27 C
Phnom Penh

តើ​លោក ហ្សេឡេនស្គី អាច​នឹង​ប្រគល់​ទឹកដី​ផ្នែក​ណា​មួយ​ទៅ​រុស្ស៊ី ជា​ថ្នូរ​នឹង​សន្តិភាព​ដែរ​ឬ​ទេ?

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​ប៉ុន្មាន​ថ្ងៃ​ទៀត​នេះ អាច​នឹង​មាន​ជំនួប​ត្រីភាគី​រវាង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និង​ប្រធានាធិបតី​អ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡេនស្គី។

លោក ត្រាំ បាន​និយាយ​ថា ការ​ចរចា​ត្រីភាគី​ត្រូវតែ​និយាយ​អំពី​ការ​ធ្វើ​សម្បទាន​ទឹកដី​ណា​មួយ​ទៅ​ឱ្យ​រុស្ស៊ី តែ​លោក ត្រាំ មិន​បាន​បង្ហើប​ពី​ដែនដី​តំបន់ Donbas នៅ​ភាគ​ខាងកើត​អ៊ុយក្រែន ទេ។

កាលពី​ជំនួប​ជាមួយ​លោក ហ្សេឡេនស្គី នៅ​សេតវិមាន លោក ត្រាំ បាន​លើកឡើង​ពី​ដែនដី​គ្រីមៀរ ដែល​ធ្លាក់​ក្នុង​ដៃ​រុស្ស៊ី តាំងពី ១២​ឆ្នាំ​មុន តាមរយៈ​ប្រធានាធិបតី​អ៊ុយក្រែន មាន​ឈ្មោះ​ថា វ៉ិចទ័រយ៉ានុក កូវីច ដែល​ចុះហត្ថលេខា​ឱ្យ​ដែនដី​ទៅ​រុស្ស៊ី ជា​ថ្នូរ​នឹង​សន្តិភាព និង​មិន​ឈ្លានពាន​អ៊ុយក្រែន។

លោក ត្រាំ ទទូច​ថា អ៊ុយក្រែន ត្រូវតែ​បោះបង់​ចោល​ទៅ​ដែនដី​គ្រីមៀរ ព្រោះ​អ៊ុយក្រែន ខកខាន​មិន​ធ្វើ​សង្គ្រាម​ភ្លាមៗ​វាយ​យក​ដែនដី​នេះ​ពី​រុស្ស៊ី នោះ​ទេ ប៉ុន្តែ​លោក ពូទីន មិន​បាន​លើកឡើង​ជា​សាធារណៈ​អំពី​ដែនដី​គ្រីមៀរ ទេ។ លោក ពូទីន និង​ក្រុម​អ្នក​នយោបាយ​វិមាន​ក្រឹមឡាំង បាន​លើកឡើង​តែ​តំបន់ Donbas ដោយ​ទាមទារ​ថា Donbas ត្រូវតែ​ធ្លាក់​ក្នុង​ដៃ​រុស្ស៊ី បើ​អ៊ុយក្រែន ចង់​ឱ្យ​រុស្ស៊ី បញ្ចប់​សង្គ្រាម​ប្រគល់​សន្តិភាព​វិញ​ទៅ​ឱ្យ​អ៊ុយក្រែន។

សម្រាប់​ប្រជាជន​អ៊ុយក្រែន ការ​លើកឡើង​បែប​នេះ​របស់​លោក ត្រាំ និង​លោក ពូទីន កំពុង​ច្របូកច្របល់​យ៉ាង​ខ្លាំង​ក្នុង​អារម្មណ៍​របស់​អ្នក​នយោបាយ​អ៊ុយក្រែន និង​អ្នក​ធ្វើ​សេចក្ដី​សម្រេច​លើ​ជោគវាសនា​នៃ​ប្រទេស​អ៊ុយក្រែន ជាពិសេស​លោក ហ្សេឡេនស្គី ជា​មេដឹកនាំ​តែ​មួយ​គត់​ដែល​ប្រជាជន​អ៊ុយក្រែន ចាត់ទុក​ជា​មេដឹកនាំ​មិន​សន្តិភាព​និយម​ជ្រុល​រហូត​កាត់​ទឹកដី​ឱ្យ​រុស្ស៊ី ដូច​នឹង​អតីត​ប្រធានាធិបតី​អ៊ុយក្រែន លោក វ៉ិចទ័រយ៉ានុក កូវីច នោះ​ទេ។

នេះ​ជា​ប្រធានបទ​ក្ដៅ​គគុក​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​លោក ហ្សេឡេនស្គី និង​សមាជិក​សភា​អ៊ុយក្រែន ដែល​ពួកគាត់​សុទ្ធតែ​ជា​អ្នក​កំណត់​ជោគវាសនា​លើ​ដែនដី Donbas និង​តំបន់​គ្រីមៀរ ជាពិសេស​ដែនដី​តំបន់ Donbas។

មាន​ការ​ចោទ​ជា​សំណួរ​ថា តើ​ទឹកដី​ណា​នឹង​ត្រូវ​បាន​ដោះដូរ? តើ​មាន​ន័យ​ថា​អ៊ុយក្រែន ត្រូវ​យល់ព្រម​ប្រគល់​ឱ្យ​រុស្ស៊ី នូវ​ផ្នែក​មួយ​នៃ​ទឹកដី​របស់​ខ្លួន​ថែមទៀត ជា​ថ្នូរ​នឹង​សន្តិភាព​មែន​ឬ?

ប្រភព​ព័ត៌មាន​ខ្លះ​ថា​លោក ត្រាំ បាន​ដាក់​សម្ពាធ​លើ​លោក ហ្សេឡេនស្គី ច្រើន​លើក​ហើយ​ឲ្យ​ព្រម​ទទួលស្គាល់​ការ​បាត់បង់​តំបន់​ភាគ​ខាងកើត​អ៊ុយក្រែន ទាំងមូល រួម​ទាំង​តំបន់ Donetsk និង Luhansk ជា​ផ្នែក​មួយ​នៃ​ការ​ដោះដូរ​ទៅ​ឱ្យ​រុស្ស៊ី ដែល​នឹង​ធ្វើ​ឲ្យ​ខ្សែបន្ទាត់​សមរភូមិ​ដែល​នៅ​សល់​ត្រូវ​បាន​បញ្ឈប់។

សំណើ​នេះ​ត្រូវ​បាន​គេ​បញ្ជាក់​ថា មាន​ការ​ចូលរួម​ជំរុញ​ពី​លោក ពូទីន ប្រធានាធិបតី​រុស្ស៊ី នៅ​កិច្ចប្រជុំ​កំពូល​ក្នុង​រដ្ឋ​អាឡាស្កា កាលពី​ថ្ងៃទី​១៥ សីហា។

តំបន់ Donbas ដែល​ស្ថិត​នៅ​ភាគ​ខាងកើត​អ៊ុយក្រែន មាន​ខេត្ត​ចំនួន​២ ចំណុះ​ឱ្យ​ដែនដី​ដ៏​ធំ​មួយ​នេះ មាន​ផ្ទៃដី ៥​ម៉ឺន ៣​ពាន់​គីឡូម៉ែត្រ​ក្រឡា។ តំបន់ Donbas ត្រូវ​បាន​គេ​ទទួលស្គាល់​ថា​សម្បូរ​ទៅ​ដោយ​រ៉ែ និង​ឧស្សាហកម្ម​ធនធាន​រ៉ែ។

ខេត្ត Luhansk ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​រុស្ស៊ី ស្ទើរតែ​ទាំងស្រុង ខណៈ​ដែល​អ៊ុយក្រែន ត្រូវ​បាន​គេ​ប៉ាន់ប្រមាណ​ថា​បាន​កាន់កាប់​ប្រហែល ៣០% នៃ​តំបន់ Donetsk រួម​ទាំង​ទីក្រុង​សំខាន់ៗ និង​បន្ទាយ​ជាច្រើន​ដែល​ត្រូវ​បាន​ការពារ​យ៉ាង​ស្វិតស្វាញ​ដោយ​កងទ័ព​អ៊ុយក្រែន។

អ្នក​ប្រវត្តិសាស្ត្រ​អ៊ុយក្រែន លោក Yaroslav Hrytsak បាន​ព្រមាន​ថា ការ​ប្រគល់​តំបន់​ទាំង​ពីរ គឺ​តំបន់​គ្រីមៀរ និង​តំបន់​ដុនបាស ទៅ​ឲ្យ​រុស្ស៊ី នឹង​ក្លាយ​ជា​សោកនាដកម្ម​ដ៏​ធំ​ជា​លើក​ទី​ពីរ​សម្រាប់​ប្រជាជន​អ៊ុយក្រែន ជាពិសេស​តំបន់ Donbas។

លោក Yaroslav Hrytsak បាន​បញ្ជាក់​ថា នេះ​ជា​ទឹកដី​អ៊ុយក្រែន ហើយ​ប្រជាជន​នៅ​តំបន់ Donbas មាន​ជំនាញ​ខ្លាំង​ក្នុង​ការ​ជីក​រក​រ៉ែ ព្រោះ Donbas សម្បូរ​ទៅ​ដោយ​រ៉ែ​សំខាន់។ ប្រជាជន​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​បង្កើត និង​ពង្រឹង​អត្តសញ្ញាណ​ជាតិ​របស់​អ៊ុយក្រែន តាមរយៈ​តំបន់ Donbas។

តំបន់​នេះ​ក៏​បាន​បង្កើត​អ្នក​នយោបាយ កវី និង​អ្នក​ប្រឆាំង​ល្បីៗ​ផង​ដែរ។ អ្នក​ប្រវត្តិសាស្ត្រ​អ៊ុយក្រែន រូប​នេះ​ថែមទាំង​ព្រមាន​ថា ជនភៀសខ្លួន​រាប់​លាន​នាក់ នឹង​មិន​អាច​ត្រឡប់​ទៅ​ផ្ទះ​វិញ​បាន ប្រសិនបើ​តំបន់ Donbas ត្រូវ​បាន​បញ្ចូល​ទៅ​ក្នុង​ដែនដី​របស់​រុស្ស៊ី។

តាំងពី​ឆ្នាំ​២០១៤ មក Donbas មាន​ប្រជាជន​អ៊ុយក្រែន ជាង ១​លាន ៥​សែន​នាក់​បាន​ភៀស​ខ្លួន​ចេញពី​តំបន់ Donbas ខណៈ​ដែល​ជាង ៣​លាន​នាក់​រស់នៅ​ក្រោម​ការ​គ្រប់គ្រង​ដោយ​កងទ័ព​រុស្ស៊ី និង​ប្រហែល ៣០​ម៉ឺន​នាក់ រស់នៅ​ក្នុង​តំបន់​ដែល​កងទ័ព​អ៊ុយក្រែន នៅតែ​បន្ត​កាន់កាប់។

នៅ​តំបន់​ជិត​សមរភូមិ​ជួរមុខ ជីវិត​ប្រជាជន​ពោរពេញ​ទៅ​ដោយ​គ្រោះថ្នាក់។ Andriy Borylo បព្វជិត​អាយុ ៥៥​ឆ្នាំ​នៅ​ទីក្រុង Sloviansk បាន​និយាយ​ថា គ្រាប់​ផ្លោង​បាន​ធ្លាក់​ក្បែរ​ផ្ទះ​គាត់។ គាត់​ប្រាប់​ថា អារម្មណ៍​របស់​មនុស្ស​នៅ​ទីនោះ​ពោរពេញ​ដោយ​ការ​ខកចិត្ត និង​អស់​ក្តី​សង្ឃឹម ហើយ​មិន​ដឹង​ថា​នរណា​នឹង​ការពារ​ពួកគេ​ទៀត​នោះ​ទេ បើ​ស្រុកកំណើត​របស់​ពួកគាត់​ត្រូវ​ធ្លាក់​ក្នុង​ដៃ​រុស្ស៊ី។

លោក Borylo បន្ថែម​ថា លោក​សូម​ថ្កោលទោស​លោក ត្រាំ ជាង​លោក ហ្សេឡេនស្គី ព្រោះ​ការ​សម្រេច​ចិត្ត​នេះ វា​នឹង​ប៉ះពាល់​ដល់​ជីវិត និង​ទឹកដី​អ៊ុយក្រែន។

