ក្រុមសកម្មជនបាននិយាយកាលពីម្សិលមិញថា ពួកគេបានរកឃើញឈើកាប់រួចខុសច្បាប់ប្រហែល២.០០០ដុំ នៅពេលបញ្ចប់ការល្បាតតំបន់ព្រៃឡង់រយៈពេលប្រាំថ្ងៃនៅក្នុងស្រុកជ័យសែន ខេត្តព្រះវិហារ គឺក្នុងបំណងលុបបំបាត់ការជួញដូរឈើខុសច្បាប់នៅក្នុងស្រុក។
អ្នកស្រី អ៊ុក ហុង អ្នកភូមិម្នាក់ក្នុងចំណោមអ្នកភូមិប្រហែល៤០០នាក់ដែលធ្វើការល្បាតតំបន់ព្រៃឡង់និងតំបន់ជុំវិញដែលបានចូលរួមការល្បាតនោះបាននិយាយថា “ឥឡូវនេះ យើងបានបញ្ចប់ការល្បាតរបស់យើងហើយ ហើយយើងរឹបអូសបានរណារយន្តប្រាំគ្រឿងផងដែរ”។
អ្នកស្រី អ៊ុក ហុង បាននិយាយថា ក្រុមរបស់ខ្លួនបានប្រគល់ឈើជាង១៣៤ដុំទៅឲ្យមន្ត្រីរដ្ឋបាលព្រៃឈើមូលដ្ឋាន ប៉ុន្តែ បានដុតបំផ្លាញឈើដែលនៅសេសសល់ដែលពួកគាត់បានរកឃើញ ពីព្រោះឈើទាំងនោះស្ថិតនៅក្នុងតំបន់ជនបទដាច់ស្រយាលពេក។ ការល្បាតនៅសប្តាហ៍នេះ គឺជាលើកទី១ហើយ ដែលអ្នកភូមិមូលដ្ឋានបានធ្វើការល្បាតតំបន់ព្រៃឡង់ចាប់តាំងពីការបោះឆ្នោតកាលពីខែកក្កដាមក ដែលបន្ទាប់ពីការបោះឆ្នោតនោះ ពួកគាត់លើកឡើងថា មានការកាប់ឈើខុសច្បាប់កើនឡើងនៅក្នុងតំបន់នេះ។
លោក អូន វឿន ដែលបានចូលរួមនៅក្នុងការល្បាតនោះផងដែរបាននិយាយថា “បន្ទាប់ពីការបោះឆ្នោតមក យើងឃើញថា មានសកម្មភាពកាប់ឈើខុសច្បាប់ក្នុងទ្រង់ទ្រាយធំ ហើយប្រសិនបើរដ្ឋាភិបាលមិនចាត់វិធានការទេនោះ ព្រៃឈើនឹងបាត់បង់មិនខាន”។ ដោយអស់ជំនឿលើអាជ្ញាធរមូលដ្ឋាន អ្នកភូមិក្នុងមូលដ្ឋានបានធ្វើការល្បាតរយៈពេលជាច្រើនថ្ងៃក្នុងតំបន់ព្រៃដែលមានទំហំ៦៥០.០០០ហិកតានេះ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ៕ សារុន