29 C
Phnom Penh

សាលាដំបូង​រាជធានីភ្នំពេញនឹង​ចោទ​ប្រកាន់​បុរស​ជនជាតិអង់គ្លេសចូល​ចិត្ត​រួម​ភេទ​ជាមួយ​កុមារ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីនគរ​បាល​មួយរូ​ប​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា សាលាដំបូង​រាជធានីភ្នំពេញ​គ្រោង​នឹង​ចោទ​ប្រកាន់​បុរស​ជនជាតិ​អង់គ្លេស​​អាយុ​៣៥​ឆ្នាំ​ម្នាក់ ឈ្មោះ រីឆាដ ហ្រ៊ូន (Richard ​Fruin) នៅ​ថ្ងៃ​នេះ​ បន្ទាប់ពី​ក្រុម​នគរ​បាល​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​បាន​ចាប់​ខ្លួន​ជន​សង្ស័យនេះ​នៅ​ឯផ្ទះ​សំណាក់​មួយ​ក្នុង​រាជ​ធានីភ្នំពេញ​កាលពីថ្ងៃ​អាទិត្យ។

លោកវរសេនីយ៍ទោ ឡៅ លីន ប្រធាន​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​នៃ​នាយក​ដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​នៃ​ក្រសួង​មហាផ្ទៃ​ បាន​មាន​ប្រសាសន៍​ថា “ ប្រតិ​បត្តិការ​ស៊ើប​អង្កេត​របស់​យើង​មិនទាន់​ចប់​នៅ​ឡើយ​ទេ ដូច្នេះ​យើង​នឹង​បញ្ជូន​ជន​សង្ស័យ​​នេះ​ទៅ​តុលាការ​ [ដើម្បី​ធ្វើការ​ចោទ​ប្រកាន់​] ​​នៅថ្ងៃស្អែក​”។ លោកវរ​សេនីយ៍ទោ ឡៅ លីន បាន​ដឹកនាំ​ប្រតិបត្តិ​ការ​​ឆ្មក់​ចាប​់​កាល​ពី​យប់​ថ្ងៃ​អាទិត្យ​ ទៅលើ​ផ្ទះ​សំណាក់​បឹង​មាស​នៅ​ក្នុង​ខណ្ឌដូនពេញ​។ នៅទីនោះ​ក្រុម​នគរ​បាល​​​​បាន​ឃើញ​ជន​សង្ស័យឈ្មោះ ហ្រ៊ូន នៅ​​​ជាមួយ​ក្មេង​ប្រុស​ម្នាក់​អាយុ​៨​ឆ្នាំ​ ដែល​បន្ទាប់​មក​ត្រូវ​បាន​ពិនិត្យ​ទៅ​ឃើញ​ថា ត្រូវ​​បាន​រំលោភ​ផ្លូវ​ភេទ។

យោង​តាម​អង្គការ​សកម្មភាព​ដើម្បី​កុមារ​ (NGO Action Pour les Enfants , APLE) ដែល​ជា​អង្គការ​ប្រឆាំង​សកម្មភាព​រួម​ភេទ​ជា​មួយ​កុមារ​ បាន​ឲ្យ​ដឹង​ថា ជន​សង្ស័យ​ឈ្មោះ ហ្រ៊ូន ដែល​បាន​ជាប់​ពន្ធនាគារ​អស់​រយៈ​ពេល​១ឆ្នាំ​នៅចក្រភព​អង់គ្លេស​ បន្ទាប់ពី​ត្រូវ​បាន​ចោទ​ប្រកាន់​ក្នុង​រឿង​ក្ដី​ចំនួន​១៥​ករណី​ ពីបទ​ផលិត​រូប​ភាព​អាសអាភាស​កុមារ​​ បាន​និង​កំពុង​ធ្វើ​ការ​ជា​គ្រូ​បង្រៀន​ភាសារ​អង់​គ្លេស​ក្នុង​រាជ​ធានីភ្នំពេញ​ មុន​ពេល​ជន​សង្ស័យ​រូប​នេះ​ត្រូវ​ចាប់​ខ្លួន​។

លោក យី ម៉ូដង់ (Yi Moden) នាយក​រង​ទទួល​បន្ទុក​ប្រតិបត្តិការ​​តាម​មូល​ដ្ឋាន​នៃ​អង្គ​ការ​សកម្មភាព​ដើម្បីកុមារ​ បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា បង​ប្អូន​ប្រុស​បីនាក់​បូក​រួម​ទាំង​​ក្មេង​ប្រុស​អាយុ​៨​ឆ្នាំ​ ដែល​មាន​វត្តមាន​នៅ​ពេល​ជន​សង្ស័យ​ឈ្មោះ ហ្រ៊ូន ត្រូវ​បាន​ចាប់​ខ្លួននោះ បាន​ប្រាប់​នគរ​បាល​ថា ជនសង្ស័យ​រូប​នេះ​បាន​រំលោភ​ពួកគ។

​លោក​មា​ន​ប្រសាសន៍បន្ថែម​ថា អង្គការ​របស់​លោក​សង្ស័យ​ថា យ៉ាង​ហោច​ណាស់​ក្មេង​ប្រុស​បួន​នាក់​ផ្សេង​ទៀត​ត្រូវ​បាន​រំលោភ​​ក្នុង​ករណីនេះ​។
លោក ម៉ូដង់ បានមាន​ប្រសាសន៍​ថា “យោង​តាម​អ្វីដែលកុមារ​បាននិយាយ ​ឈ្មោះ ហ្រ៊ូន គួរ​តែ​ត្រូវ​បាន​ចោទ​ប្រកាន់​ទី១ ពីបទ​អំពើ​អនាចារជាមួយ​អនីតិជន​…​និង​ទី២ ពីបទ​រួម​ភេទ​ជាមួយ​អនីតិជន​។ បទ​ប្រចោទ​ប្រកាន់​នេះ​នឹង​តម្រូ​វ​ឲ្យ​ជន​ល្មើស​ជាប់​ពន្ធ​នាគារ​​​ពោល​គឺ​បទ​ចោទ​ប្រកាន់​ទី​១ ត្រូវ​ជាប់​ពន្ធនា​គារ​បីឆ្នាំ និង​ទី២​រយៈ​ពេល​១០​ឆ្នាំ​។

នៅក្នុង​ករណីដាច់​ដោយ​ឡែក​មួយ​ទៀត​បុរស​ជន​ជាតិ​អង់​គ្លេស​ឈ្មោះ ដេវីដ ផ្លេត​ឈ័រ (David Fletcher) ដែល​បច្ចុប្បន្ន​កំពុង​ជាប់​ពន្ធនាគារ​ព្រៃ​ស​ក្នុងរាជធានីភ្នំពេញ រយៈ​ពេល​១០​ឆ្នាំ​ ពីបទ​ចាប់​រំលោភ​ក្មេង​ស្រី​អាយុ​១៦​ឆ្នាំ​កាលពីឆ្នាំ​២០០៩​និង​សម្រេច​ចិត្ត​ថា តើ​ត្រូវ​ប្ដឹង​ឧទ្ធរណ៍​ប្រឆាំង​នឹង​ការ​ផ្ដន្ទាទោស​ខ្លួន​នៅ​ចុង​ខែ​នេះ​ នេះ​បើ​យោង​តាម​អតីត​មេធាវី​របស់​ជន​ជាប់​ចោទ​រូ​បនេះ​ កាល​ពី​ម្សិល​មិញ​។

លោក​ អ៊ុក ស៊ីរឿន ដែល​កាលពី​មុន​ត្រូវ​បាន​តែង​តាំង​ឲ្យ​ការ​ពារ​ក្ដី​សម្រាប់​ជន​ជាប់​ចោទ​ឈ្មោះ ផ្លេត​ឈ័រ បាន​មាន​ប្រសាសន៍​ថា “ គាត់​នៅតែ​មាន​សិទ្ធិ​ស្នើ​ឲ្យ​មាន​ការ​កាត់​ក្ដី​ឡើង​វិញ​ ឬក៏ប្ដឹង​ឧទ្ធរណ៍​ ពីព្រោះគាត់​ត្រូវ​បាន​ផ្ដន្ទាទោស​កំ​បាំ​ង​មុខ​”។

ជន​ជាប់​ចោទ​ឈ្មោះ ផ្លេត​ឈ័រ ដោយ​បាន​ក្លាយ​ជា​ជន​បរទេស​ដំបូង​ដែល​ត្រូវ​បាន​បញ្ជូន​មក​ប្រទេស​កម្ពុជា​វិញ ដើម្បីធ្វើការ​ផ្ដន្ទា​ទោស​​នោះ ត្រូវ​បាន​ធ្វើ​បត្យាប័ន​ពី​ប្រទេស​ថៃ​មក​ប្រទេស​កម្ពុជា​ កាលពី​ថ្ងៃ​ទី១​ខែ​តុលា ​​ហើយ​មាន​រយៈ​ពេល​មួយ​ខែ​គិត​ចាប់​ពី​ថ្ងៃ​នោះ​ ដើម្បី​បដិសេធ​ការ​ផ្ដន្ទាទោស​លោក​ នេះ​បើ​យោង​តាម​លោក ស៊ីរឿន។

លោក​ ឌុន វិបុល មេធាវីបច្ចុប្បន្ន​ការពារ​ក្ដី​របស់​ជន​ជាប់​ចោទ​ឈ្មោះ ផ្លេត​ឈ័រ មិន​អាច​ទំ​នាក់​ទំនង​ធ្វើ​អត្ថាធិប្បាយ​បាន​ទេ​កាលពី​ម្សិល​មិញ៕​(សុធា)

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស