30 C
Phnom Penh

ក្រុម​យុវជន​ខ្មែរ​ថាវរៈ​ធ្វើ​យុទ្ធនាការ​បង្អត់​អាហារ​ទាមទារ​ឱ្យ​ដោះលែង​កញ្ញា សេង ធារី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​យុវជន​ខ្មែរ​ថាវរៈ​ចំនួន ៦​នាក់ និង​កញ្ញា សេង ធារី ដែល​កំពុង​ជាប់​ឃុំ​នៅ​ឯ​ពន្ធនាគារ​ខេត្ត​ព្រះវិហារ រួម​គ្នា​ធ្វើ​យុទ្ធនាការ​ពហិការ​បង្អត់​អាហារ​ខ្លួនឯង​រយៈពេល​មួយ​សប្ដាហ៍ ចាប់ពី​ថ្ងៃទី​៧ ដល់​ថ្ងៃទី​១៤ ខែ​វិច្ឆិកា ឆ្នាំ​២០២២ ដើម្បី​ទាមទារ​ឱ្យ​តុលាការ​ដោះលែង​កញ្ញា សេង ធារី ឱ្យ​មាន​សេរីភាព​វិញ។

ក្រុម​យុវជន​ទាំងនោះ​បាន​បង្ហោះ​ព័ត៌មាន​អំពី​យុទ្ធនាការ​បង្អត់​អាហារ​ខ្លួនឯង​លើ​បណ្ដាញ​សង្គម​កាលពី​ថ្ងៃទី​២ ខែ​វិច្ឆិកា ឆ្នាំ​២០២២ ដោយ​សរសេរ​ថា ពួកគេ​ទាំង ៦​នាក់​នឹង​បង្អត់​អាហារ​ខ្លួនឯង​រយៈពេល «៧​ថ្ងៃ ៧​យប់» ចាប់ពី​ថ្ងៃទី​៧ ដល់​ថ្ងៃទី​១៤ ខែ​វិច្ឆិកា ឆ្នាំ​២០២២។

លោក ស្វាយ សំណាង យុវជន​ម្នាក់​ក្នុង​ចំណោម ៦​នាក់ បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល ៧​ថ្ងៃ​នេះ ក្រុម​យុវជន​នឹង​មិន​ទទួលទាន​អាហារ​រឹង ដូចជា​បាយ និង​ផ្លែឈើ​ឡើយ ដោយ​គ្រាន់តែ​ផឹក​ទឹក និង​ភេសជ្ជៈ​ផ្សេងៗ​ប៉ុណ្ណោះ។

សមាជិក​ខ្មែរ​ថាវរៈ​មួយ​រូប​ទៀត គឺ​កញ្ញា ឈឿន ដារ៉ាវី បាន​បង្ហោះ​សារ និង​រូបភាព​ដោយ​សរសេរ​ថា ការ​តស៊ូ​មតិ​របស់​ពួកគេ​នេះ​ដោយ​បារម្ភ​ពី​សុខភាព និង​សុវត្ថិភាព​របស់​កញ្ញា សេង ធារី ដែល​កំពុង​ជាប់​ពន្ធនាគារ​ក្នុង​ខេត្ត​ព្រះវិហារ ជាប់​ព្រំប្រទល់​ប្រទេស​ថៃ។

កញ្ញា ដារ៉ាវី អះអាង​ថា ក្រុម​របស់​កញ្ញា​ទាំងអស់​គ្នា​នឹង​ចាប់ផ្ដើម​យុទ្ធនាការ​បង្អត់​អាហារ​ជាមួយ​កញ្ញា សេង ធារី រយៈពេល​មួយ​សប្តាហ៍ ដើម្បី​ស្នើ​ទៅ​តុលាការ​ដោះលែង​រូប​គាត់។ ក្រុម​កញ្ញា​ទាំងអស់​គ្នា​មាន​ការ​បារម្ភ​ពី​សុខភាព និង​សុវត្ថិភាព​របស់​កញ្ញា សេង ធារី ក្រោយពី​ជាប់​ពន្ធនាគារ​រយៈពេល ១៥២​ថ្ងៃ​មក​នេះ។

លោក ជូង ជូងី មេធាវី​ការពារ​ក្តី​ឱ្យ​កញ្ញា សេង ធារី បាន​លើកឡើង​ថា កូនក្ដី​របស់​លោក​ពិត​ជា​បង្អត់​អាហារ​ដើម្បី​ទាមទារ​យុត្តិធម៌​សម្រាប់​ខ្លួន​គាត់​ពិត​មែន។ លោក​ថា ដើមចម​ដែល​នាំ​ឱ្យ​កូនក្ដី​របស់​លោក​បង្អត់​អាហារ ដោយសារតែ​គាត់​មាន​អារម្មណ៍​ប៉ះពាល់​ផ្លូវចិត្ត​ដោយសារតែ​ការ​ចោទប្រកាន់ និង​ការ​ឃុំ​ខ្លួន​គាត់​ដោយ​ពុំ​មាន​កំហុស។

លោក ជូង ជូងី បន្ត​ទៀត​ថា លោក​ស្នើ​ទៅ​តុលាការ​ទម្លាក់​ការ​ចោទប្រកាន់ និង​ដោះលែង​កូនក្ដី​របស់​គាត់​ឱ្យ​មាន​សេរីភាព​វិញ ដោយ​ថា​កូនក្ដី​មិន​បាន​ធ្វើ​ខុស​ដូច​ការ​ចោទប្រកាន់​នោះ​ទេ។

រដ្ឋលេខាធិការ និង​ជា​អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន ផ្តល់​យោបល់​ដល់​ក្រុម​យុវជន​ថាវរៈ​ថា មាន​តែ​ស្វែងរក​ភស្តុតាង​ដោះ​បន្ទុក និង​ចូលរួម​តាម​នីតិវិធី​របស់​តុលាការ​ទេ ទើប​អាច​ជួយ​ការពារ​កញ្ញា សេង ធារី បាន។ លោក​បន្ត​ថា ការ​ធ្វើ​ពហិការ​បង្អត់​អាហារ​ខ្លួនឯង​បែប​នេះ មិន​អាច​ជួយ​តាម​ផ្លូវច្បាប់​បាន​ឡើយ។

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​យុត្តិធម៌​រូប​នេះ​ថ្លែង​ថា យុទ្ធនាការ​បង្អត់​អាហារ​នេះ​គ្រាន់តែ​ជា​វិធីសាស្ត្រ​ដើម្បី​ទាមទារ​ការ​ចាប់អារម្មណ៍ និង​បិទបាំង​នូវ​កំហុស​ដែល​ខ្លួន​បាន​ប្រព្រឹត្ត តែ​អត់​មាន​ឥទ្ធិពល​អី​លើ​តុលាការ​ដែល​ជា​ស្ថាប័ន​អនុវត្ត​ច្បាប់​ទេ។

កញ្ញា សេង ធារី ដែល​មាន​សញ្ជាតិ​អាមេរិកាំង និង​ជា​មេធាវី​អន្តរជាតិ ត្រូវ​បាន​លោក រស់ ពិសិដ្ឋ ចៅក្រម​ជំនុំជម្រះ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​១៤ ខែ​មិថុនា ឆ្នាំ​២០២២ ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​រយៈពេល ៦​ឆ្នាំ ពី​បទ «ញុះញង់ និង​រួម​គំនិត​ក្បត់»។

ក្រៅពី​កញ្ញា សេង ធារី ចៅក្រម​ជំនុំជម្រះ​ក៏​បាន​ផ្ដន្ទាទោស​ថ្នាក់​ដឹកនាំ និង​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​តុលាការ​រំលាយ​ចំនួន ៥០​នាក់​ផ្សេង​ទៀត​ដាក់​ពន្ធនាគារ​ចន្លោះ​ពី ៥ ទៅ ៨​ឆ្នាំ ក្រោម​បទ​ចោទ​ដូច​គ្នា​នេះ​ជុំវិញ​ការ​ប្រកាស​ជំហរ​គាំទ្រ​ការ​ធ្វើ​មាតុភូមិ​និវត្តន៍​ថ្ងៃទី​៩ វិច្ឆិកា របស់​លោក សម រង្ស៊ី។

ក្រោយ​ការ​ប្រកាស​សាលក្រម​មួយ​ថ្ងៃ នៅ​ថ្ងៃទី​១៥ ខែ​មិថុនា ឆ្នាំ​២០២២ សមត្ថកិច្ច​រាជធានី​ភ្នំពេញ​បាន​បញ្ជូន​កញ្ញា សេង ធារី ចេញពី​ពន្ធនាគារ​ព្រៃស រាជធានី​ភ្នំពេញ ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​ព្រះវិហារ ក្រោម​ហេតុផល​ថា ដោយសារ​បារម្ភ​ពី​ការ​ប៉ះពាល់​ដល់​សន្តិសុខ​ក្នុង​ពន្ធនាគារ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស