36 C
Phnom Penh

លោក ពូទីន អបអរ​ជ័យជម្នះ​លោក ម៉ាក្រុង ខណៈ​លោក ម៉ាក្រុង បញ្ជូន​សព្វាវុធ​ជួយ​អ៊ុយក្រែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ថ្ងៃ​អាទិត្យ ទី​២៤ មេសា ប្រទេស​បារាំង​បង្កើត​បាន​នូវ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​ថ្មី​ទៀត គឺ​ការ​បោះឆ្នោត​ប្រធានាធិបតី ដែល​ជា​ការ​បោះឆ្នោត​ជុំ​ផ្ដាច់ព្រ័ត្រ​រវាង​បេក្ខជន ២​រូប គឺ​លោក Emmanuel Macron ដែល​ជា​បេក្ខជន​ប្រធានាធិបតី​កំពុង​កាន់​តំណែង និង​អ្នកស្រី Marine Le Pen។

លទ្ធផល​ដែល​បាន​បង្ហាញ​ថា លោក ម៉ាក្រុង អាច​កាន់កាប់​អាណត្តិ​ទី​ពីរ​របស់​ខ្លួន​បាន គឺ​លោក ម៉ាក្រុង បាន​ឈ្នះ​ឆ្នោត​ដោយ​គិត​ជា​ភាគរយ គឺ​ជាង ៥៨% ហើយ​ចំណែក​អ្នកស្រី Marine Le Pen ដែល​មកពី​បក្ស​ស្ដាំ​និយម បាន​សន្លឹកឆ្នោត​ជាង ៤១%។ ជ័យជម្នះ​របស់​លោក ម៉ាក្រុង បាន​នាំ​ឱ្យ​មេដឹកនាំ​ពិភពលោក​ជាច្រើន​បញ្ជូន​លិខិត​អបអរ​សាទរ។

ប៉ុន្តែ​អ្វី​ដែល​ជា​ការ​ភ្ញាក់ផ្អើល គឺ​ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) ក៏​បាន​បញ្ជូន​សារ​ចូលរួម​អបអរ​លោក ម៉ាក្រុង ឈ្នះ​ឆ្នោត​ផង​ដែរ ហើយ​ធ្វើ​ឲ្យ​មាន​ការ​កត់សម្គាល់​អំពី​សារ​របស់​លោក ពូទីន ដែល​បាន​ផ្ញើ​ឲ្យ​មេដឹកនាំ​ម្នាក់​ដែល​កំពុង​ផ្ដល់​សព្វាវុធ​ធុន​ធ្ងន់​ទៅ​ឲ្យ​កងទ័ព​អ៊ុយក្រែន​យក​ទៅ​ច្បាំង​នឹង​កងទ័ព​រុស្ស៊ី។

សារព័ត៌មាន AP មើល​ឃើញ​ចរិត​មេដឹកនាំ​ផ្ដាច់ការ​នៃ​ទីក្រុង​មូស្គូ​ម្នាក់​នេះ​ដែល​កោងកាច គឺ​មិន​សម​នឹង​ទន់ភ្លន់​ដាក់​មេដឹកនាំ​បស្ចិម​ប្រទេស​មួយ​នេះ​ទេ ព្រោះ​របប​លោក ពូទីន ក៏​កំពុង​រង​ទណ្ឌកម្ម​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​លោក ម៉ាក្រុង ផង​ដែរ។ អ្វី​ជា​ការ​កត់សម្គាល់​ទៀត​នោះ គឺ​នៅ​មុន​ការ​បោះឆ្នោត​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ លោក ម៉ាក្រុង បាន​បញ្ជា​ឱ្យ​រដ្ឋការ​របស់​លោក​បញ្ជូន​អាវុធ​ធុន​ធ្ងន់​ឲ្យ​កងទ័ព​អ៊ុយក្រែន ដើម្បី​ច្បាំង​ការពារ​ទឹកដី​ពី​ការ​ឈ្លានពាន​នៃ​សង្គ្រាម​របស់​លោក ពូទីន។ អាវុធ​ធុន​ធ្ងន់​មួយ​ចំនួន​ដែល​ជា​អាវុធ​ដ៏​ទំនើប និង​មាន​ប្រសិទ្ធភាព​បំផុត​ដែល​លោក ម៉ាក្រុង បញ្ជូន​ឱ្យ​អ៊ុយក្រែន គឺ​កាំភ្លើង​ធំ Caesar និង​មីស៊ីល​ប្រឆាំង​រថពាសដែក Milan ព្រមទាំង​អាវុធ​ជាច្រើន​ប្រភេទ​ផ្សេង​ទៀត។

អាវុធ Caesar ជា​កាំភ្លើង​ធំ​បំពាក់​លើ​ឡាន​កាមីញ៉ុង​មាន​កាណុង​រង្វង់ ១៥៥​មិល្លីម៉ែត្រ អាច​បាញ់​បាន​ដល់ ៤០​គីឡូម៉ែត្រ ឬ ២៥​ម៉ាយ។

កាំភ្លើង​ត្បាល់​នេះ​ធ្លាប់​បាន​យក​ធ្វើ​ចម្បាំង​នៅ​អាហ្វហ្គានីស្ថាន និង​វាយប្រហារ​ទៅលើ​ក្រុម​រដ្ឋ​ភេរវកម្ម​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់ កាលពី​ឆ្នាំ​២០១៧។ តាម​ដំណឹង​មក​ថា កងទ័ព​អ៊ុយក្រែន​ជាង ៤០​នាក់​បាន​មក​ហ្វឹកហាត់​ប្រើ​អាវុធ​នេះ​នៅ​ក្នុង​ប្រទេស​បារាំង មុន​នឹង​បញ្ជូន​ទៅ​ឲ្យ​កងទ័ព​អ៊ុយក្រែន។ កាំភ្លើង​ធំ​នេះ​អាច​បាញ់​បាន ៦​ដង​ក្នុង​មួយ​នាទី ចំណែក​មីស៊ីល​មីឡង់ ជា​អាវុធ​មាន​វ័យ​ចំណាស់​បន្តិច ហើយ​អ៊ុយក្រែន​ធ្លាប់​បាន​ទទួល​ខ្លះ​មក​ហើយ។ អាវុធ​ទាំងនេះ​បាន​បញ្ជូន​ទៅ​អ៊ុយក្រែន​ជា​បណ្តើរៗ​ហើយ។

ក្នុង​យុទ្ធនាការ​រក​សំឡេង​ឆ្នោត​ដ៏​ក្ដៅ​គគុក បេក្ខជន ១០​រូប​នៃ​តំណែង​ប្រធានាធិបតី​បារាំង សុទ្ធតែ​បាន​ផ្ដោត​លើ​សង្គ្រាម​នៅ​អ៊ុយក្រែន។ គ្មាន​បេក្ខជន​ណា​មួយ​មិន​មាន​របៀបវារៈ​អំពី​រឿង​នេះ​ទេ។

សម្រាប់​លោក ម៉ាក្រុង រង​ការ​រិះគន់​ជា​ខ្លាំង​ព្រោះ​លោក​ព្យាយាម​ទូរស័ព្ទ​ទៅ​លោក ពូទីន ឱ្យ​បើក​ចរចា​ជាមួយ​ប្រធានាធិបតី​អ៊ុយក្រែន ហើយ​បាន​ទទូច​ឱ្យ​ជន​ផ្ដាច់ការ​រុស្ស៊ី​ម្នាក់​នេះ​បញ្ចប់​សង្គ្រាម​លើ​ទឹកដី​អ៊ុយក្រែន តែ​លោក ពូទីន មិន​បាន​ស្ដាប់​លោក​ឡើយ។

ដោយសារតែ​ដូចនេះ​ហើយ មេដឹកនាំ​ប៉ូឡូញ​បាន​ចំអក​ឱ្យ​លោក ម៉ាក្រុង ថា ព្យាយាម​បញ្ចុះបញ្ចូល​លោក ពូទីន ដោយ​ឥតប្រយោជន៍ ហើយ​មេដឹកនាំ​ប៉ូឡូញ ស្នើ​ឱ្យ​លោក ម៉ាក្រុង ចាត់ទុក​លោក ពូទីន ជា​អតីត​មេដឹកនាំ​អាល្លឺម៉ង់ អាឌុល អ៊ីត្លែរ ឬ​ក៏ ប៉ុល ពត អតីត​នាយករដ្ឋមន្ត្រី​កម្ពុជា​នៃ​របប​ខ្មែរក្រហម។

ចាប់តាំង​ពី​នោះ​មក គេ​សង្កេត​ឃើញ​លោក ម៉ាក្រុង ដកថយ​ក្រោយ​មួយ​ជំហាន​វិញ ហើយ​ក៏​សម្រេច​ចូលរួម​ជាមួយ​ប្រទេស​ផ្សេងៗ​ទៀត​ផ្ដល់​អាវុធ​ទៅ​ឱ្យ​កងទ័ព​អ៊ុយក្រែន។

សម្រាប់​អ្នកវិភាគ​ម្នាក់ គឺ​លោក François Heisbourg ដែល​ជំនាញ​របស់​លោក​អំពី​កិច្ចការ​សន្តិសុខ​មកពី​វិទ្យាស្ថាន​អន្តរជាតិ​សិក្សា​អំពី​យុទ្ធសាស្ត្រ​សង្គ្រាម មើល​ឃើញ​ថា លោក ម៉ាក្រុង ដែល​សម្រេច​បញ្ជូន​អាវុធ​ទៅ​ឱ្យ​កងទ័ព​អ៊ុយក្រែន​ពិតជា​របៀបវារៈ​ដ៏​គន្លឹះ​របស់​លោក ហើយ​ដែល​ជា​ជ្រុង​មួយ​នាំ​ឲ្យ​លោក ម៉ាក្រុង ឈ្នះ​ការ​បោះឆ្នោត​បន្ត​អាណត្តិ​ទី​២ របស់​លោក​ជា​ប្រធានាធិបតី​បារាំង។

អ្នកវិភាគ​រូប​នេះ​ថា ប្រទេស​ដែល​មាន​សក្ដានុពល​ផ្នែក​កងទ័ព​ដូចជា​សហរដ្ឋ​អាមេរិក អង់គ្លេស អាល្លឺម៉ង់ កាណាដា អូស្ត្រាលី កំពុង​បន្ថែម​ជំនួយ​សព្វាវុធ​ទៅ​ឱ្យ​កងទ័ព​អ៊ុយក្រែន ដែល​នេះ​ហើយ​ធ្វើ​ឱ្យ​លោក ម៉ាក្រុង មាន​ការ​អៀនខ្មាស។ តែ​លោក​ថា ចិត្តសាស្ត្រ​របស់​មេដឹកនាំ​មាន​ច្រើន​សណ្ឋាន ដែល​ពេល​ខ្លះ​ទន់ភ្លន់ តែ​ពេល​ខ្លះ​ប្រកាន់​ជំហរ​អត្តនោម័តិ។

អ្នកវិភាគ​រូប​នេះ​ថា ដោយសារតែ​អ៊ុយក្រែន​មាន​អាវុធ​ទំនើប​របស់​ពួក​បស្ចិម​ប្រទេស​នេះ​ហើយ​ដែល​នាំ​ឱ្យ​រុស្ស៊ី វាយ​ចូល​រដ្ឋធានី​គៀវ មិន​បាន ហើយ​ក៏​ធ្វើ​ឲ្យ​របប​លោក ពូទីន គិត​អំពី​បរាជ័យ​របស់​ខ្លួន​ខ្លះ​ដែរ។

តាម​ដំណឹង​ពី​ប្រទេស​អាល្លឺម៉ង់ គឺ​សមាជិក​សភា​ម្នាក់​និយាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា សភា​បាន​អនុម័ត​ជា​ផ្លូវការ​ឱ្យ​រដ្ឋាភិបាល​បញ្ជូន​ប្រព័ន្ធ​អាវុធ​ប្រឆាំង​យន្តហោះ​ចម្បាំង​ទៅ​ឱ្យ​អ៊ុយក្រែន ខណៈ​សហរដ្ឋ​អាមេរិក​ចាប់ផ្ដើម​បើក​កិច្ចប្រជុំ​បន្ទាន់​ជាមួយ​សម្ព័ន្ធមិត្ត ដើម្បី​ពិភាក្សា​គ្នា​ពី​ការ​បង្កើន​ការ​ផ្ដល់​ជំនួយ​យោធា​ដល់​អ៊ុយក្រែន។ សមាជិក​សភា Johannes Vogel បាន​បង្ហើប​ដូចនេះ​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាល្លឺម៉ង់។ ចំណែក​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាល្លឺម៉ង់ អ្នកស្រី Christine Lambrecht ថា​នឹង​ប្រកាស​ពី​ការ​សម្រេច​ចិត្ត​ជាមួយ​សម្ព័ន្ធមិត្ត ដើម្បី​បង្កើន​ការ​ផ្ដល់​សព្វាវុធ​ទៅ​ឱ្យ​ប្រទេស​អ៊ុយក្រែន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស