រដ្ឋសភាបានលើកឡើងនៅក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រ ដោយបានអះអាងថា គណបក្សសង្គ្រោះជាតិកំពុងតែប្រមាថទាំងរដ្ឋធម្មនុញ្ញ និងព្រះមហាក្សត្រ តាមរយៈការអះអាងម្តងហើយម្តងទៀតថា រដ្ឋាភិបាលថ្មីមិនស្របច្បាប់។
គណបក្សសង្គ្រោះជាតិបានចោទប្រកាន់គណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាចថា បានប្រព្រឹត្តផ្ទុយពីរដ្ឋធម្មនុញ្ញតាមរយៈការបើកសម័យប្រជុំសភា កាលពីសប្ដាហ៍មុន បើទោះជាគ្មានការចូលរួមពីគណបក្សប្រឆាំង ដែលមាន៥៥អាសនៈ និងដែលបានធ្វើពហិការមិនចូលរួមបើកសម័យប្រជុំ ដោយសារមិនទាន់មានការដោះស្រាយភាពមិនប្រក្រតីអំឡុងការបោះឆ្នោតកាលពីខែកក្កដា។
សេចក្ដីថ្លែងការណ៍នេះមានខ្លឹមសារថា “រដ្ឋសភាគឺត្រូវបានអនុម័តដោយសំឡេងឆ្នោត៦៨ ច្រើនជាងសំឡេងភាគច្រើនដាច់ខាតនៃសមាជិក [ទាំង១២៣រូប]។ ដូច្នេះការបោះឆ្នោតសភា… គឺបានអនុលោមទៅតាមរដ្ឋធម្មនុញ្ញ និងបទបញ្ជាផ្ទៃក្នុងរបស់សភានីតិកាលទី៥នេះ”។ សេចក្ដីថ្លែងការណ៍នេះមានខ្លឹមសារបន្តថា “តាមរយៈការមិនទទួលស្គាល់រដ្ឋាភិបាលអាណត្តិទី៥ថា ជារដ្ឋាភិបាលស្របច្បាប់គណបក្សសង្គ្រោះជាតិកំពុងធ្វើសកម្មភាព ផ្ទុយពីរដ្ឋធម្មនុញ្ញ ផ្ទុយនឹងរបបប្រជាធិប តេយ្យ និងប្រឆាំងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា”។
គួររំឭកថា ទោះបីជាមានការធ្វើពហិការពីគណបក្សសង្រោះជាតិក៏ដោយ ក៏សមាជិកសភាទាំង៦៨រូបរបស់គណបក្សប្រជាជននៅតែបានបើកសម័យប្រជុំសភាលើកដំបូង កាលពីថ្ងៃទី២៣ ខែកញ្ញា ក្រោមព្រះរាជអធិបតីភាពរបស់ព្រះមហាក្សត្រនរោត្តម សីហមុនី និងមានការចូលរួមពីសំណាក់អ្នកការទូតមកពីប្រទេសផ្ដល់ជំនួយសំខាន់ៗមួយចំនួនទៀត។
លោក ផៃ ស៊ីផាន ជាអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី បានថ្លែងកាលពីម្សិលមិញថា រដ្ឋាភិបាលអាចបង្ហាញថា គណបក្សសង្គ្រោះជាតិបានរំលោភច្បាប់ផ្សេងៗគ្នាក្នុងការប្រឹងប្រែងបំផ្លាញភាពស្របច្បាប់របស់រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។ លោកបានថ្លែងថា “ ខ្ញុំមិនចង់ប្រើ [សេចក្ដីថ្លែងការណ៍របស់រដ្ឋសភា] ទេ ក៏ប៉ុន្តែមានច្បាប់ពាក់ព័ន្ធមួយចំនួនដែលមិនអនុញ្ញាតឲ្យនរណាម្នាក់បំពានរដ្ឋាភិបាល”។
លោក ស៊ីផាន បានថ្លែងបន្តថា “មេធាវីជាច្រើនអាចបង្ហាញថា [គណបក្សសង្គ្រោះជាតិ] ប្រឆាំងនឹងព្រះមហាក្សត្រ ដែលផ្ញើព្រះរាជសារបីច្បាប់ [កោះអញ្ជើញគណបក្សសង្គ្រោះជាតិឲ្យចូលប្រជុំសភា]។ មេធាវីរបស់រដ្ឋាភិបាលអាចបញ្ជាក់បានថា សកម្មភាពរបស់គណបក្សសង្គ្រោះជាតិគឺប្រឆាំងនឹងព្រះមហាក្សត្រ និងរដ្ឋធម្មនុញ្ញ]។
លោកស្រី កឹម មុនីវិទ្យា អនុប្រធានផ្នែកកិច្ចការសាធារណៈរបស់គណបក្សសង្គ្រោះជាតិ បានលើកឡើងថា គណបក្សប្រឆាំងមិនខ្លាចការគំរាមច្បាស់ៗក្នុងសេចក្ដីថ្លែងការណ៍របស់រដ្ឋសភាទេ ព្រោះស្ថាប័ននេះត្រូវបានបង្កើតឡើង ដោយខុសច្បាប់តាំងពីដំបូង។ លោកស្រីបានបន្ថែមថា “យើងឈរលើមូលដ្ឋានច្បាប់ ហើយយើងមិនយកចិត្តទុកដាក់ចំពោះការគំរាមនេះសោះឡើយ”។
ប្រធានគណបក្សសង្គ្រោះជាតិ គឺលោក សម រង្ស៊ី បានលើកឡើងថា ការបកស្រាយរដ្ឋធម្មនុញ្ញដោយក្រុមប្រឹក្សាធម្មនុញ្ញនៅក្នុងពេលកន្លងមក បង្ហាញថា ការបើកសម័យប្រជុំសភាលើកដំបូងត្រូវមានការចូលរួមពីសមាជិកសភាយ៉ាងតិច១២០រូប ដូច្នេះរដ្ឋាភិបាលបច្ចុប្បន្នគឺមិនស្របច្បាប់ទេ។ លោកបានថ្លែងថា “ខ្ញុំគិតថា រដ្ឋធម្មនុញ្ញចែងច្បាស់ហើយ ដូច្នេះរដ្ឋាភិបាលត្រូវតែអនុវត្តតាមរដ្ឋធម្មនុញ្ញ ប្រសិនបើខ្លួនចង់បានភាពស្របច្បាប់។ ដូច្នេះខ្ញុំគិតថា ឥឡូវ បាល់ស្ថិតនៅខាងគណបក្សប្រជាជនវិញហើយ។យើងសូមស្នើឲ្យក្រុមប្រឹក្សាធម្មនុញ្ញបញ្ជាក់ ឬបដិសេធការបកស្រាយរដ្ឋធម្មនុញ្ញកន្លងមកដោយបញ្ជាក់ថា សភាមិនអាចធ្វើការដោយគ្មានសមាជិកយ៉ាងតិច១២០នាក់ធ្វើសច្ចាប្រណិធានមុនបានទេ”។
សេចក្ដីថ្លែងការណ៍ពីរដ្ឋសភាធ្វើឡើងបន្ទាប់ពីមានសេចក្ដីប្រកាសមួយពីគណបក្សសង្គ្រោះជាតិ ដែលថា ខ្លួននឹងបញ្ចុះបញ្ចូលសហគមន៍អន្តរជាតិមិនឲ្យទទួលស្គាល់រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា និងបន្ទាប់ពីមានការព្រមានពីរដ្ឋាភិបាលមិនឲ្យប្រមាថព្រះមហាក្សត្រដែលមិនអាចរិះគន់បានក្រោមច្បាប់កម្ពុជា។
កាលពីថ្ងៃទី១៩កញ្ញា គឺពេលគណបក្សសង្គ្រោះជាតិប្រមូលផ្ដុំអ្នកគាំទ្រឲ្យអំពាវនាវឲ្យព្រះមហាក្សត្រពន្យារពេលបើកសម័យប្រជុំសភា ទីស្ដីការគណៈរដ្ឋមន្ត្រីបានចេញសេចក្ដីប្រកាសរំឭកពលរដ្ឋថា ការប្រមាថព្រះមហាក្សត្រ គឺខុសច្បាប់ ។
សេចក្ដីប្រកាសនេះមានខ្លឹមសារថា “រាជរដ្ឋាភិបាលសូមអំពាវនាវដល់ប្រជាពលរដ្ឋឲ្យរក្សាតម្លៃ ភាពថ្លៃថ្នូរ និងគោរពព្រះមហាក្សត្រជាទីសក្ការៈនៃជាតិយើង និងគោរពរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលឲ្យបានហ្មត់ចត់”។
លោក គល់ បញ្ញា នាយកអង្គការខុមហ្វ្រែលបានលើកឡើងថា លុះត្រាតែស្បថចូលកាន់តំណែងជាសមាជិកសភាសិន ទើបសមាជិកជាប់ឆ្នោតរបស់គណបក្សសង្គ្រោះជាតិមានអភ័យឯកសិទ្ធិសភា ហើយបើគ្មានគណបក្សសង្គ្រោះជាតិទេ រដ្ឋាភិបាលដឹកនាំដោយបក្សប្រជាជននឹងពិបាកស្វែងរកភាពស្របច្បាប់។ លោកបានថ្លែងថា “[សមាជិកសភាបក្សសង្គ្រោះជាតិ] ងាយរងគ្រោះណាស់ ហើយបក្សប្រជាជនកំពុងប្រឈមនឹងអស្ថិរភាពក្នុងក្នុងដំណើរការរដ្ឋាភិបាលនិងសភា។ ពួកគេដឹងថា ខ្លួនមិនអាចកាត់ផ្ដាច់ពីគ្នាបានទេ ពួកគេត្រូវតែឈានដល់កិច្ចព្រមព្រៀងមួយ”។
ប្រែសម្រួលដោយ ចេវ ប៊ុននី