34 C
Phnom Penh

សមាគម​​​ជន​​​រង​​​គ្រោះ​​​​ក្នុង​​​​របប​​​ខ្មែរ​​​ក្រហម ពន្យារពេល​​​​​​បើក​​មហា​​​សន្និបាត​​​​​​​​បណ្ដេញ​​​លោក ​​​ជុំ ម៉ី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមាគម​​​ក្នុង​​​ស្រុក​​​មួយ​របស់​​​​អ្នក​​​រស់រាន​​​ជីវិត​​​ពីរបប​​​ខ្មែរក្រហម បាន​​​សម្រេច​​​រង់​​​ចាំ​​​រហូត​​​​ដល់​ក្រោយ​​ការ​​​បោះ​​​ឆ្នោត​​​ជាតិ​​​នៅ​​​ថ្ងៃ​​​ទី​​​២៨​​​ខែ​​​កក្កដា​​​ខាង​​​មុខ​​​នេះ​​​ ទើប​បើក​​​កិច​​​្ច​​​​​​​​​ប្រជុំមួយ​​​ស្ដីពី​​​ការ​​​បណ្ដេញ​​​​លោក  ជុំ មុី  ប្រធាន​សមាគម​​​របស់​​​ខ្លួន ដោយសារ​​​​​​​លោក​មាន​​ការ​គាំទ្រ​​​នយោបាយ​ខ្លាំង​ពេក​​​​ចំពោះ​​​រដ្ឋាភិបាល។

ថ្នាក់​ដឹក​នាំ​​​​ជាន់​​​ខ្ពស់​​​របស់សមាគម​​​ជន​​​រង​​​គ្រោះ​​​​ក្នុង​របប​​​កម្ពុជា​​​ប្រជាធិបតេយ្យ ​លើក​លែង​តែ​លោក ជុំ មុី ប្រកាស​ផែនការ​​​របស់​​​​​ខ្លួន​​​​កាល​ពី​ថ្ងៃ​ទី​៨​ខែមិថុនា​ ​ក្នុង​ការ​​​​បើក​​​មហា​សន្និ​​​បាតលើក​​​ទី១​​​ ដែល​​​​​​មិន​​​ធ្លាប់​​​មាន​ក្នុង​​​​គោល​​​​​បំណង​​​​ដក​​មេ​​​ដឹក​​​នាំ​​​របស់​​​ខ្លួន ​ប៉ុន្តែ ​មិន​បាន​​​ផ្ដល់​​​​កាល​​​បរិ​​​ច្ឆេទ​​សម្រាប់​​​​ព្រឹតិ្តការណ៍​​​នេះ​​​ទេ។

នៅ​​​ក្នុង​​​សេច​​​ក្ដី​​​ជូន​​​ដំណឹង​​​ជា​​លាយ​​​លក្ខ​​​ណ៍​អក្សរ មេ​​​ដឹក​​​នាំ​​​ជាន់​​​ខ្ពស់​​​ទាំង​​​នេះ​​​បាន​​​ចោទ​​​ប្រកាន់​​​លោក ជុំ មុី ថា​​​បាន​​​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​​​ឯក​​​រាជភាព​​​របស់​សមាគម​​​នេះ តាម​​​រយៈការ​​​យក​​​សមាគម​​​នេះ​​​ធ្វើ​​​​យុទ្ធ​នា​ការ​នយោបាយ​​​ជា​​​សាធារណៈ ដើម្បី​​​ទាមទារ​​​ឲ្យ​​​លោក​ កឹម សុខា​​​សូម​អភ័យ​ទោស ចំពោះ​​​​ពាក្យ​សម្តី​ដែល​​​លោក​បាន​​​និយាយ​​​ថា ប្រទេស​​​វៀតណាម បាន​​​ប្រឌិត​​​​​​ការ​​​ធ្វើ​​​ទារុណ​​​កម្ម​​​​​​​លើ​ប្រជាពលរដ្ឋ​​​រាប់​​​ពាន់​​​នាក់​​​នៅគុក​​​ទួល​​​ស្លែង​​​អំឡុង​​​របប​​​ខ្មែរ​​​ក្រហម។​លោក កឹម សុខា បាន​​​​បដិសេធ​ថា មិន​បាន​​និយាយ​បែប​​​​នេះទេ។

