បណ្ដាញផ្សាយព័ត៌មាននៃប្រទេសអូស្ត្រាលី ឈ្មោះថា theaustralian.com.au បានឱ្យដឹងថា ការលក់ភូមិគ្រឹះប្រណិតៗនៅក្នុងប្រទេសអូស្ត្រាលី កំពុងលក់ដាច់ជាខ្លាំង ដោយអ្នកទិញមកពីប្រទេសកម្ពុជា។
អ្នកមានប្រាក់ស្តុកស្ដម្ភចេញពីប្រទេសកម្ពុជា កំពុងចំណាយសាច់ប្រាក់ដល់ទៅ ៣៨លានដុល្លារអាមេរិក ដើម្បីចំណាយទៅលើការទិញភូមិគ្រឹះដ៏ប្រណិតទាំងនោះ ជាពិសេសនៅទីក្រុង Sydney។
សារព័ត៌មាននៃគេហទំព័រដដែលនេះបានដាក់ចំណងជើងថា៖ «អូស្ត្រាលីគឺជាឋានសួគ៌នៃគោលដៅនៃការលាងលុយកខ្វក់នៃរបបពុករលួយ»។
បើតាមប្រភពព័ត៌មានដដែលនេះឲ្យដឹងថា ការចំណាយសាច់ប្រាក់របស់អ្នកមានប្រាក់ស្ដុកស្ដម្ភចេញពីប្រទេសកម្ពុជា នៃលំហូរសាច់ប្រាក់ ៣៨លានដុល្លារ កំពុងត្រូវបានស្ថាប័នប្រឆាំងអំពើពុករលួយនៃប្រទេសអូស្ត្រាលី ធ្វើការស៊ើបអង្កេត។
យោងតាមលោក Bill Browder សកម្មជនប្រឆាំងអំពើពុករលួយនៃប្រទេសអូស្ត្រាលី បានឱ្យដឹងថា ក្រុមរបស់លោកកំពុងស្រាវជ្រាវអំពីលំហូរសាច់ប្រាក់ទាំងនេះដែលចេញពីប្រទេសកម្ពុជា ហើយត្រូវបានយកមកប្រើប្រាស់នៅលើទឹកដីនៃប្រទេសអូស្ត្រាលី ដូចជាការទិញអចលនទ្រព្យប្រណិតៗជាដើម។
លោក BillBrowder អះអាងថា បើយោងតាមច្បាប់បង្កក និងរឹបអូសទ្រព្យសម្បត្តិរបស់ជនបរទេស ហៅថា Magnitsky Act គឺច្បាប់នេះបានផ្ដល់សិទ្ធិអំណាចទៅឱ្យរដ្ឋាភិបាល និងអាជ្ញាធរមានសមត្ថកិច្ចនៃប្រទេសអូស្ត្រាលី ធ្វើការស្រាវជ្រាវ និងបង្កក ឬក៏រឹបអូសទ្រព្យសម្បត្តិទាំងនោះ ហើយធ្វើការផ្ទៀងផ្ទាត់ប្រភពដើមនៃសាច់ប្រាក់ទាំងនោះ តើថាចេញពីប្រភពណាខ្លះ។
លោកថា ប៉ូលិសសហព័ន្ធអូស្ត្រាលី និងភ្នាក់ងារប្រឆាំងការលាងលុយកខ្វក់ គឺជាស្ថាប័នដែលមានសមត្ថកិច្ចលើរឿងនេះ។ មិនថាឡើយអ្នកមានប្រាក់ស្ដុកស្ដម្ភនៃប្រទេសកម្ពុជា កំពុងចំណាយសាច់ប្រាក់វាល់លានដុល្លារទៅលើការទិញភូមិគ្រឹះនៅប្រទេសអូស្ត្រាលី គឺមានដូចគ្នានេះដែរនៅបណ្ដាប្រទេសជាច្រើន មានដូចជានៅប្រទេសអាមេរិក នៅបណ្ដាប្រទេសនៅអឺរ៉ុប ក៏មានដែរ ដោយគេរកឃើញសុទ្ធសឹងតែសាច់ញាតិគ្រួសារ និងក្រុមឧកញ៉ាគ្រាក់ៗ រួមទាំងក្រុមគ្រួសារមន្ត្រីជាន់ខ្ពស់នៃប្រទេសកម្ពុជាទៀតផង៕