ហ្គីណេ ជាប្រទេសមួយនៅអាហ្រ្វិកខាងលិច។ ប្រទេសនេះមានពលរដ្ឋជិត ១៣លាននាក់ តែជាប្រទេសក្រីក្រមួយនៅក្នុងតំបន់ ទោះបីជាប្រទេសដែលមានធនធានរ៉ែ និងវិស័យកសិកម្មលូតលាស់គ្រាន់បើជាងគេក៏ដោយ។
ប្រទេសនេះឆ្លងកាត់ការធ្វើរដ្ឋប្រហារពីរលើកមកហើយ គឺនៅឆ្នាំ១៩៨៤ ម្ដង និងឆ្នាំ២០០៨ ម្ដង។ ប្រទេសដែលទើបស្គាល់ការបោះឆ្នោតតាមបែបប្រជាធិបតេយ្យលើកដំបូងនៅឆ្នាំ២០១០ ឥឡូវនេះបានធ្លាក់ក្នុងការគ្រប់គ្រងដោយរបបរដ្ឋប្រហារម្ដងទៀតហើយ។
រដ្ឋប្រហារបានផ្ទុះឡើងនៅកណ្ដាលរដ្ឋធានី Conakry។ អំឡុងផ្ទុះរដ្ឋប្រហារកាលពីថ្ងៃទី៥ ខែកញ្ញា មានការពើបប្រយុទ្ធគ្នារវាងកងទ័ពរបស់ពួករដ្ឋប្រហារ និងកងសន្តិសុខការពារប្រធានាធិបតី។ តែទីបំផុត ពួករដ្ឋប្រហារបានលើកទ័ពឡោមព័ទ្ធវិមានប្រធានាធិបតីរហូតចាប់ខ្លួនប្រធានាធិបតីឃុំខ្លួនទៀតផង។
ប្រធានាធិបតីរបស់សាធារណរដ្ឋហ្គីណេនេះមានឈ្មោះថា Alpha Conde។ លោកមានអាយុ ៨៣ឆ្នាំ គឺជាប្រធានាធិបតីជាប់ឆ្នោតក្នុងការបោះឆ្នោតកាលពីឆ្នាំ២០១០។ បុរសវ័យចំណាស់រូបនេះត្រូវបានមើលឃើញថាជាអ្នកត្រួសត្រាយផ្លូវឱ្យមានរបបប្រជាធិបតេយ្យ ក្នុងអំឡុងនៃការកាន់អំណាចរបស់លោក ១០ឆ្នាំមកនេះ។ ប៉ុន្តែក្រោមការគ្រប់គ្រងរបស់បុរសវ័យចំណាស់រូបនេះ ក៏មានការចោទថារំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរដែរ។
តើមូលហេតុអ្វីបានជាមានរដ្ឋប្រហារកើតឡើង?
កាលពីក្នុងខែតុលា ឆ្នាំ២០២០ ប្រទេសហ្គីណេ បានធ្លាក់ក្នុងអំពើចលាចលនយោបាយ ហើយអំពើហិង្សាក៏ផ្ទុះឡើងស្របពេលដែលក្រុមគណបក្សប្រឆាំងចោទថាមានការបន្លំសន្លឹកឆ្នោត ដែលនាំឱ្យប្រធានាធិបតីធ្លាក់ពីអំណាចមួយនេះតោងអំណាចបាននៅអាណត្តិទី៣ ទៀត។ មួយករណីទៀត គឺបុរសអាយុ ៨៣ឆ្នាំរូបនេះ បានកែប្រែរដ្ឋធម្មនុញ្ញដើម្បីពង្រីកអាណត្តិរបស់ខ្លួន។
ដោយសារតែបុរសរូបនេះកែប្រែរដ្ឋធម្មនុញ្ញព្យាយាមពង្រីកអាណត្តិរបស់ខ្លួនដូច្នេះហើយ បានជាចលាចលនយោបាយចេះតែកើតមានហូរហែដែលឈានដល់ការបង្ក្រាបបាតុកម្មតាមការបញ្ជារបស់ប្រធានាធិបតីរូបនេះ។
នេះគឺជាដើមចមនៃការរុញឱ្យមានរដ្ឋប្រហារផងដែរ។
ដើមហេតុមួយទៀត គឺរដ្ឋាភិបាលរបស់លោកប្រធានាធិបតីត្រូវបានចោទថា បានប្រព្រឹត្តអំពើពុករលួយកិបកេងផលប្រយោជន៍ជាតិ និងចែកផលប្រយោជន៍ជាតិមិនសមាមាត្ររវាងទំហំវិនិយោគទុន និងការបាត់បង់ធនធានធម្មជាតិរបស់ប្រទេស។
ពួកយោធាដែលធ្វើរដ្ឋប្រហារបានប្រកាសថា ការដែលពួកគេធ្វើរដ្ឋប្រហារនេះ គឺដើម្បីត្រួសត្រាយផ្លូវឱ្យមានការបោះឆ្នោតឡើងវិញ និងស្ដារប្រជាធិបតេយ្យឡើងវិញ។ នេះបើយោងតាមសារព័ត៌មាន The Guardian។
វរសេនីយ៍ទោម្នាក់ជាមេដឹកនាំរដ្ឋប្រហារ គឺលោក Mamadi Doum-bouya។ លោកបានថ្លែងតាមកញ្ចក់ទូរទស្សន៍នៅពេលដែលពួកកងទ័ពឡោមព័ទ្ធស្ថានីយទូរទស្សន៍កាលពីថ្ងៃអាទិត្យ ថា ការធ្វើរដ្ឋប្រហារនេះ គឺដើម្បីបញ្ចប់ការរំជើបរំជួលនៅក្នុងប្រទេសដោយសារតែភាពចលាចលនយោបាយអាចនឹងកើតមានជាថ្មីម្ដងទៀត។ លោកបន្តថា បើពួកយោធាមិនចូលគ្រប់គ្រងអំណាចទាន់ពេលវេលាទេនោះ ប្រទេសក៏ធ្លាក់ក្នុងការបង្កើតកងកម្លាំងជាច្រើនក្រុមដែលនាំទៅរកចលាចលសង្គម។
តាមសេចក្ដីរាយការណ៍ចុងក្រោយបញ្ជាក់ថា រដ្ឋធម្មនុញ្ញរបស់ប្រទេសនេះត្រូវបានរំលាយ ស្របពេលដែលរដ្ឋាភិបាល និងរដ្ឋសភាក៏ត្រូវបានរំលាយផងដែរ ហើយក្រុមប្រឹក្សាយោធាកំពុងរៀបចំសមាសភាពគណៈរដ្ឋមន្ដ្រីថ្មី។
ជាមួយគ្នានេះទៀត ក្រុមប្រឹក្សាយោធាបានប្រកាសដាក់ប្រទេសក្នុងបម្រាមគោចររហូតទាល់តែមានសេចក្ដីសម្រេចជាថ្មីទៀត។
អំពើរដ្ឋប្រហារនេះបាននាំឱ្យសហគមន៍អន្តរជាតិថ្កោលទោសពួកយោធា។ សហរដ្ឋអាមេរិក អគ្គលេខាធិការអង្គការសហប្រជាជាតិ ប្រទេសរុស្ស៊ី និងប្រទេសចិន ឈានមុខគេដោយប្រាប់ទៅពួកយោធាឲ្យដោះលែងប្រធានាធិបតី Alpha Conde ឱ្យមានសេរីភាព ហើយស្ដារស្ថានការណ៍ទៅរកប្រក្រតីឡើងវិញ។
តែយ៉ាងណា ប្រជាជនដែលគាំទ្ររដ្ឋប្រហារ បានចេញដើរតាមដងផ្លូវ ដោយពួកគេច្រៀងរាំ ហើយស្រែកថា «របបដឹកនាំមួយដែលឈានទៅរករបបផ្ដាច់ការ ត្រូវបានបញ្ចប់ហើយ»៕