កាល​​​ពី​​​ថ្ងៃ​​​ទី៩​​​ខែ មិថុនា លោក ជុំ មុី ជា​​​មនុស្ស​​​ម្នាក់​​​ក្នុង​​​ចំណោម​​​មនុស្ស​​​មួយ​​​ចំនួន​​​តូច ដែល​​​​បាន​រួច​ជីវិត​​​ពី​​​គុក​​​ទួល​​​ស្លែង​​​នោះ ​បាន​​​ដឹក​​​នាំ​​​ប្រជា​​​ពលរដ្ឋ​​​​​​រាប់​​​ពាន់​​​នាក់​​​​​​ធ្វើ​​​បាតុកម្ម​​​ប្រឆាំង​​​លោក កឹម សុខា នៅ​​​រាជ​​​ធានី​​​ភ្នំពេញ ​ដែល​​​អាជ្ញាធរ​​​មូល​​​ដ្ឋាន បាន​​​ផ្គត់​​​ផ្គង់សព្វ​​​បែប​​​យ៉ាង ចាប់​​​តាំង​​​ពី​​​​​​ទឹក​​​រហូត​​​ដល់​​​​ការ​ធ្វើ​ដំណើរ​របស់​​​​អ្នក​​​ចូល​​​រួម និង​​​សម្ភារ​​​ធ្វើការ​​​តវ៉ា។​អំឡុង​​​ពេលធ្វើ​​​ការ​​​តវ៉ា​​​នេះ លោក ​​​ជុំ មុី បាន​​​រិះ​​​គន់​គណបក្ស​​​របស់​​​លោក កឹម សុខា  គឺ​គណ​បក្ស​​​​សង្គ្រោះ​​​ជាតិ និង​បាន​កោត​សរសើរ​​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​យ៉ាង​ខ្លាំង​។

ទោះ​​​បីជា លោក ជុំ មុី បាន​​​បដិសេធ​​​ជា​​​ច្រើន​​​លើក​​​ច្រើន​សា​ថា​​​មិន​​​មាន​​​ការ​​​​​​គាំ​​​ទ្រ​​​ពី​​​រដ្ឋាភិបាល​​​ចំពោះ​ការ​​តវ៉ា​​​​របស់​​​លោក ​​​​និង​​​បាន​​​អះអាង​​​ថា លោកធ្វើ​​​សកម្មភាព ​ក្នុង​ឋានៈ​​​ជា​​​ពលរដ្ឋ​​​ម្នាក់​​​ក៏​ដោយ ក៏​សមាគម​​​ជន​​​រង​​​គ្រោះ​​​​​នេះ គិត​ថា សកម្មភាព​​​របស់​​​លោក ​ជុំ មុី ​ធ្វើ​​​ឲ្យ​​​សមាគម​​​នេះ​លែង​មាន​ការ​ទុក​ចិត្ត​គ្នា​ដែរ។

លោក ប៊ូ ម៉េង អ្នក​​​​រួច​ជីវិត​​​ម្នាក់​​​ទៀត​​​ពី​គុក​​​ទួល​​​ស្លែង និង​ជា​​​អនុប្រធាន​​​ទី​​​២​នៃ​សមាគម​​​នេះ​ថ្លែង​​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា ​សមាគម​​​​​នឹង​​​បើក​​​​​មហា​សន្និបាត​​​ បន្ទាប់​​​ពី​​​ការ​​​បោះ​​​ឆ្នោត​​​ ប៉ុន្តែ ​បាន​​​បដិសេធ មិន​​​​ប្រាប់​ពី​​​​មូល​​​​ហេតុ​​​នោះ​​​ទេ។

លោកបាន​​​មាន​​​ប្រសាសន៍​​​ថា “ អ្វី​​​ដែល​​​ខ្ញុំ​​​អាច​​​និយាយ​​​បាន​​​នោះ​​​គឺថា សមាគម​​​របស់​​​​​​យើង កំពុង​​​​​​​​​មាន​​បញ្ហា​​​ស្មុគស្មាញ​​​មួយ ។យើង​​​​​​មិន​​​ចង់​​​ធ្វើ​​​អ្វី​​​​ទេ​​​​​​​អំឡុង​​​ពេល​​​បោះ​​​ឆ្នោត”។

លោក ជុំ មុី បាន​​​មាន​​​ប្រសាសន៍​​​ថា “ យើង​​​នឹង​ចុះ​ចេញ​​​​ដោយ​គ្មាន​ការ​តវ៉ា​ឡើយ​ ​ប្រសិន​​បើ​គេ​​​​បោះ​​​ឆ្នោត​​​​ដក​ខ្ញុំ​នោះ​” ប៉ុន្តែ បាន​​​មាន​​​ប្រសាសន៍​​​​​​កាល​​​ពី​​​ម្សិល​​​មិញថា ​​ លោកនឹង​​​មិន​​​​​លា​​​ឈប់​​​ជា​​​មុន​​​នោះ​​​ទេ។

លោក ជុំ មុី បាន​​​មាន​​​ប្រសាស​​​ន៍​​​ថា​​​ “ វា​​​អាស្រ័យ​​​​​លើ​​​សមាជិក​​​ភាគ​​​ច្រើន​​​របស់​​​សមាគម​​​នេះ​ក្នុង​ការ​បោះ​​​ឆ្នោត​​​ជ្រើស​​​រើស​​​នរណា​​​​​​ម្នាក់​​​ឲ្យ​​​ធ្វើ​​​ជា​​​ប្រធាន​​”៕

ប្រែសម្រួលដោយ ស៊ុំ សុខភុំ​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស