អាជ្ញាធរខេត្តកំពង់ស្ពឺ អំពាវនាវឲ្យពលរដ្ឋប្រុងប្រយ័ត្នដោយសារទឹកស្ទឹងព្រែកត្នោត បានហក់ឡើងខ្លាំង ដែលអាចបង្កឲ្យមានការលិចលង់តំបន់ខ្លះ ខណៈខេត្តមួយចំនួនកំពុងប្រឈមនឹងការជន់លិចដោយជំនន់ទឹកភ្លៀងបន្ទាប់ពីកម្ពុជារងឥទ្ធិពលព្យុះណូរុ «NORU»។
ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ ដែលចេញផ្សាយកាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ ឱ្យដឹងថា ប៉ុន្មានថ្ងៃមកនេះមានភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ដែលធ្វើឲ្យទឹកផ្នែកខាងលើនៃដងស្ទឹងព្រែកត្នោត ហក់ឡើងលឿន។
អាជ្ញាធរបញ្ជាក់ថា ការហក់ឡើងទឹកស្ទឹងព្រែកត្នោតនេះ បានធ្វើឲ្យខ្សែទឹកខាងក្រោមមានការលិចលង់នៅតាមតំបន់ខ្លះជាយថាហេតុ ហើយផ្នែកខ្លះត្រូវទទួលរងផលប៉ះពាល់ដល់ដំណាំកសិកម្ម សត្វចិញ្ចឹម ផ្ទះសម្បែង ហេដ្ឋារចនាសម្ព័ន្ធនានា ពិសេសអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋផងដែរ។
អាជ្ញាធរអំពាវនាវឲ្យពលរដ្ឋទាំងអស់ ជាពិសេសពលរដ្ឋដែលរស់នៅតំបន់ខាងលើ និងតំបន់ទំនាបនានាផ្នែកខាងក្រោមនៃទ្វារទឹករលាំងជ្រៃ ស្របតាមបណ្ដោយដងស្ទឹងព្រៃត្នោត ត្រូវប្រុងប្រយ័ត្នខ្ពស់ និងស្វែងរកទីទួលសុវត្ថិភាពដែលនៅជិត។ ក្រៅពីអំពាវនាវហើយ អាជ្ញាធរណែនាំឲ្យពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀង ធ្វើសេចក្ដីរាយការណ៍ទៅអាជ្ញាធរភូមិ ឃុំ សង្កាត់ ស្រុក និងខេត្តជាបន្ទាន់ ដើម្បីឲ្យអាជ្ញាធរមានលទ្ធភាពចាត់វិធានការដោះស្រាយ ការពារ និងជួយបានទាន់ពេលវេលា។
ថ្មីៗនេះ ក្រសួងធនធានទឹក បានចេញសេចក្ដីជូនដំណឹងមួយអំពាវនាវដល់អាជ្ញាធរ និងពលរដ្ឋនៅខេត្តមួយចំនួន ឱ្យប្រុងប្រយ័ត្នចំពោះជំនន់ទឹកភ្លៀងដែលធ្វើឲ្យទឹកទន្លេមេគង្គកើនឡើង ខណៈភ្លៀងនៅបន្តធ្លាក់ជាបន្តបន្ទាប់ ដោយសារកម្ពុជាកំពុងទទួលរងឥទ្ធិពលព្យុះណូរុ «NORU» ដែលនឹងវិវឌ្ឍទៅជាព្យុះទីហ្វុង ចាប់ពីថ្ងៃទី២៧-៣០ ខែកញ្ញា នេះ។
ក្រសួងបញ្ជាក់ថា ខេត្តមួយចំនួនដែលកំពុងប្រឈមនឹងជំនន់ទឹកភ្លៀង និងជំនន់ដោយបរិមាណទឹកហួសកម្រិត ក្នុងនោះមានខេត្តឧត្ដរមានជ័យ ព្រះវិហារ រតនគិរី សៀមរាប បន្ទាយមានជ័យ ប៉ៃលិន បាត់ដំបង និងខេត្តពោធិ៍សាត់ ជាដើម។ ចំពោះបណ្ដាខេត្តដទៃទៀត និងរាជធានីភ្នំពេញ ថាក៏នឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លើកលែងតែបណ្ដាខេត្តជាប់មាត់សមុទ្រ រួមមានខេត្តកោះកុង និងខេត្តព្រះសីហនុ ដែលអាចមានភ្លៀងធ្លាក់ច្រើន។
ចំណែកនៅលើផ្ទៃសមុទ្រវិញ ក្រសួងថាក៏នឹងមានភ្លៀងច្រើន ខ្យល់បោកបក់ខ្លាំង និងរលកសមុទ្រខ្ពស់ ខណៈភ្លៀងនឹងបន្តធ្លាក់ច្រើននៅតំបន់ផ្ទៃរងទឹកភ្លៀងនៃអាងទន្លេមេគង្គ ដែលអាចធ្វើឱ្យទឹកទន្លេមេគង្គមានការងើបកើនឡើងវិញជាបន្តបន្ទាប់។
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ កាលពីថ្ងៃទី២៧ កញ្ញា ឲ្យដឹងថា ចាប់ពីខែឧសភា ដល់ខែកញ្ញា អ្នកស្លាប់ដោយសារជំនន់ទឹកភ្លៀងបានកើនដល់ជាង ១០នាក់ហើយ ដោយភាគច្រើនជាកុមារ ខណៈដំណាំស្រូវ និងដំណាំផ្សេងៗ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធក៏កំពុងទទួលរងផលប៉ះពាល់ដោយសារទឹកជន់លិច៕