អ្នកសង្កេតការណ៍ លើកឡើងថា គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) គ្រាន់តែជាគណៈកម្មាធិការអនុវត្តិកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជា-ថៃ ប៉ុណ្ណោះ មិនមែនជាគណៈកម្មាធិការឯកភាពកំណត់ព្រំដែនរវាងប្រទេសទាំងពីរឡើយ ដូច្នេះកម្ពុជា នៅតែត្រូវការយន្តការអន្តរជាតិក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ។
អ្នកតាមដានភូមិសាស្ត្រនយោបាយនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក លោក សេង វណ្ណលី សរសេរលើគណនីហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី៨ សីហា ថា ថ្វីបើថៃ អាចគ្រប់គ្រងតំបន់ភាគច្រើនបាននៅមុនបទឈប់បាញ់ចូលជាធរមាន ប៉ុន្តែការឯកភាពរក្សាស្ថានភាពទីតាំងឈរជើងនៃកងទ័ពទាំងពីរក្នុងកិច្ចចរចានៅប្រទេសម៉ាឡេស៊ី នាពេលនេះ គ្រាន់តែជាជំហានមួយឆ្ពោះទៅរកការអនុវត្តបទឈប់បាញ់ឲ្យបានពេញលេញប៉ុណ្ណោះ មិនមែនជាការឯកភាពបញ្ចប់ជម្លោះ ឬដំណោះស្រាយនៃការកំណត់ព្រំដែនឡើយ។
លោក សេង វណ្ណលី បញ្ជាក់ថា ប្រសិនបើកម្ពុជា នៅតែបន្តរៀបចំដាក់ពាក្យបណ្តឹងទៅតុលាការអន្តរជាតិ (ICJ) នោះលទ្ធភាពនៃពាក្យបណ្ដឹងរបស់កម្ពុជា អាចនឹងត្រូវបានយកទៅពិចារណាកាន់តែខ្ពស់ ត្បិតជម្លោះប្រដាប់អាវុធម្តងនេះ បានបង្កឲ្យមានការខូចខាត និងបាត់បង់អាយុជីវិតជនស៊ីវិល និងកងទ័ព សម្បត្តិបេតិកភណ្ឌពិភពលោក និងរំលោភសន្ធិសញ្ញា និងអនុសញ្ញាអន្តរជាតិនានាថែមទៀត។
កាលពីថ្ងៃទី៧ សីហា កិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (Extraordinary GBC Meeting) ត្រូវបានធ្វើឡើងនៅប្រទេសម៉ាឡេស៊ី ដោយមានការចូលរួមសង្កេតការណ៍ពីប្រទេសម៉ាឡេស៊ី សហរដ្ឋអាមេរិក និងសាធារណរដ្ឋប្រជាមានិតចិន។
កិច្ចប្រជុំនេះ បានព្រមព្រៀងគ្នាលើលក្ខខណ្ឌចំនួន ១៣ចំណុចដែលសុទ្ធសឹងតែជាយន្តការធានាឱ្យមានបទឈប់បាញ់ រួមមាន កម្ពុជា-ថៃ ព្រមព្រៀងរក្សាស្ថានភាពទ័ពដូចមុនពេលវេលាចូលជាធរមាននៃបទឈប់បាញ់ នៅម៉ោង ២៤:០០នាទី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅ។
ជាងនេះទៀត ភាគីទាំងពីរឯកភាពឱ្យមានយន្តការតាមដានត្រួតពិនិត្យបទឈប់បាញ់របស់ក្រុមសង្កេតការណ៍អាស៊ានផងដែរ។ បន្ថែមពីនេះ គណៈកម្មាធិការព្រំដែនទូទៅ (GBC) នឹងរៀបចំកិច្ចប្រជុំនៅក្នុងរយៈពេល ១ខែក្រោយកិច្ចប្រជុំនៅថ្ងៃទី៧ ខែសីហា នេះ។
លើសពីនេះ ក៏ភាគីទាំងពីរបានឯកភាពគ្នាមិនផ្សព្វផ្សាយព័ត៌មានមិនពិត និងយល់ព្រមរក្សាស្ថានភាពបច្ចុប្បន្ននៃការដាក់ពង្រាយកងទ័ព ដោយមិនមានការចល័តបន្ថែមទៀតក្រោយបទឈប់បាញ់ចូលជាធរមាន រួមទាំងមិនត្រូវឱ្យមានការចល័តកងទ័ព រាប់បញ្ចូលទាំងការល្បាតសំដៅទៅកាន់ទីតាំងភាគីម្ខាងទៀតផងដែរ។
អ្នកឃ្លាំមើលសង្គម លោក អ៊ាប សេង លើកឡើងថា ពេលនេះ កម្ពុជាបានគ្រប់គ្រងតំបន់ជម្លោះជាមួយថៃ បានអស់ហើយ ដូច្នេះការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស គឺជាវិធីដោះស្រាយដោយសន្តិវិធី ដើម្បីការពារបូរណភាពទឹកដីដែលភាគីថៃ បានចុះហត្ថលេខាដែរនោះ។
លោក អ៊ាប សេង បញ្ជាក់ថា បើកម្ពុជា ចង់ចរចាទ្វេភាគីដើម្បីឱ្យភាគីថៃ មកគ្រប់គ្រងតំបន់ទាំងនោះរួមគ្នាដូចមុនវិញ នោះគឺមានន័យថារដ្ឋាភិបាលបក្សកាន់អំណាចកំពុងតែយកជីវិតយុទ្ធជនខ្មែរមកកំដរល្បែងនយោបាយក្តោបក្តាប់អំណាចរបស់ពួកគេប៉ុណ្ណោះ។
គិតត្រឹមថ្ងៃទី៨ ខែសីហា នេះ ការប្តឹងថៃ លើតំបន់ទាំងបួន រួមមាន តំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅតុលាការអន្តរជាតិ គឺស្ងាត់ឈឹង ចាប់តាំងពីនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ប្រកាសពីការប្រគល់លិខិតផ្លូវការរបស់កម្ពុជាជូនក្រឡាបញ្ជី Philippe Gautier នៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

