រដ្ឋាភិបាលថ្មីនៃរាជាណាចក្រថៃ ដែលដឹកនាំដោយគណបក្សភឿថៃ បានចេញសេចក្ដីប្រកាសព័ត៌មានមួយថា ដោយមើលឃើញអំពីជីវភាពរបស់ប្រជាជនថៃ រងការលំបាកដោយសារសេដ្ឋកិច្ច រងផលប៉ះពាល់ដោយជំងឺរាតត្បាតកូវីដរយៈពេល ៣ឆ្នាំ រដ្ឋាភិបាលមានផែនការនឹងធ្វើការពិនិត្យឡើងវិញជាបន្ទាន់នូវការទម្លាក់ថ្លៃសាំង ថ្លៃប្រេងឥន្ធនៈផ្សេងៗ ហើយថ្លៃភ្លើងអគ្គិសនី គឺត្រូវធ្វើឱ្យបាន។
កាសែតបាងកកប៉ុស្តិ៍របស់ថៃ បានរាយការណ៍មកថា រដ្ឋាភិបាលថ្មីរបស់រាជាណាចក្រថៃ ដែលដឹកនាំដោយនាយករដ្ឋមន្ត្រីលោក ស្រេតថា ថាវិស៊ីន កំពុងតែសិក្សាជាទូទៅទៅលើតម្លៃថាមពលទាំងអស់ដែលមាននៅលើទីផ្សាររបស់ប្រទេសថៃ។
តាមប្រភពដដែលនេះ តម្លៃប្រេងសាំង និងតម្លៃភ្លើងអគ្គិសនី រួមទាំងតម្លៃសេវាដឹកជញ្ជូនតាមផ្លូវរថភ្លើង ក៏អាចទម្លាក់ផងដែរ ហើយមុខទំនិញទាំងអស់នេះអាចត្រូវកាត់បន្ថយជិតប្រាំបាត។
ចំពោះប្រេងម៉ាស៊ូត ដែលកសិករប្រើប្រាស់ក្នុងវិស័យកសិកម្ម នឹងកំណត់មកត្រឹមជាង ៣១បាតក្នុងមួយលីត្រ ហើយរដ្ឋាភិបាលនឹងដាក់ចេញនូវការអនុវត្តសាកល្បងចាប់ពីខែកញ្ញា នេះ រហូតដាច់ខែធ្នូ ឆ្នាំ២០២៣។
យោងតាមការប្រកាសរបស់រដ្ឋាភិបាល ចាប់ពីខែមករា ឆ្នាំ២០២៤ គឺត្រូវអនុវត្តជាផ្លូវការ។ ការប្រកាសរបស់រដ្ឋាភិបាលថ្មីនៃរាជាណាចក្រថៃ ដែលដឹកនាំដោយគណបក្សភឿថៃ ធ្វើឡើងក្រោយពីលោក ស្រេតថា ថាវិស៊ីន ប្រជុំគណៈរដ្ឋមន្ត្រីរបស់លោកកាលពីសប្ដាហ៍មុន ហើយនៅថ្ងៃអង្គារ ទី៥ កញ្ញា គណៈរដ្ឋមន្ត្រីដែលមកពី ១១គណបក្ស នឹងស្បថចូលកាន់តំណែង។ ក្នុង ១១គណបក្សនេះ ក៏មានបក្សរបស់ពួកយោធាផងដែរ។
រដ្ឋាភិបាលថ្មីរបស់រាជាណាចក្រថៃ ដឹកនាំដោយអ្នកជំនួញអចលនទ្រព្យដ៏ស្ដុកស្ដម្ភ គឺលោក ស្រេតថា ថាវិស៊ីន ក៏បានប្រកាសពិនិត្យមើលពន្ធអាករណាដែលប៉ះខ្លាំងទៅលើជីវភាពប្រចាំថ្ងៃរបស់ប្រជាជនថៃ ដែលអាចឈានដល់កាត់បន្ថយពន្ធ ឬមិនត្រូវជាប់ពន្ធ ជាពិសេសមុខរបររបស់អ្នកធ្វើកសិកម្ម។
គណៈរដ្ឋមន្ត្រីថ្មីត្រូវបានរំពឹងថា នឹងបើកកិច្ចប្រជុំលើកដំបូងនៅថ្ងៃទី១២ ខែកញ្ញា ក្រោយការតែងតាំង និងស្បថនៅចំពោះមុខព្រះមហាក្សត្រនៅក្នុងសប្ដាហ៍នេះ។
ក្នុងពេលដែលលោកបានស្បថចូលកាន់តំណែងក្រោយពីព្រះមហាក្សត្របញ្ជូនលិខិតទទួលស្គាល់ជានាយករដ្ឋមន្ត្រី លោក ស្រេតថា ថាវិស៊ីន បានជួបលោកនាយករដ្ឋមន្ត្រីចាំផ្ទះ គឺលោក ប្រាយុទ្ធ ចាន់អូចា។ ក្នុងជំនួបនោះ លោកបានប្រាប់លោក ប្រាយុទ្ធ ឱ្យរីករាយក្នុងជីវិតតាមរយៈការធ្វើដំណើរទៅបរទេស។
ទន្ទឹមនេះ លោកក៏បានលើកឡើងពីការស្នើសុំលើកលែងទោសរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីដែលលោកចាត់ទុកបញ្ហានោះជាកិច្ចការផ្ទាល់ខ្លួនរបស់លោក ថាក់ស៊ីន។ ជាងនេះទៅទៀត លោក ប្រាយុទ្ធ ក៏បានបញ្ជូនលិខិតរបស់លោកមួយច្បាប់ថ្វាយព្រះមហាក្សត្រ ដើម្បីសុំព្រះអង្គលើកលែងទោសឱ្យលោក ថាក់ស៊ីន គឺក្នុងឋានៈលោកជានាយករដ្ឋមន្ត្រីចាំផ្ទះ។
កន្លងមក លោក ប្រាយុទ្ធ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា លោកនឹងក្លាយជាពលរដ្ឋសាមញ្ញដោយគ្មានឯកសិទ្ធិពិសេស ហើយចង់សម្រាក និងចំណាយពេលជាមួយគ្រួសារ។
ក្នុងជំនួបនៅវិមានរដ្ឋាភិបាលនៅពេលកន្លងមក លោក ប្រាយុទ្ធ បានផ្តល់អនុសាសន៍ឱ្យលោក ស្រេតថា មានភាពអំណត់ក្នុងការដឹកនាំ រួមទាំងប្រកាន់យកគោលការណ៍ជាតិ សាសនា និងព្រះមហាក្សត្រ។
ក្នុងបញ្ជីគណៈរដ្ឋមន្ត្រីថៃនៃរដ្ឋាភិបាលចម្រុះ ១១គណបក្ស គឺលោក ស្រេតថា ថាវិស៊ីន ជានាយករដ្ឋមន្ត្រីផង និងជារដ្ឋមន្ត្រីហិរញ្ញវត្ថុផង។ លោក ស្រេតថា ដែលកាន់តំណែងរដ្ឋមន្ត្រីហិរញ្ញវត្ថុ ព្រោះលោកមានជំនាញសេដ្ឋកិច្ច ហើយជាអ្នកជំរុញដល់ការស្ដារសេដ្ឋកិច្ចថៃឡើងវិញ។ ជាមួយគ្នានេះ បក្សភឿថៃ ក៏ដឹកនាំក្រសួងការពារជាតិផងដែរ ប៉ុន្តែមិនមែនលោក ស្រេតថា កាន់តំណែងមួយទៀតនោះទេ គឺខុសពីរដ្ឋាភិបាលចម្រុះដែលដឹកនាំដោយលោក ប្រាយុទ្ធ គឺលោក ប្រាយុទ្ធ កាន់តំណែងរដ្ឋមន្ត្រីក្រសួងការពារជាតិ។
នៅក្នុងការបោះឆ្នោតសភាថៃ កាលពីថ្ងៃទី១៤ ឧសភា បក្សដែលមានអាទិភាពជាងគេក្នុងការបង្កើតរដ្ឋាភិបាលចម្រុះ គឺគណបក្សចលនាឆ្ពោះទៅមុខ (MFP) ដែលដឹកនាំដោយអ្នកជំនួញម្នាក់ គឺលោក ភីថា លឹមចារឿនរ៉ាត់។ ប៉ុន្តែបុរសវ័យ ៤២ឆ្នាំរូបនេះមិនត្រូវបានបក្សរបស់ពួកយោធា សមាជិកព្រឹទ្ធសភា និងបក្សដែលមាននិន្នាការជាមួយពួកយោធា បោះឆ្នោតគាំទ្រលោកនៅក្នុងកិច្ចប្រជុំរបស់រដ្ឋសភានៅថ្ងៃទី១៣ កក្កដា នោះទេ។
អ្នកសង្កេតការណ៍មើលឃើញថា បើលោក ភីថា លឹមចារឿនរ៉ាត់ ក្លាយជានាយករដ្ឋមន្ត្រីថៃ គឺអ្នកនយោបាយវ័យក្មេងរូបនេះក៏មានគោលនយោបាយកាត់បន្ថយប្រាក់ពន្ធទាំងអស់ចំពោះប្រជាជនថៃ ទោះជាពន្ធទៅលើប្រាក់បៀវត្សរបស់មន្ត្រីរដ្ឋការក៏ដោយនោះ។
បន្ថែមលើនេះ លោក ភីថា ពិនិត្យមើលឡើងវិញទាំងអស់អំពីប្រព័ន្ធពន្ធដែលត្រូវបានបាត់ក្នុងហេតុផលនៃការកិបកេងរបស់មន្ត្រីពន្ធដារ និងមន្ត្រីពាក់ព័ន្ធ ដែលលោកថាវាជាយុទ្ធនាការមួយបោសសម្អាតពន្ធខ្មៅ ឬបោសសម្អាតអំពើពុករលួយ ដើម្បីធ្វើឲ្យសេដ្ឋកិច្ចថៃមានភាពរឹងមាំច្បាស់លាស់សំដៅជួយដល់ជីវភាពប្រចាំថ្ងៃរបស់ប្រជាជនថៃ៕