ក្រុមអ្នកឃ្លាំមើលសង្គមត្អូញត្អែរថា ទង្វើរបស់អ្នកនយោបាយមួយចំនួននៅកម្ពុជាសព្វថ្ងៃនេះ បង្ហាញពីទង្វើរបស់ក្រុមឱកាសនិយម ឬជាក្រុមអ្នកនយោបាយដែលមានសីលធម៌ទាប ជាជាងក្នុងនាមជាអ្នកនយោបាយដែលគិតគូរពីផលប្រយោជន៍ជាតិ។
ប្រភពដដែលអះអាងថា អ្នកនយោបាយដែលមានសីលធម៌ទាប ឬគ្មានសីលធម៌ គេហ៊ានធ្វើអ្វីៗគ្រប់យ៉ាង ទោះត្រូវក្បត់សន្យាជាមួយអ្នកគាំទ្រ និងក្បត់ឆន្ទៈមនសិការខ្លួនឯងក៏ដោយ ហើយអ្នកនយោបាយជំពូកនេះ ក៏ហ៊ានសន្យាគ្រប់បែបយ៉ាងជាមួយអ្នកគាំទ្រ និងប្រជាពលរដ្ឋដែរ ដោយសារតែពួកគេមិនបានទុកការសន្យានោះជារឿងសំខាន់ឡើយ។
អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវលោក សេក សុជាតិ បានលើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីថ្ងៃព្រហស្បតិ៍ ទី២១ ធ្នូ ថា អ្នកនយោបាយប្រភេទឱកាសនិយមនេះកើតឡើងមកមិនមែនជាចំណែកមួយដើម្បីជួយដោះស្រាយវិបត្តិប្រទេសជាតិទេ គឺពួកគេកើតឡើងមកដើម្បីតែកេងប្រវ័ញ្ចផលប្រយោជន៍ជាតិដែលកំពុងរងគ្រោះប៉ុណ្ណោះ ហើយពួកគេក៏ជាចំណែកមួយក្នុងការរុញប្រទេសជាតិឱ្យកាន់តែជាប់ផុងក្នុងបញ្ហាកាន់តែខ្លាំងផងដែរ។
លោក សេក សុជាតិ លើកឡើងថា វត្តមានរបស់អ្នកនយោបាយប្រភេទនេះ មានគោលដៅតែមួយគត់ គឺដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ ហើយរាល់ការគិត និងផែនការរបស់ពួកគេ តែងយកមនសិការ ឆន្ទៈ និងបញ្ហាប្រទេសជាតិមកបាំងពីមុខជានិច្ច មានពេលខ្លះ ពួកគេអាចសម្ដែងធ្វើជាអ្នកស្នេហាជាតិលើសអ្នកនយោបាយដែលមានឆន្ទៈក្នុងការជួយដោះស្រាយបញ្ហាជាតិពិតប្រាកដទៅទៀត ព្រោះពួកគេអាចប្រើល្បិចកលគ្រប់រូបភាព ដើម្បីធ្វើឱ្យខ្លួនឯងល្បី មានការចាប់អារម្មណ៍ពីមហាជន ទោះពេលខ្លះត្រូវប្រើទង្វើទុច្ចរិត ឬវិធីសាស្ត្រស្មោកគ្រោកពីក្រោយខ្នងក៏ដោយ។
អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិតរូបនេះបញ្ជាក់ថា ទោះបីជាក្រុមអ្នកនយោបាយឱកាសនិយមទាំងនេះខំវាយឫកជាអ្នកស្នេហាជាតិកម្រិតណាក៏ដោយ ប៉ុន្តែនៅទីបំផុត ពួកគេមិនអាចដើរដល់គោលដៅដែលពួកគេធ្លាប់សន្យាជាមួយប្រជាពលរដ្ឋនោះទេ គឺបានត្រឹមតែជាប់ផុងនឹងផលប្រយោជន៍ខ្លួនឯង រហូតរុញច្រានឱ្យពួកគេហ៊ាននិយាយការពាររឿងដែលខ្លួនធ្លាប់រិះគន់ថាជារឿងមិនត្រឹមត្រូវថែមទៀត។
ការអះអាងនេះ ធ្វើឡើងស្របពេលដែលបរិយាកាសនយោបាយនៅកម្ពុជា ត្រូវគេមើលឃើញថា កំពុងវិលវល់ទៅដោយក្រុមអ្នកនយោបាយច្រើនប្រភេទច្រើនជំពូក ដែលធ្វើឱ្យប្រជាពលរដ្ឋពិបាកសម្គាល់ថាអ្នកណាជាអ្នកស្មោះត្រង់ និងអ្នកនយោបាយណាមួយជាក្រុមឱកាសនិយមសព្វថ្ងៃនេះ។
ក្រោយពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ ប្រទេសកម្ពុជាបានទទួលយករបបដឹកនាំតាមប្រជាធិបតេយ្យ សេរី ពហុបក្ស ដែលអាចឱ្យពលរដ្ឋខ្មែរគ្រប់រូបមានសិទ្ធិស្របច្បាប់បង្កើតគណបក្សនយោបាយដោយខ្លួនឯង និងអាចកៀងគររកការគាំទ្រពីប្រជាពលរដ្ឋ រកសំឡេងឆ្នោតដើម្បីឈានទៅរកការដឹកនាំប្រទេសតាមការសន្យារបស់ខ្លួន ប៉ុន្តែអស់រយៈពេលជាង ៣០ឆ្នាំមកនេះ មានតែគណបក្សប្រជាជនកម្ពុជា ដែលមានដើមកំណើតពីបក្សកុម្មុយនីស្តវៀតណាមតែមួយគត់ ដែលអាចរក្សាអំណាចដឹកនាំប្រទេសជាតិរហូតដល់ពេលនេះ។
ដោយសារតែគណបក្សប្រជាជនកម្ពុជា មានប្រវត្តិកើតចេញពីបក្សកុម្មុយនីស្តវៀតណាម ក៏បានក្លាយទៅជាផ្ទាំងស៊ីបដ៏ពេញនិយមមួយរបស់អ្នកនយោបាយឱកាសនិយមទាំងនោះ ព្រោះថាពួកគេបានប្រើចំណុចនេះបញ្ចុះបញ្ចូលប្រជាពលរដ្ឋឱ្យគាំទ្រខ្លួន ក្រោមហេតុផលដើម្បីប្រយោជន៍ជាតិ ដើម្បីប្រជាធិបតេយ្យ និងដើម្បីសិទ្ធិមនុស្ស ជាដើម ប៉ុន្តែជាលទ្ធផល បានបង្ហាញឱ្យឃើញថា អ្នកនយោបាយដែលស្នេហាជាតិពិតប្រាកដ ត្រូវបានមេដឹកនាំគណបក្សប្រជាជនកម្ពុជាចាប់ខ្លួនដាក់គុកជាបន្តបន្ទាប់ ខណៈអ្នកនយោបាយដែលជាក្រុមឱកាសនិយម ក៏បាននាំគ្នាទៅចុះចូលនឹងគណបក្សប្រជាជនកម្ពុជាជាបន្តបន្ទាប់ដែរ។
គិតចាប់តាំងពីក្រោយវត្តមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ មក គណបក្សនយោបាយដែលបានបង្កើតឡើងមានច្រើនស្អេកស្កះ ប៉ុន្តែបក្សនយោបាយទាំងនោះក៏ត្រូវរលាយទៅវិញ ដោយការបំបែកបំបាក់របស់គណបក្សប្រជាជនកម្ពុជាផង និងបានចុះចូលជាមួយបក្សកាន់អំណាចផងដែរ។
យ៉ាងណាក៏ដោយ គិតចាប់តាំងពីឆ្នាំ២០២០ មក ក្រសួងមហាផ្ទៃ បញ្ជាក់ថា គណបក្សនយោបាយដែលបានចុះបញ្ជីផ្លូវការនៅក្រសួងមហាផ្ទៃ មានតែប្រមាណជាង ៤០គណបក្សប៉ុណ្ណោះ ប៉ុន្តែក្នុងចំណោមគណបក្សទាំងនោះ គេមើលឃើញថា ក៏មានគណបក្សដែលបង្កើតមកដើម្បីបម្រើសេណារីយ៉ូនយោបាយរបស់គណបក្សប្រជាជនកម្ពុជាផងដែរ។
ភស្តុតាងជាក់ស្តែងក្រោយការបោះឆ្នោតជាតិអាណត្តិទី៦ ឆ្នាំ២០១៨ គណបក្សប្រជាជនកម្ពុជាបានឈ្នះឆ្នោតផ្ដាច់មុខដែលទទួលបានអាសនៈក្នុងរដ្ឋសភាទាំង ១២៥អាសនៈ បន្ទាប់ពីគណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយនៅឆ្នាំ២០១៧ ប៉ុន្តែគណបក្សប្រជាជនកម្ពុជា ក៏រងនូវការរិះគន់ពីសហគមន៍អន្តរជាតិយ៉ាងចាស់ដៃដែរ ដោយសារតែរដ្ឋាភិបាលដែលត្រូវដឹកនាំប្រទេសនៅអាណត្តិនោះ ធ្វើឡើងដោយឯកបក្ស។
ដើម្បីបន្ធូរបន្ថយភាពតានតឹង លោក ហ៊ុន សែន បានបង្កើតស្ថាប័នមួយដែលមានឈ្មោះថា ឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលបើកឱ្យគណបក្សនយោបាយដែលគ្មានសំឡេងក្នុងរដ្ឋសភា ចូលជាសមាជិកស្ថាប័នថ្មីនេះ។
ក្រោយការបង្កើតឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ គណបក្សនយោបាយដែលគ្មានកៅអីក្នុងរដ្ឋសភាមួយចំនួន បាននាំគ្នាចូលជាសមាជិកជាបន្តបន្ទាប់ ខណៈគណបក្សនយោបាយខ្លះរិះគន់ថា ការធ្វើបែបនេះ គឺជាទង្វើក្បត់ឆន្ទៈម្ចាស់ឆ្នោត ហើយនៅទីបំផុត គណបក្សនយោបាយដែលធ្លាប់រិះគន់លើបញ្ហានេះ ត្រូវគេមើលឃើញថា ពួកគេក៏បាននាំគ្នាចូលជាសមាជិកឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នៅអាណត្តិទី៧ ឆ្នាំ២០២៣ ដូចគណបក្សដែលពួកគេធ្លាប់រិះគន់កាលពីពេលមុនដែរ។
ទាក់ទិននឹងបញ្ហានេះ អនុប្រធានវេទិកាពលរដ្ឋលោក ម៉ែន ណាត ធ្លាប់រិះគន់ថា នៅពេលដែលគណបក្សទាំងនោះចូលជាសមាជិកឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ពួកគេមិនត្រឹមតែមានភារកិច្ចជួយការពារកំហុសរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីទទួលបានប្រាក់ខែចិញ្ចឹមជីវិតទេ ប៉ុន្តែពួកគេបានចូលរួមបំផ្លាញផលប្រយោជន៍ជាតិជាមួយគណបក្សប្រជាជនកម្ពុជាយ៉ាងធ្ងន់ធ្ងរថែមទៀត។
ក្រៅពីមេដឹកនាំបក្សនយោបាយ គេក៏ឃើញអតីតមន្ត្រីជាន់ខ្ពស់អង្គការក្រៅរដ្ឋាភិបាល និងអតីតមន្ត្រីជាន់ខ្ពស់ក្នុងអង្គភាពសារព័ត៌មានឯករាជ្យ ប្រកាសចុះចូលជាមួយគណបក្សប្រជាជនកម្ពុជាដែរ ខណៈកំហុសដែលពួកគេធ្លាប់រិះគន់រដ្ឋាភិបាលកាលពីពេលកន្លងទៅ ត្រូវបំបិទចោលលែងលើកយកមកនិយាយទាំងអស់៕