មន្ត្រីអង្គការសង្គមស៊ីវិលអះអាងថា តុលាការកំពូលបានផ្តល់យុត្តិធម៌ដល់លោកយាយ ង៉ែត ឃុន អាយុ ៨៣ឆ្នាំ (ហៅយាយម៉ាមី) បន្ទាប់ពីគាត់បានតស៊ូដើម្បីស្វែងរកយុត្តិធម៌អស់រយៈពេល ១២ឆ្នាំ ក្នុងការការពារដីធ្លីរបស់លោកយាយ និងអ្នកដទៃទៀត។
នាយកប្រតិបត្តិអង្គការលីកាដូ (LICADHO) លោក អំ សំអាត បានលើកឡើងថា តុលាការកំពូលបានផ្តល់យុត្តិធម៌ដល់លោកយាយ ង៉ែត ឃុន និងអ្នកស្រី ឆេង លាភ ដោយទម្លាក់បទចោទប្រកាន់លើអ្នកទាំងពីរ «ពីបទគំរាមកំហែងថានឹងសម្លាប់» តាមមាត្រា២៣៣ នៃក្រមព្រហ្មទណ្ឌ។
លោក អំ សំអាត បន្ថែមទៀតថា ទោះបីយ៉ាងណាលោកយាយ ង៉ែត ឃុន និងអ្នកស្រី ឆេង លាភ បានតស៊ូដើម្បីស្វែងរកយុត្តិធម៌ក្នុងសំណុំរឿងនេះអស់រយៈពេល ១២ឆ្នាំហើយ។ ម្យ៉ាងទៀត តំណាងសហគមន៍ដីធ្លីក្នុងតំបន់បឹងកក់ជាច្រើនរូបត្រូវបានជាប់បណ្តឹងនៅតុលាការ និងជាប់ពន្ធនាគារកន្លងមកដោយសារតែការការពារដីធ្លីរបស់ពួកគេមិនមានដំណោះស្រាយ។
លោក អំ សំអាត បានបន្ថែមថា ការអភិវឌ្ឍជាភាពចាំបាច់ចំពោះប្រទេសកំពុងអភិវឌ្ឍ ប៉ុន្តែការអភិវឌ្ឍត្រូវធ្វើឡើងប្រកបដោយតម្លាភាព និងយុត្តិធម៌ គឺការដោះស្រាយជាមួយពលរដ្ឋដែលរងផលប៉ះពាល់នៅទីតាំងអភិវឌ្ឍន៍ជាមុនសិន មុននឹងចាប់ផ្តើមធ្វើការអភិវឌ្ឍលើគម្រោង។
ប្រភពពីមន្ត្រីអង្គការសង្គមស៊ីវិលដដែលអះអាងថា ការអភិវឌ្ឍត្រូវគិតពីផលប្រយោជន៍របស់ពលរដ្ឋដែលកំពុងរស់នៅទីតាំងអភិវឌ្ឍន៍ជាមុនសិន។ លោកបន្តថា មុនធ្វើការអភិវឌ្ឍ ត្រូវធ្វើការសិក្សាស្រាវជ្រាវពីផលប៉ះពាល់ និងដំណោះស្រាយឱ្យបានច្បាស់លាស់ជាមុនសិន ដើម្បីចៀសវាងពលរដ្ឋត្រូវរងគ្រោះដោយផលប៉ះពាល់កើតចេញពីការអភិវឌ្ឍ និងប៉ះពាល់ដល់ជីវភាពរស់នៅ។
លោក អំ សំអាត បានបន្ថែមថា ពលរដ្ឋជាប់បណ្តឹងនៅតុលាការ ឬជាប់ពន្ធនាគារដោយសារការការពារដីធ្លី និងផ្ទះសម្បែងរបស់ពួកគាត់ដែលកើតចេញពីការអភិវឌ្ឍ ដូចជានៅតំបន់បឹងកក់ និងតំបន់មួយចំនួនទៀត ដែលពលរដ្ឋមួយចំនួនត្រូវជាប់បណ្តឹងនៅតុលាការ និងជាប់ពន្ធនាគារ ក៏ដូចជាការប៉ះពាល់ជីវភាពរស់នៅ និងការសិក្សារបស់កូនៗពួកគេ និងការធ្វើចំណាកស្រុក។
លោក អំ សំអាត បានបន្ថែមថា ដើម្បីឱ្យការអភិវឌ្ឍមួយប្រកបដោយតម្លាភាព និងយុត្តិធម៌ គឺរដ្ឋត្រូវគិតគូរផលប្រយោជន៍ទាំងសងខាង ជាពិសេសពលរដ្ឋដែលរងផលប៉ះពាល់ពីការអភិវឌ្ឍត្រូវទទួលបាននូវដំណោះស្រាយ និងផលប្រយោជន៍សមរម្យរស់នៅក្នុងភាពថ្លៃថ្នូរ មិនត្រូវទទួលរងគ្រោះ ការធ្វើទុក្ខបុកម្នេញ គំរាមកំហែង ឬត្រូវជាប់ពន្ធនាគារដោយសារការការពារផ្ទះសម្បែង និងដីធ្លីរបស់ពួកគេ គឺត្រូវមានដំណោះស្រាយដែលអាចទទួលយកបានដោយស្ម័គ្រចិត្ត។
កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ តុលាការកំពូលបានសម្រេចឲ្យសកម្មជនដីធ្លីមកពីសហគមន៍បឹងកក់ ២នាក់ បានរួចផុតពីបទចោទប្រកាន់។ ការសម្រេចរបស់តុលាការកំពូល បានធ្វើឡើងបន្ទាប់ពីសកម្មជនបឹងកក់ទាំងពីររូបត្រូវបានសាលាដំបូងរាជធានីភ្នំពេញ និងសាលាឧទ្ធរណ៍ផ្ដន្ទាទោសពីបទគំរាមកំហែងថានឹងសម្លាប់នៅក្នុងខែមីនា ឆ្នាំ២០១២ ទៅលើភាគីម្ខាងទៀតដែលជាសកម្មជនដូចគ្នា។
ការចោទប្រកាន់អ្នកទាំងពីរកន្លងមកនេះ គឺពាក់ព័ន្ធនឹងហេតុការណ៍ដែលមានក្រដាសសរសេរជាច្រើនសន្លឹក គំរាមថានឹងសម្លាប់អតីតសមាជិកសហគមន៍ម្នាក់ទៀតឈ្មោះ លី មុំ ដែលត្រូវបានរកឃើញនៅរាយប៉ាយនៅខាងមុខផ្ទះរបស់នាង។
អ្នកស្រី លី មុំ បានដាក់ពាក្យបណ្ដឹងទៅលើសមាជិកសហគមន៍បឹងកក់ ៦នាក់ ដែលក្នុងនោះរួមទាំងលោកយាយ ង៉ែត ឃុន និងអ្នកស្រី ឆេង លាភ ផងដែរ។ ស្ត្រីទាំង ៦នាក់នោះបានបដិសេធការចោទនេះ។
នៅក្នុងឆ្នាំ២០១៦ អ្នកស្រី លី មុំ បានដកពាក្យបណ្ដឹង ក៏ប៉ុន្តែសមាជិកសហគមន៍ទាំង ៦នាក់នៅតែត្រូវបានសាលាដំបូងរាជធានីភ្នំពេញសម្រេចផ្ដន្ទាទោសកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ ប៉ុន្តែទោសដាក់ពន្ធនាគារចំនួន ៦ខែត្រូវបានព្យួរ។
លោកយាយ ង៉ែត ឃុន និងអ្នកស្រី ឆេង លាភ គឺជាជនជាប់ចោទតែពីរនាក់ប៉ុណ្ណោះ ដែលប្ដឹងសារទុក្ខទៅកាន់តុលាការកំពូល បន្ទាប់ពីសកម្មជនបឹងកក់ទាំងពីររូបបានប្តឹងទៅឧទ្ធរណ៍ ហើយឧទ្ធរណ៍បានសម្រេចតម្កល់សាលក្រមសាលាដំបូងទុកជាបានការកាលពីខែកញ្ញា ឆ្នាំ២០២៣៕