រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ដ្រា ទុកពេលមួយខែឱ្យអ្នកសារព័ត៌មានដែលបានយកលុយកាក់ពីក្រុមហ៊ុនកាស៊ីណូ ថបដាយអឹម៉ិន (TOP DIAMOND CASINO) ចូលខ្លួនទៅសារភាពនៅក្រសួងព័ត៌មាន និងទុកពេលឲ្យប្រធានអង្គភាពសារព័ត៌មាន និងភាគីខាងកាស៊ីណូរយៈពេល ២សប្តាហ៍ សម្រាប់ចូលខ្លួនមកបំភ្លឺលើករណីនេះ បើមិនដូច្នោះទេ ក្រសួងព័ត៌មាននឹងលុបអាជ្ញាប័ណ្ណព័ត៌មានរបស់អង្គភាពទាំងនោះ និងចាត់វិធានការច្បាប់ចំពោះកាស៊ីណូនោះផងដែរ។
រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក នេត្រ ភក្ដ្រា បានចេញសេចក្តីជូនដំណឹងមួយកាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ នេះទៅកាន់ម្ចាស់កាស៊ីណូ ថបដាយអឹម៉ិន (TOP DIAMOND CASINO) និងអង្គភាពសារព័ត៌មានដែលធ្លាប់បានទទួលលុយកាក់ពីកាស៊ីណូខាងលើថា ម្ចាស់អង្គភាពសារព័ត៌មានដែលពាក់ព័ន្ធនឹងករណីនេះ ត្រូវតែបញ្ជូនឈ្មោះបុគ្គលិកព័ត៌មានរបស់ខ្លួនដែលធ្លាប់ទទួលលុយកាក់ពីកាស៊ីណូ ថបដាយអឹម៉ិន មកឱ្យក្រសួងព័ត៌មានទាំងអស់ ចំណែកភាគីកាស៊ីណូ ក៏ត្រូវតែធ្វើបញ្ជីឈ្មោះអង្គភាព និងអ្នកសារព័ត៌មានទាំងនោះមកឱ្យក្រសួងដូចគ្នាដែរ។
លោក នេត្រ ភក្ដ្រា ព្រមានថា ក្នុងករណីភាគីកាស៊ីណូមិនសហការអនុវត្តតាមការស្នើសុំខាងលើ ក្រសួងព័ត៌មានរក្សាសិទ្ធិក្នុងការចាត់វិធានការនានាចំពោះក្រុមហ៊ុនដែលបានរួមចំណែកធ្វើឲ្យចុះខ្សោយក្រមសីលធម៌វិស័យសារព័ត៌មាននៅកម្ពុជា។ ជាងនេះទៀត ក្នុងករណីដែលមានការសូកប៉ាន់ដើម្បីបិទបាំងករណីណាមួយ ដែលមិនស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ភាគីដែលពាក់ព័ន្ធនឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមានផងដែរ។
រដ្ឋមន្ត្រីក្រសួងព័ត៌មានរូបនេះបញ្ជាក់ថា ដោយឡែកម្ចាស់អង្គភាពសារព័ត៌មានទាំងអស់ដែលរឹងរូសមិនអនុវត្តតាមការព្រមាននេះ ក្រសួងព័ត៌មាននឹងលុបអាជ្ញាប័ណ្ណចោលទាំងអស់ ព្រមទាំងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមានថែមទៀត។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីអ្នកគ្រប់គ្រងក្រុមហ៊ុនកាស៊ីណូ ថបដាយអឹម៉ិន (TOP DIAMOND CASINO) ទម្លាយជាសាធារណៈកាលពីពេលកន្លងទៅជុំវិញការសុំលុយកាក់ពីអង្គភាពសារព័ត៌មានលើកាស៊ីណូរបស់ខ្លួន។
កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ អ្នកគ្រប់គ្រងបនល្បែងកាស៊ីណូ ថបដាយអឹម៉ិន ក្នុងខេត្តតាកែវ (Top Diamond Casino) ទម្លាយជាសាធារណៈថា មានអ្នកសារព័ត៌មានជិត ១ពាន់អង្គភាព (៧០០ ទៅ ៩០០អង្គភាព) បានទៅសុំប្រាក់ឧបត្ថម្ភពីបនល្បែងរបស់ខ្លួនជាប្រចាំខែ ប៉ុន្តែនៅពេលនេះ បនល្បែងអស់លទ្ធភាពនឹងឧបត្ថម្ភបន្តទៀតហើយ។
អ្នកគ្រប់គ្រងបនល្បែងកាស៊ីណូខាងលើបញ្ជាក់ថា កន្លងមក ក្រុមហ៊ុនល្បែងស៊ីសងរបស់ខ្លួនធ្លាប់បានផ្តល់ប្រាក់ឧបត្ថម្ភជាលក្ខណៈមនោសញ្ចេតនាសម្រាប់បាយ ទឹក និងថ្លៃសាំង ជាដើម ដល់អ្នកសារព័ត៌មានទាំងអស់ដែលបានឆ្លងកាត់ទីតាំងបនល្បែងរបស់ខ្លួនទៅតាមលទ្ធភាពរបស់ក្រុមហ៊ុន ប៉ុន្តែនៅពេលនេះ ក្រុមហ៊ុនលែងមានលទ្ធភាពទៀតហើយ។
ទាក់ទិននឹងបញ្ហានេះ សកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស លោក ស្រ៊ុន ស្រ៊ន បានលើកឡើងកាលពីពេលថ្មីៗនេះដោយចោទសួរថា តើក្រុមហ៊ុនកាស៊ីណូនេះមានអាថ៌កំបាំងអ្វីនៅពីក្រោយដែរទេ ទើបបានជាក្រុមហ៊ុនចេះតែផ្តល់លុយកាក់ដល់អ្នកសារព័ត៌មានទាំងនោះ ហើយការផ្តល់លុយកាក់នេះជាការផ្តល់ឱ្យតាមបែបមនោសញ្ចេតនា ឬដើម្បីបិទបាំងរឿងទុច្ចរិតរបស់ខ្លួន។
លោក ស្រ៊ុន ស្រ៊ន លើកឡើងថា ក្រុមហ៊ុនល្បែងស៊ីសងកាស៊ីណូ ថបដាយអឹម៉ិន (Top Diamond Casino) គួរតែដាក់ពាក្យបណ្តឹងលើបុគ្គលិកសារព័ត៌មានដែលបានទទួលលុយកាក់ពីខ្លួនទៅតុលាការ ដើម្បីរកខុសត្រូវក្នុងរឿងនេះ ប្រសិនបើខ្លួនពិតជាជនរងគ្រោះលើករណីនេះ។
ចំណែកអតីតប្រធានមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) លោក ប៉ា ងួនទៀង បានលើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីពេលថ្មីៗនេះថា បើរដ្ឋាភិបាលចង់លុបបំបាត់អង្គភាពសារព័ត៌មានដែលធ្វើការមិនប្រកបទៅដោយវិជ្ជាជីវៈ គឺមានតែលើកទឹកចិត្ត និងគាំទ្រឱ្យមានប្រព័ន្ធផ្សព្វផ្សាយឯករាជ្យអាចដំណើរការនៅក្នុងស្រុកឱ្យបានទូលំទូលាយប៉ុណ្ណោះ បើមិនដូច្នោះទេ រដ្ឋាភិបាលក៏មិនអាចបំបាត់អង្គភាពបែបនេះបានដែរ។
រដ្ឋាភិបាលកម្ពុជាបានបង្ហាញរបាយការណ៍របស់ខ្លួនកាលពីពេលកន្លងទៅថា សព្វថ្ងៃនេះ អង្គភាពសារព័ត៌មានជាតិ និងបរទេសដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន មានចំនួនជាង ២ពាន់អង្គភាព (២១៥៤អង្គភាព) ដែលកំពុងធ្វើសកម្មភាពផ្សព្វផ្សាយតាមបែបបុរាណ និងបែបទំនើបទៅតាមលទ្ធភាពរបស់ពួកគេរៀងៗខ្លួន។
យ៉ាងណាក៏ដោយ ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យដែលធ្លាប់ធ្វើសកម្មភាពផ្សព្វផ្សាយព័ត៌មានជូនប្រជាពលរដ្ឋពីភាពអសកម្មរបស់មន្ត្រីរដ្ឋាភិបាលកន្លងមក ដូចជា អំពើពុករលួយ ល្បែងស៊ីសងខុសច្បាប់ និងការគំរាមកំហែងផ្នែកនយោបាយ ជាដើម ត្រូវរដ្ឋាភិបាលកម្ពុជាលុបអាជ្ញាប័ណ្ណលែងឱ្យធ្វើសកម្មភាពគ្មានសល់ ដូច្នេះបច្ចុប្បន្ននេះត្រូវគេមើលឃើញថា អង្គភាពសារព័ត៌មានដែលអាចធ្វើសកម្មភាពដោយរលូន គឺមានតែអង្គភាពសារព័ត៌មានដែលមាននិន្នាការគាំទ្របក្សកាន់អំណាចប៉ុណ្ណោះ។
ទាក់ទិននឹងបញ្ហានេះ អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន ធ្លាប់បានលាតត្រដាងកាលពីពេលកន្លងទៅថា កូនស្រីលោក ហ៊ុន សែន គឺអ្នកស្រី ហ៊ុន ម៉ាណា ដែលត្រូវជាប្អូនស្រីបង្កើតរបស់លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជានៅពេលនេះ ត្រូវគេរកឃើញថា គឺជាប្រធានក្រុមហ៊ុនមួយដែលកាន់កាប់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់របស់កម្ពុជា ដូចជា កាសែត ទស្សនាវដី្ត ស្ថានីយវិទ្យុ បណ្ដាញទូរទស្សន៍ និងគេហទំព័រអ៊ីនធឺណិត ជាដើម ដែលប្រើជាស្ថាប័នឃោសនាឱ្យរដ្ឋាភិបាលកម្ពុជារហូតមក ខណៈសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ដែលលោក ហ៊ុន សែន តែងផ្តល់ថវិការហូតមកនោះ ក៏ត្រូវគេមើលឃើញថាជាស្ថាប័នបម្រើសេណារីយ៉ូនយោបាយឱ្យបក្សកាន់អំណាចផងដែរ៕