មន្ត្រីនគរបាលបាននិយាយកាលពីម្សិលមិញថា នគរបាលច្រកទ្វារព្រំដែនកាលពីពីរសប្តាហ៍មុនបានរារាំងប្រជាពលរដ្ឋជាង២.២០០
នាក់នៅក្នុងខេត្តបន្ទាយមានជ័យមិនឲ្យឆ្លងដែនចូលទៅរកការងារ ដែលមានប្រាក់ឈ្នួលខ្ពស់នៅប្រទេសថៃ។
ដោយផ្តោតទៅលើពលករខ្មែរ ដែលទៅស្វែងរកការងារធ្វើនៅក្នុងប្រទេសថៃ ដែលភាគច្រើនខុសច្បាប់នោះ កើតឡើងចំពេលមានការខ្វះកម្មករនៅតាមការដា្ឋានសំណង់នៅក្នុងប្រទេសកម្ពុជា និងនៅតាមរោងចក្រកាត់ដេរនៅក្នុងប្រទេសនេះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវជាសាធារណៈដល់ប្រជាពលរដ្ឋខ្មែរកុំឲ្យធ្វើចំណាកស្រុកទៅរកការងារធ្វើនៅប្រទេសផ្សេង ព្រោះមានវិស័យច្រើនណាស់នៅក្នុងប្រទេសយើងដែលកំពុងខ្វះកម្មករ។
លោក សំ ជិន ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា ចន្លោះពីថ្ងៃទី១៧ ខែមេសាដល់ថ្ងៃម្សិលមិញ មន្ត្រីនគរបាលបានរារាំងពលករចំណាកស្រុកខុសច្បាប់សរុបចំនួន២.២៣៥នាក់ ដែលព្យាយាមឆ្លងព្រំដែនចូលទៅរកការងារធ្វើនៅក្នុងប្រទេសថៃ។
លោក សំ ជិន មានប្រសាសន៍ថា “ យើងប្រឹងប្រែងណាស់ ដើម្បីទប់ស្កាត់ពលករចំណាកស្រុកខុសច្បាប់”។ លោកបានពន្យល់ពីមូលហេតុចំពោះការផ្តោតការយកចិត្តទុកដាក់ថ្មីលើពលករចំណាកស្រុកថា “ ពលករចំណាកស្រុកស្វែងរកការងារធ្វើទាំងប្រថុយប្រថានក្នុងប្រទេសថៃ។ យើងកំពុងតែខ្វះកម្មករធ្វើការនៅក្នុងស្រុក”។
លោកបានបន្ថែមថា “ ប្រជាពលរដ្ឋគួរស្វែងរកការងារនៅក្នុងប្រទេសប្រសើរជាងទៅធ្វើការនៅក្នុងប្រទេសថៃ ព្រោះនៅទីនោះ ពួកគាត់ប្រឈមនឹងបញ្ហាសុវត្ថិភាព និងមានការរំលោភសិទ្ធិមនុស្ស ព្រមទាំងការធ្វើបាបពីអាជ្ញាធរថៃទៀតផង”។
ប៉ុន្តែអ្នកដែលឆ្លងដែនទៅប្រទេសថៃដើម្បីស្វែងរកការងារធ្វើនោះនិយាយថា ពួកគាត់ធ្វើដូច្នេះពីព្រោះលក្ខខណ្ឌការងារ និងប្រាក់ខែ គឺប្រសើរជាងនៅកម្ពុជា។
លោក មឿន តុលា ប្រធានកម្មវិធីការងារនៅមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ជាអង្គការផ្តល់ជំនួយផ្នែកច្បាប់ដោយឥតគិតថ្លៃបានមានប្រសាសន៍ថា ពលករខ្មែរគ្រាន់តែស្វែងរកឱកាសការងារប្រសើរជាងនេះនៅក្នុងប្រទេសថៃតែប៉ុណ្ណោះ ព្រោះប្រាក់ខែអប្បបរមានៅប្រទេសថៃគឺប្រហែល៣០០ដុល្លារក្នុងមួយខែ ដែលធ្វើឲ្យមានទាក់ទាញជាងការនៅក្នុងប្រទេសកម្ពុជា ដែលប្រាក់ខែអប្បបរមាក្នុងវិស័យកាត់ដេរ ជាវិស័យមួយដែលមានប្រាក់ខែគោលប្រហែល៨០ដុល្លារក្នុងមួយខែ។
លោកបានមានប្រសាសន៍ថា ប្រសិនបើរដ្ឋាភិបាលដំឡើងប្រាក់ខែអប្បបរមាឲ្យបានសមរម្យនៅគ្រប់វិស័យទាំងអស់ ហើយធ្វើឲ្យលក្ខខណ្ឌការងារប្រសើរឡើង នោះរំហូរពលករចំណាកស្រុកចេញពីប្រទេសកម្ពុជានឹងថយចុះមិនខាន។
លោក មឿន តុលា មានប្រសាសសន៍ថា “ នៅពេលដែល [រដ្ឋាភិបាល] និយាយអំពីការងារនៅក្នុងប្រទេស វាមានដូចជាវិស័យសំណង់ វិស័យកសិកម្ម ឬតាមចម្ការកៅស៊ូជាដើម ហើយប្រជាពលរដ្ឋទាំងនោះធ្វើការស្ទើរតែមិនបានសល់អ្វីសោះ”។
លោកបានមានប្រសាសន៍ថា“ ពួកគេមិនអាចរារាំង [ការធ្វើចំណាកស្រុកទៅប្រទេសថៃបានទេ] លុះណាតែពួកគេកែតម្រូវបញ្ហានៅក្នុងប្រទេសសិន”។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីបានមានប្រសាសន៍ថា ចំណាប់អារម្មណ៍ថ្មីរបស់រដ្ឋាភិបាលក្នុងការរារាំងពលរដ្ឋខ្មែរកុំឲ្យឆ្លងដែនចូលទៅរកការងារធ្វើនៅប្រទេសថៃនោះក៏ស្របពេលនឹងរដូវធ្វើស្រែនៅក្នុងប្រទេសកម្ពុជា ដែលត្រូវការការងារមានតម្លៃថោកនៅតាមតំបន់ជនបទ។
លោក ផៃ ស៊ីផាន បានថ្លែងថា“ យើងចង់ឲ្យពួកគាត់ធ្វើការនៅក្នុងប្រទេសយើងវិញពីព្រោះវាមានសុវត្ថិភាពជាង ព្រមទាំងបានធ្វើការងារស្រែចម្ការនៅផ្ទះទៀតផង”។ លោកបន្ថែមថា មធ្យោបាយល្អបំផុតក្នុងការរារាំងរំហូរពលករចំណាកស្រុកគឺបង្កើនផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា៕
ប្រែសម្រួលដោយសោមសារុន