អំណាចគឺជាគ្រឿងញៀនរបស់អ្នកនយោបាយ ព្រោះមានអំណាច ធ្វើឲ្យបុគ្គលមានសិទ្ធិសម្រេចចិត្តគ្រប់បែបយ៉ាង។ អ្នកកាន់អំណាចមិនចង់ឲ្យអំណាចរបូតពីដៃ ឯអ្នកមិនទាន់កាន់អំណាច តែងតែចង់ដណ្តើមអំណាច។
បញ្ហានេះបានកើតមានស្ទើរគ្រប់សង្គមក្នុងពិភពលោក ជាពិសេសចំពោះប្រទេសដែលមានប្រព័ន្ធគ្រប់គ្រងជាតិមិនតាមគោលការណ៍ប្រជាធិបតេយ្យ។ ក្នុងប្រវត្តិសាស្ត្រកម្ពុជា ក៏ដូចជាប្រទេសដទៃទៀតដែរ ដែលគេតែងឃើញអ្នកនយោបាយខ្លះ ឬរាជាខ្លះបានកាប់សម្លាប់បងប្អូន ឬឪពុកបង្កើតរបស់ខ្លួនដើម្បីតែអំណាច។
ដូច្នេះ តើកម្ពុជាបច្ចុប្បន្នអាចមានបញ្ហាទំនាស់នយោបាយរវាងបងប្អូនបង្កើតក្នុងត្រកូល ហ៊ុន ដែរឬទេ? លោក តាំង សារ៉ាដា សូមជូនបទវិភាគអំពីរឿងនេះ។
ក្នុងចំណោមកូនៗរបស់លោក ហ៊ុន សែន គេធ្លាប់ឮតែពីលោក ហ៊ុន ម៉ានី និងលោក ហ៊ុន ម៉ាណែត ប៉ុណ្ណោះដែលតែងបញ្ចេញទស្សនៈជាសាធារណៈអំពីចំណាប់អារម្មណ៍ផ្ទាល់ខ្លួនចំពោះតំណែងនាយករដ្ឋមន្ត្រីក្នុងពេលអនាគត។
សារព័ត៌មានជាច្រើនបានចុះផ្សាយសម្ដីរបស់លោក ហ៊ុន ម៉ានី កាលពីខែតុលា ឆ្នាំ២០១៨ អំពីការបញ្ជាក់ជំហរចង់ធ្វើជានាយករដ្ឋមន្ត្រី រីឯលោក ហ៊ុន ម៉ាណែត ពេលនោះមិនបានបញ្ជាក់ជំហរថាចង់ធ្វើជានាយករដ្ឋមន្ត្រី ប៉ុន្តែក៏មិនបដិសេធនោះដែរ។
ពេលដែលត្រូវបានសួរនៅក្នុងការផ្សាយបន្តផ្ទាល់ដោយវិទ្យុក្នុងស្រុកមួយក្នុងឆ្នាំ២០១៥ ថា តើលោកចង់ក្លាយជានាយករដ្ឋមន្ត្រីដែរទេ? ពេលនោះលោក ហ៊ុន ម៉ានី បានឆ្លើយថា តួនាទីកំពូលនេះគឺជាសុបិនរបស់យុវវ័យគ្រប់រូប។ រីឯលោក ហ៊ុន ម៉ាណែត វិញក៏បានផ្តល់កិច្ចសម្ភាសន៍ដល់សារព័ត៌មាន ABC អូស្ត្រាលីដែរអំពីសំណួរដូចគ្នានេះដែរ។ ក្នុងកិច្ចសម្ភាសន៍នោះ លោក ហ៊ុន ម៉ាណែត មិនបានឆ្លើយថា «បាទ ឬក៏ទេ» នោះឡើយ។
បើគេស្តាប់ចម្លើយខាងលើរបស់បងប្អូនបង្កើតទាំងពីរនេះ ច្បាស់ណាស់ គឺថាពួកគេសុទ្ធតែមានមហិច្ឆតាចង់ធ្វើជានាយករដ្ឋមន្ត្រីស្នងឪពុករបស់ខ្លួន។
តាមពិត អ្វីដែលលោក ហ៊ុន ម៉ានី និយាយគឺជាការពិត។ មនុស្សស្ទើរគ្រប់រូប ជាពិសេសអ្នកនយោបាយពិតជាស្រឡាញ់អំណាច ឬតួនាទីដ៏ខ្ពស់បែបនេះ។ ប៉ុន្តែអ្នកនយោបាយអាចចែកចេញជាពីរប្រភេទធំៗ ទី១ គឺអ្នកនយោបាយដែលស្រឡាញ់អំណាចដើម្បីប្រជាពលរដ្ឋ ហើយទី២ គឺអ្នកនយោបាយដែលស្រឡាញ់អំណាចដើម្បីខ្លួនឯង។
មេដឹកនាំដែលស្រឡាញ់អំណាច គឺភាគច្រើនជាអ្នកដឹកនាំផ្ដាច់ការ ដូចជាលោក ហ៊ុន សែន ប៉ុល ពត ហ៊ីត្លែរ ហ្គាដាហ្វី គីម ជុនអ៊ុន លី សៀនឡុង ថេនសេន និងមេដឹកនាំនៅអាហ្វ្រិកខាងជើងមួយចំនួនទៀត។
ម្យ៉ាងទៀត ពួកគេសុទ្ធតែដឹងច្បាស់ថា ខ្លួនគេម្នាក់ៗសុទ្ធតែមានឱកាសប្រសិនបើឪពុករបស់ខ្លួនគាំទ្រ។ ក្នុងរបប ឬសង្គមផ្ដាច់ការ វាជាការងាយស្រួលបំផុតក្នុងការផ្តល់ ឬផ្ទេរអំណាចទៅឲ្យនរណាម្នាក់ ប្រសិនបើមេដឹកនាំផ្ដាច់ការនោះចង់ធ្វើ។
សម្រាប់ប្រទេសកម្ពុជា វាក៏ដូច្នោះដែរ។ គណបក្សប្រជាជនកម្ពុជា ជាបក្សកាន់អំណាចដែលមានលោក ហ៊ុន សែន ជាអ្នកគ្រប់គ្រងអំណាចគ្រប់យ៉ាង។ ដូច្នេះ ការផ្តល់ ឬផ្ទេរអំណាចទៅឲ្យនរណាម្នាក់នោះ គឺវាអាស្រ័យលើលោក ហ៊ុន សែន ដែលគេស្គាល់ថាជាមេដឹកនាំផ្ដាច់ការដ៏យូរអង្វែងក្នុងប្រទេសកម្ពុជា។
ដូច្នេះ រវាងលោក ហ៊ុន ម៉ានី និងលោក ហ៊ុន ម៉ាណែត គឺអាស្រ័យទៅលើលោក ហ៊ុន សែន ថាតើលោកស្រឡាញ់កូនមួយណា និងផ្តល់តម្លៃដល់កូនមួយណាជាងនោះ។
មានពាក្យចចាមអារ៉ាមបានកើតមានជាបន្តបន្ទាប់អំពីចេតនារបស់លោក ហ៊ុន សែន ដែលចង់ឱ្យកូនរបស់លោកឡើងស្នងតំណែងបន្តពីលោក។ ថ្វីបើព័ត៌មាន និងការវិភាគនានាអាចជាក់លាក់ ក៏គេនៅតែមិនប្រាកដថា តើកូនមួយណាដែលលោក ហ៊ុន សែន ផ្តល់តម្លៃ និងទំនុកចិត្តសម្រាប់តួនាទីដ៏កំពូលមួយនេះ។
ទីបំផុត លោក ហ៊ុន សែន បានបញ្ចប់ភាពស្រពិចស្រពិលទាំងនេះ។ ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសជប៉ុន នាខែតុលា ឆ្នាំ២០១៨ លោក ហ៊ុន សែន បានផ្តល់កិច្ចសម្ភាសន៍ដល់សារព័ត៌មានជប៉ុន Kyodo ដោយបានប្រកាសថា អនាគតអ្នកស្នងតំណែងពីលោក គឺលោក ហ៊ុន ម៉ាណែត។
លោក ហ៊ុន សែន បានបន្តជំរុញផែនការផ្ទេរតំណែងនេះយ៉ាងសកម្ម និងលឿនតាមអ្វីដែលលោកអាចធ្វើទៅបាន ដោយរួមទាំងការធ្វើការគំរាមកំហែងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាខ្លះ ដូចជាលោក ស ខេង ជាដើម ឲ្យយល់ស្របតាមការចង់បានរបស់លោក។ បន្ទាប់មក គណបក្សកាន់អំណាចមួយនេះបានសម្រេចជាផ្លូវការក្នុងការតែងតាំងលោក ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្ត្រីនាពេលអនាគត។
ពេលនោះ គ្រប់រចនាសម្ព័ន្ធរបស់បក្ស និងរដ្ឋាភិបាល រួមទាំងលោក ហ៊ុន ម៉ានី ផង សុទ្ធតែបានចេញមុខប្រកាសគាំទ្របេក្ខភាពនាយករដ្ឋមន្ត្រីអនាគតរបស់លោក ហ៊ុន ម៉ាណែត។
ប៉ុន្តែអ្វីដែលឲ្យមានការចោទជាសំណួរនោះ ថាតើហេតុអ្វីបានជាលោក ហ៊ុន សែន នៅតែមិនមានភាពច្បាស់លាស់ក្នុងការដាក់ពេលវេលាសម្រាប់ខ្លួនលាលែងពីមុខតំណែង និងប្រកាសបេក្ខភាពឈរឈ្មោះជានាយករដ្ឋមន្ត្រីរបស់លោក ហ៊ុន ម៉ាណែត?
លោក ហ៊ុន សែន ធ្លាប់ប្រកាសថាកាន់អំណាចរហូតអស់មួយជីវិត ហើយក្រោយមកទៀតលោកប្រកាសថានឹងផ្ទេរអំណាចឲ្យអ្នកជំនាន់ក្រោយទៅវិញ។
បញ្ហានេះ បានធ្វើគេចោទជាសំណួរថា តើលោក ហ៊ុន សែន មានបញ្ហាអ្វីនៅពីក្រោយវាំងនននេះ? វាមានមូលហេតុជាច្រើនដែលធ្វើឲ្យលោក ហ៊ុន សែន ស្ថិតក្នុងជំហរមិនច្បាស់លាស់បែបនេះ។
អ្នកសង្កេតការណ៍ខ្លះធ្វើការវាយតម្លៃថា លោក ហ៊ុន សែន អាចមិនទាន់ដាច់អាល័យអំពីអំណាច ហើយចំណុចនេះអាចស៊ីសង្វាក់គ្នាទៅនឹងចរិត និងប្រវត្តិនៃការឡើងកាន់អំណាចរបស់លោក។
លោក ហ៊ុន សែន ត្រូវបានគេកត់សម្គាល់ក្នុងប្រវត្តិសាស្ត្រថាជាអ្នកនយោបាយមួយរូបដែលសុខចិត្តបម្រើបរទេស និងហ៊ានបំផ្លាញជាតិដើម្បីអំណាច។ ដូច្នេះការដែលលោកអាចចុះចេញពីអំណាច ប្រហែលមិនមែនជារឿងដ៏ងាយស្រួលពេកនោះទេ។ ប៉ុន្តែបើដូច្នោះមែន តើហេតុអ្វីលោក ហ៊ុន សែន ប្រញាប់ប្រញាល់ប្រកាសបេក្ខភាពអ្នកស្នងតំណែងជាផ្លូវការធ្វើអ្វី? ចំណុចនេះនាំឲ្យមានការវាយតម្លៃអំពីភាពមិនប្រាកដប្រជា ឬភាពស្ទាក់ស្ទើររបស់លោក។
ប៉ុន្តែអ្នកឃ្លាំមើលខ្លះអះអាងថា ការប្រកាសអំពីបេក្ខភាពបន្តវេនជានាយករដ្ឋមន្ត្រីដែលលោក ហ៊ុន សែន បានប្រកាសឡើងនោះ អាចជាតាក់ទិច ឬជាយុទ្ធសាស្ត្រធ្វើឲ្យមហាជន ឬគូបដិបក្ខរបស់លោកមានភាពវង្វេង ឬពិបាកក្នុងការប៉ាន់ស្មាន ថាតើលោកនឹងអនុញ្ញាតឲ្យមាននាយករដ្ឋមន្ត្រីថ្មីពេលណានោះ?
ប៉ុន្តែ ប្រសិនបើលោកគិតបែបនេះមែន វាហាក់ដូចជាមិនមែនជារឿងចាំបាច់ ឬសំខាន់នោះឡើយ។ សម្រាប់នយោបាយកម្ពុជា បើទោះបីលោក ឬកូនរបស់លោកកាន់តំណែងនាយករដ្ឋមន្ត្រីក៏ដោយ ក៏គ្មានអ្វីថ្មី ឬមានការប្រែប្រួលនោះទេ ពីព្រោះអ្វីៗនៅតែស្ថិតក្នុងការគ្រប់គ្រងរបស់គ្រួសារត្រកូល ហ៊ុន និងប្រព័ន្ធគ្រប់គ្រងដដែលតែប៉ុណ្ណោះ។
នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) លោក ប៉ា ងួនទៀង ធ្លាប់និយាយនៅក្នុងកម្មវិធី Idea Talk របស់សារព័ត៌មាន The Cambodia Daily ថា បើលោក ហ៊ុន ម៉ាណែត ឡើងកាន់អំណាចតាមរយៈការបន្តុបរបស់ឪពុកលោក គឺលោកប្រាកដជាធ្វើតាម និងដើរតាមការបញ្ជារបស់ឪពុករបស់លោកដដែល ដោយគ្មានអ្វីប្រែប្រួលនោះឡើយ។
ចំណែកប្រធានវេទិកាពលរដ្ឋ និងជាអ្នកវិភាគនយោបាយ និងសង្គម លោក គឹម សុខ ធ្លាប់អះអាងក្នុងកម្មវិធី Idea Talk របស់សារព័ត៌មាន The Cambodia Daily ក្នុងពេលថ្មីៗនេះថា លោក ហ៊ុន សែន អាចប្រឈមនឹងបញ្ហាទំនាស់ផ្ទៃក្នុងគ្រួសារក្នុងរឿងផ្ទេរអំណាចឲ្យលោក ហ៊ុន ម៉ាណែត ពីព្រោះលោក ហ៊ុន ម៉ានី ក៏ចង់បានតួនាទីដ៏កំពូលនេះដែរ។ ដូច្នេះភាគីបងប្អូនបង្កើតពីរនាក់នេះអាចមានទំនាស់នឹងគ្នាទៅថ្ងៃអនាគត។
ការលើកឡើងរបស់លោក គឹម សុខ អាចស៊ីសង្វាក់គ្នានឹងអ្វីដែលលោក ហ៊ុន ម៉ានី ធ្លាប់បានបង្ហាញជំហរអំពីមហិច្ឆតារបស់លោកចង់បានតួនាទីនាយករដ្ឋមន្ត្រី។ ប៉ុន្តែគេអាចជំទាស់នឹងលោក គឹម សុខ ដោយអះអាងថា លោក ហ៊ុន ម៉ានី ធ្លាប់បានប្រកាសគាំទ្របេក្ខភាពលោក ហ៊ុន ម៉ាណែត ជាសាធារណៈ បន្ទាប់ពីគណបក្សកាន់អំណាចនេះបានសម្រេចតែងតាំងលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីអនាគត។
ម្យ៉ាងទៀត មន្ត្រីនៅតាមអង្គភាពរដ្ឋ និងមន្ត្រីបក្សកាន់អំណាចទាំងអស់សុទ្ធតែបានប្រកាសជំហរគាំទ្រលោក ហ៊ុន ម៉ាណែត ហើយពួកគេធ្វើបែបនោះក៏ព្រោះតែខ្លាចអំណាចលោក ហ៊ុន សែន ឬដើម្បីតែយកចិត្តលោក ហ៊ុន ម៉ាណែត តែប៉ុណ្ណោះ។
ថ្វីបើគេពិបាកប៉ាន់ស្មានថាភាពទំនាស់ផ្ទៃក្នុងគ្រួសារត្រកូល ហ៊ុន ក្នុងរឿងនេះជាការពិត តែអ្វីដែលលោក គឹម សុខ លើកឡើងអាចជាហេតុផលមួយសម្រាប់ពិចារណាដែរ។ លោក គឹម សុខ អះអាងថា លោក ហ៊ុន សែន អាចចាត់ការ ឬកម្ទេចគេឯងស្រេចតែនឹងទំនើងចិត្ត តែមិនអាចវះកាត់បញ្ហាទំនាស់រវាងកូនៗរបស់ខ្លួនឯងបាន ដោយសារតែវាជារឿងសាច់ឈាមខ្លួនឯង។ ដូច្នេះ លោក ហ៊ុន សែន វះកាត់បញ្ហានេះមិនដាច់ទេ ម្ល៉ោះហើយមានតែបន្តកាន់អំណាចដោយខ្លួនឯងជាបន្តទៀត។
បើយោងទៅតាមសៀវភៅ «ក្តីសង្ឃឹម ហ៊ុន ម៉ានី» ដែលជាស្នាដៃនិពន្ធរបស់លោក លាង ដឺលុច សហស្ថាបនិក និងជាចាងហ្វាងការផ្សាយនៃសារព័ត៌មានអេឡិចត្រូនិកថ្មីៗ (ThmeyThmey.com) បានរៀបរាប់អំពីការចាប់ផ្តើមប្រឡូកក្នុងវិស័យនយោបាយ និងសង្គមរបស់លោក ហ៊ុន ម៉ានី ដែលចង់ឃើញប្រទេសកម្ពុជារីកចម្រើន ប្រជាពលរដ្ឋមានជីវភាពរុងរឿង និងយុវជនពោរពេញដោយសមត្ថភាពខ្ពស់ដែលអាចប្រកួតប្រជែងថ្នាក់តំបន់ និងពិភពលោក។
ខ្លឹមសារនៃសៀវភៅនោះ បានពិពណ៌នាផ្ដោតលើអ្នកបន្តវេននយោបាយមួយរូបក្នុងចំណោមកូនប្រុសទាំង ៣ របស់លោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ានី បានលេចមុខជួយកិច្ចការឪពុកជាសាធារណៈមុនគេតាមរយៈតួនាទីជាជំនួយការផ្ទាល់។ បន្ទាប់មក លោកបានក្លាយជាតំណាងរាស្ត្រដែលជាកិច្ចការនយោបាយជាន់ខ្ពស់តែម្តង។ ទន្ទឹមគ្នានេះ លោក ហ៊ុន ម៉ានី មានប្រជាប្រិយភាពខ្លាំងក្នុងចំណោមយុវជនតាមរយៈសកម្មភាពសង្គម និងមនុស្សធម៌។
អ្នកនិពន្ធបានលើកឡើងអំពីការយល់ឃើញថា លោក ហ៊ុន ម៉ានី ថាលោកចង់ក្លាយជាអ្នកនយោបាយដ៏មានសក្ដានុពលមួយរូបក្នុងពេលអនាគត។
អ្នកសង្កេតការណ៍ខ្លះនិយាយថា ការផ្ទេរអំណាចរបស់លោក ហ៊ុន សែន ទៅឲ្យលោក ហ៊ុន ម៉ាណែត អាចជួបភាពចម្រូងចម្រាស និងជួបឧបសគ្គដ៏លំបាកដោះស្រាយជាទីបំផុតដែលអាចនឹងកើតចេញពីគំនុំគ្រួសារត្រកូល «ហ៊ុន» នេះតែម្តង៕