33.8 C
Phnom Penh

អង្គការ​ការពារ​សិទ្ធិ​ថា​ការ​រឹបអូស​សម្បត្តិ​ទ្រព្យ​អ្នក​រិះគន់​លើ​រដ្ឋអំណាច ជា​អំពើ​អយុត្តិធម៌

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​សង្គម​ស៊ីវិល​ក្នុង​ប្រទេស​អូស្ត្រាលី ចាត់ទុក​ដីកា​តុលាការ​សម្រេច​រឹបអូស​ទ្រព្យសម្បត្តិ​ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ លោក រ៉ុង ឈុន លក់​ដោយ​បង្ខំ​ដើម្បី​បង់​សង​លុយ​ដល់​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន ជា​ទង្វើ​អមនុស្សធម៌ និង​អគុណធម៌។

ប្រធាន​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​អូស្ត្រាលី លោក ស៊ឹង សែនករុណា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៥ មេសា នេះ​ថា ការ​អនុវត្ត​បែប​ហ្នឹង​សុទ្ធតែ​ត្រូវ​បាន​ពលរដ្ឋ​ខ្មែរ​ដឹង​យ៉ាង​ច្បាស់​ថា កំពុង​បម្រើ​ឱ្យ​សកម្មភាព​នយោបាយ​ខាង​បក្ស​កាន់​អំណាច ជាជាង​ការ​ប្រកាន់​ជំហរ​មូលដ្ឋាន​យុត្តិធម៌​របស់​ខ្លួន។

លោក​បន្ថែម​ថា រាល់​ការ​សម្រេច​លើ​សំណុំរឿង​ដែល​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ តុលាការ​តែងតែ​អនុវត្ត​ច្បាប់​ស្ថិត​ក្រោម​អំណាច​នយោបាយ និង​តាម​បំណង​អ្នក​កាន់​អំណាច​កំពូល​រហូត​មក។

លោក ស៊ឹង សែនករុណ លើកឡើង​ថា ការ​ចូលរួម​ក្នុង​កិច្ចការ​សង្គម​របស់​លោក រ៉ុង ឈុន កន្លង​មក រួម​ទាំង​ករណី​ដែល​រង​នូវ​បណ្តឹង​ពី​គណៈកម្មាធិការ​ព្រំដែន​ក្នុង​ពេលនេះ​ផង គឺ​សុទ្ធសឹងតែ​ជា​កិច្ចការ​ដែល​គាត់​បាន​ធ្វើ​ដើម្បី​ជាតិ​ខ្មែរ​ទាំងអស់ មិនមែន​ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន ឬ​ដើម្បី​ប្រយោជន៍​ក្រុម​ណា​មួយ​ឡើយ។

លោក​បន្ត​ថា រាជរដ្ឋាភិបាល​គប្បី​លើក​ទឹកចិត្ត និង​ផ្តល់​ការ​គាំពារ​ដល់​រូបលោក​ក្នុង​កិច្ចការ​ទាំងនោះ។ ផ្ទុយទៅវិញ ការ​ប្រើ​ច្បាប់​ចាប់​បង្ខំ​រឹបអូស​ទ្រព្យសម្បត្តិ​របស់​លោក​បែប​នេះ គឺជា​ការ​បំផ្លាញ​នូវ​ឧត្ដមគតិ​កូន​ខ្មែរ​លែង​ឱ្យ​ហ៊ាន​ចូលរួម​ចំណែក​ក្នុង​កិច្ចការ​កសាង​សង្គម​ជាតិ​ទៅវិញ​ប៉ុណ្ណោះ។

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​បញ្ជាក់​ថា លោក​គ្មាន​ជំនឿ​លើ​តុលាការ​សព្វថ្ងៃ​នេះ​ទេ ប្រសិនបើ​តុលាការ​នេះ​មិន​ត្រូវ​បាន​ផ្ដាច់​ចេញពី​ការ​គ្រប់គ្រង​ពី​អ្នក​មាន​អំណាច និង​បក្ស​នយោបាយ​ដែល​កំពុង​គ្រប់គ្រង​ប្រទេស​នោះ ហើយ​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​ក៏​នឹង​បន្ត​រង​នូវ​ភាព​អយុត្តិធម៌​រហូត​ដែរ​នៅ​ពេល​តុលាការ​មួយ​នេះ​មិន​ឯករាជ្យ​នោះ។

សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​សម្រេច​ចាប់ផ្តើម​ការ​លក់​ដោយ​បង្ខំ កាលពី​ថ្ងៃទី​២៧ ខែ​មីនា ឆ្នាំ​២០២៥ ដែល​ទើប​នឹង​ត្រូវ​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃទី​២៤ ខែ​មេសា ឆ្នាំ​២០២៥ នេះ ដោយ​សម្រេច​រឹបអូស​ដីធ្លី​របស់​លោក រ៉ុង ឈុន នៅ​ភូមិ​ទួលរកា១ សង្កាត់​ចាក់អង្រែក្រោម ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ដើម្បី​លក់​យក​លុយ​សង​ទៅ​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន។

ដីកា​ដដែល​នេះ បញ្ជាក់​ថា កូនបំណុល​ដែល​ត្រូវ​អនុវត្ត​តាម​ខ្លឹមសារ​ដីកា​នេះ មាន​កញ្ញា ស កណិការ លោក តុន និមល និង​លោក រ៉ុង ឈុន ដែល​អ្នក​ទាំង​បី​ត្រូវ​បាន​តម្រូវ​ឱ្យ​បង់​សង​លុយ​ទៅ​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​ចំនួន ៤០០​លាន​រៀល ដែល​ស្មើ​នឹង ១០​ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក។

លោក រ៉ុង ឈុន ធ្លាប់​បាន​បង់ប្រាក់​សង​ជំងឺចិត្ត​ទៅ​ឱ្យ​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​ដែល​ជា​ដើមបណ្ដឹង​ជាង ២០​លាន​រៀល​ដែរ និង​ស្នើសុំ​តុលាការ​បង់​សង​តាម​លទ្ធភាព​រហូត​គ្រប់​ចំនួន​ទឹកប្រាក់ ៤០០​លាន​រៀល ដែល​តុលាការ​បាន​បង្គាប់​នោះ ប៉ុន្តែ​តុលាការ​ពុំ​មាន​ការ​ឆ្លើយតប​ចំពោះ​សំណើ​នេះ​ឡើយ។

លោក រ៉ុង ឈុន និង​សកម្មជន ២​នាក់​ទៀត គឺ​កញ្ញា ស កណិការ និង​លោក តុន និមល ត្រូវ​តុលាការ​ចោទ​ពី​បទ «ញុះញង់» ពាក់ព័ន្ធ​នឹង​ការ​អត្ថាធិប្បាយ​កាលពី​ឆ្នាំ​២០២០ អំពី​ការ​បោះ​បង្គោល​ព្រំដែន​កម្ពុជា-វៀតណាម ចូល​ដី​ស្រែ​ពលរដ្ឋ​ខ្មែរ​ច្រើន​គ្រួសារ​នៅ​ខេត្ត​ត្បូងឃ្មុំ។

ជុំវិញ​បញ្ហា​នេះ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន លើកឡើង​ថា លោក រ៉ុង ឈុន ចុះ​ទៅ​ពិនិត្យ​មើល​ព្រំដែន​ដែល​វៀតណាម រំលោភ​ចូល​ដី​ខ្មែរ បែរជា​ជាប់​គុក និង​ត្រូវ​បង់​លុយ​សង​ជំងឺចិត្ត ឯ​លោក ហ៊ុន សែន កាត់​ទឹកដី និង​កោះ​ខ្មែរ​ឱ្យ​វៀតណាម បែរជា​រួច​ខ្លួន​ទៅវិញ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស