34 C
Phnom Penh

សង្គម​ស៊ីវិល​៥​ស្ថាប័ន​ស្នើ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​និង​អព្យាក្រឹតភាព​មន្ត្រី​រាជការ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​សង្គម​ស៊ីវិល​ចំនួន ៥​ស្ថាប័ន ស្នើ​ទៅ​ភាគី​ពាក់ព័ន្ធ​ត្រូវ​ពង្រឹង​ការ​អនុវត្ត​ឱ្យ​ត្រឹមត្រូវ​តាម​ច្បាប់ បទបញ្ជា និង​នីតិវិធី​សម្រាប់​ការ​បោះឆ្នោត រួម​ទាំង​ត្រូវ​ពង្រឹង​ពី​អព្យាក្រឹតភាព​របស់​មន្ត្រី​រាជការ និង​កងកម្លាំង​ប្រដាប់​អាវុធ ក្រោយពី​ពួកគេ​រក​ឃើញ​នៅ​ក្នុង​ដំណើរការ​នៃ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​កន្លងមក​ថ្មីៗ​នេះ។

របាយការណ៍​សង្ខេប​បឋម​ស្ដីពី​ស្ថានភាព​នៃ​ដំណើរការ​នៅ​ថ្ងៃ​បោះឆ្នោត និង​រាប់​សន្លឹកឆ្នោត​របស់​អង្គការ​សង្គម​ស៊ីវិល​ចំនួន ៥ រួម​មាន អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន អង្គការ​ខុមហ្វ្រែល សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​សន្តិភាព និង​ការ​អភិវឌ្ឍ និង​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (សង់ត្រាល់) ដែល​ចេញ​ផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃទី​៧ ខែ​មិថុនា បាន​ឱ្យ​ដឹង​ថា អំឡុង​ពេល​បោះឆ្នោត​នា​ថ្ងៃទី​៥ ខែ​មិថុនា ពួកគេ​រក​ឃើញ​នូវ​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​នៅ​តាម​មណ្ឌល ឬ​ការិយាល័យ​បោះឆ្នោត។

ប្រភព​ដដែល​ឲ្យ​ដឹង​ថា ភាព​មិន​ប្រក្រតី​ទាំងនោះ​រួម​មាន វត្តមាន​សមាជិក​ភូមិ មេភូមិ មេឃុំ ចៅសង្កាត់ មន្ត្រី​នគរបាល និង​បេក្ខជន​ឈរ​ឈ្មោះ បាន​នាំគ្នា​ទៅ​ឈរ​នៅ​ក្នុង​បរិវេណ​ការិយាល័យ​បោះឆ្នោត ឬ​តាម​ភូមិ​នានា​ក្នុង​ឃុំ-សង្កាត់​របស់​ខ្លួន។

របាយការណ៍​ដដែល​ឲ្យ​ដឹង​ទៀត​ថា ការ​រក​ឈ្មោះ​មិន​ឃើញ និង​ទិន្នន័យ​ក្នុង​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​ខុសពី​ទិន្នន័យ​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត រួម​ទាំង​មិន​មាន​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​បម្រើ​ឱ្យ​ការ​បោះឆ្នោត និង​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ហួស​សុពលភាព​ប្រើប្រាស់ ឬ​បាត់បង់ បាន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មិន​បាន​បោះឆ្នោត​ផង​ដែរ។

ចំពោះ​ការ​រាប់​សន្លឹកឆ្នោត​វិញ អង្គការ​សង្គម​ស៊ីវិល​ទាំង​៥ បាន​សង្កេត​ឃើញ​មាន​ភាព​មិន​ប្រក្រតី​ដូច​គ្នា​ដែរ ក្នុង​នោះ​អ្នក​សង្កេតការណ៍​ត្រូវ​បាន​រារាំង​មិន​ឱ្យ​ចូល​សង្កេត និង​មិន​ឱ្យ​ថត​ដំណើរការ​រាប់​សន្លឹកឆ្នោត​នៅ​តាម​ការិយាល័យ​មួយ​ចំនួន ខណៈ​ដំណើរការ​រាប់​សន្លឹកឆ្នោត​នៅ​ការិយាល័យ​មួយ​ចំនួន​ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា បាន​ប្រព្រឹត្ត​ទៅ​ក្នុង​ស្ថានភាព​បិទបាំង និង​ខ្វះ​តម្លាភាព ដោយសារ​ការ​បិទ​ច្រក​ការិយាល័យ បិទ​ទ្វារ​បង្អួច​ការិយាល័យ​រាប់​សន្លឹកឆ្នោត ដោយ​មិន​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​ចូល​មើល​ពី​ការ​រាប់​សន្លឹកឆ្នោត។

ក្រៅពី​ពលរដ្ឋ​មួយ​ចំនួន​មិន​បាន​បោះឆ្នោត និង​ការ​រាប់​សន្លឹកឆ្នោត​ខ្វះ​តម្លាភាព​ហើយ មន្ត្រី​ការិយាល័យ​បោះឆ្នោត​មួយ​ចំនួន​មិន​បាន​បិទ​ផ្សាយ​កំណត់ហេតុ​នៃ​ការ​រាប់​សន្លឹកឆ្នោត (ទម្រង់​១១០២) នៅ​មុខ​ការិយាល័យ​បោះឆ្នោត ក្រោយពី​ដំណើរការ​បោះឆ្នោត​បញ្ចប់​នោះ​ទេ។ ជាមួយ​គ្នា​នេះ ការិយាល័យ​មួយ​ចំនួន​ទៀត​ក៏​មិន​បាន​បំពេញ​ព័ត៌មាន​ដែល​បាន​កំណត់​ក្នុង​ច្បាប់ បទបញ្ជា និង​នីតិវិធី​អំពី​លទ្ធផល​នៃ​ការ​រាប់​សន្លឹកឆ្នោត​សម្រាប់​គណបក្ស​នយោបាយ​នីមួយៗ​ក្នុង​កំណត់ហេតុ​នៃ​ការ​រាប់​សន្លឹកឆ្នោត ដែល​ត្រូវ​បិទ​មុខ​ការិយាល័យ​បោះឆ្នោត​ដែរ។

ករណី​នេះ ពួកគេ​ស្នើ​ទៅ​ភាគី​ពាក់ព័ន្ធ​ឱ្យ​ពិនិត្យ​មើល​ការ​បំពេញ​នូវ​លក្ខខណ្ឌ​អប្បបរមា​ទាំង ៦​ចំណុច​ដែល​បាន​លើកឡើង ជាពិសេស​ពង្រឹង​ការ​អនុវត្ត​ឱ្យ​បាន​ត្រឹមត្រូវ​តាម​ច្បាប់ បទបញ្ជា និង​នីតិវិធី​សម្រាប់​ការ​បោះឆ្នោត អព្យាក្រឹតភាព​របស់​មន្ត្រី​រាជការ កងកម្លាំង​ប្រដាប់​អាវុធ ព្រម​ទាំង​ពង្រឹង​សមត្ថភាព​គ្រប់គ្រង និង​ចាត់ចែង​ការ​បោះឆ្នោត​របស់​ស្ថាប័ន គ.ជ.ប ព្រមទាំង​លើក​កម្ពស់​សិទ្ធិ និង​តួនាទី​របស់​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ដំណើរការ​បោះឆ្នោត​ផង​ដែរ។

ក្នុង​សន្និសីទ​កាសែត​កាលពី​ថ្ងៃទី​៦ មិថុនា លោក សុន ឆ័យ អនុប្រធាន និង​មន្ត្រី​ជាន់ខ្ពស់​នៃ​គណបក្ស​ភ្លើង​ទៀន បាន​លើកឡើង​ថា ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៥ នេះ​ប្រព្រឹត្ត​មិន​សេរី មិន​ត្រឹមត្រូវ និង​មិន​យុត្តិធម៌​ឡើយ។ លោក​ថា បេក្ខជន​បក្ស​នេះ​បាន​រង​ការ​គាប​សង្កត់ បំភិតបំភ័យ​ចាប់តាំងពី​ការ​រៀបចំ​បញ្ជី​បេក្ខជន​រហូត​ដល់​ការ​ដាក់​បញ្ជី​អ្នក​សង្កេតការណ៍ ហើយ​រាល់​សកម្មភាព​កៀរគរ​ពលរដ្ឋ​តាមរយៈ​ការ​ទិញ​សន្លឹកឆ្នោត តាមដាន សម្លុត គំរាម ដោយ​មិន​មាន​ការ​អង្កេត និង​ហាមប្រាម​ពី គ.ជ.ប នោះ​ទេ។

មួយ​វិញ​ទៀត ពេល​រាប់​សន្លឹកឆ្នោត គ្រប់​មណ្ឌល​បោះឆ្នោត​ទូទាំង​ប្រទេស​ត្រូវ​បាន​បិទ​ទ្វារ​របង​ចាប់ពី​ម៉ោង ៣​រសៀល និង​បាន​បណ្តេញ​ពលរដ្ឋ​ចេញ​មិន​ឱ្យ​តាមដាន​ការ​រាប់​សន្លឹកឆ្នោត ខណៈ​ភ្នាក់ងារ​គណបក្ស​មួយ​ចំនួន​ត្រូវ​គេ​បណ្តេញ​ឱ្យ​នៅ​ក្រៅ​មណ្ឌល​បោះឆ្នោត​នៅ​ពេល​រាប់​សន្លឹកឆ្នោត និង​ករណី​ខ្លះ​ទៀត មិន​ថត​យក​លទ្ធផល​ដែល​ស្ថិត​នៅ​ការិយាល័យ​បោះឆ្នោត​ផង​ដែរ។

ឆ្លើយតប​នឹង​ករណី​នេះ គ.ជ.ប ក៏​បាន​ចេញ​សេចក្ដី​បំភ្លឺ​ថា ការ​បោះឆ្នោត​ឃុំ-សង្កាត់​អាណត្តិ​ទី​៥ ឆ្នាំ​២០២២ បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ល្អ សេរី យុត្តិធម៌ តម្លាភាព គ្មាន​ការ​គំរាមកំហែង គ្មាន​អំពើ​ហិង្សា ឬ​មាន​ភាព​មិន​ប្រក្រតី​ណា​មួយ​កើតឡើង​ឡើយ។ លើស​ពី​នេះ ក៏​មាន​គ្រប់​ភាគី​ពាក់ព័ន្ធ ក្នុង​នោះ​គណបក្ស​នយោបាយ​ចូលរួម​ប្រកួតប្រជែង​ក្នុង​ការ​បោះឆ្នោត និង​អ្នក​សង្កេតការណ៍​ជាតិ អន្តរជាតិ បាន​វាយតម្លៃ និង​អបអរ​សាទរ​អំពី​ដំណើរការ​នេះ​ដែរ។

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ក៏​បាន​ច្រានចោល​ការ​ចោទ​ប្រកាន់​របស់​គណបក្ស​ភ្លើង​ទៀន និង​បាន​ចាត់ទុក​ការ​លើកឡើង​នោះ​ថា​ខុសពី​ច្បាប់ បទបញ្ជា និង​នីតិវិធី​របស់ គ.ជ.ប ថែម​ទៀត ដើម្បី​បំភាន់​សាធារណមតិ​ឱ្យ​យល់​ខុស​មក​លើ គ.ជ.ប ក៏ដូចជា​ការ​រៀបចំ​ការ​បោះឆ្នោត​ទាំងមូល។

អ្នក​នាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា មាន​ប្រសាសន៍​ថា ក្នុង​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ មិន​បាន​ចែង​ថា​អាជ្ញាធរ​ដែល​ស្លៀកពាក់​ស៊ីវិល​ទៅ​អង្គុយ ឬ​ឈរ​ចាំ​កត់ត្រា​ឈ្មោះ​នៅ​ក្រៅ​បរិវេណ​ការិយាល័យ​បោះឆ្នោត​នោះ​ជា​រឿង​ខុស​ច្បាប់​នោះ​ទេ។

លោក​បន្ថែម​ថា លោក​លើក​ទឹកចិត្ត​ឱ្យ​មាន​ការ​ដាក់​ពាក្យ​បណ្តឹង​ទៅ​ស្ថាប័ន​រៀបចំ​ការ​បោះឆ្នោត ប្រសិនបើ​អង្គការ​សង្គម​ស៊ីវិល ឬ​គណបក្ស​នយោបាយ​ណា​មួយ​រក​ឃើញ​ភាព​មិន​ប្រក្រតី ឬ​ការ​គំរាមកំហែង​ណា​មួយ​នៅ​ក្នុង​ដំណើរការ​នៃ​ការ​បោះឆ្នោត​នេះ។

កាលពី​ថ្ងៃទី​៥ ខែ​ឧសភា ឆ្នាំ​២០២២ សហភាព​អឺរ៉ុប ប្រកាស​ដក​ប្រព័ន្ធ​អនុគ្រោះ​ទាំងស្រុង​ចេញពី​ប្រទេស​កម្ពុជា បើសិនជា​ខ្លួន​រក​ឃើញ​ថា​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​នៅ​កម្ពុជា​ប្រព្រឹត្ត​ទៅ​មិន​សេរី មិន​ត្រឹមត្រូវ និង​មិន​យុត្តិធម៌​នោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស