អ្នកឃ្លាំមើលមិនមានជំនឿទៅលើវិធានការទប់ស្កាត់គ្រឿងញៀនរបស់លោក នេត សាវឿន ដោយថាតាំងពីលោក ហ៊ុន សែន រហូតដល់លោក ហ៊ុន ម៉ាណែត សុទ្ធតែបានប្ដូរផ្ដាច់កម្ចាត់គ្រឿងញៀន តែពួកមេឈ្មួញគ្រឿងញៀនកាន់តែរីកមុខមាត់មានឥទ្ធិពលហូរហៀរទៅវិញ។
ការលើកឡើងរបស់អ្នកវិភាគនេះ បន្ទាប់ពីក្មួយថ្លៃរបស់លោក ហ៊ុន សែន គឺលោក នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន ចេញគោលការណ៍មួយដោយឲ្យមន្ត្រីតាមក្រសួងស្ថាប័នថ្នាក់ជាតិ និងក្រោមជាតិទាំងអស់ រួមគ្នាទប់ស្កាត់គ្រឿងញៀន ជាពិសេសការនាំចូលសារធាតុគីមី។
លោកបង្ហាញការព្រួយបារម្ភចំពោះពលរដ្ឋតាមមូលដ្ឋាន និងសង្គម ដោយសារប៉ុន្មានឆ្នាំចុងក្រោយនេះ ការប្រើប្រាស់គ្រឿងញៀនក្នុងស្រទាប់យុវវ័យកំពុងរាលដាលជាខ្លាំង ដែលបង្កជាផលប៉ះពាល់ដល់សុខភាព សន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ។
លោក នេត សាវឿន ក៏បានណែនាំទៅគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវបង្កើតយន្តការគ្រប់គ្រងសារធាតុគីមីផ្សំ។ ចំណែកមន្ត្រីតាមច្រកព្រំដែន ជាពិសេសតំបន់ត្រីកោណមាស ត្រូវបន្ថែមឧបករណ៍បច្ចេកទេសដូចជា ម៉ាស៊ីនស្គែន ឬឆ្កែហិតក្លិន ជាដើម ខណៈការចរាចរគ្រឿងញៀនតាមផ្លូវទឹក លំហសមុទ្រ និងកំពង់ផែអន្តរជាតិត្រូវយកចិត្តទុកដាក់។
លោកជំរុញទៅគ្រប់ក្រសួងស្ថាប័នដែលមានសមត្ថកិច្ចគ្រប់គ្រង និងត្រួតពិនិត្យឃ្លាំង ឬសង្វាក់ផលិតកម្ម ត្រូវធ្វើបច្ចុប្បន្នភាព និងតាមដានឲ្យបានដិតដល់ ចៀសវាងឧក្រិដ្ឋជនឆ្លៀតប្រើប្រាស់ទីតាំងទាំងនោះលួចលាក់កែច្នៃផលិតសារធាតុញៀនជាដើម។
តែយ៉ាងណាក៏ដោយ ប្រធានវេទិកាពលរដ្ឋ និងជាអ្នកវិភាគនយោបាយលោក គឹម សុខ យល់ឃើញថា បានឮការបញ្ជារបស់លោក នេត សាវឿន អំពីការបង្ក្រាបគ្រឿងញៀនដូចជាហំហែងណាស់ ប៉ុន្តែចំណុចសំខាន់នៅត្រង់ថា តើលោក នេត សាវឿន ដែលឡើងទៅធ្វើជាប្រធានអាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីបង្ក្រាបមេឈ្មួញគ្រឿងញៀនធំៗ ឬមានគោលដៅការពារឧក្រិដ្ឋជនគ្រឿងញៀនដែលមានការសង្ស័យជាច្រើនពាក់ព័ន្ធនឹងសមាជិកក្រុមគ្រួសារហ៊ុន។
លោកយល់ឃើញថា បើលោក នេត សាវឿន មិនហ៊ានបង្ហាញគោលដៅនៃការបំពេញតួនាទីរបស់ខ្លួនឲ្យបានច្បាស់ទេ ហើយបទបញ្ជារបស់លោកគ្រាន់តែជាការនិយាយឲ្យតែពីរោះស្ដាប់ បោកប្រាស់ពលរដ្ឋ រីឯទំហំគ្រឿងញៀនរីករាលដាលកាន់តែធំពីមួយឆ្នាំទៅមួយឆ្នាំ មិនស្រកអន់សោះ។
លោក គឹម សុខ កត់សម្គាល់ថា តាំងពីលោក ហ៊ុន សែន រហូតដល់លោក ហ៊ុន ម៉ាណែត សុទ្ធតែបានប្ដូរផ្ដាច់កម្ចាត់គ្រឿងញៀន តែពួកមេឈ្មួញគ្រឿងញៀនកាន់តែរីកមុខមាត់មានឥទ្ធិពលហូរហៀរ ដោយពួកគេចាត់ទុកគុកជាកន្លែងជះលុយប្រើឆ្មាំគុកឲ្យបម្រើច្របាច់ជើងច្របាច់ដៃឲ្យប៉ុណ្ណោះ។
ចំពោះការលើកឡើងរបស់លោក គឹម សុខ នេះ ធ្វើឡើងខណៈសារព័ត៌មានអន្តរជាតិចុះផ្សាយថា គ្រួសារលោក ហ៊ុន សែន ជាអ្នកនៅពីក្រោយនៃការចរាចរគ្រឿងញៀនដ៏ធំបំផុតនៅកម្ពុជា ដែលកំពុងចែកចាយយ៉ាងអនាធិបតេយ្យនៅតាមក្លឹបរាត្រី រង្គសាល ហាងខារ៉ាអូខេ និងផ្ទះសំណាក់ ហើយអ្នកដែលចែកចាយធំ គឺជាជនជាតិវៀតណាម និងជនជាតិចិន។
នាយករដ្ឋមន្ត្រីតពូជលោក ហ៊ុន ម៉ាណែត តែងតាំងលោក នេត សាវឿន ឲ្យធ្វើជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនជំនួសលោក កែ គឹមយ៉ាន កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣។ លោក នេត សាវឿន ដែលជាអតីតអគ្គស្នងការនគរបាលជាតិកម្ពុជា និងជាប្តីរបស់អ្នកស្រី ហ៊ុន គឹមឡេង ក្មួយបង្កើតរបស់លោក ហ៊ុន សែន៕