណខេត្តសៀមរាប បានស្នើប្រគេនទៅសម្តេចសង្ឃនាយក ជួយជំរុញទៅរដ្ឋាភិបាលឱ្យលោកមានចំណាត់ការច្បាប់ចំពោះបុគ្គលផែង វណ្ណៈ ឱ្យសមទៅតាមអ្វីដែលបុគ្គលនេះបានប្រព្រឹត្ត។ 

ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីម្ចាស់ទំព័រហ្វេសប៊ុកឈ្មោះ ផែង វណ្ណៈ បានផ្សាយផ្ទាល់ ដោយជេរប្រមាថលើសមាជិកថេរៈសភាសង្ឃនៅវត្តរាជបូណ៌ដែលបានវាយភិក្ខុ សាមណេរ នឹងរំពាត់ផ្តៅ ក្នុងចេតនាអប់រំ ណែនាំ កុំឲ្យប្រព្រឹត្តល្មើស នឹងបទបញ្ជាផ្ទៃក្នុងរបស់វត្តតទៅទៀត។

កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ ព្រះភិក្ខុ ពិន សែម ព្រះគ្រូចៅ អធិការវត្តបូព៌ត្រូវបានសមត្ថកិច្ច មន្ត្រីធម្មការ និងសាសនាខេត្ត ព្រមទាំង មន្ត្រីសង្ឃ បានចុះធ្វើកំណត់ហេតុសាកសួរ ក្រោយបែកធ្លាយ  ខ្សែវីដេអូដែលបង្ហាញ ពីការវាយព្រះវាយភិក្ខុ និងសាមណេរ៩អង្គ នឹងរំពាត់ផ្តៅ។ យ៉ាងណាក៏ដោយ ក្រោយសាកសួរ អាជ្ញាធរ និងមន្ត្រី សង្ឃក្នុងខេត្តបាន សម្រេចឲ្យព្រះអង្គធ្វើកិច្ចសន្យាដើម្បីបញ្ចប់រឿងនេះតែម្តង។

ដោយឡែកលោក ផែង វណ្ណៈ កាលពីថ្ងៃទី១៧ ខែមីនា ដដែលនោះ បានផ្សាយផ្ទាល់លើទំព័រហ្វេសប៊ុករបស់លោក ដោយបានជេរប្រមាថ ដោយមានទាំងប្រមាថបាញ់សម្លាប់ព្រះភិក្ខុ ពិន សែម ថែមទៀត។ លើសពីនេះ លោក ផែង វណ្ណៈ បានលើកឡើងថា ព្រះគ្រូចៅអធិការវត្តរាជបូណ៌ បានរត់គេចខ្លួនហើយ ព្រោះខ្លាចគេធ្វើបាប។

អ្នកការសែតជើងចាស់ លោក សយ សុភាព បានសរសេរលើគណនីហ្វេសប៊ុករបស់លោក នៅថ្ងៃនេះថា ត្រូវនាំគ្នាលើកតំកើង គោរពដ៏ខ្ពស់បំផុត និង ការពារ អ្នកប្រាជ្ញខ្មែរ។

លោក បញ្ជាក់ថា ទមិឡ ដែលប្រមាថអ្នកមានគុណ អ្នកប្រាជ្ញ និងជាបិតាទី២ ដែលតែងប្រៀនប្រដៅអ្នកជំនាន់ក្រោយឲ្យចេះឲ្យទៅជាអ្នកមានប្រាជ្ញា ទមិឡនោះ ច្បាស់ជាអស់បុណ្យ អស់ស័ក្ត៏ អស់យស មិនខាន។

ទោះបីជាយ៉ាងនេះក្តី ក្រសួងព័ត៌មាននៅថ្ងៃទី១៨ខែមីនានេះ បានសម្រេចលុបចោលអាជ្ញាប័ណ្ណគេហទំព័រ សារព័ត៌មានរបស់លោក ផែង វណ្ណៈ ដោយសារការជេរប្រមាថទៅលើព្រះសង្ឃ។

សេចក្តីប្រកាសរបស់ក្រសួងព័ត៌មាននៅថ្ងៃព្រហស្បតិ៍នេះ បានសម្រេចលុបចោលគេហទំព័រ Phengvannaknews ព្រោះតែម្ចាស់អាជ្ញាបណ្ណបានជេរប្រមាថចំពោះព្រះសង្ឃ ដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើវិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ។ លើសពីនេះ ម្ចាស់គេហទំព័របានបំពានទៅលើវិជ្ជាជីវៈ និងកិច្ចសន្យាអាជីវកម្មដែលសាមីខ្លួនបានតម្កល់ទុកនៅក្រសួងព័ត៌មាន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស