មន្ត្រីមូលដ្ឋាន និងអាជីវកររកស៊ីនៅតាមព្រំដែនកម្ពុជា-វៀតណាម ក្នុងខេត្តតាកែវ បានចោទលោក កែវ ផាន ប្រធានការិយាល័យគយ និងរដ្ឋាករភ្នំដិន និងលោកវរសេនីយ៍ឯក ញឹម សុខលី នាយរងប៉ុស្តិ៍ច្រកទ្វារអន្តរជាតិភ្នំដិន មានមូលដ្ឋាននៅឃុំភ្នំដិន ស្រុកគិរីវង់ ថាបានឃុបឃិតជាមួយក្រុមឈ្មួញរកស៊ីនាំចូលពងទា ពងមាន់ កូនទា កូនមាន់ និងសត្វបក្សីគ្រប់ប្រភេទពីប្រទេសវៀតណាម ចូលមកកម្ពុជាដោយគ្មានច្បាប់ ជាថ្នូរទទួលបានសំណូកពុករលួយ។
ប្រភពដដែលអះអាងទៀតថា បទល្មើសទាំងនេះអាចដំណើរការដោយរលូន ក៏ព្រោះតែឈ្មួញបានបង់លុយជូនថ្នាក់ដឹកនាំប្រចាំច្រកព្រំដែនភ្នំដិននេះក្នុងរថយន្តដឹកទំនិញមួយគ្រឿងចន្លោះពី ២៥ម៉ឺនរៀលទៅ ៣០ម៉ឺនរៀល។
ប្រភពដែលទំនងជាច្រណែន ឬមិនទទួលបានលាភសក្ការៈពីបទល្មើសខាងលើនេះ បានស្នើដល់ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាពិសេសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយមានវិធានការចំពោះករណីនាំចូលសត្វបក្សីគ្រប់ប្រភេទនៅតាមច្រកទ្វារអន្តរជាតិភ្នំដិន ឲ្យបានទាន់ពេលវេលា ត្បិតសកម្មភាពល្មើសខាងលើនេះ គឺបានអនុវត្តផ្ទុយពីសារាចរណែនាំរបស់ក្រសួងកសិកម្ម ស្ដីពីវិធានការទប់ស្កាត់ជំងឺផ្ដាសាយបក្សី A/H5N1 ដែលបានផ្ទុះរាលដាលខ្លាំងនៅភាគខាងត្បូងនៃប្រទេសវៀតណាម។
ក្រសួងកសិកម្ម បញ្ជាក់ថា រាល់ការនាំចូលកូនមាន់ កូនទា ពងមាន់ ពងទា និងផលិតផលបក្សីគ្រប់ប្រភេទពីប្រទេសជិតខាងចូលមកកម្ពុជា អាចដំណើរការទៅបាន លុះត្រាតែទំនិញទាំងនោះមានលិខិតបញ្ជាក់សុខភាពសត្វចេញដោយអាជ្ញាធរវៀតណាម និងមន្ត្រីជំនាញពេទ្យសត្វខ្មែរតាំងពីដើមទីរហូតដល់ចុងទី ទើបអនុញ្ញាតឲ្យនាំចូលបាន។
ទោះជាបែបនេះក្តី ប្រភពបានអះអាងថា ជារៀងរាល់ថ្ងៃគេឃើញមានរថយន្តដឹកកូនមាន់ កូនទា ពងមាន់ ពងទា និងផលិតផលបក្សីគ្រប់ប្រភេទចេញពីប្រទេសវៀតណាម ចូលមកកម្ពុជាបន្តកន្ទុយគ្នាដោយមិនឃើញមន្ត្រីជំនាញប្រចាំការនៅតាមច្រកទ្វារព្រំដែនទាំងនោះ ពិនិត្យលើឯកសារ ឬលិខិតស្នាមអ្វីទេ ដោយឃើញតែអ្នកបើករថយន្តដឹកទំនិញនីមួយៗចុះហុចលុយទៅឲ្យមន្ត្រីគយ និងមន្ត្រីនគរបាលប៉ុស្តិ៍ រួចក៏បើករថយន្តឆ្លងកាត់ព្រំដែនយ៉ាងរលូន។
ប្រភពពីក្រុមអាជីវកររកស៊ីនៅតាមច្រកទ្វារអន្តរជាតិភ្នំដិន បានឲ្យសារព័ត៌មាន The Cambodia Daily ដឹងនៅថ្ងៃពុធ ទី១៦ ខែមិថុនា ឆ្នាំ២០២១ ដោយចោទលោក កែវ ផាន ប្រធានការិយាល័យគយ និងរដ្ឋាករភ្នំដិន ថាបានប្រមូលលុយពីរថយន្តសាំយ៉ុងដែលដឹកពងទា ពងមាន់ កូនទា កូនមាន់ និងសត្វបក្សីអត់ច្បាប់ចេញពីប្រទេសវៀតណាម ចូលមកកម្ពុជា ដោយរថយន្តមួយគ្រឿងត្រូវបង់លុយ ៣០ម៉ឺនរៀលជាកំហិត ហើយក៏មានឈ្មួញខ្លះទៀតបង់លុយជូនលោក កែវ ផាន ជាប្រចាំខែក៏មានដែរ។
បន្ថែមលើនេះ ប្រភពក៏បានចោទលោក ញឹម សុខលី នាយរងប៉ុស្តិ៍ច្រកទ្វារអន្តរជាតិភ្នំដិន ថាជាអ្នកកាងការពារបទល្មើសឲ្យឈ្មួញនាំចូលផលិតផលសត្វបក្សីគ្រប់ប្រភេទខុសច្បាប់ពីវៀតណាម ចូលកម្ពុជាយ៉ាងអនាធិបតេយ្យ ដោយក្នុងមួយថ្ងៃៗមានរថយន្តតូចធំរាប់សិបគ្រឿង ជាថ្នូរទទួលលុយពុករលួយក្នុងរថយន្តមួយគ្រឿងចន្លោះពី ២៥ម៉ឺនរៀលទៅ ៣០ម៉ឺនរៀល។
ប្រភពដដែលក៏បានបង្ហាញឈ្មោះឈ្មួញល្មើសដែលលោក ញឹម សុខលី កាងការពារទំនិញខុសច្បាប់ជាថ្នូរទទួលបានសំណូកពុករលួយប្រចាំថ្ងៃ ឬប្រចាំខែជាបន្តបន្ទាប់មកនេះមានដូចជា ឈ្មោះ ចែ សារឿន មានផ្ទះនៅខាងក្រោយប៉ុស្តិ៍ព្រំដែនភ្នំដិន យាយ វង់ យាយខ្លី និងលោក ពេក ជាដើម។
មន្ត្រីរាជការ និងប្រជាពលរដ្ឋខេត្តតាកែវ បានសំណូមពរដល់លោករដ្ឋមន្ត្រីក្រសួងពាក់ព័ន្ធ និងប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ស៊ើបអង្កេតលើសកម្មភាពការងាររបស់លោក កែវ ផាន ប្រធានការិយាល័យគយ និងរដ្ឋាករភ្នំដិន និងលោក ញឹម សុខលី នាយរងស្តីទីប៉ុស្តិ៍ច្រកទ្វារអន្តរជាតិភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ ដើម្បីរួមចំណែកជួយថែរក្សាសុខភាពប្រជាពលរដ្ឋ និងបំបាត់អំពើពុករលួយ។
ចំណែកលោក អ៊ូច ភា អភិបាលខេត្តតាកែវ បានឲ្យប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកដឹងថា លោកនឹងស្រាវជ្រាវលើករណីនេះដោយយកចិត្តទុកដាក់ និងឈានទៅមានវិធានការផ្លូវច្បាប់។
យ៉ាងនេះក្តី សារព័ត៌មាន The Cambodia Daily នៅមិនទាន់អាចមានប្រភពទាក់ទងលោក ញឹម សុខលី នាយរងប៉ុស្តិ៍ច្រកទ្វារអន្តរជាតិភ្នំដិន និងលោក កែវ ផាន ប្រធានការិយាល័យគយ និងរដ្ឋាករភ្នំដិន ដើម្បីបំភ្លឺជុំវិញការចោទប្រកាន់បានទេនៅរសៀលថ្ងៃពុធ ទី១៦ ខែមិថុនា ឆ្នាំ២០២១៕