ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ (SMD) ថ្កោលទោសដាច់អហង្ការលើរដ្ឋាភិបាលរបស់លោក ហ៊ុន សែន ដែលបានចាប់ខ្លួនអតីតមេឃុំជាប់ឆ្នោតមកពីគណបក្សសង្គ្រោះជាតិ កញ្ញា កឹម តុលា ថាជាការបំពានយ៉ាងធ្ងន់ធ្ងរលើគោលការណ៍សិទ្ធិមនុស្ស និងរដ្ឋធម្មនុញ្ញកម្ពុជា។
ការលើកឡើងរបស់ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ គឺបន្ទាប់ពីសមត្ថកិច្ចខេត្តកំពង់ស្ពឺ បានចាប់ខ្លួនមេឃុំជាប់ឆ្នោតមកពីគណបក្សសង្គ្រោះជាតិ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នៅថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះ។
ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យដែលមានមូលដ្ឋាននៅក្រៅប្រទេស បានចេញសេចក្តីថ្លែងការណ៍ជុំវិញការចាប់ខ្លួនអតីតមេឃុំជាប់ឆ្នោតរបស់បក្សប្រឆាំង នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ថា ការចាប់ខ្លួនមេឃុំគណបក្សសង្គ្រោះជាតិរូបនេះ កើតឡើងដោយសារតែនយោបាយខ្វះចក្ខុវិស័យជាតិវែងឆ្ងាយរបស់លោក ហ៊ុន សែន តែប៉ុណ្ណោះ។
ប្រភពដដែលអះអាងថា ការចាប់ខ្លួនសកម្មជនបក្សប្រឆាំងរូបនេះ បានឆ្លុះបញ្ចាំងឲ្យឃើញកាន់តែច្បាស់នូវអំពើរបស់មេខ្លោងបង្ក្រាបពលរដ្ឋស្លូតត្រង់ឥតក្រែងរអែងតាមអាជ្ញាទំនើងចិត្តឥតឆន្ទៈក្នុងការកែខ្លួនរបស់លោក ហ៊ុន សែន យ៉ាងកម្រោល ខណៈអតីតមេបក្សប្រឆាំងលោក សម រង្ស៊ី ចេះតែបន្តព្យាយាមពន្យុះបង្កើតព្រឹត្តិការណ៍ដោយគ្មានការទទួលខុសត្រូវលើសុខទុក្ខសកម្មជនរបស់ខ្លួនដែរនោះ។
SMD ជំរុញឲ្យអ្នកដឹកនាំនយោបាយធំៗរបស់ខ្មែរ គឺលោក សម រង្ស៊ី និងលោក ហ៊ុន សែន គួរហ៊ានលេងល្បែងនយោបាយទល់មុខគ្នាលើសមរភូមិជាក់ស្ដែង ជាជាងការរុញឲ្យសកម្មជននៅក្នុងស្រុករងគ្រោះ ដើម្បីកំដរយុទ្ធនាការនយោបាយឥតគោលដៅរបស់ខ្លួនតទៀត ព្រោះថាល្បែងនយោបាយពួកគេនៅពេលនេះ បានត្រឹមបង្កគ្រោះថ្នាក់កាន់តែខ្លាំងដល់ពលរដ្ឋស្លូតត្រង់ដែលប្រាថ្នាចង់បានលទ្ធិប្រជាធិបតេយ្យមួយពិតប្រាកដតែប៉ុណ្ណោះ។
ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ អំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជា រកដំណោះស្រាយដ៏ប្រសើរបំផុត គឺត្រូវទម្លាក់ចោលរាល់បទចោទប្រកាន់ទាំងឡាយដែលមានចរិតនយោបាយលើសកម្មជននយោបាយប្រជាធិបតេយ្យ សកម្មជនព្រំដែន សកម្មជនសង្គម និងបរិស្ថានទាំងអស់ដោយឥតលក្ខខណ្ឌ ហើយពួកមេដឹកនាំនយោបាយទាំងនោះត្រូវនាំគ្នាងាកទៅរកវិធីប្រកួតប្រជែងនយោបាយដោយសេចក្ដីថ្លៃថ្នូរ ដើម្បីបើកផ្លូវរកការផ្សះផ្សាជាតិជំនួសវិញ នោះទើបសកម្ពុជាមានសេចក្តីសុខ។
អាជ្ញាធររបស់រដ្ឋាភិបាលលោក ហ៊ុន សែន បានចាប់ខ្លួនមេឃុំជាប់ឆ្នោតមកពីគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ ដែលស្ថិតក្នុងឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ គឺកញ្ញា កឹម តុលា បន្ទាប់ពីអតីតមេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី បានប្រកាសឲ្យប្រជាពលរដ្ឋ និងមន្ត្រីកងកម្លាំងប្រដាប់អាវុធចូលរួមបង្កើតរដ្ឋាភិបាលរួបរួមជាតិបានត្រឹមតែ ៣ថ្ងៃប៉ុណ្ណោះ។
អ្នកវិភាគនយោបាយនិងសង្គម លោក គឹម សុខ ធ្លាប់បានអះអាងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily បន្ទាប់ពីអតីតមេដឹកនាំប្រឆាំងលោក សម រង្ស៊ី បានប្រកាសឲ្យមានការចូលរួមបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិភ្លាមៗកាលពីថ្ងៃទី១៩ កក្កដា ថាការប្រកាសឲ្យប្រជាពលរដ្ឋចូលរួមបង្កើតរដ្ឋាភិបាលរួបរួមជាតិនេះ គឺហាក់ដូចជាគោះព្រៃបង្អើលទន្សាយ ដើម្បីឲ្យលោក ហ៊ុន សែន ចាប់ទន្សាយតែប៉ុណ្ណោះ ដែលនាំគ្រោះថ្នាក់ដល់អ្នកចូលរួមយ៉ាងធ្ងន់ធ្ងរ ហើយក៏មិនមានសង្ឃឹមថានឹងអាចបង្កើតរដ្ឋាភិបាលនេះបានដែរ។
កាលពីអំឡុងឆ្នាំ២០១៩ មេឃុំជាប់ឆ្នោតបក្សប្រឆាំង កញ្ញា កឹម តុលា ត្រូវបានតុលាការខេត្តកំពង់ស្ពឺ ចេញដីកាកោះហៅទៅបំភ្លឺរឿងបង្ហោះសារគាំទ្រដំណើរមាតុភូមិនិវត្តន៍របស់អតីតមេបក្សប្រឆាំងលោក សម រង្ស៊ី ម្តងរួចមកហើយ តែក្រោយមកមេឃុំរូបនេះបានរត់ភៀសខ្លួនទៅជ្រកកោននៅប្រទេសថៃ មួយរយៈ។
ជុំវិញបញ្ហានេះ អតីតមេបក្សប្រឆាំង លោក សម រង្ស៊ី កាលពីឆ្នាំ២០១៩ ធ្លាប់បានប្រកាសឲ្យប្រជាពលរដ្ឋ មន្ត្រីរាជការ ជាពិសេសសកម្មជនបក្សប្រឆាំងឲ្យនាំគ្នាចូលរួមយុទ្ធនាការ «ម្រាម៩» ក្នុងដំណើរមាតុភូមិនិវត្តន៍របស់លោក កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ដើម្បីផ្ដួលរំលំរដ្ឋាភិបាលលោក ហ៊ុន សែន ប៉ុន្តែសកម្មជនបក្សប្រឆាំងដែលបានចូលរួមយុទ្ធនាការនោះ ត្រូវរដ្ឋាភិបាលកម្ពុជាចាប់ខ្លួនជាបន្តបន្ទាប់ ខណៈគម្រោងរបស់លោក សម រង្ស៊ី ត្រូវបរាជ័យទាំងស្រុង។
គិតត្រឹមខែកក្កដា ឆ្នាំ២០២១ នេះ រដ្ឋាភិបាលលោក ហ៊ុន សែន បានចាប់ឃុំខ្លួនសមាជិក និងសកម្មជនបក្សប្រឆាំងប្រមាណជាង ២០នាក់ហើយ ដោយចោទពីបទរួមគំនិតក្បត់ ដោយឡែកសកម្មជនជាង ១០០នាក់ផ្សេងទៀត កំពុងរង់ចាំសវនាការ ក្នុងនោះសកម្មជនខ្លះទៀតត្រូវបានចាប់ខ្លួនដាក់ពន្ធនាគាររួចទៅហើយ៕