រណសិរ្សនៃប្រទេសទាំង ៣ គឺ កម្ពុជា ឡាវ វៀតណាម បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាដំណាក់កាល ២០២៤-២០២៧ ដើម្បីបន្តកិច្ចសហប្រតិបត្តិការជំរុញការពង្រឹង និងពង្រីកសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំង ៣ ឲ្យកាន់តែទូលំទូលាយ រឹងមាំ ព្រមទាំងអំពាវនាវដល់រាជរដ្ឋាភិបាលកម្ពុជា ផ្តល់លក្ខខណ្ឌអំណោយផលសម្រាប់ប្រជាជនវៀតណាម ក្នុងការរស់នៅ ធ្វើការ និងសិក្សានៅប្រទេសកម្ពុជា។
កិច្ចប្រជុំប្រព្រឹត្តទៅក្រោមវត្តមានអ្នកស្រី ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា លោក Sinlavong Khoutphaythone ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សអភិវឌ្ឍន៍ជាតិឡាវ និងលោក Do Van Chien ប្រធានគណៈកម្មាធិការកណ្តាលរណសិរ្សមាតុភូមិវៀតណាម ដែលប្រារព្ធធ្វើនៅរដ្ឋធានីវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ កាលពីរសៀលថ្ងៃអង្គារ ទី៩ ខែមេសា ឆ្នាំ២០២៤។
លោកស្រី ម៉ែន សំអន បានថ្លែងថា នៅក្នុងកិច្ចប្រជុំនោះ ប្រទេសទាំង ៣ ក៏មានឯកភាពគ្នា និងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាដំណាក់កាល ២០២៤-២០២៧ ដើម្បីបន្តកិច្ចសហប្រតិបត្តិការនៃប្រទេសទាំង៣ ក្នុងការជំរុញការពង្រឹង និងពង្រីកសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំង ៣ កាន់តែទូលំទូលាយ រឹងមាំ ស្ថិតស្ថេរ គង់វង្សយូរអង្វែង។
ប្រភពដដែលបានលើកឡើងថា ជំនួបឆ្នាំនេះគឺជាកិច្ចប្រជុំលើកទី៥ រវាងក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា, គណៈកម្មាធិការមជ្ឈិមរណសិរ្សអភិវឌ្ឍន៍ជាតិឡាវ និងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ដំណាក់កាល ២០២៤-២០២៧។
លោក Do Van Chien ប្រធានគណៈកម្មាធិការកណ្តាលរណសិរ្សមាតុភូមិវៀតណាម បានអំពាវនាវដល់កម្ពុជា និងឡាវ ផ្តល់លក្ខខណ្ឌអំណោយផលសម្រាប់ប្រជាជនវៀតណាម ក្នុងការរស់នៅ ធ្វើការ និងសិក្សានៅប្រទេសទាំងពីរ ហើយវៀតណាម ក៏នឹងធ្វើដូចគ្នាដែរសម្រាប់ប្រជាជនមកពីកម្ពុជា និងឡាវ។ ចុងបញ្ចប់នៃកិច្ចប្រជុំ ប្រធានរណសិរ្សទាំងបីបានចុះហត្ថលេខាលើកម្មវិធីកិច្ចសហប្រតិបត្តិការសម្រាប់ឆ្នាំ២០២៤-២០២៧។
តំណាងរាស្ត្រអតីតគណបក្សសង្គ្រោះជាតិលោក អ៊ុំ សំអាន អះអាងកាលពីពេលថ្មីៗនេះថា បក្សកុម្មុយនីស្តឥណ្ឌូចិនសម័យថ្មីដែលបន្តវេនពីមេដឹកនាំវៀតណាម លោក ហូ ជី មិញ នឹងខិតខំប្រែក្លាយកម្ពុជា វៀតណាម និងឡាវ ឱ្យទៅជាប្រទេសតែមួយ ប៉ុន្តែត្រូវដាក់ឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់វៀតណាម នាពេលអនាគត។
អំឡុងពេលចូលរួមកិច្ចប្រជុំអាស៊ាន-អូស្ត្រាលី កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងក្នុងជំនួបដាច់ដោយឡែកមួយជាមួយនាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មីញជីញ ថា រាជរដ្ឋាភិបាលកម្ពុជានឹងបន្តយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋវៀតណាម ដែលកំពុងរស់នៅលើទឹកដីខ្មែរឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ជាពិសេសគឺពលរដ្ឋខ្មែរដើមកំណើតវៀតណាម ដែលទទួលបានសញ្ជាតិខ្មែរនាពេលសព្វថ្ងៃនេះ។
រាល់ជំនួបរវាងមេដឹកនាំខ្មែរ និងមេដឹកនាំវៀតណាម ត្រូវគេសង្កេតឃើញថា មេដឹកនាំវៀតណាម តែងតែជំរុញឱ្យមេដឹកនាំខ្មែរជួយសម្រួលដល់ការរស់នៅរបស់ពលរដ្ឋវៀតណាម ដែលកំពុងស្នាក់នៅប្រទេសកម្ពុជាដោយខុសច្បាប់ ឱ្យទៅជាការរស់នៅដោយស្របច្បាប់ជាបន្តបន្ទាប់ តាំងពីជំនាន់លោក ហ៊ុន សែន នៅកាន់តំណែងជានាយករដ្ឋមន្ត្រីមកម្ល៉េះ។
មានសំណួរជាច្រើនដែលពលរដ្ឋខ្មែរសួរគ្នាទៅវិញទៅមកថា៖
- ហេតុអ្វីបានជាអ្នកដឹកនាំនៃសាធារណរដ្ឋសង្គមនិយមយៀកណាម សឹងតែគ្រប់រូប និងសឹងតែគ្រប់អាណត្តិ តែងតែមកប្រាប់ឲ្យអ្នកដឹកនាំខ្មែរ យកចិត្តទុកដាក់មើលថែទាំជនជាតិរបស់គេនៅស្រុកខ្មែរឲ្យបានដិតដល់?
- តើគេយកសារាចរណែនាំពីឆ្នាំ១៩៨៦ មករំឭក ក្រែងខ្មែរភ្លេចគុណូបការៈរបស់គេ?
- ឬរដ្ឋអំណាចខ្មែរមើលថែទាំគេមិនទាន់ដិតដល់?
- ឬមួយក៏ជាទម្លាប់ជនជាតិយៀកណាម ដែលតែងតែរអ៊ូរទាំទាមទារចង់តែបានថែមមិនឈប់ឈរ ដែលភាសាយៀកណាម ថា ឡាំប៉ាមិនចេះចប់នោះ?
កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ១៩៨៦ មេដឹកនាំខ្មែរដែលវៀតណាមលើកបន្តុប លោក ហ៊ុន សែន បានចុះហត្ថលេខាលើសារាចរណែនាំស្ដីពីការអនុវត្តគោលនយោបាយចំពោះនិគមជនវៀតណាម នៅកម្ពុជា ដែលតម្រូវឲ្យរដ្ឋាភិបាលកម្ពុជាផ្តល់ដីធ្លី ទីជម្រក ផ្តល់អត្តសញ្ញាណប័ណ្ណ ថែរក្សា និងផ្គត់ផ្គង់ឲ្យបានត្រឹមត្រូវ ហើយសារាចរនេះនៅតែមានសុពលភាពរហូតដល់សព្វថ្ងៃនេះ ហើយកម្ពុជាក៏កំពុងតែអនុវត្តនូវការផ្តល់សិទ្ធិរស់នៅដល់ជនអន្តោប្រវេសន៍វៀតណាមខុសច្បាប់លើទឹកដីរបស់ខ្លួនជាបន្តបន្ទាប់ផងដែរនៅពេលនេះ។
រំឭកអំពីប្រវត្តិសាស្ត្រ៖ អ្នកប្រាជ្ញក្នុងលោកនេះ គេនិយាយថា មនុស្សលោកនឹងដើរជាន់ដានចាស់ បើមិនរៀនអំពីប្រវត្តិសាស្ត្រ (ឬអំពីអតីតកាល) របស់ខ្លួន។ សម្ព័ន្ធភាពបងប្អូនបីនាក់ ឬបីនាក់បងប្អូន ទោះជាចង់ដូរឈ្មោះហៅជាអ្វីក៏ដោយ ក៏នៅតែស្ថិតក្នុងគំនិតដើម សហព័ន្ធឥណ្ឌូចិនដដែល ដែលមានឫសគល់ពីបក្សកុម្មុយនីស្តយៀកណាម នៅតំបន់តុងក័ង (ភាគខាងជើងយៀកណាម) ហៅថាវៀតណាម កុងសាន ដាង កកើតឡើងនៅឆ្នាំ១៩២០ និងការបង្កើតបណ្ដាញសម្ព័ន្ធយុវជន ហៅថា ថាញ់នៀន ឆ្នាំ១៩២៥ និងចុងក្រោយនៅខែតុលា ឆ្នាំ១៩៣០។
ក្រោយពីរដ្ឋឥណ្ឌូចិនទាំងបីបង្កើតបក្សកុម្មុយនីស្តឥណ្ឌូចិន នាឆ្នាំ១៩៣០ នៅខែវិច្ឆិកា ឆ្នាំ១៩៤៥ បក្សនេះរំលាយចេញ ហើយដូរឈ្មោះបក្សក្នុងប្រទេសរៀងៗខ្លួន ប៉ុន្តែក្នុងក្របខ័ណ្ឌបក្សកុម្មុយនីស្តដដែល។ ខ្មែរហៅថា បក្សកុម្មុយនីស្តឥណ្ឌូចិន លាវហៅ ឥណ្ឌូចិនផាក់កុម្មុយនិត យៀកណាម ដាង កុងសាន ដុងដួង។
ក្នុងទស្សនៈសហព័ន្ធឥណ្ឌូចិន ក្រុងហាណូយ ចាត់ទុកជាបងធំ ខ្មែរប្អូនបន្ទាប់ លាវ ប្អូនពៅ។ ទេសចរខ្មែរទៅលេងស្រុកលាវ និយាយថា៖ ប្រទេសលាវ សឹងតែពុំមានជនជាតិលាវម្ចាស់ទឹកដីទេ៕