36 C
Phnom Penh

សកម្មភាពដឹក​ឈើ​ខុស​ច្បាប់​មួយ​ទៀត​ត្រូវ​បាន​ប្រទះ​ឃើ​ញ​នៅលើ​ដីរបស់​ក្រុម​ហ៊ុន​​វៀត​ណាម​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមមន្ត្រីមូល​ដ្ឋាន​ និង​បុគ្គលិក​ផ្នែក​​​សិទ្ធិ មនុស្ស​​ បាន​​ឲ្យ​ដឹង​កាល​ពីម្សិលមិញថា កាល​ពីថ្ងៃសុក្រ ​ក្រុមមន្ត្រី​រដ្ឋបាល​ព្រៃឈើ​រឹប​អូស​បាន​ឈើ​ប្រណីត១.០០០កំណាត់​នៅ​លើ​ដី​ដែ​ល​ជា​កម្មសិទ្ធិរបស់​ក្រុម​ហ៊ុនចម្ការ​កៅស៊ូ​វៀត​ណាម​មួយ​ ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ម្តង​ហើយ​ម្តង​ទៀត​ថា បាន​កាប់​ឈើ​ខុស​ច្បាប់​នៅ​ក្នុង​ស្រុក​ អូរ​យ៉ាដាវ​ ខេត្ត​រតនគិរី​។​

លោក រ៉ូម៉ាស់ ស្វាត តំណាង​ជន​ជាតិ​ដើម​ភា​គ​តិច​ចារ៉ាយ​​ប្រមាណ​៣០០​គ្រួសារ ​ដែល​រស់​នៅក្នុង​ភូមិលំ ឃុំ​ប៉ាកញ៉ៃ បានឲ្យដឹង​​​ថា កន្លែង​គរ​ទុក​ដ៏ធំមួយ​ត្រូវ​បាន​រក​ឃើញ​ក្នុង​ដីសម្បទាន​កៅស៊ូទំហំ៦.០០០ហិកតា ​ជា​របស់​ក្រុមហ៊ុន​ ខំផេនី​​​ ៧២​ (Company 72) របស់​វៀត​ណាម អំឡុង​ពេលធ្វើ​​​សកម្មភាព​​​ល្បាតក្នុង​ព្រៃ​ជាប្រចាំ​ កាល​ពីថ្ងៃ​ពុធ​។

លោក រ៉ូម៉ាស់ ស្វាត អ្នកដឹកនាំ​​​សកម្មភាព​​​ល្បាតដែល​បាន​​ប្រទះ​ឃើញ​សកម្ម​​​ភាពដឹក​ជញ្ជូន​ឈើ​ខុស​ច្បាប់​នេះឲ្យដឹង​​​ថា “ ខ្ញុំ​មិន​ដឹង​​​ថា នរ​ណា​ជា​ម្ចាស់​ឈើ​នោះទេ ក៏​ប៉ុន្តែ ឈើ​នេះ​ត្រូវ​ដឹក​ទៅ​ប្រទេស​វៀតណាម​តាម​​​​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​[ក្រៅ​​​​ផ្លូ​វការ​] “។
លោកបន្តថា “ យើង​បាន​ហៅទូរស័ព្ទ​ទៅ​អង្គការ​អាដហុក ដើម្បី​ប្រាប់​ពួក​គេ​អំពី​ឈើ​នេះ​ ហើយ​ពួក​គេ​បាន​មក​ថត​យក​រូប​ភាព​នៅទី​កន្លែង​នោះ ក្រោយ​មក​បាន​ហៅ​​​ទូរស័ព្ទ​ទៅ​ខណ្ឌរដ្ឋបា​លព្រៃឈើ​ខេត្ត​”។

លោក ឆាយ ធី អ្នក​សម្រប​សម្រួល​របស់​អង្គការសិទ្ធិមនុស្ស​ អាដហុក​ ប្រចាំនៅ​ខេត្ត​រតនគិរី បាន​​​​ឲ្យ​ដឹង​ថា ឈើ​ធ្នង់​ប្រណីតចំនួន​១.០០០កំណាត់​ ​ជា​ប្រភេ​ទ​ឈើ​មៃ៉​សាក់​​ដែល​ត្រូវ​បាន​ការពារ​ ហើយមួយកំណាត់​ៗ​​​ប្រវែង​ ១,២​ម៉ែត្រ​ មុខ​កាត់​៤០សង់​ទី​ម៉ែត្រ​។​

លោក ដក​ ស អភិបាល​ខេត្ត​រតន​គិរី បាន​ថ្លែងកាល​ពីម្សិលមិញថា ក្រុម​ហ៊ុន ​៧២ ​បាន​បដិសេធថា ខ្លួនមិន​បាន​ធ្វើ​អ្វី​នាំឲ្យ​មាន​​ការ​ចាប់​ឈើ​ប្រណីត​កាលពី​​​ពេល​​​ថ្មីៗ​​​បំផុត​​​ ​នៅ​លើ​ដី​របស់​ខ្លួន​ទេ​។លោកបន្តថា “ យើង​បាន​​ហៅទូរស័ព្ទ​ប្រាប់​ក្រុមហ៊ុន​នេះ​ និង​បាន​សួរ​អំពី​ឈើ​នេះ​ព្រោះ​យើង​សង្ស័យ​ថា ឈើ​នេះ​ជា​របស់​ពួក​គេ​ ប៉ុន្តែ ពួក​គេ​បដិសេធ”។

លោក​ ផន ភឿន អនុ​ប្រធាន​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​រតនគិរី​ បាន​ឲ្យដឹង​​​ផង​​​ដែរថា មន្ត្រី​របស់​លោក​បាន​ចុះ​ទៅ​ដល់​ដីរបស់​ក្រុម​ហ៊ុន​នេះ​កាល​ពីថ្ងៃ​សុក្រ និង​បាន​ចំណាយ​ពេល​ពីរ​ថ្ងៃ​ សម្រាប់ដឹក​ឈើ​ទៅ​កាន់​ការិយា​ល័យ​ខណ្ឌ​​​រដ្ឋបាល​ព្រៃឈើ​ខេត្ត​នៅ​ក្នុងស្រុក​បរកែវ​ ដែល​នៅ​ក្បែរ​ស្រុក​​​អូរយ៉ាដាវ​។

លោកថ្លែង​ថា “យើង​​​កំពុង​តែ​ព្យាយាម​ស្វែង​រក​ម្ចាស់​ឈើ ដើម្បីឲ្យយើង​អាច​ពិន័យ​ពួក​គេ​ ដោយ​​​សារ​​​តែ​​​ពួក​​​គេ​​​បាន​កាប់​ឈើ​ខុស​ច្បាប់​ និង​បញ្ជូន​​ពួក​គេ​ទៅ​សាលាដំបូ​ង​​​​​​ខេត្ត​ដើម្បី​ជំនុំ​ជម្រះ​ទោស​តាម​ច្បាប់​”។

ក្រុមមន្ត្រីមូលដ្ឋាន និង​បុគ្គលអង្គការ ​អាដ​ហុក បាន​ចោទ​ប្រកាន់​ក្រុមហ៊ុន​ខំផេនី ៧២​ថា បាន​កាប់​ឈើ​ខុសច្បាប់​ទ្រង់​ទ្រាយ​ធំមួយ​នៅ​ខេត្ត​រតនគិរី​ តាំង​ពី​ខែ​កក្កដា ឆ្នាំ​២០១២​មក ប៉ុន្តែមានវប្បធម៌​​​និ​​​ទណ្ឌភាព​។

កាលពីថ្ងៃទី​២៣​ ខែធ្នូ​ ឆ្នាំ​មុន សាលា​ដំបូ​ង​ខេត្ត​រតនគិរី បាន​ចោទ​ប្រកាន់​ជន​ជាតិ​វៀត​ណាម​ប្រាំពីរនាក់​ពីបទ​ឆ្លង​ដែន​និង​កាប់​ឈើ​ខុស​ច្បាប់​នៅ​លើ​ដីរបស់​ក្រុមហ៊ុន​ខំផេនី ៧២​។ ក្រុម​ហ៊ុន​នេះ​បាន​លើកឡើង​ថា បុរស​ដែល​កំពុង​​​ត្រូវ​​​បាន​ឃុំខ្លួន​បណ្តោះ​អាសន្ន​រង់ចាំ​​​ការ​​​ជំនុំជំរះ​​​នៅ​ឡើយនោះ​​ មិន​មែន​ជា​បុគ្គ​​​លិក​​​របស់​ខ្លួនទេ។

លោក ប៉ែន​ បុណ្ណារ៍ អ្នក​សើុប​អង្កេត​ជាន់​ខ្ពស់​របស់​អង្គការ​អាដហុក​​ឲ្យ​ដឹង​ថា ក្រុម​ហ៊ុន​ដូចជាក្រុមហ៊ុន​ ខំផេនី ៧២​ អាច​កាប់​ឈើ​ប្រណីត ​ដោយ​មិន​​​ជាប់ទោស ពីព្រោះ​ពួក​គេ​​​​កំពុង​សម​គំនិត​ជាមួយ​មន្ត្រី​កង​យោ​ធពល​ខេម​រភូមិន្ទ និង​មន្ត្រី​មូលដ្ឋាន​ដើម្បីចែក​​​ប្រាក់​​​​​​​ចំណេញ​បាន​​​ពីការជួញ​​​ដូរ​​​ឈើ​ខុស​ច្បាប់​។

លោក​​​​ថ្លែង​​​ថា “ ក្រុម​ហ៊ុន​ [ដែល​ទទួល​បានដី​​សម្បទាន​​សេដ្ឋកិច្ច]​ មន្ត្រីកង​ទ័ព​ និង​មន្ត្រីផ្សេងៗ​ទៀត​កំពុងសហការ​​​គ្នាកាប់​ឈើ​ខុស​ច្បាប់​នៅក្នុង​ខេត្ត​នេះ​។​មិន​ត្រឹម​តែ
[​ឈើ​]១.០០០កំណាត់​ប៉ុណ្ណោះ​​​ទេ​…​ប៉ុន្តែ​ថែម​​​ទាំង​​​ឈើ​រាប់​លាន​​​​កំណាត់​​​ទៀត​​​ផង ត្រូវ​បាន​នាំចេញ​ទៅប្រទេស​វៀត​ណាម​ ដោយ​​​​គ្មាន​ការ​បញ្ឈប់​”៕

ប្រែ​​​សម្រួល​​​ដោយ ចេវ ប៊ុននី

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស