27.3 C
Phnom Penh

បារាំង​ស្នើ​រដ្ឋាភិបាល​កម្ពុជា​ធ្វើ​សច្ចាប័ន​លើ​ច្បាប់​សមុទ្រ ដើម្បី​ដោះស្រាយ​បញ្ហា​ព្រំដែន​ទឹក​ជាមួយ​ប្រទេស​ជិតខាង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​កម្ពុជា លោក ហ្សាក់ ប៉ឺឡេ (Jacques Pellet) ស្នើ​ឱ្យ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ ធ្វើ​សច្ចាប័ន​លើ​ច្បាប់​សមុទ្រ (UNCLOS) ដើម្បី​បង្កើន​ភាព​ងាយស្រួល​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​សមុទ្រ និង​កោះ​ជាមួយ​ប្រទេស​ជិតខាង។

ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​កម្ពុជា បាន​លើកឡើង​ក្នុង​កិច្ចពិភាក្សា​តុមូល​ដែល​ធ្វើឡើង​នៅ​ស្ថានទូត​បារាំង​ជាមួយ​អ្នក​សារព័ត៌មាន កាលពី​ថ្ងៃទី​៥ ខែ​ឧសភា ថា លោក​មិន​ទាន់​បាន​ទទួល​ព័ត៌មាន​លម្អិត​អំពី​បញ្ហា​ព្រំដែន​រវាង​កម្ពុជា និង​ប្រទេស​ជិតខាង​នៅឡើយ​ទេ​រហូត​ដល់​ពេលនេះ។ លោក​ថា បញ្ហា​ព្រំដែន គឺ​ត្រូវ​ដោះស្រាយ​តាម​ការ​ចរចា​រវាង​ប្រទេស​ពាក់ព័ន្ធ។

ការ​អះអាង​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​គេ​មើល​ឃើញ​ថា កម្ពុជា​កំពុង​បាត់បង់​ទឹកដី​ទៅ​ប្រទេស​ជិតខាង​ជាបន្តបន្ទាប់​ក្រោម​ការ​ដឹកនាំ​របស់​បក្ស​កាន់​អំណាច​ជាង ៤០​ឆ្នាំ​មក​នេះ ជាពិសេស​គឺ​ដែនសមុទ្រ​របស់​ខ្មែរ។

ជុំវិញ​បញ្ហា​នេះ ចៅក្រម​នៃ​តុលាការ​អន្តរជាតិ​សម្រាប់​ច្បាប់​សមុទ្រ (International Tribunal for the law of the sea “ITLOS”) និង​ជា​អតីត​អគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា លោក Horinouchi ក៏​ធ្លាប់​បាន​លើកឡើង​ក្នុង​វេទិកា​មួយ​នៅ​សណ្ឋាគារ Le Royal ក្នុង​ទីក្រុង​ភ្នំពេញ កាលពី​ថ្ងៃទី​១៨ ខែ​មីនា ឆ្នាំ​២០២៥ បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ធ្វើ​សច្ចាប័ន​លើ​អនុសញ្ញា​របស់​អង្គការ​សហប្រជាជាតិ​ស្ដីពី​ច្បាប់​សមុទ្រ (UNCLOS) ឆ្នាំ​១៩៨២ ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​នៅ​ដែនសមុទ្រ ព្រមទាំង​អាច​ដោះស្រាយ​ដែនសមុទ្រ និង​កោះ​របស់​កម្ពុជា​ដែល​កំពុង​មាន​ជម្លោះ​ជាមួយ​ប្រទេស​ថៃ និង​វៀតណាម រហូត​មក​នោះ។

រដ្ឋាភិបាល​កម្ពុជា បាន​ចុះហត្ថលេខា​លើ​ច្បាប់​សមុទ្រ (UNCLOS) នៅ​ឆ្នាំ​១៩៨៣ ប៉ុន្តែ​មិន​ទាន់​បាន​ពេញលេញ​នៅឡើយ​ទេ ដូច្នេះ​តម្រូវ​ឱ្យ​កម្ពុជា​ផ្តល់​សច្ចាប័ន​លើ​ច្បាប់​សមុទ្រ (UNCLOS) នេះ​បន្ថែម​ទៀត ដើម្បី​ឱ្យ​មាន​លក្ខណៈ​ពេញលេញ​សម្រាប់​ការ​ចរចា​ជាមួយ​ប្រទេស​ជិតខាង និង​ដើម្បី​ទុក​ធ្វើ​ជា​មូលដ្ឋាន​ក្នុង​ការ​ការពារ​ទឹកដី​របស់​ខ្លួន។

កម្ពុជា​ស្ថិត​ក្រោម​ការ​ត្រួតត្រា​របស់​លោក ហ៊ុន សែន ជាង ៤០​ឆ្នាំ​ដែល​មិន​ព្រម​ធ្វើ​សច្ចាប័ន​លើ​ច្បាប់​សមុទ្រ (UNCLOS) ឱ្យ​បាន​ពេញលេញ​នេះ ត្រូវ​គេ​សង្ស័យ​ថា ដោយសារ​គាត់​បារម្ភ​ខ្លាច​ច្បាប់​មួយ​នេះ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សន្ធិសញ្ញា​ស្ដីពី​តំបន់​ទឹក​ប្រវត្តិសាស្ត្រ​ឆ្នាំ​១៩៨២ ដែល​គាត់​បាន​ចុះហត្ថលេខា​ជាមួយ​វៀតណាម អំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៨០ សម័យ​វៀតណាម ត្រួតត្រា​កម្ពុជា​នោះ។

ជុំវិញ​បញ្ហា​នេះ ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា បើ​កម្ពុជា​ប្រើ​ច្បាប់​សមុទ្រ (UNCLOS) គឺ​ប្រឆាំង​ទៅ​នឹង​សន្ធិសញ្ញា​ខុស​ច្បាប់​ដែល​លោក ហ៊ុន សែន ចុះហត្ថលេខា​ប្រគល់​កោះត្រល់ និង​កោះ​ក្រចកសេះ​របស់​ខ្មែរ​ទៅ​ឱ្យ​វៀតណាម ជាមិនខាន ជាពិសេស បើ​រដ្ឋាភិបាល​កម្ពុជា​ប្តឹង​វៀតណាម ទៅ​តុលាការ​អន្តរជាតិ​ដោយ​ប្រើ​ច្បាប់​នេះ នោះ​កម្ពុជា​នឹង​អាច​ប្រមូល​ទឹកដី​របស់​ខ្លួន​ត្រឡប់​មក​វិញ​យ៉ាង​ពិតប្រាកដ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស