34 C
Phnom Penh

ក្រសួងយុត្តិធម៌ នឹងពិភាក្សាលើសំណើសុំលើកលែងនិងបន្ធូរបន្ថយទោសទណ្ឌិតជាង៥០០នាក់ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកនាំពាក្យក្រសួងយុត្តិធម៌បញ្ជាក់ថា ក្រសួងនឹងបើកកិច្ចប្រជុំមួយដើម្បីពិនិត្យ និងពិភាក្សាលើសំណើសុំលើកលែង និងបន្ធូរបន្ថយទោសទណ្ឌិតចំនួន៥៤២នាក់ សម្រាប់ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នៅពេលខាងមុខនេះ។

សរសេរនៅលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី៣០ខែមីនា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្ដិភាព លើកឡើងថា នៅរសៀលថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២១ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោកកើត រិទ្ធ នឹងដឹកនាំកិច្ចប្រជុំគណៈកម្មការថ្នាក់ជាតិ តាមប្រព័ន្ធអេឡិចត្រូនិក (ZOOM) ដើម្បីពិនិត្យបញ្ជីឈ្មោះទណ្ឌិតដែលបានស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសក្នុង ឱកាស ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំ២០២១ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី ១៤, ១៥ និង១៦ ខែមេសា ខាងមុខនេះ ។

លោកបន្ថែមថា កិច្ចប្រជុំនេះ ធ្វើឡើងតាមសំណើសុំពីគណៈកម្មការរាជធានី ខេត្តចំនួន២៣ និងគណៈកម្មការក្រសួងមហាផ្ទៃ ចំពោះទណ្ឌិតសរុប ចំនួន ៥៤២នាក់ ក្នុងនោះមានស្រ្តី ៦៨ នាក់។

ក្នុងចំណោមនោះ មានទណ្ឌិតដែលត្រូវស្នើសុំលើកលែងទោសចំនួន ៧០ នាក់ ស្រី ៩នាក់។ ទន្ទឹមនេះ ទណ្ឌិតដែលត្រូវស្នើសុំបន្ធូរបន្ថយទោសចំនួន ៤៧២ នាក់ ស្រី ៥៩ នាក់។

យ៉ាងណាកន្លងមក រាល់ឱកាសបុណ្យជាតិ ដែលស្នើឱ្យមានការលើកលែងទោស និងបន្ធូរបន្ថយទោស ក្រុមអង្គការសង្គមស៊ីវិលដែលឃ្លាំមើលករណីនេះ បានជំរុញទៅស្ថាប័នពាក់ព័ន្ធឱ្យបំពេញការងារនេះដោយតម្លាភាព យុត្តិធម៌ និងធានាថាដំណើរការលើកលែងទោស ឬ បន្ធូរបន្ថយទោសចំពោះទណ្ឌិត ធ្វើឡើងដោយគ្មានអំពើពុករលួយ។

ការជំរុញរបស់ក្រុមអង្គការសង្គមស៊ីវិល ម្តងហើយម្តងទៀតនេះ បន្ទាប់ពីពួកគេសង្កេតឃើញថា រាល់ដំណើរការស្នើឱ្យមានការលើកលែងទោស ឬបន្ធូរបន្ថយទោសចំពោះទណ្ឌិតកន្លងមក ធ្វើឡើងដោយលាក់លៀម និងមិនមានតម្លាភាពឡើយ។

ជាក់ស្តែងក្រុមទណ្ឌិតដែលជាសកម្មជនដីធ្លី សកម្មជនបរិស្ថាន សកម្មជនសិទ្ធិមនុស្ស សកម្មជនគណបក្សប្រឆាំងជាដើម កន្លងមកមិនដែលមានឈ្មោះពួកគេនៅក្នុងបញ្ជីរបស់ក្រសួងយុត្តិធម៌ ដើម្បីស្នើឱ្យមានការលើកលែងទោស ឬបន្ធូរបន្ថយទោសម្តងណាឡើយ បើទោះបីជាការអនុវត្តទោសរបស់ពួកគេសមស្របឬគ្រប់គ្រាន់តាមច្បាប់តម្រូវក្តី។

ព្រះរាជក្រឹត្យ ស្ដីពីការបន្ធូរបន្ថយទោសនិងលើកលែងទោសដល់ទណ្ឌិតនៅកម្ពុជា កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ បញ្ជាក់ថា សម្រាប់ពិធីបុណ្យដែលអាចស្នើសុំការបន្ធូរបន្ថយទោស និង ការលើកលែងទោសនោះ ត្រូវកំណត់ ៥ដងក្នុងមួយឆ្នាំ រួមមាន ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍៧មករា។  ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ពិធីបុណ្យវិសាខបូជា ពិធីបុណ្យឯករាជ្យជាតិ និងព្រះ រាជពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ ផងដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស