ជំនួបកំពូលរវាងលោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក និងសមភាគីចិន លោក ស៊ី ជីនពីង បានបិទបញ្ចប់ដោយស្រមោលអតីតកាលនៅពីក្រោយ។
នៅថ្ងៃទី១៧ វិច្ឆិកា នេះ បណ្ដាញផ្សាយព័ត៌មានអាមេរិក CNN បានទម្លាយរឿងមួយដ៏គួរឱ្យភ្ញាក់ផ្អើលនៅពីក្រោយជំនួបរបស់មេដឹកនាំប្រទេសមហាអំណាចពីរនេះ គឺលោក បៃដិន នៅតែប្រកាន់ជំហររបស់លោកហៅមេដឹកនាំចិន ស៊ី ជីនពីង ថាជាមេដឹកនាំផ្ដាច់ការ។
លោក ចូ បៃដិន បាននិយាយថា លោកបានធ្វើឱ្យមានលទ្ធផលជាវិជ្ជមានក្នុងអំឡុងនៃជំនួបដ៏តានតឹងអស់ជាច្រើនម៉ោងជាមួយប្រធានាធិបតីចិន។
ក្នុងជំនួបដោយប្រើរយៈពេល ៤ម៉ោងកាលពីថ្ងៃពុធ ទី១៥ ខែវិច្ឆិកា មេដឹកនាំទាំងពីរបានព្រមព្រៀងបង្កើតទំនាក់ទំនងយោធាដែលបានជាប់គាំង ដោយសំដៅធ្វើការជាមួយគ្នាដើម្បីភ្ជាប់ទំនាក់ទំនងតាមរយៈការសន្ទនាគ្នាតាមទូរសព្ទរវាងរូបលោក និងលោក ស៊ី ឬរវាងរដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំងពីរ ដែលអ្នកសង្កេតការណ៍បានហៅថាជាលទ្ធផលជាវិជ្ជមានកើតចេញពីជំនួបរបស់មេដឹកនាំប្រទេសមហាអំណាចពីរនេះ។
តែនៅពេលអ្នកកាសែតនៃបណ្ដាញផ្សាយព័ត៌មាន CNN សាកសួរអំពីចរិតលក្ខណៈរបស់លោក ស៊ី លោក បៃដិន មិនបានបន្តលាក់ក្នុងចិត្តនោះទេ។ លោកនៅតែមើលឃើញមេដឹកនាំចិនដ៏មានអំណាចរូបនេះថាជាជនផ្ដាច់ការ។
លោក បៃដិន បានថ្លែងដូចនេះដោយឆ្លើយតបចំពោះសំណួរដែលក្រុមអ្នកកាសែតបានស្រែកសួរ ហើយក្នុងនោះក៏មានអ្នកសារព័ត៌មាន CNN ផងដែរនៅកន្លែងជំនួបដែលបានគ្រោងទុកនៅក្នុងទីក្រុង San Francisco ជាទីកន្លែងដែលប្រទេសមានសេដ្ឋកិច្ចនៃតំបន់អាស៊ីប៉ាស៊ីហ្វិកហៅកាត់ថា APEC កំពុងជួបប្រជុំគ្នា ក្នុងនោះក៏មានវត្តមានទាំងលោក ស៊ី និងលោក បៃដិន ផងដែរ។
លោក បៃដិន បានថ្លែងបន្តទៀតថា លោក ស៊ី ជាមេដឹកនាំផ្ដាច់ការក្នុងស្ថានភាពដែលលោកជាមេដឹកនាំប្រទេសប្រកាន់យករបបកុម្មុយនីស្ត មានភាពខុសគ្នាស្រឡះពីសហរដ្ឋអាមេរិក។
លោក បៃដិន បានធ្វើសន្និសីទសារព័ត៌មានតែម្នាក់ឯងក្រោយពីកិច្ចពិភាក្សាគ្នាដ៏តានតឹងជាមួយលោក ស៊ី។ នៅចំពោះមុខអ្នកសារព័ត៌មានល្បីៗជាច្រើន លោក បៃដិន បានថ្លែងថា ដោយឥតលាក់លៀមអំពីបញ្ហាលំបាកជាច្រើនដែលបានធ្វើឱ្យប្រទេសទាំងពីរមានការខ្វែងគំនិតគ្នា ដូចជាបានឃើញនៅក្នុងការដែលពលរដ្ឋចិនមកទទួលលោក ស៊ី ដែលពលរដ្ឋនៅក្នុងទីក្រុង San Francisco មានជាតិសាសន៍ចម្រុះ បានផ្តល់ឱ្យមេដឹកនាំចិនរូបនេះមានទាំងបាតុករប្រឆាំងកុម្មុយនីស្ត និងក្រុមអ្នកស្វាគមន៍លោក ស៊ី ដែលបានតម្រង់ជួរនៅតាមផ្លូវនានា។
ក្នុងទិដ្ឋភាពដូចនេះហើយដែលគេសង្កេតឃើញមេដឹកនាំផ្ដាច់ការជាច្រើន តែងតែជួបរឿងដូចនេះនៅពេលពួកគាត់ទៅក្រៅប្រទេស។
លោក ស៊ី ត្រូវបានគេចាត់ទុកជាមេដឹកនាំចិន ដែលមានអំណាចខ្លាំងក្លាបំផុតនៅប្រទេសចិន ព្រោះតែលោកអាចបន្តកាន់អំណាចទី៣ និងអាចទី៤ ទៀត ដោយសភាប្រជាជនចិន ក្រោមឥទ្ធិពលរបស់លោកជួយប្រថាប់ត្រា។
ភ្លាមៗនេះមិនទាន់មានប្រតិកម្មណាមួយពីគណៈប្រតិភូចិននៅឡើយទេ ដែលបានធ្វើដំណើរមកកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមកិច្ចប្រជុំកំពូល APEC នៅទីក្រុង San Francisco។ តែក្នុងសន្និសីទប្រចាំថ្ងៃនៅទីក្រុងប៉េកាំង អ្នកនាំពាក្យសម្រាប់ក្រសួងការបរទេសចិន អ្នកស្រី Moa Ning បានប្រតិកម្មទៅនឹងលោក បៃដិន។ អ្នកស្រីបានហៅលោក បៃដិន ថាជាមេដឹកនាំអាមេរិកដែលមិនមានការទទួលខុសត្រូវ និងជាអ្នកនយោបាយអាមេរិកមានចរិតជ្រុលនិយម។ អ្នកស្រីថា ចិនសូមប្រឆាំងនឹងការលើកឡើងរបស់លោក បៃដិន។
តាមរយៈជំនួបកំពូលនេះ លោកប្រធានាធិបតីនៃមហាអំណាចទាំងពីរ បានព្រមព្រៀងគ្នាភ្ជាប់ទំនាក់ទំនងយោធាឡើងវិញ បន្ទាប់ពីជួបភាពរកាំរកូសខ្លាំងជិត ១ឆ្នាំមកនេះ។ តែទន្ទឹមនឹងនេះ ភាគីទាំងពីរបានបង្ហាញជំហរ និងការយល់ឃើញខុសគ្នាលើបញ្ហាជាច្រើន ជាពិសេសករណីកោះតៃវ៉ាន់។
ករណីនេះ ចិនចេះតែគំរាមចង់លេបដែនកោះនេះ សម្រាប់លោក បៃដិន នៅតែសច្ចាជួយតៃវ៉ាន់ ក្នុងបុព្វហេតុដើម្បីប្រជាធិបតេយ្យ ខណៈលោក ស៊ី នៅតែទាមទារឱ្យសហរដ្ឋអាមេរិកបញ្ឈប់ការបញ្ជូនអាវុធទៅឱ្យតៃវ៉ាន់។
លោក បៃដិន បានស្វាគមន៍លោក ស៊ី ដែលសម្រេចមកចូលរួមវេទិកានៃកិច្ចសហការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ហើយយល់ព្រមជួបរូបលោក ប៉ុន្តែលោក បៃដិន បានប្រាប់អ្នកសារព័ត៌មានថា លោក ស៊ី បានគាបសង្កត់លោកឱ្យបញ្ឈប់ការដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនចិន និងមន្ត្រីជាន់ខ្ពស់របស់ចិន។
យ៉ាងណា នេះមិនមែនជាលើកទីមួយនោះទេដែលលោក បៃដិន ហៅលោក ស៊ី ជាមេដឹកនាំផ្ដាច់ការ។ កាលពីខែមករា ឆ្នាំ២០២២ និងកាលពីខែមិថុនា ឆ្នាំ២០២៣ ក៏លោក បៃដិន បានហៅលោក ស៊ី ដូចនេះដែរ ខណៈស្ថានភាពតានតឹងខ្លាំងបន្ទាប់ពីចិនបង្ហោះបាឡុងលើដែនអាកាសសហរដ្ឋអាមេរិក ហើយកងទ័ពអាកាសអាមេរិកបាញ់ទម្លាក់ដោយចាត់ទុកបាឡុងនោះជាឧបករណ៍ចារកម្មរបស់ចិន៕