ក្នុង​នាម​ជា​ថ្នាក់ដឹកនាំ លោក ហ្សេឡេនស្គី បាន​លើកឡើង​ជារឿយៗ​ថា អ៊ុយក្រែន​នឹង​មិន​ប្រគល់​តំបន់ Donbas ឬ​តំបន់​ណា​មួយ​ជា​ថ្នូរ​នឹង​សន្តិភាព​ឡើយ។

ក៏ប៉ុន្តែ គេ​ជឿ​ថា​កិច្ចព្រមព្រៀង​បែប​នេះ​មាន​កម្រិត​ទាប​បំផុត​ដែល​ថា​រុស្ស៊ី នឹង​គោរព ព្រោះ​រុស្ស៊ី អាច​យក​ដី​ដែល​ស្ថាបនា​ជា​មូលដ្ឋាន​កងទ័ព​ឈរ​ជើង ហើយ​នឹង​ចូលរួម​បើក​ការ​វាយប្រហារ​ជា​ថ្មី​ទៀត។ នេះ​ហើយ​ជា​មូលហេតុ​ដែល​ប្រជាជន​អ៊ុយក្រែន ប្រហែល ៧៥% ជំទាស់​នឹង​ការ​បោះបង់​ដី​ជា​ផ្លូវការ។ នេះ​បើ​តាម​ការ​ស្ទង់មតិ។

ទោះជា​យ៉ាងណា អ៊ុយក្រែន​ក៏​មាន​ភាព​នឿយហត់​ខ្លាំង​ចំពោះ​សង្គ្រាម ដែល​ទាហាន និង​ប្រជាជន​ស៊ីវិល​រាប់​សែន​នាក់​បាន​ស្លាប់ និង​រង​របួស ចាប់តាំងពី​ការ​ឈ្លានពាន​ពេញលេញ​របស់​រុស្ស៊ី។

អ្នក​សង្គ្រោះ​បន្ទាន់ Yevhen Tkachov អាយុ ៥៦​ឆ្នាំ រត់​ចេញពី​ទីក្រុង Kramatorsk បាន​និយាយ​ថា គាត់​មិន​អាច​វាស់​សង្គ្រាម​នេះ​ដោយ​គីឡូម៉ែត្រ​ទេ តែ​ជីវិត​មនុស្ស​អាច​វាស់​បាន​រៀងរាល់​ថ្ងៃ។ គាត់​មិន​ត្រៀម​ខ្លួន​ក្នុង​ការ​ទទួលយក​ការ​បាត់បង់​ជីវិត​រាប់​ម៉ឺន​ក្នុង​ទំហំ​ដី​រាប់​ពាន់​គីឡូម៉ែត្រ​ការ៉េ​ឡើយ ព្រោះ​សម្រាប់​គាត់ ជីវិត​មាន​តម្លៃ​ជាង​ទឹកដី។

សមាជិក​សភា​លោក Volodymyr Ariev មកពី​គណបក្ស​សាមគ្គីភាព​អឺរ៉ុប បាន​និយាយ​ថា ប្រធានាធិបតី ហ្សេឡេនស្គី កំពុង​ដើរ​នៅ​ក្នុង​ផ្លូវ​បំបែក​ដែល​គ្មាន​ជម្រើស​ល្អ​ណា​មួយ​នៅ​ពី​មុខ​លោក​សម្រាប់​ការ​ជ្រើសរើស​បាន​ទៀត​នោះ​ទេ។

លោក Ariev បាន​និយាយ​ថា អ៊ុយក្រែន​មិន​មាន​កម្លាំង​គ្រប់គ្រាន់​ដើម្បី​បន្ត​សង្គ្រាម​ក្នុង​រយៈពេល​ដែល​គ្មាន​កំណត់។ ទោះ​យ៉ាងណា ប្រសិនបើ​ប្រធានាធិបតី ហ្សេឡេនស្គី យល់ព្រម​ប្រគល់​តំបន់ Donbas ទៅ​ឱ្យ​រុស្ស៊ី វា​មិន​ត្រឹមតែ​ជា​ការ​បំពាន​លើ​រដ្ឋធម្មនុញ្ញ​អ៊ុយក្រែន ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក្លាយ​ជា​ជន​ក្បត់​ជាតិ​ដ៏​ធ្ងន់ធ្ងរ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស