27.5 C
Phnom Penh

ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​ជប៉ុន ប្រកាស​ធ្វើ​មហា​បាតុកម្ម​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ប្ដឹង​ថៃ​រឿង​កោះ​គុត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពលរដ្ឋ​ខ្មែរ​រស់នៅ​ក្រៅ​ស្រុក ប្រកាស​ធ្វើ​មហា​បាតុកម្ម​នៅ​ប្រទេស​ជប៉ុន នៅ​ដើម​ខែ​ក្រោយ ក្នុង​បំណង​ទាមទារ​ឱ្យ​រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​ត្រកូល​ហ៊ុន លើក​យក​បញ្ហា​កោះ​គុត​ប្តឹង​ទៅ​តុលាការ​អន្តរជាតិ ដើម្បី​រក្សា​អធិបតេយ្យ​ជាតិ​ពី​ការ​រំលោភ​បំពាន​ដោយ​បរទេស​ជិតខាង។

ពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រស់នៅ និង​ធ្វើការ​ក្នុង​ប្រទេស​ជប៉ុន ចេញ​លិខិត​ជូនដំណឹង​នៅ​ថ្ងៃទី​២៨ មករា នេះ​ថា ពួកគេ​នឹង​ប្រមូលផ្ដុំ​គ្នា​នៅ​សួន HIBIYA PARK TOKYO ក្នុង​ប្រទេស​ជប៉ុន ដើម្បី​ប្រារព្ធ​មហា​បាតុកម្ម​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​អាទិត្យ ទី​៩ ខែ​កុម្ភៈ ឆ្នាំ​២០២៥ ខាង​មុខ​នេះ ចាប់ពី​វេលា​ម៉ោង ១២.៣០​នាទី​ថ្ងៃ​ត្រង់​តទៅ។

សេចក្តី​ជូនដំណឹង​ដដែល​នេះ បញ្ជាក់​ថា មហា​បាតុកម្ម​នេះ​មាន​បំណង​ជំរុញ​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា​ប្តឹង​ថៃ ទៅ​តុលាការ​អន្តរជាតិ ដើម្បី​ទាមទារ​យក​ចំណែក​កម្មសិទ្ធិ​លើ​កោះ​គុត​របស់​ខ្លួន​មក​គ្រប់គ្រង​វិញ ហើយ​ការ​ធ្វើ​ដូច្នេះ ក៏​ដើម្បី​បញ្ចៀស​នូវ​ទំនាស់​ជាមួយ​នឹង​ប្រទេស​ជិតខាង​ផង​ដែរ។

ចាប់ពី​មាន​ការ​តវ៉ា​អំពី​បញ្ហា​កោះ​គុត តាំងពី​អំឡុង​ខែ​វិច្ឆិកា ឆ្នាំ​២០២៤ មក គេ​សង្កេត​ឃើញ​ថា នាយករដ្ឋមន្ត្រី​ខ្មែរ លោក ហ៊ុន ម៉ាណែត និង​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ឆ្លើយតប​ទៅ​នឹង​បញ្ហា​នេះ​តែ​ម្តង​គត់ ដោយ​អះអាង​ថា លោក​នឹង​មិន​ឱ្យ​ទឹកដី​ខ្មែរ​បាត់បង់​សូម្បី​តែ​មួយ​មិល្លីម៉ែត្រ​ឡើយ ហើយ​បញ្ហា​កោះ​គុត​គឺជា​រឿង​ស្មុគស្មាញ​ដែល​ពិបាក​នឹង​ដោះស្រាយ ប៉ុន្តែ​ក្នុង​ពេល​ជាមួយ​គ្នា​នោះ លោក ហ៊ុន សែន ដែល​ត្រូវ​ជា​ឪពុក​នាយករដ្ឋមន្ត្រី ក៏​ព្រមាន​ធ្វើ​ច្បាប់​ដាក់​អ្នក​ដែល​លើក​ឡើង​អំពី​បញ្ហា​កោះ​គុត​ជា​ក្រុម​ភេរវករ​ផង​ដែរ ក្រោម​ហេតុផល​ថា អ្នក​ទាំងនោះ​បាន​បង្ក​ការ​ញុះញង់​ដែល​នាំ​ឱ្យ​មាន​ជម្លោះ​ប្រដាប់​អាវុធ​ជាមួយ​ប្រទេស​ជិតខាង។

ជុំវិញ​បញ្ហា​នេះ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​២៧ មករា នេះ​ថា រដ្ឋាភិបាល​របស់​លោក ហ៊ុន ម៉ាណែត ត្រូវតែ​ប្តឹង​ករណី​កោះ​គុត​ទៅ​តុលាការ​អន្តរជាតិ និង​បញ្ជាក់​ទៅ​កាន់​ពលរដ្ឋ​ខ្លួន​ថា មួយ​ផ្នែក​នៃ​កោះ​គុត​គឺជា​កម្មសិទ្ធិ​របស់​ប្រទេស​កម្ពុជា។

លោក អ៊ុំ សំអាន ជំរុញ​ឱ្យ​លោក ហ៊ុន ម៉ាណែត ផ្ញើ​កំណត់​ទូត​ទៅ​រដ្ឋាភិបាល​ថៃ ដោយ​ទាមទារ​ដាក់​រដ្ឋបាល និង​ប៉ូលិស​ខ្មែរ​នៅ​លើ​កោះ​គុត​ដូច​ថៃ ដែរ ដូច​តំបន់​ត្រួត​គ្នា​នៅ​ប្រាសាទ​តាមាន់ធំ និង​ប្រាសាទ​តាក្របី ដែល​ប្រទេស​ទាំង​ពីរ​បាន​ដាក់​ទាហាន​ស្មើ​គ្នា​នៅ​ទីនោះ ព្រោះ​សព្វថ្ងៃ​នេះ ប្រទេស​ថៃ កំពុង​គ្រប់គ្រង​កោះ​គុត​ទាំងស្រុង ទាំង​ផ្នែក​រដ្ឋបាល និង​ប៉ូលិស​នៅ​លើ​កោះ​គុត​ដោយ​ឯកតោភាគី។

អ្នក​ឃ្លាំមើល​ស្ថានការណ៍​ស្រុក​ខ្មែរ​ខ្លះ​មើល​ឃើញ​ថា ភាគី​ថៃ មិន​ព្រម​ទទួល​យក​សំណើ​ដូច​ការ​ចង់បាន​ពី​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ដែល​ស្នេហា​ជាតិ​មាតុភូមិ​ខ្លួន ជាពិសេស​តាម​ការ​ទាមទារ​ពី​បក្ស​ជំទាស់​នោះ គឺ​មកពី​ភាគី​ខ្មែរ​ធ្លាប់​ឲ្យ​កម្លាំង​ទ័ពស្រួច ឬ​កុម្ម៉ង់ដូ​យៀកណាម មួយ​កងវរសេនាតូច​ទៅ​ប្រចាំការ​លើ​ខ្នងភ្នំ​ជាប់​ប្រាសាទ​ព្រះវិហារ​នៅ​ខ្សែត្រៀម​ទី​៤ ដើម្បី​ជួយ​ទប់ទល់​ការ​វាយប្រហារ​ពី​ទាហាន​ថៃ ក្នុង​វិវាទ​ដណ្តើម​កាន់កាប់​ទីតាំង​ប្រាសាទ​បុរាណ​ខ្មែរ​ម្តុំ​ព្រះ​លាន​ឥន្ទ្រី នា​ឆ្នាំ​២០០៨។

អ្នក​នាំពាក្យ​យោធា​ថៃ ធ្លាប់​ប្រាប់​អ្នក​កាសែត​ថា ក្រុង​បាងកក ដឹង​ច្បាស់​ថា ភាគី​ខ្មែរ​មាន​មិត្ត​យៀកណាម ចាំ​ជួយ​គាំពារ​ពីក្រោយ។ អ្នក​នយោបាយ​ខ្មែរ​គួរ​តែ​ដឹង​ហើយ​ថា មាន​មន្ត្រី​ក្របខ័ណ្ឌ​ជាច្រើន​ជា​ជនជាតិ​យៀកណាម ស្លៀក​ឯកសណ្ឋាន​មន្ត្រី​រាជការ​ខ្មែរ​រាប់​មិន​អស់ ធ្វើការ​ក្នុង​ក្រសួង ការិយាល័យ នាយកដ្ឋាន មន្ទីរ ស្ថាប័ន​រដ្ឋ​ក្នុង​រាជរដ្ឋាភិបាល ដែល​ពី​សម័យ​សង្គម​រាស្ត្រ​និយម​ពុំ​មាន​សិទ្ធិ​ជា​ពលរដ្ឋ​ខ្មែរ។

ខណៈ​ពលរដ្ឋ​ខ្មែរ​ខំប្រឹង​ទាមទារ​កោះ​គុត កោះត្រល់​ដែល​យៀកណាម​ហៅថា​ភូគួក ដែល​អ្នក​នយោបាយ និង​សកម្មជន​ខំប្រឹង​ទាមទារ​ពី​មុន​ថា​ជា​របស់​ខ្មែរ​ដែរ​នោះ ឥឡូវ​ក្លាយ​ជា​ទី​រមណីយដ្ឋាន​ទាក់ទាញ​ទេសចរ​កើន​ឡើង​ជា​លំដាប់​ដល់​ទៅ ១៨៥% ដោយ​មាន​អាកាសយានដ្ឋាន​អន្តរជាតិ​ទំនើប​លំដាប់​ទី​៦ ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។ នេះ​បើ​យោង​តាម​ចុះផ្សាយ​ក្នុង​ព្រឹត្តិបត្រ Aviation A2Z ឆ្នាំ​២០២៥៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស