ពលរដ្ឋរស់នៅតាមតំបន់ទំនាបមួយចំនួនក្នុងក្រុងព្រះសីហនុ បន្តបង្ហាញការព្រួយបារម្ភអំពីជំនន់ទឹកភ្លៀងជន់លិចលំនៅឋានរបស់ពួកគាត់ នាំឲ្យប៉ះពាល់ដល់ជីវភាពធ្ងន់ធ្ងរ។
កាលពីដើមសប្តាហ៍នេះ លំនៅឋានរបស់ពលរដ្ឋមួយចំនួននៅសង្កាត់លេខ១ និងសង្កាត់លេខ៤ ក្នុងក្រុងព្រះសីហនុ បានលិចលង់ដោយជំនន់ទឹកភ្លៀង។
ពលរដ្ឋរស់នៅសង្កាត់លេខ១ ដែលលំនៅឋានរបស់គាត់ត្រូវជន់លិចដោយជំនន់ទឹកភ្លៀង បានឲ្យដឹងថា ជំនន់ទឹកភ្លៀងដែលជន់លិចផ្ទះរបស់ពួកគាត់ពីរឆ្នាំជាប់ៗគ្នានេះ គឺបណ្តាលមកពីក្រុមហ៊ុនផលិតទឹកស្អាត អានកូ បានបិទទំនប់ទឹកមិនឲ្យទឹកហូរចេញ ទើបបណ្តាលឲ្យលិចផ្ទះគាត់។
ពលរដ្ឋបន្តថា ពួកគាត់បានដាក់ពាក្យបណ្តឹងស្នើសុំកិច្ចអន្តរាគមន៍ពីលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ឲ្យជួយមានវិធានការតាំងតែពីឆ្នាំមុនមកម៉្លេះ ប៉ុន្តែមិនមានដំណោះស្រាយជូនពួកគាត់ទេ ហើយថាឆ្នាំនេះជំនន់ទឹកភ្លៀងបានបន្តជន់លិចផ្ទះរបស់ពួកគាត់បន្តទៀត។
កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ទឹកភ្លៀងបានធ្លាក់នៅពេលយប់បន្តរហូតដល់ព្រឹក ហើយទឹកក៏បានចាល់ជន់លិចលំនៅឋានរបស់ពលរដ្ឋមួយចំនួន រស់នៅសង្កាត់លេខ១ និងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ធ្ងន់ធ្ងរ។
កន្លងមកនេះ រដ្ឋបាលខេត្តព្រះសីហនុ បានស្ដារអូរ ប្រឡាយ និងលូ សម្រាប់បង្ហូរទឹកចេញពីក្រុងបានជាច្រើនខ្សែ ប៉ុន្តែបែរជានៅដើមរដូវវស្សាឆ្នាំនេះ បែរភ្លៀងចាប់ផ្តើមធ្លាក់តែប៉ុន្មានមេប៉ុណ្ណោះក៏បានជន់លិចផ្នែកខ្លះនៃក្រុងព្រះសីហនុ គួរឲ្យបារម្ភ។
ពលរដ្ឋរស់នៅសង្កាត់លេខ១ ក៏បានស្នើឲ្យលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ជួយអន្តរាគមន៍ទៅក្រុមហ៊ុនផលិតទឹកស្អាត អានកូ ឲ្យបើកទំនប់ទឹកដែលបានបិទកន្លងមកនេះ ដើម្បីបញ្ចៀសជំនន់ទឹកភ្លៀងកុំឲ្យជន់លិចលំនៅឋានរបស់ពួកគាត់ដូចឆ្នាំមុនទៀត។
យ៉ាងនេះក្តី សារព័ត៌មាន The Cambodia Daily មិនទាន់អាចទាក់ទងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដើម្បីបញ្ជាក់ជុំវិញកង្វល់ពលរដ្ឋលើករណីក្រុមហ៊ុន អានកូ របស់អ្នកឧកញ៉ា កុក អាន ដែលបានបិទទំនប់ទឹកនាំឲ្យលិចផ្ទះរបស់ពលរដ្ឋរស់នៅសង្កាត់លេខ១ បានទេនៅល្ងាចថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១៕