ការបើកសវនាការឡើងវិញរឿងក្តីលោក ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិតបានបញ្ចប់កាលពីថ្ងៃសុក្រ ដោយមានសាក្សី១៩នាក់ ដែលអ្នកខ្លះថា បានផ្តល់សក្ខីកម្មចោទប្រកាន់ លោក ឈូក បណ្ឌិត និងអ្នកខ្លះទៀតបានផ្តល់សក្ខីកម្មថា លោក ឈូក បណ្ឌិត ត្រូវបានគេទម្លាក់កំហុសចំពោះការបាញ់កម្មការិនីបីនាក់ឲ្យរងរបួសនៅពេលធ្វើបាតុកម្មកាលពីខែកុម្ភៈ ឆ្នាំ២០១២។
លោក លាង សួគិ ចៅក្រមសាលាដំបូងខេត្តស្វាយរៀង មានប្រសាសន៍ថា សាលក្រមនៅក្នុងរឿងក្តីដ៏អូសបន្លាយជាយូរមកហើយនេះ នឹងត្រូវប្រកាសនៅថ្ងៃទី២៥ខែមិថុនា។
ទាំងលោក ឈូក បណ្ឌិត និងមេធាវីរបស់លោកមិនបានចូលរួមសវនាការរយៈពេលបីថ្ងៃ ដែលបានចាប់ផ្តើមកាលពីថ្ងៃពុធឡើយ។ លោក ឆន សុខា មន្ត្រីកម្មវិធីសិទ្ធិការងារនៅមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ដែលបានចូលរួមសវនាការនោះមានប្រសាសន៍ថា “ ភាគច្រើននៃសាក្សីទាំងនោះបានផ្តល់សក្ខីកម្មថា បានឃើញលោក ឈូក បណ្ឌិត ដកកាំភ្លើងបាញ់ទៅលើក្រុមកម្មករពិតមែន”។
លោក សុខា បានមានប្រសាសន៍ថា “ បើទោះជាលោក ឈូក បណ្ឌិត និងមេធាវីរបស់លោកមិនមានវត្តមានក៏ដោយ ក៏ការសាកសួរនេះគួរឲ្យចាប់អារម្មណ៍ដែរ”។ លោកបានបន្ថែមទៀតថា សាលក្រមនឹងប្រកាសនៅថ្ងៃទី២៥ ខែមិថុនា។
ការបាញ់នេះបានបណ្តាលឲ្យកម្មការិនីបីនាក់រងរបួស ដែលម្នាក់ក្នុងចំណោមនោះរងរបួសធ្ងន់ ប៉ុន្តែ១៦ខែក្រោយមក មិនទាន់រកអ្នកទទួលខុសត្រូវឃើញឡើយ។ សាលាដំបូងខេត្តស្វាយរៀងបានលើកលែងការចោទប្រកាន់ដំបូងប្រឆាំងលោក ឈូក បណ្ឌិត កាលពីខែធ្នូ។
ប៉ុន្តែពេលមានការថ្កោលទោសពីសំណាក់ជាតិនិងអន្តរជាតិមក កាលពីខែមីនា សាលាឧទ្ធរណ៍បានបង្គាប់ឲ្យបើកសវនាការរឿងក្តីនេះឡើងវិញ៕
ប្រែសម្រួលដោយ សោម សារុន